ទំហំបំណុល​ពលរដ្ឋ​ក្លាយ​ជា​ក្តី​បារម្ភ​បង្ក​ហានិភ័យ​ប្រព័ន្ធ​ធនាគារ​បើ​រដ្ឋ​មិន​ដោះ​ស្រាយ

ទំហំបំណុលប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុងក្លាយជាក្តី​បារម្ភ​ពី​​ការគំរាម​កំហែង​ដល់​ប្រ​ព័ន្ធ​​ធនាគារ ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពន្លឿន​យន្ត​ការ​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើ​ម្បី​​​ទប់​ស្កាត់​ហានិភ័យ​ដ៏​គ្រោះ​ថ្នាក់​នេះ។

ការ​ព្រមាន​នេះ ក្រោយ​អភិបាល​ខេត្ត​ឧត្ដរ​មាន​ជ័យ លោក មាន ចាន់យ៉ាដា នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះ ទម្លាយ​ថា ពលរដ្ឋ​​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ រស់​នៅ​ក្រោម​សម្ពាធ​បំណុល ដោយ​លើក​ឡើងថា ក្នុង​ខេត្ត​នេះ មាន​ពលរ​ដ្ឋ​ប្រមាណ​ជា ៩ម៉ឺន​នាក់ ជំពាក់​បំណុល​ធនាគារ ក្នុង​ទំហំ​ទឹក​ប្រាក់ ៥០០​លាន​ដុល្លារ ។

នេះបើតាម​ការ​លើក​ឡើង របស់លោក មាន ចាន់យ៉ាដា ក្នុង​ពិធី​មួយ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែមិនា ឆ្នាំ២០២៥។

សម្រាប់អភិបាលខេត្តរូបនេះ មូលហេតុនេះ ដោយសារ​ពលរដ្ឋ​ជា​កូន​បំណុល ប្រើ​ប្រាស់​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ មិន​បាន​ត្រឹម​ត្រូវ​ធ្វើ​ឱ្យ​ជួប​វិបត្តិ​បំណុល។

លោក​បញ្ជាក់​ថា ស្រុក​បន្ទាយ​អំពិល ដែល​មាន​ពលរដ្ឋ ១៤ ៥៥៦​គ្រួសារ ប៉ុន្តែ​ថា អ្នក​ខ្ចី​លុយ ពី​មី​ក្រូ​ហិរញ្ញ​វត្ថុ មាន​រហូត​ទៅដល់ ១៨ ៥២៩​នាក់។

លោកថា តួលេខនេះ បញ្ជាក់ថា គ្រួសារមួយ​អាច​ខ្ចីលើស​ពី​២ស្ថាប័ន និង​ខ្លះ​រហូត​៥ស្ថាប័ន ក៏មាន ក្នុង​ចំណោម​ស្ថាប័ន​​កម្ចី​សរុប​១៩​នៅ​ក្នុង​ខេត្ត ដែល​លោក​ថា​នេះ ជា​ទំហំ​ធំធេង។

លោកថា៖ «នៅក្នុង​ក្របខ័ណ្ឌខេត្តរបស់យើង អ្នកដែលខ្ចីលុយពីមួយធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុ គឺមាន​៦៦​ភាគ​រយ។ អ្នកដែល​ទៅ​ខ្ចី​ពី ២អាហ្នឹង​មាន​រហូត​ដល់​២៧​ភាគរយ។ មួយ​ទៀត​ដែល​កាន់​តែ​ធ្ងន់ គឺ​គាត់​ជំពាក់​គឺ​ខ្ចី​ពី​ ៣​ស្ថាប័ន ឬក៏​៤ ឬ​ក៏៥ នៅក្នុង​ចំណោម​១៩​ហ្នឹង គឺ​មាន​រហូត​ដល់​៨ភាគ​រយ»

ជុំវិញរឿងនេះ សហស្ថាបនិកគណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មើល​ឃើញ​ថា វិបត្តិបំណុល​ពលរដ្ឋ មិន​មែន​កើត​​មាន​តែ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​មួយ​ទេ គឺ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​បញ្ហា​នេះ លោក​ព្រមាន​ថា បើ​រដ្ឋាភិ​បាល​​មិន​ដោះ​ស្រាយ​ដោយ​ប្រសិទ្ធ​ភាព​ទេ នោះធនាគារ​ដែល​ផ្ដល់​កម្ចី​អាច​ប្រឈម​ការដួលរលំឆាប់ៗ។

លោកថា៖ «អ្នកដែលខ្ចីបុលហ្នឹង! មិនអាចមានលទ្ធភាពសងច្រើនទៅៗ វាធ្វើឲ្យធនាគារនឹងរលំហើយ។ ធនាគារ​ណា​ដែល​ឱ្យកម្ចីច្រើន​ហើយ​ប្រមូលវិញអត់បាន រងហានិភ័យក្នុងការដួលរលំហើយ បើសិនជាមាន​ធនាគារណា​មួយ​ដួល​រលំហើយ! ធនាគារផ្សេងក៏មានហានិភ័យ​ដែរ ដោយ​សារ​ប្រជាពលរដ្ឋ​មិន​ទុក​ចិត្ត ព្រោះកាល​ណាដួ​ល​រលំ អ្នក​ដែល​ដាក់លុយ​នៅ​ក្នុង​ធនាគារ​មិន​អាច​ទៅ​ដក​បាន​ ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ព្រួយ​ក្នុង​ការ​ដក​លុយ»។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ការរីករាលដាលនៃវិបត្តិ​បំណុល​របស់ពលរដ្ឋ កើត​ពី​​កត្តា​​ជាច្រើន ដែល​​​​ក្នុង​​នោះ កត្តា​ចម្បង​​បំផុត គឺ​វិបត្តិ​​សេដ្ឋ​​កិច្ច ដែល​ជះឥទ្ធិពលដល់​ជីវភាពពលរដ្ឋ និងកង្វះនូវ​ការ​ទ្រទ្រង់សង្គម រួមមាន ការអប់រំ សុខា​ភិបាល វិស័យ​ការងារ និងកសិកម្មជាដើម។

លើស​ពីនេះ លោក​ថា ករណី​ធនាគារប្រឈម​ការដួលរំលំនេះ ធ្លាប់​កើត​មាន​នៅ​សហរដ្ឋ​អាមេរិក​រួច​ហើយ ក្នុង​ឆ្នាំ​១៩៣២ នៅពេលពលរដ្ឋ​សម្រុក​ទៅ​ដក​លុយ​ចេញ​ពី​ធនាគារ ដោយ​សារ​តែវិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក តែ​លោក​ថា រដ្ឋាភិបាល​អាមេរិក​បាន​ទប់​ស្កាត់​ទាន់ពេល។  

លោកថា៖ «ការជួយអន្តរាគមន៍ពីរដ្ឋាភិបាល​វា​មាន​ជម្រើស​តែ​ពីរ​ទេ! ទីមួយ​កែ​ប្រែ​លក្ខ​ខណ្ឌ​ក្នុង​ការ​សង ទីពីរ​មាន​តែបញ្ចេញ​សាច់​ប្រាក់​ពី​រដ្ឋាភិបាល​ដើម្បី​ទប់​តែ​ប៉ុណ្ណឹង​ឯង ហើយ​ការ​ទ្រទ្រង់ ដោយ​បញ្ចេញ​សាច់​ប្រាក់​ពី​រដ្ឋាភិបាល​នេះ! យើង​ក៏​អាច​កាត់​បន្ថយ​ការ​សង​ហ្នឹង ​កុំ​ឲ្យ​វា​ខ្ពស់​ពេក​អី​ជាដើម! ដោយ​បង់​ការ​ប្រាក់​ជំនួស​អី​ជា​ដើម ឬ​ក៏​បន្ថយ​​ការ​ប្រាក់​ឱ្យ​ទាប​អី​ជាដើម​អ៊ីចឹង​ទៅ»។

សម្រាប់ អ្នកឯកទេសផ្នែក​សង្គម គោល​នយោបាយ និង​សេដ្ឋកិច្ច លោក ឌី គន្ធា ជំរុញ​ឱ្យរដ្ឋាភិបាល​កម្ពុជា ពិនិត្យមើលគោលនយោបាយជាតិ ដើម្បី​គាំទ្រការអភិវឌ្ឍ​សេដ្ឋកិច្ច​ទាំង​ក្នុងប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ជាពិសេស​ជំរុ​ញ​ឱ្យ​ពលរដ្ឋ​​ដែល​កំពុង​ជួប​បំណុល​វន្តករ អាច​រស់​នៅមាន​ជីវភាព​ល្អ​ប្រសើរ​ឡើង​វិញ តាម​រយៈ​ការ​មាន​ការ​ងារ​ធ្វើ ឬ​ការ​ធ្វើ​អាជីវកម្ម​ដោយ​និរន្ត​រភាពជាដើម។

លោក​ថា បើរដ្ឋាភិបាលមិនអាចដោះស្រាយបានទេ វិបត្តិបំណុល​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈមលក់​ដី​ស្រែ កូនៗ​បោះ​បង់​ការ​សិក្សា ចំណាកស្រុកទាំងប្រថុយ​ប្រថាន និង​ធ្វើ​ឱ្យ​គោលនយោ​បាយ​រដ្ឋាភិបាល​បរាជ័យ​ផង​ដែរ។

លោកថា៖ «បើសិនជាពលរដ្ឋខ្មែ​រប្រឈមមុខនឹងវិបត្តិបំណុល​ធ្ងន់​ធ្ងរ ឬ​បំណុល​វ័ណ្ឌក​ ភាគី​​ដែល​រ​ងគ្រោះ​មិន​មែន​ត្រឹមតែ​ពលរដ្ឋ​ប៉ុណ្ណឹង​ទេ គឺ​ទាំង​ភាគី​ធនាគារ​នឹង​មាន​វិបត្តិ​ការ​ប្រាក់ វិប​ត្តិ​ឥណទាន​ វិបត្តិ​បំណុល ហើយ​ភាគី​រដ្ឋ​ក៏​ជាជន​រងគ្រោះ​មួយ​ដែរ ​នៅ​ក្នុង​ការ​ប្រើប្រាស់​គេហៅថា​បំណុល​សាធារណៈ​រប​ស់រ​ដ្ឋ​ទៅ​ដោះ​ស្រាយ រាល់​វិបត្តិ​មីក្រូ​ហិរញ្ញ​​វត្ថុ និងធនាគារ​កើត​ឡើង​​នៅ​ក្នុង​ស្រុក»។

ការិយាល័យឥណទានកម្ពុជា ហៅកាត់ថាCBC ថ្មីៗនេះ បានចេញរបាយការណ៍មួយ​ដោយកត់​ត្រា​ថា​ គិត​ត្រឹមបំណាច់​ឆ្នាំ​២០២៤ ពលរដ្ឋ​ខ្មែរ​បាន​ជំពាក់បំណុល​ធនាគារ និងមីក្រូហិរញ្ញវត្ថុ ជិត​ ៦០ពាន់លានដុល្លារ​។

បើតាមរបាយការណ៍នោះ ក្នុងចំណោមសមតុល្យឥណទាន​ជិត​ ៦០ពាន់លានដុល្លារនេះ CBCបានរាយការណ៍ថា​ ប្រមាណ​​៦០% ត្រូវ​បាន​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​ផ្តល់​ទៅ​ឱ្យ​ពលរដ្ឋរស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​សៀម​រាប។

ចំនួននេះមិនទាន់រាប់បញ្ចូលជនរងគ្រោះ រា​ប់ម៉ឺន​គ្រួសារ​ទៀត ដែល​កំពុង​រួម​រឹត​ដោយ​វិបត្តិបំណុល ដោយសារពួកគេចាញ់បោកក្រុមឧកញ៉ាលក់អចលនទ្រព្យ ដែលស្និទ្ធ​នឹងមេដឹកនាំ មាន​ឧកញ៉ា ឡេង ណាវ៉ាត្រា អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​អតីតឧកញ៉ា ឡេង ចាន់ណា ជាដើម។

ដោយឡែក របាយការណ៍ការសិក្សាមួយ​ដែលផ្សាយ​កាលពីឆ្នាំ២០២២ ដែលផ្តល់មូលនិធិដោយ​ក្រសួងសហព័ន្ធ និង​សហប្រតិបត្តិការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលជាអ្នកផ្តល់​មូលនិ​ធិ​ឈាន​មុខ​គេមួ​យរ​បស់​ឧស្សាហកម្ម​គ្រឹះ​​ស្ថានមី​ក្រូហិ​រញ្ញ​វត្ថុ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋកម្ពុជា​ប្រមាណ​ជាង ១សែន​៦ម៉ឺន​គ្រួសារ (១៦៧ ០០០គ្រួសារ) បាន​លក់​ដី​ធ្លី​​របស់​ពួក​គេ ដើម្បី​សង​បំណុល​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ