សន្ទស្សន៍ខ្យល់ពិភពលោក បង្ហាញថា ប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលនៃខ្យល់ពុលក្នុងបរិយាកាសក្នុងកម្រិតធ្ងន់ធ្ងរ បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់ និងពិភពលោក ខណៈពលរដ្ឋកម្ពុជាត្រូវគេសង្កេតឃើញថាហាក់មានការយល់ដឹងតិចតួច ទាក់ទងទៅនឹងការប្រែប្រួលបរិយាកាសនៃខ្យល់ពុលនេះ។
របាយការណ៍នៃសន្ទស្សន៍ខ្យល់ដែលចេញដោយអង្គការសុខភាពពិភពលោក ហើយសំឡេងប្រជាធិបតេយ្យ វីអូឌី ទើបទទួលបាននៅថ្ងៃទី២៦ ខែមីនានេះ ឱ្យដឹងថា កម្រិតខ្យល់ពុលនៅក្នុងបរិយាកាស គិតត្រឹមថ្ងៃនេះ បានធ្លាក់ចុះមកនៅកម្រិតទី៤ ក្នុងចំណោមកម្រិតខ្យល់ទាំង៦កម្រិតនៃសន្ទស្សន៍ខ្យល់។ ប៉ុន្តែបើទោះជាកម្រិតនៃសន្ទស្សន៍ខ្យល់ពុលនេះ ធ្លាក់ចុះបន្តិចក៏ពិតមែន ក៏ករណីនេះនៅតែស្ថិតក្នុងភាពប្រឈមមុខផ្នែកសុខភាពដូចគ្នា។
ផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ពិភពលោក (AQI) សម្រាប់សារធាតុភាគល្អិត ឬហៅថាកម្រិតខ្យល់ PM២.៥ នៅថ្ងៃនេះ ខ្យល់ពុលបានថយចុះពី ២៦០មីក្រូក្រាមម៉ែត្រគូបនៃខ្យល់ពុល គិតត្រឹមយប់ម្សិលមិញ ធ្លាក់មកនៅត្រឹម១០៧ នៅថ្ងៃនេះ។ បើទោះជាបែបណា ស្ទើរពាសពេញប្រទេសកម្ពុជា តាមរយៈសន្ទស្សន៍ខ្យល់ពុល គឺបង្ហាញពីតារាងពណ៌ទឹកក្រូចឡើងស្អេកស្កះ។
កត្តានេះ បើគិតពីថ្ងៃម្សិលមិញ ខ្យល់ពុលនេះបានគ្របដណ្តប់រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ក្នុងកម្រិតធ្ងន់ធ្ងរខ្លាំងជាងគេ ទាំងនៅក្នុងតំបន់ និងពិភពលោកដែលកម្ពុជាឈរនៅលើតារាងលេខរៀងទី១ នៃខ្យល់ពុលនៅក្នុងបរិយាកាសនេះ។
ជុំវិញរឿងនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឆ្លើយតបសារជាអក្សរថា បើគិតមកដល់ពេលនេះ កម្រិតខ្យល់ពុលនៅក្នុងបរិយាកាសនេះ បានថមថយទៅវិញហើយ សម្រាប់ក្រុងភ្នំពេញ និងទីតាំង ៥៨កន្លែងផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីលើនេះទៀត ពលរដ្ឋអាចធ្វើកិច្ចការនៅក្រៅផ្ទះបានជាធម្មតាឡើងវិញ ក្នុងពេលភាគល្អិតនៃខ្យល់ពុលនេះ បានថយចុះមកនៅក្នុងកម្រិតធម្យម នៅថ្ងៃនេះ បើទោះជាភាគល្អិតនៃខ្យល់នៅបន្តឡើងលើសពី ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ក្តី តែកម្រិតខ្យល់នេះ អាចចាត់ទុកថា ជាកម្រិតខ្យល់ដែលបង្កហានិភ័យផ្នែកសុខភាពតិចតួច។
ប្រភពបន្តថា៖ «តាមរយៈទិន្នន័យ ដែលស្រង់បានតាមរយៈស្ថានីយ និងឧបករណ៍តាមដាន និងត្រួតពិនិត្យគុណភាពខ្យល់ទាំង ៥៩កន្លែងនៅទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានបង្ហាញថា នៅរាជធានីភ្នំពេញ មានកម្រិតភាគល្អិតនិចល PM២.៥ បានឡើងលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា»។
អង្គការអន្តរជាតិ យូនីសេហ្វ(UNICEF) ប្រចាំកម្ពុជា ធ្លាប់បានចេញផ្សាយរបាយការណ៍ស្តីពីផលប៉ះពាល់ ពីឥទ្ធិពលនៃខ្យល់នេះថា អ្នកងាយរងគ្រោះខ្លាំងជាងគេពីខ្យល់ពុលនេះ ជាកុមារ និងស្រ្តីមានផ្ទៃពោះ ជាពិសេសក្រុមគោលដៅដែលងាយរងគ្រោះជាងគេបំផុត ពីខ្យល់ពុលនៅក្នុងបរិយាកាសនេះ។
លើសពីនេះទៅទៀត ឥទ្ធិពលនៃខ្យល់ពុលនេះអាចជះផលមិនល្អ បានគ្រប់ទីកន្លែងមិនថាទីតាំងបិទជិត និងសាធារណៈទេ។ បើតាម យូនីសេហ្វ ជាមធ្យោបាយដែលល្អ ដើម្បីជួយទប់ស្កាត់បញ្ហានេះបាន មានតែរកវិធីការពារកុមារ តាមគ្រប់លទ្ធភាព ដូចជា ពេលចម្អិនអាហារ ត្រូវបើកបង្អួច ឬប្រើកង្ហារបឺតផ្សែង កុំដុតទាន ឬធូប ដែលបន្ថែមសារធាតុពុលដល់ខ្យល់ ហើយត្រូវឱ្យស្ត្រីមានផ្ទៃពោះ និងកុមារ នៅឆ្ងាយពីផ្សែងជាដើម។
សម្រាប់ លោក សាន ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ យល់ឃើញថា ការទទួលបានដំណឹងស្តីពីខ្យល់ពុល តាមយន្តការរដ្ឋាភិបាលនេះ នៅតែមានភាពយឺតយ៉ាវ។ ជាងនេះទៀត ដំណឹងដែលសាធារណជនទទួលបានដឹង គឺច្រើនតែពួកគេស្វែងយល់ដោយខ្លួនឯង ឬដំណឹងទទួលបានតាមរយៈប្រព័ន្ធបណ្តាញសង្គមនានាជាដើម។ លោក សាន ម៉ាឡា មើលឃើញថា ភ្នាក់ងាររដ្ឋ នៅតែមិនទាន់មានទំនើបកម្ម ក្នុងការបញ្ជូនដំណឹងឱ្យពលរដ្ឋបានដឹង ក្នុងពេលស្ថានភាពខ្យល់ពុលនេះ បានបន្តវាយលុកញឹកញាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោកបន្តថា៖ «យើងដឹងថា ពាក់ព័ន្ធនឹងដំណឹងខ្យល់ពុល តែងតែចេញពីប្រភពរបស់ប្រជាពលរដ្ឋ ដែលនាំគ្នាផ្សព្វផ្សាយ និងអំពាវនាវនាំឱ្យមានយកចិត្តទុកដាក់ ហើយដោយឡែកប្រភពពីសំណាក់រដ្ឋាភិបាល ដូចជា ក្រសួងបរិស្ថាន ឬក៏ក្រសួងសុខាភិបាលហ្នឹង ហាក់បីដូចជាយឺតយ៉ាវ »។
ប្រតិកម្មនឹងការរិះគន់នេះ ក្រសួងបរិស្ថាន បានឆ្លើយតបថាទាក់ទងរឿងខ្យល់ពុលនេះ ស្ថាប័នជំនាញមួយនេះ មិនដែលព្រងើយកន្តើយម្តងណាឡើយ ក្នុងការផ្តល់ដំណឹងដល់សាធារណជន ជុំវិញការប្រែប្រួលអាកាសធាតុនេះ ហើយដើម្បីឱ្យកាន់តែច្បាស់ជាងនេះ សាធារណជនអាចមានមធ្យោបាយ ចូលទៅមើលព័ត៌មាន និងការជូនដំណឹងនានា នៅលើវេបសាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថានបានគ្រប់ពេល។
ចំណែក របាយការណ៍ដែលចេញដោយអង្គការ យូនីសេហ្វ រកឃើញថា មនុស្សជិត ២លាននាក់ (១ ៨០០ ០០០) ដែលមានអាយុក្រោម១៥ឆ្នាំ ជាក្រុមដែលស្រូបយកខ្យល់ពុលខ្លាំងជាងគេ។ កត្តានេះ នឹងនាំឱ្យពួកគេមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាស់ផ្នែកបញ្ញាស្មារតី និងមានហានិភ័យខ្ពស់ចំពោះសុខភាព ហើយសារធាតុពុលនៅក្នុងខ្យល់នឹងចូលទៅក្នុងសួត និងប្រព័ន្ធឈាម។
បើតាម យូនីសេហ្វ បញ្ហានេះ នឹងនាំឱ្យកើតជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមហារីកសួត។ មិនតែប៉ុណ្ណោះ ឥទ្ធិពលនៃពុលខ្យល់ក្នុងរយៈពេលវែងនេះ មានផលប៉ះពាល់ទៅលើប្រព័ន្ធខួរក្បាល ហើយនាំឱ្យមានផលអាក្រក់ទៅការសិក្សារបស់ពួកគេថែមទៀតផង៕