អតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទម្លាក់កំហុសដាក់បក្សប្រឆាំងកម្ពុជា ដូចលោក ហ៊ុន សែន ជុំវិញការដែលគណបក្សប្រឆាំង ជំរុញឱ្យប្រើយន្តការអន្តរជាតិ ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានទឹកដី ក្នុងនោះមានទាំងកោះគុត និងប្រាសាទតាមាន់តូច ដែលថៃរំលោភយក។
កាលពីថ្ងៃទី២៣ ខែមីនា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ប្រាប់អ្នកសារព័ត៌មានថៃថា ក្រុមបក្សប្រឆាំងកម្ពុជាមួយចំនួន កំពុងប៉ុនប៉ងបង្កជម្លោះបញ្ហាព្រំដែនកម្ពុជា-ថៃ ជុំវិញរឿងប្រាសាទនិងកោះជាដើម។
លោក ថាក់ស៊ីន និយាយថា រដ្ឋាភិបាលកម្ពុជា និងថៃ មានការយល់ដឹងយ៉ាងច្បាស់ អំពីសន្ធិសញ្ញាទាក់ទងនឹងតំបន់ជម្លោះព្រំដែន ដោយភាគីទាំងពីរបានទទួលស្គាល់គោលជំហររបស់គ្នាទៅវិញទៅមកហើយ។
ម្យ៉ាងវិញទៀត លោកថា គណបក្សប្រឆាំងព្យាយាមបំផុសរឿងជម្លោះព្រំដែន ដើម្បីឱ្យមេដឹកនាំប្រទេសទាំងពីរមើលមុខគ្នាមិនចំ បង្កឱ្យមានជម្លោះដូចអតីតកាល គឺផ្ទុះអាវុធដូចនៅប្រាសាទព្រះវិហារជាដើម។
លោកថា៖ «មួយរយៈនេះ ពួកគណបក្សប្រឆាំងភាគច្រើនកំពុងប៉ុនប៉ងបង្កជម្លោះ ជំរុញឱ្យមេដឹកនាំប្រទេសទាំងពីរ កម្ពុជា-ថៃ ឈ្លោះគ្នារឿងទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាដើម»។
តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ចាត់ទុកការលើកឡើងរបស់ លោក ថាក់ស៊ីន ហាក់ឆ្លើយតបទៅនឹងការចង់បានរបស់មេដឹកនាំកម្ពុជា ដែលមិនហ៊ានប្រើយន្តការអន្តរជាតិ ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពានទឹកដី ហើយតែងតែចោទប្រកាន់អ្នកជំរុញឱ្យការពារទឹកដី។
លោកថា ការលើកឡើងរបស់គណបក្សប្រឆាំង គឺមិនចង់ឱ្យកម្ពុជាមានជម្លោះជាមួយប្រទេសជិតខាងនោះទេ ទើបជំរុញឱ្យកម្ពុជាប្តឹងបញ្ហារំលោភបំពានព្រំដែននេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីឱ្យពលរដ្ឋទាំងពីរភាគី អស់មន្ទិលសង្ស័យទៅមេដឹកនាំ។
លោកថា៖ «លោក ថាក់ស៊ីន និយាយថា គណបក្សប្រឆាំងរបស់កម្ពុជាហ្នឹងជាអ្នកបង្កជម្លោះព្រំដែនកម្ពុជាជាមួយថៃហ្នឹង មិនមែនជាការពិតនោះទេ តាមពិតថៃទៅវិញទេ ជាអ្នកឈ្លានពានទឹកដីកម្ពុជាហើយបែរជាមកចោទមកកម្ពុជាដែលជាជនរងគ្រោះទៅវិញ»។
សម្រាប់ លោក អ៊ុំ សំអាន ការជំរុញឱ្យមេដឹកនាំកម្ពុជា ប្តឹងទៅ (ICJ) ដោយសារតែមិនចង់ឱ្យកម្ពុជា និងថៃប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ ព្រោះថាកម្ពុជាមានមូលដ្ឋានច្បាប់បញ្ជាក់ថា កោះគុតដែលថៃកំពុងគ្រប់គ្រងទាំងស្រុង មានចំណែកពាក់កណ្តាលជារបស់កម្ពុជា និងប្រាសាទតាមាន់តូច ជារបស់ខ្មែរ ។
លោកថា៖ «តាមពិតអ្វីដែលយើងធ្វើហ្នឹង អត់មានទៅបង្កជម្លោះ ឬក៏ឲ្យមានការរើសអើងជាតិសាសន៍រវាងកម្ពុជានិងថៃ ឬក៏មានវិបត្តិព្រំដែនរវាងកម្ពុជានិងថៃទេ យើងគ្រាន់តែចង់ការពារទឹកដីរបស់យើងទៅតាមអ្វីដែលមរតករបស់បារាំងកំណត់ឲ្យ គឺសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ និងសន្ធិសញ្ញាឆ្នាំ១៩០៤ គឺយើងចង់ទាមទារយ៉ាងហោចណាស់ពាក់កណ្តាលនៃកោះគុតមកវិញ និងប្រាសាទតាមាន់តូចទាំងស្រុងមកវិញ»។
ជុំវិញបញ្ហាបូរណភាពទឹកដីនេះ មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ធ្លាប់ចោទប្រកាន់បក្សប្រឆាំង ដែលជំរុញឱ្យប្រើយន្តការអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីនេះថា ជាអ្នកដុតជម្លោះបញ្ហាព្រំដែន ។
លោកថា៖ «គេកំពុងតែដាក់បញ្ហាកោះគុត បង្វែរពីកម្ពុជាវៀតណាម ដែលអាចនឹងឈានទៅដល់ការផ្ទុះអាវុធនៅតាមព្រំដែន ក៏អាចថាបាន ឥឡូវនេះគេបង្វែរមកទិសខាងលិចវិញ»។
យ៉ាងណា ប្រធានក្រុមឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ចាត់ទុក សារលោក ថាក់ស៊ីន ប្រៀបបាននឹងការបិទបាំងទង្វើឈ្លានពាន ហើយញុះញង់ឱ្យខ្មែរជាអ្នកបាត់បង់ទឹកដី បន្តឈ្លោះគ្នាគ្មានទីបញ្ចប់ ដើម្បីពង្រីកមហិច្ឆតាលេបទឹកដី បើមេដឹកនាំខ្មែរខ្វះស្មារតីជាតិនិយម។
លោកថា៖ «លោក ហ៊ុន សែន គាត់មានទស្សនៈដូច លោក ថាក់ស៊ីន អ៊ីចឹង ប៉ុន្តែវាមនុស្សពីរនាក់ហ្នឹង វាខុសគ្នា ថាក់ស៊ីន ប្រើយន្ដការជាមិត្តភាពហ្នឹង ដើម្បីរំលោភអធិបតេយ្យកម្ពុជា ទាំងកោះគុតទាំងដែនសមុទ្រត្រួតស៊ីគ្នា និងប្រាសាទបុរាណខ្មែរ ថាក់ស៊ីន គេបានរំលោភរួចហើយឲ្យបានគេប្រើពាក្យហ្នឹង ដើម្បីបញ្ឆេះឱ្យ លោក ហ៊ុន សែន ហ្នឹងខឹងអ្នកប្រឆាំងខ្មែរ»។
រដ្ឋាភិបាលគ្រួសារហ៊ុន ដែលបានក្តោបអំណាចច្រើនទសវត្សរ៍ទៅនេះ រងការរិះគន់ថា ធ្វើឱ្យបាត់បង់ទឹកដីជាច្រើនទៅប្រទេសវៀតណាម ទាំងដីគោក និងប្រជុំកោះ មានកោះត្រល់ជាដើម រួមទាំងបានគំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញ បើព្រះអង្គហ៊ានជំទាស់នឹងមហិច្ឆតាវៀតណាមលេបទឹកដី តាមរយៈធ្វើឱ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់រស់ឡើងវិញនៅឆ្នាំ២០០៥នោះ។
ចំណែក ភាគខាងលិចវិញ ថៃបានច្បាមយកកោះគុត ស្ថិតក្នុងខេត្តកោះកុង និងប្រាសាទតាមាន់តូច ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងបន្តច្បាមយកប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ដែលបច្ចុប្បន្នប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ត្រូវបានដាក់ទ័ពគ្រប់គ្រងរួមគ្នា ដែលការណ៍នេះ ក្លាយជាក្តីបារម្ភថា កម្ពុជានឹងបាត់បង់ប្រាសាទបុរាណខ្មែរទាំងពីនេះទៀត ក្រោមដៃរដ្ឋាភិបាលគ្រួសារហ៊ុន បើនៅបន្តប្រើយន្តការទ្វេភាគី ជាមួយថៃ ដោយមិនប្រើយន្តការអន្តរជាតិ ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាននោះ។
លើសពីនេះ រដ្ឋាភិបាលកម្ពុជា ក៏រងការចោទថា ធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសថៃដែរ ក្នុងនោះមានទាំងកោះគុត ដែលថៃកំពុងគ្រប់គ្រងទាំងស្រុង ដែលបច្ចុប្បន្នក្រុមប្រឆាំងកំពុងជំរុញឱ្យប្រើយន្តការអន្តរជាតិ ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាន ប៉ុន្តែក្រុមអ្នកទាមទារនៅក្នុងប្រទេស ត្រូវបានបង្ក្រាប និងចាប់ដាក់ពន្ធនាគារ ដែលវិធាននេះហាក់បំពានរដ្ឋធម្មនុញ្ញត្រង់មាត្រា៥២។
មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក មាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ ចែងថា អ្នកធ្វើឱ្យបាត់ដីទាំងស្រុង ឬមួយផ្នែក មានទោសក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕