មន្រ្តីគណបក្សប្រឆាំង៣រូប​ត្រូវ​បាន​ដោះ​លែង​ក្រោយ​អនុវត្ត​ទោស​ចប់​ស្ថាពរ

មន្រ្តី​គណបក្ស​ភ្លើង​ទៀន​៣រូប ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​ពួក​គេ​បាន​អនុវត្ត​ទោស​ចប់​ស្ថា​ពរ​នៅ​ក្នុង​​ពន្ធនាគារ ​ក្រោ​​​​​​​ម​បទ​​ចោទ​ក្លែង​ស្នាម​មេដៃ ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ តែយ៉ាង​ណា​​ការ​ចោទ​ប្រ​​កា​​ន់​នេះ ត្រូ​វ​​បា​​ន​សាច់​ញាតិ​របស់​មន្រ្តី​គណបក្ស​ជំទាស់​ធ្លាប់​ច្រាន​ចោល ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ គឺ​​​ជា​ការ​គំ​រាម​​កំ​​ហែង និងបំភិតបំភ័យស្មារតីខាងនយោបាយ។

លោក ខឿន វីរ៉ាត់ ដែលជាប្រធានចលនាយុវជន​របស់គណបក្សភ្លើងទៀន​ប្រចាំ​រាជធានី​ភ្នំពេញ មុន​ពេ​ល​ចាប់​​​ខ្លួ​ន នៅ​ពេល​នេះ​លោក​ទទួល​បាន​សេរីភាព​មក​វិញ​ហើយ បន្ទាប់​ពី​រូប​គេ​បាន​អនុវត្ត​ទោស​ដោ​យ​ពេ​ញ​​លេញ នៅក្នុងពន្ធនា​គា​​រ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់មន្រ្តីគណបក្សប្រឆាំងជាច្រើន នៅថ្ងៃទី២៤ ខែមីនា​នេះ ពួក​គេ​​បាន​ប​​​​ង្ហោះ​​​សា​​រ​​​ព្រោ​​ង​ព្រាត​ពីការ​ជូន​ដំណឹង អំពី​ការ​ស្រោច​ទឹក​របស់​ លោក ខឿន វីរ៉ាត់។ ដូចគ្នា​នេះ​ដែរ ភរិ​យា​របស់​​​មន្រ្តី​គណបក្សប្រឆាំង​រូប​នេះ គឺ​លោក​ស្រី ថាច់ ចន្ធូ ក៏បា​ននិ​យាយ​ក្នុង​គណនី​​ហ្វេស​ប៊ុក​ដែ​រ​ថា​ នៅ​​​​​​រសៀល​ថ្ងៃ​នេះ លោក​ស្រីនឹ​ង​នាំ​ស្វាមី​ទៅ​ស្រោច​ទឹក​តាម​ប្រពៃណី​សាសនា នៅ​វត្ត​មួយ​ក្បែរ​ពន្ធនា​គារ​​ព្រៃ​​​ស។

ការជ្រើសរើសពេលវេលានៅថ្ងៃនេះ ដើម្បី​ទទួលទឹក​មន្តពីព្រះសង្ឃ នោះ​ក៏ព្រោះតែការបញ្ជូន​ចេញ​​ពី​ពន្ធ​នា​​​គារ គឺ​គេរៀបចំ​ឡើង​នៅ​ពេល​យប់។ ហេតុនេះ ការបញ្ជូនអ្នក​ដែល​ត្រូវ​ដោះ​លែង​មក​ឱ្យ​​ព្រះ​ស​​ង្ឃ​​​ប្រោះ​ព្រំយ​ក​សេរី​សួស្តី​នេះ គឺ​មិន​បាន​ធ្វើ​ភ្លាមៗ​ដូច​លើក​មុនៗ​ឡើយ ព្រោះ​ការ​ផ្តល់​សេ​រីភាព​របស់​មន្រ្តី​​ព​​​​ន្ធ​​​​នា​​​គារ ក្នុង​ពេ​​លសព្វថ្ងៃនេះ គឺគេតែងអនុវត្តតែនៅពេលយប់។

ដូចគ្នានេះដែរ លោកស្រី ថាច់ ចន្ធូ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ដោយនិយាយថា ស្វាមីរបស់ខ្លួន ​និង​ស្រ្តី​ជាប់​ឃុំ​ម្នាក់​ទៀត ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​ពន្ធនាគារ មក​ដល់​ផ្ទះ​នៅ​ពាក់​កណ្តាល​អាធាត្រ។

ប្រភពបន្តថា៖ «សូមជម្រាបជូនដំណឹង​ដល់អ៊ុំ ពូមីង បងប្អូន ឲ្យបានជ្រាបថា ស្វាមីនាងខ្ញុំ លោក ខឿន វីរ៉ាត់ និង​លោកស្រី នូ សិទ្ធារី ត្រូវ​បាន​មន្រ្តី​ពន្ធនាគារ​ដោះ​លែង និង​ជូនមកដល់ផ្ទះនៅ​វេលា​ម៉ោង ០:០០ នាទី​យប់​ថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០២៥ ហើយ » ។

នៅថ្ងៃនេះ ក្រៅពីលោក ខឿន វីរ៉ាត់ ក៏នៅមានអ្នកស្រី នូ សុទ្ធារី មន្រ្តីគណបក្ស​ប្រឆាំង និង​លោក តូច ថឹង ​​ជា​​​ប្រធាន​​គណៈ​កម្មាធិការ​​ប្រតិ​បត្តិ​​គណបក្ស​​ភ្លើង​ទៀន​​ប្រចាំ​​ខេត្ត​​កំពង់​ចាម មុ​​ន​ពេលចាប់ខ្លួន ក៏ត្រូវបា​ន​គេ​​​ដោះ​លែង​ដូចគ្នាដែរ។​

លោក ខឿន វីរ៉ាត់ ថ្លែងនៅចំពោះមុខអ្នក​កាសែត នៅរសៀលថ្ងៃ​នេះ ក្រោយ​បញ្ចប់​ពិធី​​ស្រោច​ទឹក​មន្ត​ថា ជំហរ​របស់​លោក​នៅ​តែ​មាន​ភក្តី​ភាព​ជានិច្ច ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល។ លោក​នឹង​មិន​ងាក​រេ​ចេញ​ពីអ្នក​ប្រជា​ធិប​តេយ្យ​​ឡើយ។ ជាង​នេះ​ទៀត អ្វី​ដែល​លោក​រៀន​សូត្រ​បាន​ពី​ការ​បាត់​បង់​សេរីភាព នៅ​ក្នុង​ពន្ធនា​​​​គារ​នេះ វា​ជា​ការ​ពង្រឹង​ស្មារតី​លោក​បន្ថែម​ទៀត ក្នុង​បុព្វ​ហេតុ​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស ឱ្យ​កាន់​តែរឹង​ម៉ាំ​ជាង​មុន។

លោកថា៖ «ខ្ញុំអត់បានប្រព្រឹត្តកំហុសថាខ្ញុំបានធ្វើ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំមកនេះ ខ្ញុំចាត់​ទុក​ថា​ជាវិស្សមកាល​នយោបាយ​​រប​ស់​ខ្ញុំ។ ខ្ញុំ​មក​នៅ​ក្នុង​ពន្ធនាគារ​ដែល​បាន​រៀន​សូត្រ ហើយ​អរគុណ​ដែល​ការ​អនុវត្ត​របស់មន្រ្តី​ពន្ធនាគារ​​មួយ​ចំនួ​ន​យក​ចិត្ត​ទុក​ដាក់។ ប៉ុន្តែ​មួយ​ចំនួន​ទៀត​នៅ​តាម​ពន្ធនាគារ​ ​ជាពិសេស​ថ្មីៗ​នេះ គឺមិន​បាន​អនុវត្ត​ទៅ​តាម​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ពន្ធនាគារ​ទេ »។

មន្រ្តីគណបក្សជំទាស់ទាំងបីរូបនេះ ត្រូវបានអាជ្ញាធរ​ចាប់ខ្លួន ក្នុងបទ​ចោទ​ដូច​គ្នា​​នឹង​ លោក សៀម ភ្លុក ដែរ ពាក់​ព័ន្ធ​នឹង​កា​​រក្លែង​ស្នា​​ម​​មេ​ដៃ នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ។ តែសម្រាប់ លោក តូច ថឹង ដែល​​ជា​​​ខ្មែរ​កម្ពុជាក្រោម​ ត្រូវបានគេបំបែកនៃការ​ឃុំខ្លួន​នៅឯ​ពន្ធនាគារ ម៤ ក្នុង​ខេត្ត​ពោធិ៍សាត់។

កាលពីថ្ងៃទី២៤ ខែ​មី​​នា ឆ្នាំ២០២៣ លោក ជុំ សង្វា ចៅក្រមជំនុំជម្រះ​នៃតុលាការក្រុងភ្នំពេញ បាន​ផ្តន្ទា​ទោ​សលោក សៀម ភ្លុ​ក ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ខ​ណៈ​​​​​​មន្រ្តីនយោបាយ១២រូបផ្សេងទៀត ម្នាក់ៗ​ត្រូ​វជា​ប់​ព​ន្ធនាគារ២ឆ្នាំ ក្នុង​ចោ​​​​ទដូ​ច​​គ្នា​ដែ​រ។ ប៉ុន្តែនៅ​ក្នុងចំណោមពួកគេ មានតែមនុស្ស​៤នាក់​ទេ ដែលត្រូវចា​ប់​ខ្លួន ក្រៅពី​នោះ​នៅ​​​ក្រៅ​​​​​​​ឃុំ​​​ទាំង​អស់។

ទាក់ទិនរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ​(Licadho) មានប្រសាសន៍ថា ការផ្តល់សេរីភាព​ចំពោះ​អ្នក​ជាប់​ឃុំ គឺ​មិន​មាន​កំណត់​នៅ​ក្នុង​ច្បាប់​ថា​ត្រូ​វ​អ​នុ​​​វត្ត​ពេ​​ល​​​​យ​ប់ ឬថ្ងៃ​ទេ។ ប៉ុន្តែជានីតិវិធី និងដើម្បីមានភាពងាយស្រួល គេតែងអនុវត្តក្នុងពេលវេលាសម​​ស្រប​​​ណាមួយ ជាជាង​ពេល​​យប់ ហើយការអនុវត្តគោលការណ៍ ក្នុង​ជំហាន​ចុង​ក្រោយ​របស់​មន្រ្តី​​អនុវត្ត​ច្បាប់​​នេះ​​ វាហាក់​ជា​រឿង​មន្ទិល​​សង្ស័​យ​ដែរ ពី​ការ​ដាក់​ឱ្យ​អ្នក​ជាប់​ឃុំ មាន​សេរីភាព​តែ​នៅ​ពេល​រាត្រី​បែបនេះ។

លោកបន្តថា៖ «នៅក្នុងនីតិវិធីនៃការដោះលែង អត់​មាន​ឃើញ​ការ​ចែង​នៃ​ការ​ដោះ​លែង​យប់​ឬ​ថ្ងៃ​ទេ ប៉ុន្តែ​ជាទូទៅ​យើង​ឃើញ​កា​រ​ដោះ​លែង​ហ្នឹង​នៅ​ពេល​ថ្ងៃ។ ការ​ដោះ​លែង​ពេល​ថ្ងៃ ដើម្បី​គឺ​ងាយ​នឹង​ទទួល​ជនជាប់​ឃុំ​ហ្នឹង​ពី​ក្រុម​គ្រួសារ និង​ទាក់​ទង​នឹង​សុវត្ថិភាព​របស់​ពួក​គេ​ដែរ។ ប៉ុន្តែ​បើ​ដោះ​លែង​នៅ​ពេល​យប់​វាអាច​ប៉ះ​ពា​​ល់​ទៅ​នឹង​សុវត្ថិភាព​អីអញ្ចឹង​ទៅ »។

VOD មិនអាចស្នើសុំការបំភ្លឺបានភ្លាមៗទេ ពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួង​មហា​ផ្ទៃ​​នៅ​ថ្ងៃ​នេះ។ ក្រសួងមហាផ្ទៃ រកឃើញថា ស្នាមមេដៃ ដែលគណបក្ស​បេះដូង​ជាតិ ដាក់​មក​ដើម្បី​បង្កើត​គណបក្ស​កាល​ពី​ឆ្នាំ​២០២១ ​មា​ន​ភាព​មិន​ស្មោះ​ត្រង់។

មាន​មន្រ្តី​គណបក្ស​នយោបាយ​ចំនួន ១២នាក់ ត្រូវ​រង​បណ្តឹង​និង​ចោ​​ទ​​ប្រកាន់​កាល​ណោះ។ ប៉ុន្តែ​លោក សៀ​ម ភ្លុក ដែលជាស្ថាបនិកគណបក្សប្រឆាំងមួយនេះ អះ​អាង​ថា តាម​ពិត​ស្នាម​មេដៃ​ទាំង​នោះ មិន​មែន​ជាស្នាមមេដៃ​ដែល​ក្លែង​បន្លំ​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​អាជ្ញាធរ​ចាប់​ថ្នាក់​ថា​មាន​កំហុស​ផ្នែក​បច្ចេក​ទេស​នេះ វាគ្រា​ន់​តែ​ជា​ចេតនា​ទុច្ចរិត​ខាង​រឿង​នយោបាយ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ