លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ឈប់​លេង​​ល្បែង​បោះ​ឆ្នោត​ជាមួយ​លោក ហ៊ុន សែន

អតីត​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្រោយ​ប្រកាស​សុពល​ភាព ដែល​ដាក់​ឈ្មោះ​ថា ច​លនា​​ជា​តិ​តស៊ូ​នៅ​ក្រៅ​ប្រទេស បាន​ផ្ញើ​សារ​អំពាវនាវ​ឈប់​ឱ្យ​លេង​ល្បែង​បោះ​ឆ្នោត​ជាមួយ​មេដឹក​នាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដោយ​ថា ដើម្បី​រំដោះ​ប្រទេស ខណៈ​ជីវិត​នយោបាយ​រប​ស់​លោក រង​ការបិទ​ខ្ទប់។

លោក សម រង្ស៊ី បាននិយាយ​លើ​ហ្វេស​ប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​២៤ ខែ​មិនា​នេះ បាន​​អំពាវ​នាវ​ឱ្យ​ឈប់​​និ​យា​​យ​​​ពី​រឿង​បក្ស តែ​ត្រូវ​​និយាយ​​​ពី​​រឿង​ជាតិ ដោយ​សង្កត់ធ្ងន់​ក្នុង​ន័យ​ដើម​ថា «យើង​អត់​ត្រូវ​លេង​ល្បែ​ង​​បោះ​​ឆ្នោត​ជាមួយ ហ៊ុន សែន ទៀត​ទេ ផ្លូវ​តែ​មួយ​គត់​ គឺ​យើង​ត្រូវ​តស៊ូ​រំដោះ​ប្រទេស​ជាតិ​យើង​​ឱ្យ​ទាល់​តែបាន»។

ការអំពាវនាវនេះ ធ្វើឡើង​២ថ្ងៃ​ក្រោយ​លោក​បាន​ចេញ​ប្រកាស​ជា​ផ្លូវ​ការ​នូវ​អ្វី​ដែល​លោក​ហៅ​ថា ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ ដែល​លោក​ធ្វើ​ជា​ប្រធាន​ចលនា​នេះ។

បើតាម​សេចក្តីប្រកាស​ចុះថ្ងៃទី២២ ខែ​មិនា ​ឆ្នាំ​២០២៥ ចលនា​ជាតិ​តស៊ូដែល​បង្កើត​ឡើង​នេះ មាន​បេ​សកក​​ម្ម​​​​​ធ្វើ​គ្រប់​យន្តការ​ប្រតិ​បត្តិ​ស្រ​​ប​តាម​ខ្លឹម​សារ​រដ្ឋ​ធម្ម​នុញ្ញ និង​ស្មារតី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើ​ម្បី​​​បញ្ចប់​នយោបាយ​សន្តិភាព​ងើ​​បមួយ​វាយមួយ​ ជំនួស​មក​វិញ​នូវសន្តិភាព​មិន​សុំ​យុត្តិធម៌​ពី​ជន​ផ្តាច់​ការ ដើម្បី​បុព្វហេ​​តុប្រជា​ធិប​តេយ្យ សិទ្ធិ​មនុស្ស យុត្តិធម៌​សង្គម និង​ប្រព័ន្ធ​ការ​ពារ​បូរណភាព​ទឹក​ដី ដែល​មានគុណ​ភាព។

យ៉ា​ងណា ប្រធានអង្គភាពអ្នកនាំ​ពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និយាយ​ថ្មីៗនេះ​ថា អ្នកគាំ​ទ្រ​គណប​ក្ស​​​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មាន​ចំនួន​តិច​តួច​មែន​ទែន​នាពេល​​បច្ចុប្បន្ន ដែល​លោ​​កប្រៀប​ធៀបទៅ​នឹង​ភ្លើង​ចង្កៀង​​​ដែ​ល​ជិត​រលត់។

ក្នុ​ងន័យនេះ លោកបានលើក​ឧទាហរណ៍ ករណី​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ចុង​ក្រោយ​នេះ លោក​ថា មាន​តែ​ម​នុស្ស​ ២០០​ទៅ៣០០​នាក់​ប៉ុណ្ណោះ ឬ​ស្មើ​នឹង​ក្រោម​១ភាគរយ បើ​ធៀប​ទៅនឹ​ង​ប្រជាពលករ​ខ្មែរ​រស់​​​នៅ​ទីនោះ មា​ន​ប្រមាណជា​៦ម៉ឺន​នាក់។ 

លោកថា៖«បងប្អូនយើង​ដែល​នៅ​ជឿ​ក្រុម​ប្រឆាំង​ជ្រុល​និយម​តិច​តួច​ខ្លាំង​ណាស់។ ប៉ុន្តែ​អ្នក​តិច​តួច​ហ្នឹងដោយ​សារ​គាត់​អត់​ទាន់​យល់​ទៀត បន្តិច​ទៀត​ទៅ​ចាំ​​ពេល​ដែល​គាត់​យល់ គាត់​នឹង​ភ្ញាក់​រឭក​កាន់​តែ​អស់ទៅៗ​ ដូច​កន្លង​ទៅ​អីចឹង​ដូច​ពី​មុន​មាន​ច្រើន​ជាង​ហ្នឹង ឥឡូវ​អស់​ដូច​ចង្កៀង​អស់​ប្រេង​ វាឈាន​ទៅ​រលត់ ​នេះ​ជា​ស្ថានភាព​ពិត​ដែល​កំពុង​កើត​ឡើង អីចឹង​អ្នក​ដែល​គាំទ្រ​អ្នក​ជ្រុល​និយម​អត់​មាន​ទេ​ឥឡូវ​នេះ»

ផ្ទុយពីនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះ​អាងថា ពលករ​តវ៉ា​នៅ​កូរ៉េ​មាន​ប្រ​មាណ​​​ពី​​២ទៅ​៣ពាន់​នាក់ ជា​ចំនួន​ច្រើន។ រីឯអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​មាន​ច្រើន​ដែរ​ ដែ​ល​​អ្នក​ខ្លះគេ​មិន​ចេញ​មុខ។

សម្រាប់ លោក អ៊ុំ សំអាន ភស្តុតាងនេះ ធ្វើឱ្យមេដឹកនាំ​បក្ស​ប្រជាជន​លោក ហ៊ុន សែន ខ្លាច លោក សម រង្ស៊ី និង​លោក កឹម សុខា ទើប​បន្ត​ប្រើ​ដៃ​តុលាការ​ដើម្បី​បិទ​ខ្ទប់ ហើយ​បង្កើត​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយជា​បន្ត​បន្ទាប់​ចាប់​ពី​​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០២៨​ខាង​មុខ​ទៀត ដែល​ថា បញ្ហា​នេះ ទើប​គណបក្ស​ប្រឆាំង​នៅក្រៅ​ប្រទេស បង្កើត​ចលនា​ជាតិ​តស៊ូ​នេះ​ឡើង ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ។

សម្រាប់​លោក អ៊ុំ សំអាន ការលើក​ឡើង​របស់​ លោក ប៉ែន បូណា ជា​ការ​បិទ​បាំង​អសមត្ថភាព​មេដឹកនាំ​បក្ស​កាន់​អំណាច ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ច្រើន​លាន​នាក់​កំពុង​រង​ទុក្ខ​វេទនា ពី​អំពើ​ពុក​រលួយ។

លោកថា៖ «បើសិនជាអីចឹងមែន ម៉េច​មិន​ដោះ​លែង​ លោក កឹម សុខា ពី​ពន្ធនាគារ ហើយ​ឱ្យ​លោក សម រង្ស៊ី ចូល​វិញ​ទៅ ហើយ​ឱ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ចាប់​ដៃ​គ្នា​ប្រកួត​ការ​បោះ​ឆ្នោត​ឡើង​វិញមើល​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​ក៏​អត់។ មួយ​ទៀត គាត់​យល់​ថា​មេដឹកនាំ​ត្រកូល​ហ៊ុន​ហ្នឹង ដឹក​នាំប្រទេស​កាន់​តែ​យ៉ាប់​យ៉ឺន​ទៅៗ​ លោក ហ៊ុន ម៉ាណែត អសមត្ថភាព​ក្នុង​ការ​ដឹក​នាំ ដឹក​នាំ​ទៅ​កាន់​តែ​មានអំពើ​ពុក​រលួយ​ ឧកញ៉ា​បោក​ប្រជាព​លរដ្ឋ​គ្រប់​កន្លែង​[] ការ​បង្ខាំង​មនុស្ស​ ឆបោក​តាម​អន​ឡាញ មានគ្រប់​ទី​កន្លែង សេដ្ឋ​កិច្ច​ពលរដ្ឋ​កាន់​តែ​ធ្លាក់​ចុះ រឿង​អយុត្តិធម៌​សង្គម​មាន​រាប់​ភ្លេច»។

ជុំវិញ្ហានេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង  សែនករុណា លើក​​ឡើ​ង​​ប្រហាក់​ប្រហែល​គ្នាដែរ​​ថា សារ​របស់​លោក សម រង្ស៊ី ហាក់​ស៊ី​គ្នា​ទៅ​នឹង​ការ​ពិត​នៅ​កម្ពុជា។

លោក​សំអាង​ថា គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស ដែល​មិន​កាន់​អំណាច ដូច​គ្មាន​អ្វី​ជា​ក្តី​សង្ឃឹម​ក្នុងការ​ប្រកួត​ប្រជែង​នោះ​ទេ។ លោក​ថា ក្បាល​ម៉ាស៊ីន​ដឹក​នាំ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ជាសមា​ជិក​ជាន់​ខ្ពស់​របស់​បក្ស​កាន់​អំណាច។

លោកសង្កត់ធ្ងន់ថា ទាំងនេះ ជាសំណួរ​ចោទ​សួរ​ថា តើ​ការ​​បោះ​ឆ្នោត​អាច​ដំណើរ​ការ​ទៅ​ ដោ​យ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ តាម​របៀប​ណា?។

 រីឯចម្លើយ វាបានស្តែងឡើងច្រើនអាណត្តិទៅនេះ រហូត​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចេ​​ញ​ពី​​ឆាក​ន​យោបាយ​ឆ្នាំ​២០១៧ ការ​បិទ​ខ្ទប់​ជីវិត​នយោបាយ​លោក ​សម រង្ស៊ី និង​លោក កឹម សុខា រួម​ទាំង​បិទ​ខ្ទប់គណ​បក្ស​ភ្លើង​ទៀន មិន​ឱ្យ​ប្រកួត​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៣ អាណត្តិទី​៧​នេះ​ទៀត​ផង។

លោក​គូស​បញ្ជាក់​ថា ការ​ដើរ​ចូល​ទៅ​ប្រកួត​ប្រជែង​ក្នុង​ពេល​បច្ចុប្បន្ន ប្រៀប​បាន​នឹង​ការ​បង្គ្រប់​កិច្ច​ឱ្យ​គណបក្ស​ប្រជាជ​​នកម្ពុជា ដើម្បី​ឱ្យ​គណបក្ស​នេះ មាន​លេស​សំអាង​ប្រាប់​អន្តរជាតិ​ថា កម្ពុជា​អនុវត្ត​លទ្ធិប្រជា​ធិបតេយ្យ តាម​យន្ត​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។

លោកថា៖ «បើសិនគណបក្សប្រជាជនកម្ពុជា​មានជំនឿ​ថា គណបក្ស​ប្រឆាំង​អស់​ទៅៗ​ថយ​ទៅៗ អីចឹង​ខ្លួន​ ​អីចឹង​ខ្លួន​ខ្លាច​អី​នឹង​ធ្វើការ​ប្រកួ​ត​ប្រជែង​ ដោយ​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ជាមួយ​មេដឹក​នាំ​គណបក្ស​ប្រឆាំង បើក​​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​មាន​សេរីភាព​គ្រប់​គ្រាន់​ចូល​ទៅ​ក្នុង​ប្រទេស ដើម្បី​ប្រកួត​ប្រជែងទៅ​ ហើយ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទៅ ហើយ​ធ្វើការ​កែ​ទម្រង់ គជប ទាំង​សហគមន៍​ជាតិ និង​អន្តរជាតិ​គេជឿ​បាន ហើយ​ធ្វើការ​ប្រកួត​ប្រជែង​គ្នា​ដោយ​យុត្តិធម៌ សេរី ត្រឹម​ត្រូវ អាហ្នឹង​ទើ​ប​ហៅ​ថា អាច​វ៉ាស់វែង​គ្នា​បាន»។

សម្រាប់លោក ស៊ឹង សែនករុណា បើ​ប្រព័ន្ធបោះ​ឆ្នោតមិនត្រូវ​បាន​កែ​លម្អ សេរីភាព​បញ្ចេញ​មតិ រួម​ទាំង​សិទ្ធិនយោ​បាយ នៅ​តែ​រង​ការ​គំរាម​កំហែង ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច វា​គ្រាន់​តែ​ជា​វោ​ហារ​សាសន៍ មិន​មែន​ជា​គុណ​តម្លៃ​របស់​អ្នក​នយោ​បាយ ដែល​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ឈរ​លើ​ទី​លានប្រកួត​​​ប្រកប​ដោ​​យភាព​ថ្លៃ​ថ្នូរ​​នោះ​​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ