កម្ពុជាបន្តរកឃើញសំបុក​ឧក្រិដ្ឋជន​អនឡាញ​នៅ​ក្រុង​ប៉ោយ​​ប៉ែត​មាន​​គ្នា​ជាង​៦០​នាក់

អគ្គស្នងការនគរបាលជាតិ​កម្ពុជា បាន​អះ​អាង​ពី​ការ​បន្ត​រក​ឃើញ​សំបុក​ឧក្រិដ្ឋ​ជន​អន​ឡាញ ពី​កន្លែង​ទៀតនៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ជន​សង្ស័យ​ជាង ៦០​នាក់ មេខ្លោង​ជា​ជនជាតិ​ថៃ ដែល​ថាពួក​គេ​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា ដើម្បី​ធ្វើ​សកម្មភាព​ទៅ​ប្រទេស​ដទៃ​ផ្សេង​ទៀត។

នគរបាលជាតិកម្ពុជា បាន​និយាយ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៥ ខែ​មីនា​ថា នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៥ សមត្ថ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ បា​ន​ចុះ​បង្ក្រាប​ទីតាំង​២កន្លែង ដែល​ថា​ជា​ទីតាំង​លួច​លាក់​ប្រ​ព្រឹត្ត បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ ក្រោម​ការ​គ្រប់​គ្រង​របស់​ «ក្រុម​ឧក្រិដ្ឋជ​ន​ជនជាតិ​ថៃ» ប្រមាណ ០៧​នា​ក់ នៅ​​ភូ​មិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រ​ភពនោះ បន្តថា ក្នុងប្រតិបត្តិការឆ្មក់​ចូល​នោះ រកឃើញ​ជន​ជាតិ​ថៃស​រុប ៦៣​​នាក់ ស្ត្រី ៣​០​​​នាក់ ក្នុង​នោះ កុមារ​ចំនួន​២នាក់​ និង​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន ដូច​ជា​ កុំព្យូទ័រ​ចំនួ​ន​៣​៣​គ្រឿង ទូរសព្ទ​ដៃ​ចំនួន​៦៥គ្រឿង អត្ត​សញ្ញាណ​​ប័ណ្ណ​ថៃ​ចំនួន​៦៥ និង​លិខិត​ឆ្លង​ដែន​ថៃ​ចំនួន​២ច្បាប់។

សម្រាប់នគរបាលជាតិ ជនជាតិថៃចំនួន ៥៦នាក់ នគរបាលជាតិ​កម្ពុជា នឹង​ស្នើ​សុំកិ​ច្ច​សហការ​ជាមួយ​ន​គរ​បាល​ភូមិន្ទថៃ ដើម្បី​សម្រប​សម្រួល​រៀបចំ​បែប​បទ​បណ្តេញ​ចេញ​ពី​កម្ពុជា ដោ​យឡែក​ជន​សង្ស័យ​៧នាក់ផ្សេង​ទៀត កំពុង​បន្ត​នីតិវិធី នៅ​ស្នង​ការ​​ដ្ឋាន​​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ។

ជុំវិញបទឧក្រិដ្ឋអនឡាញនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា​​បាន​​ឆ្ម​ក់​​ចូល​​ទីតាំង​​ពីរ​​កន្លែង ​ក្នុង​​​ក្រុង​​​ប៉ោយ​​ប៉ែត បាន​ឃាត់​ខ្លួន​​ជន​បរទេស​ចំនួន ២៣០​នាក់ ភាគ​​ច្រើ​ន​​ជន​​ជាតិ​​ថៃ ដែល​ថា មេក្លោង​ជាជ​​ន​ជាតិ​​ចិន រក​ឃើញ​ក្នុង​​ភូមិ​​សាម​គ្គី​​មាន​​ជ័យ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​​ប៉ោយ​​ប៉ែត។

ករណីដូចគ្នានេះ សមត្ថកិច្ចបានរកឃើញនៅខេត្តព្រះសីហនុ ខេត្តកណ្តាល កំពង់ស្ពឺ ក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី។

របាយការណ៍នានា បានរកឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​ក្លាយ​ជា​ជម្រក​ពួក​ឧក្រិដ្ឋ​ជន ដែល​ការរក​ឃើ​ញ​បែប​នេះ ក្រោយ​ពី​បក្ស​កាន់​អំណាច​ប្រើ​វិធាន​បិទ​ខ្ទប់​សំឡេង​រិះ​គន់ ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​​ឧប​ករណ៍​​នយោបាយ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឱ្យ​ប្រព័ន្ធ​ដឹកនាំ​បាត់​បង់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​​អំ​ណា​ច​ ​ដែល​គេ​រក​ឃើញ​ថា ធ្វើ​ឱ្យ​ពលរដ្ឋ​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​​អំពើ​ពុក​រលួយ​ជិត​១០ឆ្នាំ​ទៅ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ