តុលាការកំពូល នៅថ្ងៃអង្គារនេះ បានកាត់ឱ្យអ្នករងគ្រោះដីធ្លីនៅភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាញ់ក្តីក្រុមហ៊ុន(KDC)ភរិយាមន្ត្រីមានអំណាចលោក ស៊ុយ សែម ដូចសាលាដំបូង។
តាមការសម្រេច តុលាការកំពូល បានតម្កល់ការផ្តន្ទាទោស លើសមាជិកសហគមន៍ឡពាងចំនួន ៣នាក់ ឱ្យជាប់ពន្ធនាគារជាង ២ឆ្នាំ និងពិន័យជាប្រាក់ជាង ២លានរៀល ជុំវិញការតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ក្រុមហ៊ុននេះ។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ តុលាការកំពូល បានបើកសវនាការលើសំណុំរឿងសកម្មជនដីធ្លីសហគមន៍ឡពាងចំនួន៣នាក់ រួមមាន លោក ស្ងួន ញឿន លោក រាជ សីម៉ា និងលោក ភុល សន (ស្លាប់) ទៅតាមបណ្ដឹងរបស់តំណាងក្រុមហ៊ុន(KDC) ដែលមានលោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម អតីតរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល។
លោក ស្ងួន ញឿន ចាត់ទុកការសម្រេចនេះ ជារឿងយុត្តិធម៌ធ្ងន់ធ្ងរ បន្ថែមលើការរំលោភយកដីពីសំណាក់ក្រុមហ៊ុន KDC ភរិយាលលោក ស៊ុយ សែម។
លោកថា៖ «ពលរដ្ឋដែលពួកគាត់រងគ្រោះ ហើយបែរជាតុលាការមកដាក់បន្ទុកឲ្យគាត់រងគ្រោះ ត្រូវតែមានទោសថែមទៀត អាហ្នឹងវាគ្រោះលើគ្រោះហ្ហាស ខ្ញុំចង់ឲ្យតុលាការនៅស្រុកខ្មែរ មុននឹងកាត់ក្ដី មុននឹងជំនុំជម្រះករណីអ្វីមួយត្រូវតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ រកឲ្យឃើញថានរណាជាម្ចាស់ដីសិនមុននឹងសម្រេចក្ដីទៅលើជនរងគ្រោះដែលពួកគាត់ទាមទារតវ៉ាដីធ្លីហ្នឹង»។
ជុំវិញករណីនេះ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥នេះថា តុលាការកំពូល នៅថ្ងៃនេះ បានសម្រេចតម្កល់ការផ្តន្ទាទោស លើសមាជិកសហគមន៍ឡពាងទាំង ៣នាក់នោះ ដែលត្រូវបានចោទពីបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» និងបទ «ធ្វើឱ្យខូចខាតដោយចេតនា» តាមមាត្រា ៥០៤ និង ៤១១ នៃក្រមព្រហ្មទណ្ឌ។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី និយាយថា សកម្មដីធ្លីនៅភូមិឡពាងនេះ រងការរំលោភបំពានដីធ្លីយូរឆ្នាំហើយ ដែលថាអាជ្ញាធរមិនបានផ្តល់យុត្តិធម៌ឱ្យពួកគាត់ទេ រហូតសហគមន៍នោះបាត់បង់ដីធ្លាប់អាស្រ័យច្រើនឆ្នាំទៅនេះ។
លោកថា ការសម្រេចក្តីរបស់តុលាការកំពូលពេលនេះ បញ្ជាក់ថា អាចមកពីបញ្ហារបស់ប្រព័ន្ធតុលាការ តែលោកថាចង់ឃើញមានការកែទម្រង់ប្រកបដោយការជឿទុកចិត្តឡើងវិញ ដើម្បីមុខមាត់ប្រទេស និងលុបបំបាត់ភាពភ័យខ្លាចដល់ពលរដ្ឋរងគ្រោះ។
លោកថា៖ «យើងឃើញហើយមតិអន្តរជាតិ ក៏លើកឡើងទាមទារឲ្យយើងកែប្រព័ន្ធតុលាការ ដែលនេះជាផលជះដែលមិនល្អ ដែលប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលយើងដែរ អ៊ីចឹងហើយបានជាយើងចង់ឲ្យមានកំណែប្រព័ន្ធតុលាការ ដើម្បីសេរីភាព ដើម្បីយុត្តិធម៌ សម្រាប់យើងទាំងអស់គ្នានេះ»។
បើតាមប្រជាពលរដ្ឋ ជម្លោះដីធ្លីនៅភូមិឡពាង ជាមួយក្រុមហ៊ុន KDC របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអូសបន្លាយ ២៦ឆ្នាំ ពោលគឺបានកើតឡើងចាប់ពីឆ្នាំ១៩៩៦មក។
ជម្លោះដែលបានអូសបន្លាយជិត៣០ឆ្នាំទៅនេះ ធ្វើឱ្យម្ចាស់ដីដែលចេញតវ៉ាយ៉ាងតិច២០នាក់ ត្រូវចាប់ដាក់ពន្ធនាគារ ក្រោយពីប្តឹងតវ៉ាប្រឆាំងនឹងអ្នកស្រី ជា ខេង ដែលថាបានរំលោភយកដីទំហំ ១៨៤ហិកតា នៅភូមិឡពាង ប៉ះពាល់ពលរដ្ឋ ១០៨គ្រួសារ។
ដោយឡែកបណ្តឹងពួកគេ ១១០បណ្តឹង បន្តទៅតុលាការ និងអាជ្ញាធរពាក់ព័ន្ធទំនាស់នឹងការរំលោភបំពាននេះ មិនត្រូវបានចាត់ការទេ។
តែជំនួយមកវិញ អាជ្ញាធរខេត្ត បានដាក់កម្លាំងប្រដាប់អាវុធមកហ៊ុំព័ទ្ធអ្នកភូមិរយៈពេល ៣ខែ ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនធ្វើរបងចាក់គ្រឹះបេតុងព័ទ្ធយកដីអ្នកភូមិទាំង ១០៨គ្រួសារនោះ ចាប់តាំងពីឆ្នាំ២០១៤មក រហូតបច្ចុប្បន្ន ដែលធ្វើឱ្យអ្នកភូមិជាម្ចាស់ដីរាប់រយនាក់ បាត់បង់ដីធ្លាប់អាស្រ័យផល ជួបវិបត្តិគ្រួសារ រាប់សិបឆ្នាំទៅនេះ ទាំងគ្មានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល៕