នេះជាលើកទីមួយហើយ ដែលអតីតនាយករដ្ឋមន្រ្តីបង្ហាញពីស្ថានភាពគ្រួសារ របស់លោកជាចំហរបែបនេះ ក្នុងពេលរឿងរស៊ើបមួយចំនួន ក្នុងពេលកន្លងទៅ ត្រូវបានលោក ហ៊ុន សែន បិទជិតឈឹងកុំថាឡើយសាច់ញាតិរបស់លោក សូម្បីមន្រ្តីជាន់ខ្ពស់ដែលស្និទ្ធនឹងលោក ហ៊ុន សែន ក៏ព័ត៌មានមិនត្រូវបានបញ្ចេញជាសាធារណៈបែបនេះដែរ។
នៅចំពេលដែល លោក ហ៊ុន សែន ប្រកាសពីបញ្ហាដ៏លំបាកនៅក្នុងក្រុមគ្រួសាររបស់លោក ចំណែកអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ចាត់ទុកសាររបស់ប្រធានព្រឹទ្ធសភានៅពេលនេះថា វាជាការដាស់តឿនឱ្យមនុស្សគ្រប់គ្នា ត្រូវដឹងថាខ្សែជីវិតរបស់មនុស្សខ្លីណាស់ ហើយក៏គ្មានអ្នកណាម្នាក់ដែលអាចចៀសផុតពី សេចក្តីទុក្ខ ព្រាត់ប្រាស់ ចាស់ជរា ឈឺ និងសេចក្តីស្លាប់បានឡើយ។
លោក ម៉ែន សុថាវរិន្ទ្រ មន្រ្តីដែលស្និទ្ធនឹងលោក សម រង្ស៊ី ប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី តាមទូរស័ព្ទនៅថ្ងៃនេះថា ករណីទុក្ខសោក ដែលកំពុងកើតចំលើគ្រួសាររបស់លោក ហ៊ុន សែន នៅពេលនេះគឺជារឿងដែលគ្រប់គ្នាបង្ហាញពីសម្មានចិត្តចែករំលែកនូវសេចក្តីទុក្ខព្រួយ និងក្រៀមក្រំ។
ប៉ុន្តែលោកថា ការរួមចំណែកក្នុងនាមជាឈាមជ័រខ្មែរដូចគ្នានេះ លោកក៏ចង់ឃើញ លោក ហ៊ុន សែន បង្ហាញក្តីមេត្តា និងអនុគ្រោះយោគយល់ដល់ជនរួមឈាមជាមួយគ្នាដែរ បើទោះជាពួកគេមាននិន្នាការនយោបាយផ្សេងគ្នាក៏ដោយ។
លោកបន្តថា ដំណើរជីវិតចុងក្រោយបំផុតរបស់មនុស្ស កុំថាឡើយមានអំណាច បុណ្យសក្តិស្តុកស្តម្ភ និងទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចស្ពាយយកទៅតាមជាមួយបានឡើយ។
ហេតុនេះ ការចែករំលែកសេចក្តីស្រឡាញ់ និងអំពើល្អ ជាពិសេសបើកលំហរសិទ្ធិសេរីភាព សម្រាប់គូរបក្ខដិបក្ខនយោបាយ និងអ្នកដែលមានសំឡេងផ្ទុយពីខ្លួន គឺជាជំរើសដ៏ល្អបំផុត ហើយលោក ហ៊ុន សែន ក៏អាចទទួលបាននូវការគោរព និងកោតសរសើរថាជាមេដឹកនាំដែលមានភាពប៉ិនប្រសព្វ និងវៃឆ្លាតដែរ។
លោកថា៖ «យើងខ្ញុំទាំងអស់គ្នា ក៏សូមចូលរួមរំលែកទុក្ខដែរ ចំពោះក្រុមគ្រួសារគាត់។ យើងធ្វើម៉េចបើមនុស្សម្នាក់ៗតែងតែកើតទុក្ខ យើងត្រូវតែមានការសោកស្តាយ ព្រោះម្នាក់ៗតែងមានបញ្ហាអញ្ចឹងដែរ។ តែគាត់មានទុក្ខ គាត់កាន់ទុក្ខ គាត់បារម្ភ ប៉ុន្តែសូមឱ្យគាត់ក្នុងនាមជាថ្នាក់ដឹកនាំប្រទេស ក៏សូមឱ្យគាត់ជួយរំលែកទុក្ខ និងជួយដល់ប្រជាពលរដ្ឋដែលគាត់មានបញ្ហាដែរ »។
នៅថ្ងៃនេះ លោក ហ៊ុន សែន បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក ស្តីពីទុក្ខក្រៀមក្រំ ដោយភ្ជាប់នូវរូបថត និងឃ្លីបវីដេអូមួយចំនួនផង។ គេសង្កេតឃើញថា នេះអាចចាត់ទុកថា គឺជាលើកទីមួយហើយដែលប្រធានព្រឹទ្ធសភា ហ៊ានបញ្ចេញសារដែលបញ្ជាក់ពីចំណុចរស៊ើប នៅក្នុងក្រុមគ្រួសាររបស់លោកឱ្យសាធារណជនបានដឹងនៅពេលនេះ។
តើអ្វីដែលជាមូលពិតប្រាកដ នៅពីក្រោយនៃការបញ្ចេញអំពីសេចក្តីទុក្ខសោក ដែលអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញជាចំហរបែបនេះ។
កន្លងទៅកុំថាឡើយភរិយា ឬសាច់ញាតិដែលជាទីពេញចិត្តរបស់ លោក ហ៊ុន សែន សូម្បីមន្រ្តីក្នុងជួររដ្ឋាភិបាល ដូចជា លោក សុខ អាន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលសំខាន់ៗដទៃទៀតជាដើម ពួកគេមានបញ្ហាផ្នែកសុខភាព ក៏មិនត្រូវបានគេទម្លាយឱ្យដឹងបែបនេះឡើយ។
តាមរយៈសារ ដែលលោក ហ៊ុន សែន លើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះឱ្យដឹងថា ពេលនេះរូបលោកកំពុងមានទុក្ខជាទម្ងន់ ដោយភរិយាទើបឆ្លងកាត់ការវះកាត់ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នៅចំពេលបងប្រុសទី១របស់លោក គឺលោក ហ៊ុន សាន កំពុងស្ថិតនៅក្នុងដំណាក់កាលនៃជីវិតចុងក្រោយរបស់លោក។
ប្រភពបន្តថា ក្នុងពេលស្ថានភាពនៃទុក្ខសោកនេះ ចូលមកដល់ទាំងរូបលោក និងក្រុមគ្រួសារ ត្រូវបង្ខំចិត្តទទួលយកទាំងការឈឺចាប់ ដែលពុំមែនជាបំណងប្រាថ្នានេះឡើយ។
លោកបន្តថា៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ បើទោះជាឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកដល់សុវត្ថិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរ និងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ ដែលមិនអាចចៀសវាងបាននេះរួចហើយ »។
មិនខុសគ្នាទេ លោក អ៊ូ ចន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ក៏ឯកភាពដូចអ្វីដែល លោក ម៉ែន សុថាវរិន្ទ្រ លើកឡើងដែរ ដោយចាត់ទុកថា ការឈឺចាប់មួយនេះ មិនមែនតែមេដឹកនាំប្រទេសទេ ដែលពិបាកទទួលយក សូម្បីអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត គឺសុទ្ធតែធ្លាប់ជួបការខកបំណងនេះដូចគ្នា។
លោកបន្តថា បើទោះជាលោកជាអ្នកនយោបាយបក្សជំទាស់ តែលោកយល់ពីស្ថានភាពដែល លោក ហ៊ុន សែន កំពុងតែជួបប្រទះនៅពេលនេះ ហើយក្នុងនាមជាអ្នកនយោបាយ ដែលមានសំឡេងផ្ទុយ លោកក៏ចូលរួមក្នុងការរំលែកនូវសេចក្តីទុក្ខលំបាក បញ្ហានៅចំពោះមុខនេះដូចគ្នាដែរ។
លោកថា៖ «ជាធម្មតាទេ វាជារឿងធម្មជាតិ មនុស្សទាំងអស់វាសុទ្ធតែជាចៀសមិនរួចពីទុក្ខទេ។ យើងមានតែជូនពរសូមឱ្យភរិយារបស់សម្តេច លោកបានឆ្លងផុតពីគ្រោះកាចទាំងឡាយ សូមឱ្យបានជាសះស្បើយឡើងវិញ »។
ទាក់ទិនស្ថានភាពសុខភាពរបស់ភរិយាលោក ហ៊ុន សែន នេះមិនមែនជាលើកទី១ទេ ដែលជួបបញ្ហា និងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងលើកនេះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ក៏ធ្លាប់បានគេទម្លាយឱ្យដឹងថា លោកស្រីបានដួលសន្លប់នៅនឹងបន្ទប់ទឹក មុននឹងត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ នៅនឹងមន្ទីរពេទ្យកាល់ម៉ែត្រ។ ប៉ុន្តែដំណឹងនេះ មិនត្រូវបានលោក ហ៊ុន សែន និងសាច់ញាតិរបស់លោក បង្ហាញឱ្យដឹងជាសាធារណៈ ដូចលើកនេះនោះទេ។
ការបញ្ចេញព័ត៌មានដ៏ទូលំទូលាយនៅពេលនេះ អំពីស្ថានភាពសុខភាពរបស់លោកស្រី ប៊ុន រ៉ានី នាំឱ្យមានមន្ទិលសង្ស័យថា តើមានមូលហេតុអ្វីនៅពីក្រោយនៃការបញ្ចេញព័ត៌មានដ៏រស៊ើបមួយនេះ ខណៈដែលរឿងរ៉ាវបុគ្គលបែបនេះ សម្រាប់មន្រ្តីខ្មែរកម្រនឹងទម្លាយឱ្យដឹងណាស់។
យ៉ាងនេះក្តី សម្រាប់ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ និងអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា ស្ថានភាពនៃសុខភាពភរិយារបស់ប្រធានព្រឹទ្ធសភានៅពេលនេះ មិនមែនជាកម្មវត្ថុនៃការរិះគន់ឡើយ។ ម្យ៉ាងវិញទៀត រឿងកើតចាស់ឈឺស្លាប់នេះ គឺច្បាប់កម្មផលដែលគ្មានអ្នកណាម្នាក់អាចចៀសផុតបានឡើយ។
អ្នកវិភាគរូបនេះ បដិសេធក្នុងការផ្តល់យោបល់ពីមូលហេតុ ដែលនាំឱ្យ លោក ហ៊ុន សែន ត្រូវបង្ខំចិត្តបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅពេលនេះ។
បើតាម លោក សេក សុជាតិ អ្វីដែលលោកអាចនិយាយបាននៅពេលនេះ គឺលោកចូលរួមចំណែកក្នុងនាមជាពលរដ្ឋម្នាក់រំលែកនូវការឈឺចាប់ ដូចពលរដ្ឋដទៃទៀតដែរ។
លោកថា៖ «ទិដ្ឋភាពនេះ វាបានកើតឡើងពីរផ្ទួនគ្នា មានទាំងបងបង្កើត និងមានទាំងភរិយា។ ដល់ពេលអញ្ចឹងទៅ នៅក្នុងទិដ្ឋភាពនេះ គឺជាការបង្ហាញអំពីទុក្ខលំបាករបស់គាត់ កើតឡើងស្របពេលគ្នាក្នុងពេលតែមួយ។ ជាទូទៅ នៅក្នុងទិដ្ឋភាពបែបនេះនឹងធ្វើឱ្យអ្នកដែលដឹង ហើយអ្នកដែលជាប់ពាក់ព័ន្ធស្និទ្ធស្នាលបំផុតហ្នឹងពិបាកទទួលយក ចំពោះព្រឹត្តិការណ៍ទាំងអស់ហ្នឹង »។
បើទោះបែបណា នៅថ្ងៃនេះ ព័ត៌មាននៅលើបណ្តាញសង្គម ពលរដ្ឋដែលមិនពេញចិត្តនឹង លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្ម ក្រោយទទួលបានដំណឹងអំពី លោកស្រី ប៊ុន រ៉ានី មានបញ្ហាផ្នែកសុខភាព។
ពួកគេចាត់ទុកថា ការឈឺចាប់របស់ លោក ហ៊ុន សែន នៅពេលនេះ គឺមិនស្មើអ្វីដែល លោក ហ៊ុន សែន បានធ្វើបាបមកលើពួកគេ ដូចជា ចាប់សាច់ញាតិដាក់ពន្ធនាគារ បណ្តេញពួកគេចេញទាំងបង្ខំពីលំនៅឋាន ផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុនឯកជន ក្រោមគោលនយោបាយសម្បទានដីសេដ្ឋកិច្ច ដែលធ្វើឱ្យអ្នកភូមិត្រូវស្រែកយំនិងតវ៉ាមិនឈប់មិនឈរ ក្រោយក្រុមហ៊ុនចូលឈូសឆាយដីធ្លីអាស្រ័យផលរបស់ពួកគេជាដើម៕