អ្នកឃ្លាំមើលសង្គម និងគណបក្សក្រៅរដ្ឋាភិបាល លើកឡើងថា រដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជា មិនហ៊ានធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយកាត់បន្ថយចំនួនក្រសួង និងកាត់បន្ថយចំនួនមន្ត្រីរាជការ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ ដូចប្រទេសដទៃនោះទេ ពីព្រោះរដ្ឋាភិបាលគ្រួសារហ៊ុន ត្រូវការឱបក្រសោប និងចិញ្ចឹមមន្ត្រីដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ ដើម្បីឱ្យខ្លួនអាចកាន់អំណាចបានតពូជ។
ការលើកឡើងនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបដិសេធមិនព្រមបង្រួមចូលគ្នានូវក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកនិងឧតុនិយមឱ្យទៅជាក្រសួងតែមួយឡើយ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត ថ្លែងថា របៀបរបបដឹកនាំរបស់កម្ពុជាផ្សេងមិនដូចប្រទេសដទៃឡើយ។
លោកបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលត្រូវប្រកាន់យកអភិក្រម «រក្សា និងពង្រឹង» ក្រសួងដែលមានស្រាប់។
លោកថា៖ «យើងរក្សានិងពង្រឹង៣នេះ សម្រួលភារកិច្ចឱ្យសហការគ្នាឱ្យច្រើន ឱ្យរឹងមាំ ឱ្យមានប្រសិទ្ធភាពល្អរួមគ្នាធ្វើទៅ។ យើងអត់យកដូចប្រទេសប៉ុន្មានដែលបង្រួម ដើម្បីពង្រឹងតែយើងត្រូវមានអភិក្រមមួយ ដែលតាមរបៀបយើងដែលយើងត្រូវធ្វើ ហ៊ានទទួលខុសត្រូវ យើងត្រូវកែសម្រួល។ ផ្ទៃក្នុងឱ្យមើលខ្លួនឯងខ្ញុំដឹងថា មានការលំបាក ជាពិសេសអ្នកនៅផ្ទាល់ គឺប្រឈមជាមួយនឹងទស្សនៈខុសគ្នាហើយភាគច្រើនការកំណែទម្រង់មិនស្រួលទេ។ ប៉ុន្តែជោគជ័យវាត្រូវការកក្តា៤ ទី១ចក្ខុវិស័យច្បាស់លាស់ថាតើយើងកំណែទម្រង់ដើម្បីអី? ដើម្បីបង្ហាញថា យើងបានធ្វើទេ? កែទម្រង់ដើម្បីធានាប្រសិទ្ធភាពឱ្យកាន់តែខ្ពស់រយៈពេលវែង»។
ការបញ្ជាក់យ៉ាងដូច្នេះ របស់លោក ហ៊ុន ម៉ាណែត គឺស្របពេលដែលរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការកាត់បន្ថយបុគ្គលិករដ្ឋ កាត់បន្ថយក្រសួង និងស្ថាប័នរដ្ឋមួយចំនួនចោល ដើម្បីសម្រាលបន្ទុកការចំណាយរបស់រដ្ឋ និងពង្រឹងប្រសិទ្ធភាពការងារ។
សូមបញ្ជាក់ថា ប្រទេសវៀតណាមដែលមានប្រជាជនប្រមាណ ១០០លាននាក់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសម្រេចកាត់បន្ថយមន្ត្រីពី១៥ ទៅ ២៥ % និងកាត់បន្ថយក្រសួងពី១៨ក្រសួងមកនៅត្រឹម១៤ក្រសួង ក្នុងគោលបំណងកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពការងារ ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច។
កាសែតបាងកកប៉ុស្តិ៍ បានស្រង់សម្តីអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូឡាំ មកចុះផ្សាយថា នេះជាការបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈវៀតណាម។
លោកថា ទីភ្នាក់ងារ ស្ថាប័នរដ្ឋមិនគួរជាកន្លែងលាក់ខ្លួនរបស់មន្រ្តីអន់ៗ គ្មានសមត្ថភាពនោះទេ។ ចំណែកលោកឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Hoa Hinh ក៏និយាយដែរថា រដ្ឋប្រឹងជំរុញប្រសិទ្ធភាពក្បាលម៉ាស៊ីនរដ្ឋបាលឱ្យកាន់តែខ្លាំងក្លា និងលុបប្រការដែលស្ថាប័នរដ្ឋជា «ឋានសួគ៌សម្រាប់មន្ត្រីអសមត្ថភាព»។ រដ្ឋាភិបាលវៀតណាម រំពឹងថា ការកាត់បន្ថយបុគ្គលិករដ្ឋ២០% មានចំនួនប្រមាណ ១០ម៉ឺននាក់ និងកាត់បន្ថយចំនួនក្រសួង និងទីភ្នាក់ងារនេះ នឹងធ្វើឲ្យរដ្ឋសន្សំបានថវិកា ៤,៣ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ។
ចំណែកប្រទេសកម្ពុជាវិញ ដែលបច្ចុប្បន្នមានប្រជាជនម្រមាណតែ ១៧លាននាក់ មានក្រសួងរហូតដល់ទៅ២៨ និងមានស្ថាប័នជាតិចំនួន១៧ស្ថាប័នផ្សេងទៀត ដែលការណ៍នេះត្រូវបានអ្នកឃ្លាំមើលសង្គមអធិប្បាយថា ជារដ្ឋាភិបាលដែលមានក្បាលធំសំពីងសំពោងតែខ្លួនតូច។
យោងតាមរបាយការណ៍បូកសរុបការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈនៅដើមឆ្នាំ២០២៥នេះចំនួនមន្ត្រីរាជការស៊ីវិលនៅកម្ពុជា មានជាង ២៣ម៉ឺននាក់ ហើយក្នុងចំណោមមន្រ្តីរាជការស៊ីវិលជាង២៣ម៉ឺននាក់នោះ មានមន្ត្រីថ្នាក់ជាតិជាង ៥៤ម៉ឺននាក់ និងមន្ត្រីថ្នាក់ក្រោមជាតិជាង ១៧ម៉ឺន៧ពាន់នាក់។
លោក ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ធ្លាប់បានថ្លែងក្នុងសន្និសីទមួយថា នៅក្នុងឆ្នាំ២០២៣ មន្ត្រីរាជការស៊ីវិលទូទាំងប្រទេស (ដោយមិនគិតកងកម្លាំងប្រដាប់អាវុធ)មានចំនួន ២២៦ ៩៤៩ នាក់ ក្នុងនោះថ្នាក់ជាតិមានចំនួន ៤៩ ៨៤៥ នាក់ និងថ្នាក់ក្រោមជាតិមានចំនួន ១៧៧ ១០៤ នាក់។
អ្នកឃ្លាំមើលសង្គមមួយចំនួន ក្នុងនោះមានទាំងលោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមផងដែរ ធ្លាប់បានលើកឡើងកាលពីលោកនៅមានជីវិតថា នៅប្រទេសអូស្ត្រាលី និងនៅបណ្តាប្រទេសជាច្រើនទៀត ដែលមានប្រជាពលរដ្ឋច្រើនរាប់រយលាននាក់ ប៉ុន្តែគេមានក្រសួងតែពី១៤ទៅ១៥ក្រសួងតែប៉ុណ្ណោះ។
លោកថា កម្ពុជាដែលមានប្រជាជនប្រមាណតែ ១៧លាននាក់ តែមានក្រសួងរហូតដល់ជិត៣០ គួរធ្វើការសិក្សាពីការកាត់បន្ថយចំនួនក្រសួងឱ្យមកនៅត្រឹមជាង១០ ដូចប្រទេសដទៃ ដើម្បីកាត់បន្ថយបន្ទុកចំណាយដ៏ធ្ងន់ធ្ងររបស់រដ្ឋ ក្នុងការបើកប្រាក់ខែទៅឱ្យមន្ត្រីរដ្ឋាភិបាលដ៏ច្រើនលើសលប់នោះ។
សម្រាប់ លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានលើកឡើងថា អ្នកកាន់អំណាចសព្វថ្ងៃនឹងមិនហ៊ានធ្វើកំណែទម្រង់កាត់បន្ថយក្រសួង ស្ថាប័នរដ្ឋឱ្យមកនៅចំនួនតិចដូចប្រទេសដទៃនោះទេ បើទោះបីជាដឹងថា ក្រសួងស្ថាប័នមួយចំនួនធ្វើការជាន់គ្នា និងគ្មានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ពីព្រោះតែអ្នកកាន់អំណាច ត្រូវបែងចែកគ្នារស់ ដោយចាត់ទុកកម្ពុជាដូចជាប្រហុកចិញ្ច្រាំមួយជ្រុញ និងចាត់ទុកពលរដ្ឋជាបន្លែមួយកញ្ច្រែង។
លោក ចាន់ឡូត បានសរសេរបង្ហោះលើហ្វេសប៊ុកក្នុងសំណេរដើមនៅថ្ងៃទី២០ខែមីនាថា៖ «រដ្ឋាភិបាលក្បាលធំ ខ្លួនតូច សម្បូរទៅដោយសុតែបរាសិតនេះ នឹងត្រូវស្លាប់នៅពេលណាមួយ»។ លោកថា ប្រទេសមួយចំនួន បានដួលរលំដោយសារតែមិនព្រមធ្វើកំណែទម្រង់ ដោយបារម្ភប៉ះពាល់ផលប្រយោជន៍បក្ខពួកខ្លួន ឬបារម្ភមានការរើបម្រះពីផ្ទៃក្នុង ឬអាក់អន់ស្រពន់ចិត្ត។
លោកគូសបញ្ជាក់ថា នាយករដ្ឋមន្ដ្រី ប្រកាសថា មិនបង្រួម ដើម្បីពង្រីក តែប្រើអភិក្រមពង្រឹង និងពង្រីក វិញ។ ពិតហើយ! ពង្រឹង និងពង្រីក គឺប្រើសម្រាប់តែអំណាចខ្លួនឯង គ្រួសារខ្លួន និងបក្ខពួក តែមិនមែនដើម្បីពលរដ្ឋនោះទេ ហើយថា ការមិនព្រមធ្វើកំណែទម្រង់នេះ គឺជាដំណើរឆ្ពោះទៅរកសេចក្ដីស្លាប់។
ចំណែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានថ្លែងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ថា លោកតែងតែបង្ហាញពីរដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ ពីព្រោះគោលនយោបាយរបស់គណបក្សជំនាន់ថ្មី គឺត្រូវកាត់បន្ថយក្រសួងពី២៨មកនៅត្រឹមជាង១០ក្រសួង ដូចប្រទេសដទៃ ដើម្បីកាត់បន្ថយការចំណាយនិងធ្វើឱ្យមានប្រសិទ្ធភាពការងារ។
ក្រសួង៤ដែលលោកថា អាចដាក់បញ្ចូលក្នុងក្រសួងតែមួយបាន គឺក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹកនិងឧតុនិយម។
ទាក់ទងទៅនឹងការលើកឡើងដែលថា រដ្ឋាភិបាលបំបែកក្រសួងឱ្យច្រើន ដើម្បីបែងចែកទៅតាមខ្សែលោកស ខេង ខ្សែលោកទៀ បាញ់ ខ្សែលោកស្រី ម៉ែន សំអន ឬក៏ខ្សែលោក សាយ ឈុំ ជាដើមនោះ លោក មាជ សុវណ្ណារ៉ា មិននិយាយពីបញ្ហានេះទេ ដោយថ្លែងថា វាជាបញ្ហាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែលោកថា គោលនយោបាយគណបក្សជំនាន់ថ្មី គឺធ្វើឱ្យក្រសួងពីច្រើនមកតិច ដើម្បីប្រសិទ្ធភាពការងារ កុំឱ្យមានអំពើពុករលួយ ចៀសវាងបក្ខពួកនិយម គ្រួសារនិយម បែងចែកក្រសួងធ្វើឱ្យខាតថវិកាជាតិ ដែលប្រជាពលរដ្ឋបានបង់ពន្ធ ថែមទាំងធ្វើឱ្យមានភាពស្មុគស្មាញ ក្នុងការងាររដ្ឋបាលពីស្ថាប័នមួយទៅស្ថាប័នមួយ។
លោកថា៖ «យើងឃើញហើយក្រសួងដែលជាន់ការងារគ្នា ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹកអី សុទ្ធតែយើងអាចយកមកធ្វើអគ្គនាយកដ្ឋានចំណុះឱ្យក្រសួងកសិកម្ម យើងបន្ថយបុគ្គលិកដែលចូលនិវត្តន៍ បុគ្គលិកនយោបាយ មន្ត្រីនយោបាយដែលចូលនិវត្តន៍ទៅ យើងមានអ្នកជំនាន់ថ្មីអ្នកជំនាន់ក្រោយមក មន្ត្រីរាជការក្មេងៗសារក្រោយគេរៀនធ្វើការតាមបែប IT AI ឌីជីថលអីទៅ យើងឃើញប្រសិទ្ធភាពការងារនឹងវាលឿនតាមស៊ីស្តែមបែបថ្មី ដែលមិនធ្វើឱ្យពុករលួយ ហើយមិនធ្វើឱ្យជួបបញ្ហាចោទ ដាក់គ្នាទាក់ទងទៅនឹងការបង្កើត ពេលខ្លះយើងត្រួតស៊ីគ្នាក្នុងការគ្រប់គ្រងក្នុងការធ្វើកិច្ចការ»។
អ្នកតាមដានសង្គម លើកឡើងថា ប្រទេសវៀតណាម ជាប្រទេសកុម្មុយនីស្តឯកបក្ស គឺងាយស្រួលក្នុងការធ្វើកំណែទម្រង់។ ប៉ុន្តែកម្ពុជាមិនងាយស្រួលទេ ពីព្រោះបើគណបក្សប្រជាជន ធ្វើកំណែទម្រង់រដ្ឋាភិបាលដោយកាត់បន្ថយក្រសួង កាត់បន្ថយចំនួនមន្ត្រីរាជការ នោះមន្ត្រីរបស់គណបក្សដែលកាន់អំណាចជាង៤០ឆ្នាំមកហើយមួយនេះ អាចនឹងរត់ទៅចូលរួមគណបក្សផ្សេង ខណៈដែលបច្ចុប្បន្នទាំង លោក ហ៊ុន សែន ប្រធានគណបក្យ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងប្រើគ្រប់មធ្យោបាយទាំងស្របច្បាប់ និងមិនស្របច្បាប់ ដើម្បីអូសទាញសមាជិកគណបក្សប្រឆាំងឱ្យមកចូលរួមជាមួយគណបក្យប្រជាជន តាមរយៈការដាក់សម្ពាធគំរាមកំហែង ការផ្តល់ប្រាក់និងផ្តល់តំណែងក្នុងជួររដ្ឋាភិបាល។
ជ្រុងមួយផ្សេងទៀត រដ្ឋាភិបាលក្បាលធំជាងខ្លួន ដែលកំពុងត្រូវបានដឹកនាំដោយឈាមថ្មីរបស់គណបក្សកាន់អំណាចនេះ គឺប្រមូលផ្តុំវិញបញ្ចូលគ្នាទៅដោយគ្រួសារនិយមបក្ខពួកនិយម ឧកញ៉ាទុច្ចរិតចាក់ស្រែស មានរហូតទៅដល់ការចងភ្ជាប់គ្នាជាសាច់សារលោហិតធ្វើជាដន្លងនឹងគ្នា ដើម្បីការពារផលប្រយោជន៍គ្នាទៅវិញទៅមក ដែលអាចធ្វើឱ្យគ្រួសារហ៊ុន បានបន្តកាន់អំណាចបានតពូជ ហេតុដូច្នេះហើយ រដ្ឋាភិបាលឈាមថ្មីនេះ មិនអាចកាត់បន្ថយក្រសួង កាត់បន្ថយមន្ត្រីដែលសុទ្ធតែជាក្រុមបក្ខពួកគ្នាឯងនោះទេ៕