ប្រព័ន្ធយុត្តិធម៌​រង​ការស្តី​បន្ទោស​ថា​ទុក​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ក្រោម​ឥទ្ធិពល​ឧកញ៉ា​ខិល​ខូច

ប្រព័ន្ធយុត្តិធម៌រងការស្តីបន្ទោសថា បាន​បណ្តែត​បណ្តោយ​ឱ្យ​ជន​រង​គ្រោះ​ចាញ់​បោក​ក្រុមឧកញ៉ា​ស្លាប់​ជា​បន្ត​បន្ទាប់ ដោយ​សារ​តែ​ឥទ្ធិពល​ក្រុម​ឧកញ៉ា​ខិល​ខូច ដែល​ជា​ការ​ព្រួយ​បារម្ភ ​ពី​ចរន្ត​ងើប​តវ៉ា​ទ្រង់​ទ្រាយ​ធំ ដើម្បី​ទាម​ទារ​យុត្តិធម៌ បើ​ជន​រង​គ្រោះ​កាន់​តែ​ច្រើន​ប្រឈម​នឹងដាច់​បាយ ដោយ​សារ​វិបត្តិ​បំណុល​នោះ។

ការរិះគន់នេះ ក្រោយជនរងគ្រោះចាញ់បោកអតីត​ឧកញ៉ា ហ៊ី គឹម​ហុង មាន​អ្នក​សា្លប់​កើន​ជិត២០​នាក់ ក្រោម​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ ខណៈ​ជន​រង​គ្រោះ​ខ្លះ​ទៀត​ កំពុង​ប្រឈម​នឹង​សេចក្តី​ស្លាប់ជា​បន្ត​បន្ទាប់​ដោយ​សារ​គ្មាន​លុយ​ព្យាបាល​ជំងឺ។

ពលរដ្ឋម្នាក់ចាញ់បោកក្រុមហ៊ុនពិភពដីមាស ក្នុងទំហំ​ទឹកប្រាក់ជិត​២ម៉ឺន​ដុល្លារ ដែល​ជា​លុយ​ខ្ចី​ធនាគារ គឺ​លោក ខេន សុខខាន់ វ័យ​៥៥ឆ្នំា រស់​នៅ​ខេត្ត​កំពង់​ចាម ប្រាប់​VOD​ថា រាល់​ថ្ងៃលោក​គ្មាន​លុយ​បង់​ធនាគារទេ និង​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ ប្រឈម​នឹង​សេចក្តី​ស្លាប់។

លោកថា៖ «ខ្ញុំឈឺ​ទៀត​លោក​គ្រូឯង​មើល! កើត​ជំងឺ​មហារីក! រ​កអី​អត់​បាន​សោះ​ចប់! អ៊ីចឹង​បាន​ខ្ញុំ​ថា​ចង់​ឱ្យ​ក្រុម​ហ៊ុន ពិភព​ដី​មាស ជួយ​ខ្ញុំ​ផង! ព្រោះ​អី​ខ្ញុំ​ឈឺ​ដេក​កន្ទេល ហូប​បាយ​អត់​កើត​ទេ បាន​តែ​បបរ​តិចៗ នៅ​តែ​ថ្ងៃ​ទៅ​ទេ សូម្បី​តែ​ថ្នាំពេទ្យ ក៏​គ្មាន​លុយ​ទិញ ដេក​ចាំ​តែ​ងាប់។ ចង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ សម្តេច​ពុក​សម្តេច​ម៉ែ​ជួយ​ឱ្យ​តែ​ធ្វើ​ម៉េច​ឱ្យ​តែ​បាន​ដកដើម​មក​វិញ»។

ជាមួយគ្នានេះ ជនរងគ្រោះម្នាក់ទៀត អ្នកស្រី ញឹម បឿន អាយុ​៣៦​ឆ្នំា រស់​នៅ​ខេត្ត​កំពត ប្រាប់ថា គាត់​ចាញ់​បោក​ក្រុម​ហ៊ុន​ពិភព​ដី​មាស​អស់​ជិត​៣ម៉ឺន​ដុល្លារ និង​បាន​ដាក់​ពាក្យ​បណ្ដឹង​រកយុត្តិ​ធម៌​តាំង​ពី​ឆ្នាំ​២០២៣ តែ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។

ប្រភពបន្តថា ក្រោយចាញ់បោកក្រុមហ៊ុននេះ កូនៗរបស់​អ្នក​ស្រី២​នា​ក់ បាន​បង្ខំ​ចិត្ត​បោះ​បង់ការ​សិក្សា ខណៈ​ប្តី​របស់​គាត់​បច្ចុប្បន្ន​ក៏កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​ដែរ។

 អ្នកស្រីថា​៖ «ចង់ឲ្យដល់សម្ដេចពុក សម្តេចម៉ែ ឱ្យគាត់​ជួយ​ពន្លឿន​ដោះស្រា​​យ​ឱ្យ​ប្រជាពលរដ្ឋ ​បើ​​ទុ​កអ៊ីចឹង មាន​តែប្រជា​ពលរដ្ឋ​វេទនា​រង​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ខ្ញុំ​រាល់ថ្ងៃ​និយាយ​រួម​ទៅ ដូច​អណ្តើក​ចូល​ភ្លើង​អ៊ីចឹង​វេទនា​បំផុត តាំងពី​ចូល​ក្រុម​ហ៊ុន​ពិភព​ដីមាស​ ខ្ញុំ​ព្រាត់​ប្រាស់​ ប្តី​ទៅរ​ក​ស៊ី​បាត់! កូន​ក៏​អត់​មាន​អ្ន​ក​ណា​នៅ​ជាមួយ។ និយាយ​រួម​​ទៅ វេទនា!  លើស​មិន​ដឹ​ង​ប្រហែស​ស្អី! និយាយ​មិន​កើត។ មាន​តែ​ឱ្យ​គាត់​ជួយ​ដោះ​ស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ! ទុ​ក​អ៊ីចឹង​អត់​កើត​ទេ ងាប់អស់​ហើយ រាល់​ថ្ងៃ​ខ្ញុំ​សម្ពាធ ឥលូវ​ចង់​ផ្លូវ​ចិត្ត​មួយ​ទៀត​ពិបាក​ចិត្ត​ពេក»។

បើតាមក្រុមជនរងគ្រោះ មាន​អ្នក​សា្លប់​កើន​ជិត​ ២០​នាក់​ហើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ធ្វើ​អន្តឃាត​ដោយ​ចងក និង​ខ្លះ​គ្មាន​លុយ​ព្យាបាល​ជំងឺ ដោយ​សារ​ជួប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ ក្រោយចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង។

ជុំវិញរឿងនេះតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ស្តី​បន្ទោស​ប្រព័ន្ធតុលាការ​កម្ពុជា​ថា ការ​ពារ​តែ​អ្នក​មាន​លុយ​មាន​អំណាច ហើយ​ថា​ជា​តុលាការ​ដែល​ញាំ​ញីដោយ​អំពើ​ពុក​រលួយ ទើប​ធ្វើ​ឱ្យ​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ត្រូវ​បាន​កប់​ចោល​បែប​នេះ។

លោក សំអាន មើលឃើញ​ថា ចរន្ត​ងើប​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ដើម្បី​ប្រឆាំង​ភាព​អត់​ឃ្លាន នឹង​កើតមាន​ក្នុង​ពេល​ឆាប់ៗ បើ​មេដឹកនាំ​នៅ​តែ​បន្ត​អូស​បន្លាយ​ពេល​ មិន​រក​ដំណោះ​ស្រាយ​ឱ្យ​ជន​រងគ្រោះ​ ដែល​កំពុង​ជួ​ប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ​បាន​ទេ​នោះ។

លោកថា៖ «អាចប្រជា​ពលរដ្ឋ​អត់ទ្រាំមិន​បាន ហើយ​ក្រពះ​គាត់​អ​ត់​ដើរ! អាហ្នឹង​មនុស្ស​យើង​លែង​ខ្លាច​ស្លាប់ អាច​គាត់​ងើប​ឡើង​ស្រុះ​គ្នា​ធ្វើ​បាតុកម្ម​ផ្អើល​ទីក្រុង​ភ្នំពេញ​ហ្នឹង ហើយ​អាច​ឈាន​ទៅ​ដល់​បាតុកម្ម​ទម្លាក់​មេដឹកនាំ​ប្រទេស ពី​ការកាន់​អំណាច​ផង​ដែរ ដោយ​សារ​តែ​មេដឹកនាំ​ប្រទេស​ហ្នឹង គប់គិត​​ជាមួយ​​ឧកញ៉ា​ហ្នឹង​មិន​ព្រម​ឲ្យ​តុលាការ​ហ្នឹង ចាត់​ការ​ទៅលើ​ឧកញ៉ា និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ឧកញ៉ា​ហ្នឹង យក​មក​សង​ប្រជារាស្ត្រ ដូច្នេះ​ប្រជា​ពលរដ្ឋ​នៅ​ពេល​ទឹក​ដ​ល់​ច្រមុះហើយ​ គាត់​ប្រាកដ​ជា​លែង​ខ្លាច​ស្លាប់​ អាច​នឹង​ចេញ​ត​វ៉ា​ទ្រង់​ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ហើយ»។

ដោយឡែក ប្រធានសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​គួរ​ពន្លឿន​ដោះ​ស្រាយ​ករណី​នេះ​ឱ្យ​បាន​ឆាប់ បើ​បន្ត​អូស​បន្លាយ​យូរ​ទៀត​ លោក​ថា​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ទទួល​ខុស​ត្រូវ និង​កម្សោយ​ក្នុង​ការ​អនុវត្តច្បា​ប់​នៅ​កម្ពុជា។

លោកថា៖ «ធ្វើឲ្យជះឥទ្ធិពលទៅដល់ភាគីអ្នកដែល​រ​ង​គ្រោះ​ហ្នឹង កាន់​តែ​ធ្ងន់​ធ្ងរ ​ហើ​យ​​បង្ហាញ​អំពី​រូប​ភាព​មួយ​នៃអយុត្តិធម៌​សង្គម​ហ្នឹង! កាន់​តែ​មាន​ភាព​ខ្លាំង​ឡើងៗ ដូច្នេះ​ទេ​ខ្ញុំយល់​ថា​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក៏​សមត្ថកិច្ច​ពិសេស​គឺតុលាការ​គួរ​តែ​មាន​វិធាន​ការ​បន្ថែម​ទៀត​ បន្ត​ទៅ​ទៀត ឲ្យ​បាន​ម៉ឺង​ម៉ាត់​ចំពោះ​បុគ្គ​ល​ណា ឬ​ក៏​អ្នក​ដែល​រក​ស៊ី​មិន​ត្រឹម​ត្រូវណា​ ដែល​គាត់​មាន​គំនិ​តនៅ​ក្នុង​ភាព​ទុច្ចរិត​មិន​ស្មោះ​ត្រង់​ហ្នឹង! ​គឺ​ថា​គួរ​តែ​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ ចៀសវាង​កុំ​ឲ្យ​គាត់​រួច​ផុត​ពី​សំណាញ់​ច្បាប់»

VOD មិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយ​លោក​បញ្ជាក់​ថា លោក​និយាយ​តែ​ជាមួយ​តែ​សារព័ត៌មាន​ដែល​ស្រប​ច្បាប់​ទេ។

យ៉ាងណា ក្រោយផ្ទុះរឿងក្រុមឧក្រិដ្ឋជនរកស៊ីខាង​វិស័យ​អចនទ្រព្យ បោក​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់​ផ្ញើសារ​ថា ការ​​មិន​ចាត់​ការ​លើ​ក្រុម​អ្នក​ជំនួញ​បោក​ពលរដ្ឋ​ ជា​យុទ្ធសាស្រ្ត​រក្សា​ទុក​មេមាន់​ដើម្បីយក​ពង​ឱ្យ​ពលរដ្ឋ។

លោកថា៖ «រដ្ឋាភិបាល​ពិត​ណាស់​មិន​ងាក​ចាប់ៗ​នោះ​ទេ! យើង​មិន​អាច​យក​រូប​មន្ត​សម្លាប់​មេមាន់​នោះ​ទេ យើង​ត្រូវ​ធ្វើម៉េច​ឲ្យ​មេមាន់​នៅ​រស់ ដើម្បី​យក​ទៅ​នាំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ នេះ​ជា​គោល​ដៅ​ធំ»។

សារនយោបាយ រក្សាទុកមេមាន់ដើម្បីយក​ពង រង​ការ​រិះ​គន់​ថា កំពុង​បង្កើន​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរដល់​អ្នក​ចាញ់​បោក​ក្រុម​ឧកញ៉ា ដែល​កំពុង​ប្រឈម​នឹង​វិធាន​រឹប​អូស​ពី​ធនាគារ ជាក់​ស្តែង​ដូចក្នុង​ករណី​ជន​រង​គ្រោះ​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង នេះ​ជា​ដើម។

អតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានចាប់ខ្លួនកាលពីខែ​សីហា ឆ្នាំ​២០២៣ ពីបទ ឆបោក​ពលរដ្ឋ តែ​ប្រមាណ ៤ខែ​ក្រោយ​មក ពោល​គឺ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ តុលាការ​ដោះ​លែង​វិញ ក្រោយសន្យា​រក​លុយស​ង​ជន​រង​គ្រោះ​វិញ តែ​ពេល​បាន​នៅ​ក្រៅឃុំ​ លោក​បាន​គេច​វេស​មិន​គោរពសន្យា​នោះ​ទេ។

ជុំវិញអំពើឆបោកនេះ​ដែរ ក្រោយយុត្តិធម៌សម្រាប់អ្នកចាញ់​បោក អតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បានកប់​ចោល​ច្រើន​ឆ្នាំ និង​មាន​អ្នក​ស្លាប់​កើន​ឡើង​ជិត ២០នាក់ តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ​នោះ ក្រុម​ជន​រងគ្រោះ​បាន​ធ្វើ​យុទ្ធនា​ការ​លើ​បណ្តាញ​សង្គម​ចោទ​ថា ឧបសគ្គ​រារាំងដល់​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ពួក​គេ អាច​ជាប់​ពាក់​ព័ន្ធ​មន្ត្រី​មាន​​អំណាច នៅ​ពី​ក្រោយ​ក្រុមហ៊ុន​ឆបោក​នេះ ដោយ​ក្នុង​នោះ ពួកគេ​បាន​រំលេច​មុខ​អនុ​ប្រធា​ន​គណបក្ស​ប្រជាជន​​កម្ពុជា លោក​ស្រី ម៉ែន សំអន និងអតីតប្រធានរដ្ឋសភា លោក ហេង សំរិន ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ