បទ​វិភាគ៖ ព្រំដែនមាន​​ប្រជា​ពលរដ្ឋ​​រស់នៅ​ជា​ប្រចាំ​ទើប​​​ជា​ព្រំដែន​​ដែល​មិន​ដាច់​​ដោច?

អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ​ទៅ​នេះ ​រដ្ឋាភិបាល​​កម្ពុជា​ ក្រោមការ​ដឹកនាំ​​​តពូ​ជ​ដោយ​​គ្រួ​សារ​​ហ៊ុន ​ហាក់​​បី​ដូច​ជា​មិន​​សូវ​បាន​​យក​ចិត្ត​​ទុក​ដាក់​​ធ្វើ​ការ​​អភិវឌ្ឍ​​នៅ​តាម​​តំបន់​​ទល់​​ដែន​​ដាច់​ស្រយាល​​ឡើយ​។

​​​បច្ចុប្បន្ន​នេះ ​នៅ​តាម​តំបន់​ទល់​ដែន​ដាច់​ស្រយាល​​ជាច្រើន​​ត្រូវ​បាន​​ទុក​ចោល​​ ពុំ​​ទាន់​​មាន​​ប្រជាពលរដ្ឋ​​ទៅ​រស់នៅ ​និង​ពុំ​ទាន់​មាន​ផ្លូវ​ទៅដល់នៅឡើយទេ​ ដែល​ជា​​ឱកាស​ក្នុងការ​បន្ត​​ច្រឹបយក​ទឹក​ដី​ពី​សំណាក់ប្រទេស​ជិត​ខាង ខណៈ​នៅក្នុង​ប្រទេស​កំពុង​កើត​មាន​វិបត្តិ​​​វិវាទ​ដណ្តើមដីគ្នា​​រ៉ាំរ៉ៃ​។ ថា​តើការ​ទុកដី​នៅតាម​តំបន់​​ព្រំ​ដែន​​ឱ្យនៅ​ទំនេរ​ចោល ​ធ្វើឱ្យកម្ពុជា​ប្រឈម​នឹង​ហានិភ័យ​និង​ខាតបង់​​អ្វីខ្លះ?

យោង​តាម​ប្រភព​និង​សេចក្តីរាយការណ៍​នានា បច្ចុប្បន្ន​នៅ​តាម​​បណ្តោយ​​ព្រំដែន​​កម្ពុជា​​ទាំង​​ខាង​​លិច​ជាប់​នឹង​​ប្រទេស​ថៃ ទាំង​​ខាង​​កើត​ជាប់​​នឹង​​ប្រទេស​​វៀត​ណាម ​និងទាំង​​ខាង​ជើង​ជាប់នឹង​ប្រទេសឡាវ​​ ​ជាពិ​សេស​​នៅភូមិ​​ភាគ​​ឦសាន​ មិន​ទាន់​មាន​ប្រជាពលរដ្ឋ​​ទៅ​រស់នៅច្រើន​ទេ​។

​តំបន់​ខ្លះ​ មានពលរដ្ឋ​​រស់នៅ​តិច​តួច​ ដោយ​សារ​តែ​ពុំ​​មានហេដ្ឋារចនាសម្ព័ន្ធ ​ដូច​ជា ​ផ្លូវថ្នល់ សាលា​រៀន​ មន្ទីរ​​ពេទ្យ​​ ទីផ្សារ​​ដែល​​អាចទ្រ​ទ្រង់​​ដល់​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​។​

បច្ចុប្បន្ន​ប្រាសាទតាមាន់​តូច​​ ដែល​ស្ថិត​នៅក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ត្រូវបាន​កង​​ទ័ព​​ថៃ​គ្រប់​គ្រង​​​១០០​​ភាគ​រយ មិន​​ខុស​​អី​ពី​កោះគជ់​ឡើយ។ ចំណែក​​ប្រាសាទ​​តាមាន់​ធំ និង​ប្រាសាទ​តាក្របី ​បច្ចុប្បន្ន​កំពុង​​​ត្រូវ​បាន​​គ្រប់​​គ្រង​​រួមគ្នា​ដោយ​ទាហាន​កម្ពុជា​និង​ថៃ។

សាក្សីជាច្រើន អះអាងថា ក្នុងសម័យ​​ខ្មែរ​ក្រហម ​និង​សម័យ​សង្គ្រាម​​ក្រោយ​មក​​ដែល​ភាគី​ខ្មែរ​​​ច្បាំងគ្នា​​នៅតាម​​ព្រំដែន​ កម្ពុជា​បាន​កាន់កាប់ទឹកដី​នៅហួស​ប្រាសាទ​តាមាន់ធំ ប្រាសាទ​​តាមាន់​តូច ​និងប្រាសាទតាក្របី​ដ​ល់​​ជាង​​១គីឡូដី​ទៀត​ឯណោះ ​គឺមិនមាន​កងទ័ព​ថៃ​ណា​​ចូល​មក​​កាន់​កាប់ ​​ឬ​ដណ្តើម​គ្រប់​គ្រង​ប្រា​សាទ​​ខ្មែរ​​ទាំង​នេះ​ទេ។

ការ​ណ៍ដែល​ទ័ព​ថៃ​អាចចូល​មក​គ្រប់​គ្រង ​និង​កំពុង​ដណ្តើម​គ្រប់​គ្រង​ប្រាសាទ​ទាំងនេះ​បាន ​គឺ​ដោយ​​​សារ​តែ​​រដ្ឋាភិ​បាល​​កម្ពុជា ​មិន​បាន​យក​ចិត្ត​ទុកដាក់​ការ​ពារ​ និងធ្វើការ​អភិវឌ្ឍ​នៅតាម​តំបន់​ទល់ដែន​ទាំងនោះ។

ជាច្រើនឆ្នាំ​មក​ហើយ ​​អង្គការ​សង្គ​​ម​ស៊ីវិល​ និងគណបក្ស​ក្រៅរដ្ឋាភិបាល​ បាន​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ ស្ពាន សាលា​រៀន ​មន្ទីរពេទ្យ​ បង្កើតជាភូមិ​​នៅ​​តាម​​តំបន់​​​ទល់​​ដែន​​ដាច់​​ស្រយាល​ ដើម្បី​​លើ​ក​​​ទឹក​​ចិត្ត​​ឱ្យ​​ប្រជាពល​រដ្ឋ​ ​ទៅ​តាំងទីលំនៅ​រស់​នៅ​តាម​តំបន់​ទាំង​នោះ ​ដោយ​​រដ្ឋ​ចែកដី​សង់​ផ្ទះ​ និង​ដី​ស​ម្រា​ប់​​ធ្វើកសិកម្ម​ចិញ្ចឹមជីវិត​ជាដើម​។

ចំពោះ​បញ្ហា​ទឹកដីនៅតាម​ព្រំដែនដែល​តែងតែមាន​ភាពរសើបយ៉ាងខ្លាំងនេះ ​លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន ម៉ាណែត ហាក់​បីដូចជាយល់ស្រប​ ចំពោះការ​លើកឡើង​ខាងលើ។

យល់ស្រប​ ពីព្រោះ​ចាប់​តាំងពីលោក​ឡើងកាន់​តំណែង ​​តាម​​រយៈ​ការ​​លើក​​បន្តុប​​ដោយ​​​ឪពុក​​​របស់​​លោក ​ក្នុង​​រយៈ​​ពេល​​ជិ​ត​​២ឆ្នាំ​កន្លង​ទៅ​​នេះ លោក​បាន​លើកយកមក​និយាយ​​ពីការ​អភិវឌ្ឍ​នៅ​​តាម​តំបន់​​ព្រំដែន​យ៉ា​ង​​ហោ​ច​ណាស់​​ពីរ​លើក​​រួច​មក​ហើយ។

​ចាប់​តាំង​ពីលោក​បានចុះទៅ​ពិនិត្យ​ដោយ​ផ្ទាល់ ​នៅ​តាម​តំបន់​ព្រំដែនកម្ពុជា-វៀតណាម នៅ​ខេត្ត​​ភាគ​ឦ​សា​ន​ កាល​​ពី​អំឡុង​ខែ​​សីហា ​ឆ្នាំ​២០២៤ គឺ​នៅពេល​ដែលមានការ​ផ្ទុះការ​តវ៉ា​យ៉ាងខ្លាំង​ ​ប្រឆាំង​នឹង​គ​ម្រោ​ង​​​អ​ភិវឌ្ឍន៍​​នៅ​តំបន់​ត្រីកោណ​កម្ពុជា​ ឡាវ វៀតណាម​ CLV -DTA ។

ជាថ្មី​ម្តងទៀត នៅ​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិស​ដៅ​ការងារឆ្នាំ​២០២៥ របស់​សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០២៥ លោក​ ហ៊ុន ម៉ាណែត ​​បាន​លើក​ឡើង​ថា រដ្ឋាភិបាលបាន​ធ្វើផ្លូវ​​នៅ​តាម​ព្រំដែន ដែល​នៅ​ពេល​នេះ​​រដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​​ណា​ តភ្ជាប់ផ្លូវ​​​​គ្រប់តំបន់​​ព្រំដែន​​ទូទាំង​​ប្រទេស​ ឱ្យ​​ជាប់គ្នា​ទាំង​អស់ ​ដើម្បីឱ្យកូន​ចៅ​ជំនាន់ក្រោយរបស់​ខ្មែរ​ បានទៅរស់នៅ​ ​ក​សាង​សេដ្ឋកិច្ចនៅទីនោះ​ ហើយ​​បាន​ទៅលេង​ដល់​ទីនោះ​។

លោកថ្លែង​​បន្តថា ឥឡូវដូចនៅ​តំបន់​កន្ទុយ​នាគ​ ​កន្លែង​នឹង​ចោទ ពីដើម​អត់​មាន​ពីណាទៅ​ដល់​ទេ យើង​ចង់​ចូលទាល់​តែសុំ​ចូល​ពីខាង​វៀតណាម​បាន​ទៅដល់ទី​នោះ​។

នៅទិស​ខាង​លិច រដ្ឋាភិបាល​បាន​​ធ្វើ​​ផ្លូវ​តាំងពីខេត្ត​​កោះកុង​​ឡើ​ង​​​ទៅ​ខេត្ត​ពោធិ៍​សាត់ សំឡូត​ ម៉ាឡៃ​ឡើងទៅ​ដល់ខេត្ត​ឧត្តរមាន​​ជ័យ ​ចា​​ក់ទៅ​អន្លង់​វែង​ ទៅ​ដល់​ព្រះវិហារ​​ ឡើង​តទៅ​ដ​ល់​​ស្ទឹង​ត្រែង ​រតនគិរី មណ្ឌល​​គិរី ចុះមក​ដល់ទូទាំងប្រទេស។

ទោះយ៉ាងណា ​ក្រៅ​ពីការលើកឡើង​ពីការ​ស្ថាបនាផ្លូវ​តភ្ជាប់​គ្នា​នៅ​តាម​ព្រំដែន​ ពីខេត្ត​មួយ​ទៅ​ខេត្ត​មួយ​​ គេមិន​​ឃើញ ​លោក ​ហ៊ុន ម៉ាណែត ​និយាយ​ពីគម្រោង​​អភិវឌ្ឍន៍​​បង្កើត​ភូមិ​​ថ្មី ​និង​​ការ​​សាង​សង់​សាលា​រៀន​ និងមន្ទីរ​ពេទ្យ​​នៅតាម​តំបន់​ព្រំដែន​ដាច់​ស្រយាល រួម​​ទាំង​ការ​​ចែក​​​​ដី​​ឱ្យ​ប្រជាពលរដ្ឋ​​បាន​ទៅ​រស់នៅ​តាម​តំបន់​ទល់​​ដែន​នោះទេ។

ខណៈ​​បច្ចុប្បន្ន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើននៅក្នុង​ប្រទេស ​មិន​មាន​ដី​ មិន​​មាន​ផ្ទះ​​ជាកម្ម​សិទ្ធិ​ផ្ទាល់​​ខ្លួន​​នោះ​​ឡើយ ​ហើយ​​​ពួក​​គាត់​​​ត្រូវ​​​ធ្វើ​​ចំណាក​​ស្រុក​​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ ​ដើម្បី​ស៊ីឈ្នួល​គេចិញ្ចឹម​ជីវិត។

សូ​មបញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​​ស្ទើរ​​តែ​ទាំង​អស់ សុទ្ធ​តែ​ដឹង​​និ​ង​ចង​ចាំថា កម្ពុជា​មាន​ផ្ទៃ​ដី​ទំហំ ​១៨១០​៣​៥ ​គីឡូ​ម៉ែត្រ​​ការ៉េ ដែល​សម្បូរស្តុកស្តម្ភ​ទៅ​ដោយ​ធនធាន​ធម្ម​ជាតិ​។

បច្ចុប្បន្ន​កម្ពុជា ​មាន​​​ប្រជាជន​ប្រមាណ​តែ​ ១៧លាន​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្រីក្រ​​ជាច្រើន​​ បែ​រ​ជាគ្មាន​ដី​សម្រាប់​សង់​ផ្ទះ​រស់នៅ​ និង​​ដី​​សម្រាប់​ធ្វើកសិកម្ម​ចិញ្ចឹមជីវិតទៅវិញ​ ខណៈ​មន្ត្រី​និង​​ក្រុម​គ្រួសាររបស់​មន្ត្រី​កាន់កាប់​ដីស្រែ​ដីចម្ការក្នុង​ម្នាក់​ៗ​​រាប់​​រយ ​រាប់​​ពាន់​ហិកតា។

អ្នក​សិក្សា​ស្រាវជ្រាវ ​និង​អ្នក​ជំនួញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​​មួយ​​ចំនួន ​ធ្លាប់​​បា​ន​អះ​​អាង​​ថា ស្ថាន​​ភាពប្រទេស​​កម្ពុជា​​នាពេល​​បច្ចុប្បន្ន​ ក្រុម​​មន្ត្រី​​មាន​​អំណាច ​និង​​អ្នក​​មាន​​​ខ្លាំង ​និង​​មធ្យម​​ប្រមាណ​ ៣០​​ភាគ​​រយ ​បាន​​កាន់​​កាប់​ផ្ទៃ​ដី​របស់​ប្រទេស​រហូតដល់​ប្រមាណ​៧០ភាគរយ ​ខណៈ​ដែល​ពលរដ្ឋ​ក្រី​ក្រ​ប្រមាណ ៧០​ភាគ​​រយ ​បាន​​កាន់​កាប់​ដីតែ​៣០​ភាគ​រយ​ប៉ុណ្ណោះ​។

វិល​ទៅសំណួរ​ខាងដើម ថា​តើការ​ទុកដីនៅតាម​តំបន់​ព្រំ​ដែន​​ឱ្យនៅ​ទំនេរ​ចោល​ ធ្វើឱ្យកម្ពុជា​​​ប្រឈម​​នឹង​​ហានិភ័​យ​ និង​​ខាត​បង់​​អ្វីខ្លះ?

អ្នក​ឃ្លាំមើល​សង្គម ​និងអ្នកនយោបាយ​ក្រៅរដ្ឋាភិបាល ​លើកឡើងថា នៅពេល​ពលរដ្ឋ​ទៅ​រស់​នៅ​តាម​ព្រំដែន​​​​​តិច​ឬ​ក៏​ច្រើន​ ប្រជា​ពលរដ្ឋ​​នឹង​​ចូល​រួមចំ​ណែក​​ជួយ​ការ​ពារ​​ទឹក​​​ដី​​ខ្មែរ ​នៅ​តាម​​តំបន់​ព្រំដែន​ទាំងនោះ ពីព្រោះ​​ព្រំដែន​ដែល​មាន​ប្រជា​ពលរដ្ឋ​រស់នៅជាប់​ជា​ប្រចាំ ទើប​ជាព្រំដែន​ដែលមានការ​ដុះ​ដាល និងមិនដាច់​ដោច។

បន្ថែមពីនេះ ការ​បែង​ចែក​ដី​ដល់​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ពិត​ប្រាកដ​​ឱ្យទៅរស់នៅ​ទីនោះ​ វាក៏​អាច​រួម​ចំ​​ណែក​​​ជួយ​​ដោះ​ស្រាយ ឬក៏​ទប់​ស្កាត់​បញ្ហា​វិវាទ​ដីធ្លី ​ដណ្តើម​ដីគ្នា​បាន​មួយ​ផ្នែក​​នៅក្នុង​ប្រទេស​ផងដែរ ខណៈ​បញ្ហា​​​​វិវាទ​ដីធ្លី​បាន​ក្លាយទៅ​​ជាវិបត្តិ​សង្គមមួយ​ដ៏​រ៉ាំរ៉ៃ​​រាប់​សិប​ឆ្នាំមក​ហើយ​។

ត្រង់​ចំណុចនេះ លោក ហ៊ុន ម៉ាណែត ​ហាក់ដូច​ជាយល់ស្រប​ ​និង​បាន​ចោទសួរ​ក្នុង​សម្តី​ដើម​​ថា៖ «ធ្វើផ្លូវ​នៅ​ព្រំដែន​ដើម្បី​អ្វី​? ធ្វើដើម្បី​ឱ្យដីខ្មែរ​ទាំង​អស់​​ត្រូវបាន​ប្រើប្រាស់​ ឱ្យកូនខ្មែរ​រួម​គ្នា​​ថែរក្សា។ ទាល់​តែ​យើង​មាន​​ផ្លូវ​យើង​ទៅ​ដល់​ នេះ​​ហើយ​គឺការការ​ពារ​ទឹកដីជាក់ស្តែង​របស់​យើង។ ពីព្រោះ​បើ​យើង​និយាយ​​តែ​ពី​​ការ​ស្រឡាញ់​​ព្រំដែន​ ស្រឡាញ់​​ការ​ពារ​ទឹកដី​ តែ​អាកន្លែងនោះ ​យើងទៅ​មិនដ​ល់​​​ឱ្យពីណាគេ​មើល​?​ កន្លែង​នោះ​​​យើងមិនមាន​​ការ​អភិវឌ្ឍ​​យើង​ទុក​ឱ្យពី​ណា​គេនៅ? នេះហើយ​ការ​កា​រ​ពារ​​ព្រំដែន​ គឺមិន​មែន​កសាងទ័ព​ កសាង​លេណដ្ឋានឱ្យខ្លាំងទេ។ ប៉ុន្តែការ​កសាង​អភិវឌ្ឍន៍​ឱ្យប្រជាពលរដ្ឋ​រស់​នៅ​​​តាម​​ព្រំដែន​ ក​សាង​សេដ្ឋ​​កិច្ច​​តាមព្រំដែន​ បើក​ច្រក​សេដ្ឋកិច្ច​​ព្រំដែន​ ច្រកអន្តរជាតិ ​ច្រក​ទ្វេ​ភាគី ច្រក​តំបន់​ឱ្យ​ច្រើន ដើម្បី​​ឱ្យ​ប្រជា​ជន​​យើង​ឱ្យ​​ធុរកិច្ចយើង​ ទៅរកស៊ីប្រ​ទាក់ក្រឡា​គ្នា​ ជាមួយ​​ប្រទេស​ជិតខាង​នៅទីនោះ​»។

ជ្រុង​មួយ​ទៀត​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ពីការ​អភិវឌ្ឍ​សង្គម​ និង​អ្នក​នយោបាយ​ក្រៅរដ្ឋាភិបាល​ បាន​លើក​ឡើង​ពី​​គម្លាត​​រវាង​អ្នកមាននិង​អ្នកក្រ។ គម្លាតនេះ ​បាននិងកំពុង​កើន​ឡើង​កាន់​​តែខ្លាំង​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ នៅក្នុង​សង្គម​​កម្ពុជា​ មួយផ្នែក​​គឺដោយសារ​តែ​អ្នកមានអំណាច ​និង​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​​ បាន​គុបគិត​គ្នា​​ច្បាម​យក​​ធនធាន​របស់​ប្រទេស​​ហួស​ប្រ​មាណ​ និង​បាន​គ្រប់គ្រង​សេដ្ឋកិច្ច​ក្នុងប្រទេសស្ទើរ​ទាំង​ស្រុង។

ពោលគឺ​ពួកគេ​ជា​អ្នក​បឺតជញ្ជក់​ស្រូប​យក​ធន​ធាន​ជាតិ ​និង​បង្វិល​សេដ្ឋកិច្ចជាតិ ​ដើម្បី​តែផល​ប្រយោជន៍​ក្រុម​គ្រួសារ​​និង​បក្ខពួកខ្លួន។

ចំណែក​ឯ​អ្នកក្រ​​ដែលមាន​​ចំនួន​ដ៏​ច្រើន​​លើ​ល​លប់​​នៅក្នុង​សង្គម គឺ​បាននិងកំពុង​រស់នៅ​យ៉ាង​ត្រដាប​​ត្រដួស​​​​លំបាក​​វេទនា​តាម​សមា​ជីវោ​ ​ខ្លួន​ទី​ពឹង​ខ្លួន។

មិន​ត្រឹម​តែប៉ុណ្ណោះ ​ពល​រដ្ឋ​ក្រីក្រខ្លះ​ ត្រូវ​បាន​​អ្នក​មាន​អំណាច​ និង​ឈ្មួញ​​មា​ន​​ប្រាក់ ​​រំលោភ​​យក​ដីធ្លី​និង​ផ្ទះសំ​បែង​ស្រប​​ច្បាប់​របស់​ខ្លួន​ ហើយបែរ​ជាត្រូវ​គេ​ចាប់​​ដាក់​​ពន្ធនាគារ​ទាំង​​អយុត្តិធម៌​​ទៀត​​ក៏មាន ​ធ្វើឱ្យ​គ្រួសារ​ពួ​ក​​​គាត់​​ដែលក្រីក្រស្រាប់ ​កាន់​តែ​ធ្លាក់​ខ្លួន​ក្រីក្រ​ ជំពាក់​បំណុល​គេ​​តជំនាន់​ងើប​មុខមិន​រួច។

បើយោងតាមរបាយការណ៍ការិយាល័យឥណទានកម្ពុជា(CBC) ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មីៗនេះ ​បាន​​​ឱ្យ​ដឹង​​ថា គិត​ត្រឹម​​ចុង​ខែធ្នូ ឆ្នាំ២០២៤ គ្រឹះស្ថា​នជាសមាជិករបស់CBC ទាំងអស់បានផ្ដល់ប្រាក់កម្ចីចំនួន​ប្រមាណជាង ៥៨,៩៤​ពាន់​លាន​​ដុល្លារ ដល់ពលរដ្ឋ៥,០៤​លាននាក់នៅក្នុង២៥​រាជធានី​ខេត្ត។

បញ្ហាវិវាទដីធ្លីនៅ​តែបន្តកើតឡើង​ក្តៅគគុក ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​ហ៊ុន ដែល​ករណី​វិវាទ​ដីធ្លីភាគច្រើន​​ជាទំនាស់រវាងពលរដ្ឋ និងក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍ដីសម្បទាន​ និង​រវាង​ប្រជា​ពលរដ្ឋ​​ជាមួយ​អ្នកមាន​លុយ​​មាន​​អំណាច​។​

អ្នក​ឃ្លាំមើល​សង្គម​ និង​អ្នក​នយោបាយ​ក្រៅរដ្ឋាភិបាល​ បាន​លើកឡើង​ថា តាម​បទពិសោធន៍​ពី​អតីតកាល​នៅ​លើ​​ពិភព​លោក ​គម្លាត​កាន់តែខ្លាំង​រវាង​អ្នកមាន​និង​អ្នកក្រ នៅ​ទី​បំផុត​បាន​រុញ​​ធ្វើ​ឲ្យ​ប្រទេស​កើតមាន​បដិវត្តន៍​ដណ្តើមគ្នា​រស់​ ពីព្រោះសារជាតិ​របស់​មនុស្ស​​ដើម្បីក្រពះ ​គឺ​លែង​ខ្វល់​ពី​​ច្បាប់ សីលធម៌ គុណធម៌ ឧ​ត្ត​ម​​គតិ និង​សេច​ក្តី​ថ្លៃថ្នូរ​អ្វី​ទៀត​ហើយ។

លោក​បណ្ឌិត​កែម ឡី​ ធ្លាប់​បាន​ថ្លែង​កាលពីលោក​នៅមាន​ជីវិតថា ប្រទេស​កម្ពុជា​ដែល​មាន​ប្រជាជន​តិច ហើយ​​សម្បូរ​ស្តុក​ស្តម្ភ​ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ​ដីមាន​ជីជាតិ​ដាំអ្វីក៏កើត​​ បូក​រួម​ទាំង​អាកាសធាតុអំណោយ​​​ផល​យ៉ាងខ្លាំង​ថែម​ទៀត​។

ប៉ុន្តែ​ប្រជាពល​រដ្ឋ​បែរ​ជាក្រីក្រ​​តោក​យ៉ាក ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុករាប់​លាន​នាក់ ​ទៅស៊ីឈ្នួលគេ​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន។ អ្នក​វិភាគ​និយាយ​​ឥតសំចៃមាត់​រូប​នេះ​ ថែម​ទាំង​បាន​ប្រៀប​ធៀប​ថា ប្រទេស​កម្ពុជា​​​ប្រៀប​បីដូច​ជាផ្ទះ​មួយ ​ដែល​មាន​ម្ហូប​​និងគ្រឿង​ផ្សំ​គ្រប់​ប្រភេទនៅពេញ​លើតុ។

ប៉ុន្តែ​ខ្វះ​ចុង​ភៅ​ជំនាញ​ម្នាក់​ ដែល​មាន​សមត្ថភាពចេះចាត់ចែង​​ចម្អិន​ម្ហូប​ទាំង​នេះ ​ឱ្យប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​​អស់​​​បាន​​ហូប​ឆ្អែត​​គ្រប់ៗ​គ្នា។ មេចុង​ភៅដែល​លោក ​កែម ឡី បាន​លើកឡើង​គឺចង់​សំដៅថា កម្ពុជា​​ខ្វះមេដឹក​នាំ​​ដែល​មាន​សមត្ថភាព​ម្នាក់ ​ចេះចាត់ចែង​រៀប​ចំដឹកនាំ​ប្រទេស ​ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៃប្រទេស​អច្ឆរិយៈ​​ដែល​​សម្បូរ​ទៅ​ដោយ​ប្រាសាទបុរាណ និង​តំបន់ទេសចរណ៍​​បែបវប្បធម៌ ​និង​ធម្ម​ជាតិ​​នៅស្ទើរ​ពាសពេញ​ប្រទេស​​ផងនោះ​នៅតែក្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ