អ្នកឃ្លាំមើលជំរុញ​ផ្តល់សច្ចាប័ន​លើ​​ច្បាប់​សមុទ្រ​ដើម្បី​ទប់​ស្កាត់​បរទេស​ឈ្លាន​ពាន

ការរំលោភបំពានដែនសមុទ្រច្រើនទសវត្សរ៍ទៅនេះ ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង ពី​ភាព​ចាំបាច់​ដែល​កម្ពុជា ត្រូវ​ផ្តល់​សច្ចាប័ន ឬ​អនុម័ត​យល់​ព្រម​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​ការ​ពារ​ដែន​សមុទ្រ និងទាម​ទារ​ត្រ​ឡ​ប់​មក​វិញ រួម​ទាំង​កោះ​ត្រល់ និង​កោះ​គុត ជាដើម ដែល​ប្រទេស​ជិត​ខាង​រំលោភ​យក។

អ្នកមានបិទពិសោធន៍កិច្ចការព្រំដែន​ពីបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បង្ហោះ​សា​រ​លើ​បណ្តាញ​សង្គម​​​ថា ថ្មីៗ​នេះ​ចៅក្រម​អន្តរ​ជាតិ លោក Horinouchi និយាយ​ចំៗ​បញ្ហា​ដែន​សមុទ្រ​កម្ពុជា ជាមួយ​ប្រ​ទេស​​ជិត​ខាង។

សម្រាប់ លោក អ៊ុំ សំអាន លោក Horinouchi និយាយ​ថា កម្ពុជា​គួរ​តែ​ធ្វើ​សច្ចាប័ន​លើអ​នុ​សញ្ញារ​បស់អង្គការ​សហប្រជា​ជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​អាច​ដោះ​ស្រាយ​ដែន​សមុទ្រ និង​កោះ​កម្ពុជា​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ថៃ និង​វៀត​ណាម។ លោកថា ការស្នើរបស់គាត់ ដោយ​មើល​ឃើញ​ថា មាន​ជម្លោះ​បញ្ហា​ព្រំដែន​សមុទ្រ​ត្រួត​ស៊ីគ្នា រវាង​កម្ពុជានិង​ថៃ ជាពិសេស​កោះ​គុត។

ការលើកឡើងរបស់ លោក Horinouchi ធ្វើឡើង​ក្នុង​វេទិកា​មួយ​នៅ​សណ្ឋាគារ Le Royal នៅ​ភ្នំពេញកាល​ពីថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០២៥។

សូមបញ្ជាក់​ថា លោក Horinouchi Hidehisa ជា​ចៅក្រម​នៃ​តុលាការ​អន្តរ​ជាតិ​សម្រាប់​ច្បាប់​សមុទ្រ(Internatinal Tribunal for the law of the sea “ITLOS”) និង​ជា​អតីត​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា។ ជុំវិញ​បញ្ហា​នេះ កម្ពុជា​បាន​ចុះ​អនុ​សញ្ញា (UNCLOS) នេះ​នៅ​ឆ្នាំ១៩៨៣។

សម្រាប់លោក អ៊ុំ សំអាន និយាយ​ថា បើ​រដ្ឋសភា​កម្ពុជា ផ្តល់​សច្ចាប័ន​(អនុម័ត​យល់​ព្រម)​លើ​ច្បាប់​សមុទ្រ (UNCLOS) រួច​ហើយ​កម្ពុជា​ប្តឹង​ថៃ​និង​វៀត​ណាម ទៅ​តុលាការ​អន្តរ​ជាតិ នោះ​កម្ពុជា​នឹង​ឈ្នះ​បានយ៉ាង​ហោច​ពាក់​កណ្តាល​នៃ​កោះ​គុត ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ទំហំ​ ២៦០០០​គីឡូ​ម៉ែត្រ​ការ៉េ​ ពី​ថៃ​មក​វិញ និង​ឈ្នះ​បាន​កោះ​ត្រល់ ចង្កោម​កោះ​ក្រចក​សេះ ដែន​សមុទ្រ​ ៣០០០០​គីឡូ​ម៉ែត្រ​ការ៉េ ដែន​សមុទ្រ​រួម​គ្នាទំហំ ១០០០០​គីឡូ​ម៉ែត្រ​ការ៉េ ពី​វៀតណាម​មក​វិញ។

បញ្ហានេះ លោកជំរុញ​ឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើស​ច្ចាប័ន​លើច្បា​ប់​សមុទ្រ (UNCLOS) ដើម្បី​ការ​ពារដែន​សមុទ្រ​ព្រម​ទាំង​កោះ និង​ប្តឹង​ថៃ​ទៅ​តុលាការ​អន្ត​រ​ជាតិ ករណី​កោះ​គុត និង​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នាទំហំ ២៦០០០​គីឡូម៉ែត្រ​​ការ៉េ។

លោក អ៊ុំ សំអាន ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា​នេះ​ថា UNCLOS គឺ​ជា​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ដែលបង្កើត​ក្រប​ខណ្ឌ​ច្បាប់ សម្រាប់​រាល់​សកម្មភាព​មាន​ជម្លោះ​ដែ​ន​សមុទ្រ និង​ដែន​កោះ ហើយ​ថា ការ​ផ្តល់សច្ចាប័ន​លើ​អនុ​សញ្ញា UNCLOS នេះ​កម្ពុជា​មាន​មូល​ដ្ឋាន​ច្បាប់​ច្បាស់​លាស់ ដើម្បី​ទាម​ទារ​ចំណែកកោះ​គុត ដែ​ន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ និង​ទាម​ទារ​កោះ​ត្រល់ ចង្កោម​កោះ​ក្រចក​សេះ និង​ដែន​សមុទ្រ៣ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ពី​ភាគី​វៀតណាម​មក​វិញ។

លោកថា៖ «ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ UNCLOSEហ្នឹង​គឺ​យើង​អាច​ប្ដឹង​ថៃ​ និង​ប្ដឹង​វៀតណាម ទៅ​កាន់តុលាការ​អន្តរ​ជាតិ ហើយ​យើង​អាច​ទាម​ទារ​យក​យ៉ាង​ហោច​ពាក់​កណ្តាល​នៃ​កោះគុត​មក​វិញ ហើយ​និងតំប​ន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ​ហ្នឹង ចំនួន ២៦០០០​គីឡូ​ម៉ែត្រ​ការ៉េ​មក​វិញ ហើយ​យើង​ក៏​អាច​ទាម​ទារ​យក កោះ​ត្រល់​ពី​វៀតណាម​មក​វិញ ទាម​ទារ​កោះ​ក្រចក​សេះ​ពី​វៀតណាម​មក​វិញ​ផង​ដែរ»។

VOD មិនអាចទាក់ទង​អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េឡុង ដើម្បី​ចង់​ដឹង​ថា តើ​តំណាង​រាស្ត្រ​ជិត២០០​នាក់ ដែល​ម្នាក់ៗ​​ទទួ​ល​ប្រាក់​ខែ​ចំនួន​៥ពាន់​ដុល្លារ ពី​ការ​បង់​ពន្ធ​របស់​រាស្ត្រ មាន​បាន​គិត​គូ​បញ្ហាបូរណភាព​ទឹក​ដី​នេះ​ទេ ដោយទូ​រសព្ទ​ចូល​គ្មាន​អ្នក​ទទួល ខណៈ​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខា​ធិការ​ដ្ឋានកិច្ច​ការ​ព្រំដែន លោក ឡាំ ជា មិន​អាច​ទាក់​ទង​បាន។

យ៉ាងណា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា​របស់​រដ្ឋាភិបាល លោក​បណ្ឌិត សុខ ទូច ទទួលស្គាល់​ថា ច្បាប់​សមុទ្រ​ពិត​ជា​មូល​ដ្ឋាន​ការ​ពារ​ដែន​សមុទ្រ ប៉ុន្តែ​ថា បញ្ហា​ដែល​កំពុង​កើត​កម្ពុជា​អាច​ទប់​ទល់​បាន។

លោកថា៖ «ច្បាប់វាបែបហ្នឹង ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏ត្រូវការសុវត្ថិភាពរបស់យើង យើងត្រូវពង្រឹងសមត្ថភាពខ្លួនយើងឲ្យបានរឹងមាំ គេមិនហ៊ានប៉ះទេ ហើយយើងក៏អាចទប់ទល់ស្ថានការណ៍បានដែរ នេះជាការគិតរបស់ខ្ញុំ»។

យ៉ាងណាសម្រាប់​លោក អ៊ុំ សំអាន មេដឹកនាំ​កម្ពុជា គួរ​តែ​ខ្មាស់​អតីត​អគ្គរាជ​ទូត​ជប៉ុ​នប្រចាំ​កម្ពុជា លោក Horinouchi ដែល​បាន​បង្ហាញ​តម្រុយ និង​ភស្តុតាង​សំខាន់ ដើម្បី​ការ​ពារ​និង​ទាម​ទារ​ទឹក​ដី​កម្ពុជា​មក​វិញ។

លោ​ក​ថា បើមេដឹកនាំគ្រួសារហ៊ុននៅតែមិនភ្ញាក់រលឹក គិត​គូរពី​បញ្ហា​បូរណភាព​ទឹក​ដី​ទេ នោះ​ឆ្លុះ​បញ្ចាំងកាន់​តែ​ច្បាស់​ថា មេដឹកនាំ​គ្រួសារ​ហ៊ុន​ពិត​ជា​ក្បត់​ឆន្ទៈ​រាស្រ្ត បំផ្លាញ​ទឹក​ដី បម្រើ​មហិច្ចតា​បរទេស។

លោកថា៖ «ឆ្លុះបញ្ចាំងថាត្រកូលហ៊ុននេះ ទាំងពុកនិងកូន គឺអត់មានបំណងការពារដែនសមុទ្ររបស់យើង ហើយនឹងកោះរបស់យើង ពីការឈ្លានពានពីសំណាក់ប្រទេសថៃ និងប្រទេសវៀតណាមនោះទេ។ មានន័យថា ចង់កាត់កោះគុហ្នឹងឱ្យថៃ ដើម្បីឱ្យថៃហ្នឹងជួយការពារអំណាចរបស់ខ្លួន និងចង់កាត់ដែសមុទ្រជាតំបន់ត្រួតស៊ីគ្នា ២៦០០០គីឡូម៉ែត្រការ៉េហ្នឹងឱ្យថៃ។ ដោយឡែកជាមួយវៀតណាម ក៏ចឹងដែរ គឺកាត់កោះត្រល់និងចង្កោមកោះក្រចកសេះឱ្យយួន ដើម្បីឱ្យវៀតណាមជួយការពារអំណាចខ្លួន»។

យ៉ាងនេះក្តី មេដឹកនាំបក្សកាន់​អំណាច លោក ហ៊ុន​​ សែន ធ្លាប់​បដិសេធជុំវិញ​ការ​ចោទ​ថា ការដឹកនាំរបស់​លោក មិន​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​ដូច​ការ​ចោទ​ទេ។

លោកថា៖ «យើងទទួលយកមិនបាននូវការចោទប្រកាន់ណាទាំងអស់ ជាមួយនឹងអ្វីដែលយើងបានធ្វើដើម្បីផប្រយោជន៍ជាតិរបស់យើង»។

ដោយឡែក ប្រធានក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុ​ជា លោក ម៉ែន ណាត និយាយថា អនុសញ្ញាអ​ង្គ​ការ​សហប្រជាជា​តិ​ស្តីពី​​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២ នេះ​ដើ​រ​តួនា​ទី​សំខាន់​សម្រាប់​បណ្តា​ប្រទេស​លើពិភព​លោក ​ដែល​កំពុ​ង​មាន​ជម្លោះ​ដែន​សមុទ្រ ឬ​ប្រជុំ​កោះ​ជាមួយ​ប្រទេស​ជិត​ខាង។

លោកបន្តថា ជាក់ស្តែងករណីជម្លោះដែនសមុទ្រ​វៀតណាម​ជាមួយ​ចិន និង​ហ្វីលីពីន​ជាមួយ​ចិន​ជាដើម គេ​តែង​យក​អនុ​សញ្ញា UNCLOS ឆ្នាំ​១៩៨២ នេះ​ដើម្បី​ដោះ​ស្រាយ និង​ជៀសវាង​បង្ក​សង្រ្គាម​ផង​ដែរ។

ការណ៍​នេះ លោកយល់ថា វាល្មមដល់ពេល​រដ្ឋសភា​កម្ពុជា ឬ​មេដឹកនាំ​កម្ពុជា អនុវ​ត្ត​ផ្តល់​សច្ចាប័ន​អនុសញ្ញា UNCLOS ឆ្នាំ​១៩៨២ នេះ​ដើម្បី​ការ​ពារ​និង​ទាម​ទារ​ដែន​សមុទ្រ ឬ​ប្រជុំ​កោះ​ខ្មែរ​មក​វិញ​ហើយ។

លោកថា៖ «កម្ពុជាចាំបាច់ណាស់ត្រូវតែផ្តល់សច្ចាប័នទៅលើច្បាប់សមុទ្រហ្នឹង រួមទាំងច្បាប់អន្តរជាតិដែលពាក់ព័ន្ធនានាហ្នឹង ដើម្បីការ​​ពារបូរណភាពទឹកដីកម្ពុជា អាហ្នឹងជា​​រឿងចាំបាច់ទី១ គឺរដ្ឋាភិបាលត្រូវតែធ្វើ ត្រូវតែនឹកឃើញមុនគេ អាហ្នឹងបើរដ្ឋាភិបាលស្រឡាញ់ទឹកដីជាតិ ក៏ប៉ុន្តែបើថាមិនព្រមផ្ដល់សច្ចាប៍នទេ ធ្វើព្រងើយកន្តើយទេ អាហ្នឹងនិយាយយកតែរួចពីមាត់ ហើយភូតភរប្រជាពលរដ្ឋ»។

រដ្ឋាភិបាលគ្រួសារហ៊ុន ​ដែលបាន​ក្តោបអំណាច​ច្រើន​​ទសវត្សរ៍​ទៅ​នេះ រង​ការ​រិះ​គន់​ថា ធ្វើ​ឱ្យ​បាត់​​​​បង់​ទឹក​ដី​ជា​ច្រើ​ន​​ទៅ​ប្រទេស​វៀត​ណាម ទាំង​ដី​​គោក និង​​ប្រជុំ​​កោះ មាន​កោះ​ត្រល់​ជាដើម រួម​ទាំង​បាន​គំរាម​រំ​លា​យ​​​របប​​​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ បើព្រះអង្គហ៊ានជំទាស់នឹងមហិច្ឆតា​វៀតណាម​​លេប​ទឹក​ដី តាម​រយៈ​​​​​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​ព្រំដែន​ខុ​ស​ច្បាប់​​រស់​​ឡើង​វិញ​នៅ​ឆ្នាំ២០០៥​នោះ។

មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ​ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ​ បូរណភាពទឹកដី អនុ​​វ​​ត្ត​នយោបាយ​បង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។

ដោយឡែក មាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ ចែង​ថា អ្នកធ្វើឱ្យបាត់ដីទាំងស្រុង ឬមួយផ្នែក មានទោសក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​​​ដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ