នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ហាក់ទទួលស្គាល់ថា ភាពសន្តិសុខនៅខេត្តព្រះសីហនុ កំពុងគំរាមគំហែងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមទាំងក្រុមអ្នករកស៊ីបរទេស ដែលបញ្ហានេះ លោកប្តេជ្ញាពង្រឹងសន្តិសុខក្នុងខេត្តនេះ ដើម្បីស្តារទំនុកចិត្តឡើងវិញ។
ក្នុងពិធីសម្ពោធសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមីនានេះ លោក ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងរយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុរងការវាយប្រហារជាលក្ខណៈអន្តរជាតិថា ជាតំបន់អសន្តិសុខដែលធ្វើឱ្យប៉ះពាល់ដល់អ្នករកស៊ីបរទេស និងភ្ញៀវទេសចរជាដើម។
ក្នុងន័យនេះ លោកបានប្តេជ្ញាចិត្ត ធ្វើឱ្យខេត្តព្រះសីហនុមានសុវត្ថិភាពល្អប្រសើរឡើងវិញនៅឆ្នាំ២០២៥នេះ។
លោកថា៖ «សុំឱ្យសមត្ថកិច្ចនៅក្នុងខេត្តគណៈបញ្ជាការឯកភាព ខិតខំដើម្បីបន្តជំរុញទប់ស្កាត់សម្អាតហើយនិងថែរក្សាសន្តិសុខនៅកន្លែងនេះ ដើម្បីជាសក្ដានុពលធំទាំងវិនិយោគទាំងទេសចរណ៍ ទាំងក្នុងស្រុក ទាំងក្រៅស្រុករបស់យើងបន្តទៀត ហើយខេត្ដព្រះសីហនុដែលជាខេត្តមានសក្ដានុពល កត្តាសន្តិសុខនេះ គឺដាច់ខាតត្រូវតែធ្វើឱ្យបាន។ យើងធ្វើបានល្អហើយប៉ុន្តែនៅមានបញ្ហា។ យើងត្រូវខិតខំរួមគ្នា ដើម្បីធ្វើបន្តទៀត ហើយសង្ឃឹមថា២០២៥នេះ យើងនឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុជាកន្លែងដែលសុវត្ថិភាពល្អ»។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត នេះចំពេលខេត្តព្រះសីហនុដែលជាប៉ូលសេដ្ឋកិច្ចទី២នៃប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាតំបន់បណ្តុំដោយបទល្មើស ដែលបង្កឡើងដោយជនជាតិចិន ដូចជាការចាប់ជំរិត ការឆបោកតាមអនឡាញ និងបនល្បែងអនឡាញខុសច្បាប់ជាដើម។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ កត់សម្គាល់ថា បច្ចុប្បន្នមិនមែនមានតែខេត្តព្រះសីហនុទេ ដែលជាកន្លែងអសុវត្ថិភាពក្នុងក្រសែភ្នែកអន្តរជាតិ ពោលគឺមានការរិះគន់ថា នៅក្នុងប្រទេសកម្ពុជាទាំងមូល កំពុងក្លាយជាជម្រកឧក្រិដ្ឋជន។
ក្នុងន័យនេះ លោកថា ការប្តេជ្ញាចិត្តរបស់ លោក ហ៊ុន ម៉ាណែត នឹងបរាជ័យបើមិនហ៊ានវះកាត់ឧក្រិដ្ឋជនដែលជាប់សែស្រឡាយនឹងខ្លួន ដូចជា ឧកញ៉ា ហ៊ុន តូ ជាដើម។
លោកថា៖ «ត្រូវហ៊ានបញ្ចេញស្នាដៃដូចខាងប្រទេសថៃ គេបញ្ចេញសា្នដៃ គេធ្វើអី ចាប់ផ្តើមធ្វើ ឥលូវបានជោគជ័យ។អ៊ីចឹងលោក ហ៊ុន ម៉ាណែត លើកនេះគឺត្រូវរៀបចំទៅ! បើមិនអ៊ីចឹងទេប្រជាពលរដ្ឋខ្មែរ គេយករដ្ឋាភិបាលថ្មីហើយ។ រដ្ឋាភិបាលថ្មីចាប់ផ្តើមបដិសន្ធិ ចាប់ផ្តើមបង្កើតហើយ គឺកុំឲ្យគាត់និយាយតែមាត់។ ធ្វើម៉េចក៏ដោយ សុំឱ្យចាប់ផ្តើមបោសពីលើទៅ ចាប់ផ្តើមទៅ។ ជាក់ស្តែងមើលទៅដូចលោក សម រង្ស៊ី ប្រធានចលនាហ្នឹង គាត់បានប្រាប់ហើយថា បើចាប់ផ្តើមគឺពី ហ៊ុន តូ មុនហើយបន្តបន្ទាប់ អ្នកណាហ្នឹងដឹងហើយ មេខ្លោងធំអ្នកណាហើយចាប់ផ្តើមទៅឃើញហើយ។ ហើយយើងជឿបានជោគជ័យហើយ។ អ្នកក្រោមនឹងធ្វើតម្រាប់តាមទាំងអស់ ហើយឲ្យទាហានឲ្យប៉ូលិសឲ្យមន្ត្រីរាជការយើងហ៊ានបញ្ចេញស្នាដៃ ព្រោះកុំគេខ្លាច»។
ជ្រុងមួយនៃរឿងនេះ VOD រកឃើញថា កាស៊ីណូ WM ក្នុងខេត្តព្រះសីហនុ ដែលមានបណ្តាញនឹងឧកញ៉ា ហ៊ុន តូ កំពុងប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ដោយលួចលាក់ បំពានបម្រាមដែលរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានល្បែងអនឡាញក្នុងប្រទេស តាំងពីឆ្នាំ២០២០។
ល្បែងអនឡាញនេះ ប្រតិបត្តិការដោយសម្ងាត់ ចេញពីអគារចំណាស់មួយកន្លែង នៅក្បែររង្វង់មូលតោពីរ ដែលខាងក្នុងត្រូវបានរៀបចំយ៉ាងស្អាត ដើម្បីថតស្រ្តីខ្មែររាប់សិបនាក់ធ្វើការ។
កាស៊ីណូ WM នេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Lixin ដែលមានបណ្តាញនឹងឧកញ៉ា ហ៊ុន តូ ក្មួយប្រុសរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
ក្រៅពីឧកញ៉ា ហ៊ុន តូ ហើយនោះ ក្រុមឧកញ៉ាផ្សេងទៀត ដែលអន្តរជាតិរកឃើញថាជាឧក្រិដ្ឋជន សុទ្ធសឹងតែជាមនុស្សដែលនៅកៀកនឹងគ្រួសារហ៊ុន រួមមាន ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន និងឧកញ៉ា ចេន ហ្ស៊ី ជាដើម។
ឧកញ៉ា ចេន ហ្ស៊ី បានគេចពីប្រទេសចិន ហើយបច្ចុប្បន្នបានក្លាយជាទីប្រឹក្សារបស់លោក ហ៊ុន សែន ក្រោយតុលាការចិនរកឃើញថា ជាឧក្រិដ្ឋជនលាងលុយ និងឆបោកតាមអនឡាញ។
ដោយឡែក ឧកញ៉ា លី យ៉ុងផាត់ អ្នកគ្រប់គ្រងលុយឱ្យបក្សកាន់អំណាច ត្រូវក្រសួងរតនាគារជាតិអាមេរិក ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ ក្រោយមានជាប់ពាក់ព័ន្ធការជួញដូរមនុស្ស ការរកស៊ីឆបោកតាមអនឡាញ។
សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា អំពើពុករលួយ បក្សពួកនិយមរបស់មន្រ្តីខិលខូចចូលដៃជាមួយឧក្រិដ្ឋជន ជាពិសេសការយកឧក្រិដ្ឋជនដាក់ក្បែរខ្លួនដូចដែល លោក ហ៊ុន សែន ធ្វើនេះ គឺជាកត្តាទាញឱ្យកម្ពុជាធ្លាក់ក្នុងរណ្តៅរបស់ពួកឧក្រិដ្ឋជនដូចសព្វថ្ងៃ។
ក្នុងន័យនេះ លោកថា មេដឹកនាំឈាមថ្មីអាចស្តារកិត្តិយសមុខមាត់ប្រទេសជាតិមកវិញបាន ទាល់តែហ៊ានបោសសម្អាតពួកឧក្រិដ្ឋជននៅកៀកនឹង លោក ហ៊ុន សែន បើពុំនោះទេលោកថា មរតកដឹកនាំបែបនេះនឹងកាន់តែធ្វើឱ្យគ្រួសារហ៊ុនកាន់តែស្អុយឈ្មោះតជំនាន់។
លោកថា៖ «រឿងនេះ មិនមែនលោក ហ៊ុន ម៉ាណែត នៅស្ងៀមៗលើកទេ ពីព្រោះរដ្ឋាភិបាលចិនដាក់សម្ពាធខ្លាំងណាស់ មករដ្ឋាភិបាលកម្ពុជា អំពីបទល្មើសឆ្លងដែនដែលពួកជនជាតិចិនទាំងឡាយ ដែលប្រព្រឹត្តបទឧក្រិដ្ឋនៅស្រុកចិនហើយរត់មកកម្ពុជា ហើយមកជ្រកកោននៅកម្ពុជាយ៉ាងសុខសប្បាយ។ ឧទាហរណ៍ដូច លោក ចេន ហ្ស៊ី ចឹង! ជាឧក្រិដ្ឋជនចិនរត់មកកម្ពុជា លោក ហ៊ុន សែន តែងតាំងធ្វើជាទីប្រឹក្សា អាហ្នឹងវាជាភាពអាម៉ាស់មួយរបស់កម្ពុជា ហើយនៅពេលដែលចិន និងសហរដ្ឋអាមេរិក កំពុងធ្វើសង្គ្រាមពាណិជ្ជកម្មផង អ៊ីចឹងខ្មែរយើងអត់មានកន្លែងពឹងពាក់ច្រើនទេ»។
របាយការណ៍នានា រកឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាក្លាយជម្រកពួកឧក្រិដ្ឋជន ដែលការរកឃើញបែបនេះ ក្រោយពីបក្សកាន់អំណាច ប្រើវិធានបិទខ្ទប់សំឡេងរិះគន់ ប្រើប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយ និងរំលាយគណបក្សសង្គ្រោះជាតិ ធ្វើឱ្យប្រព័ន្ធដឹកនាំ បាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាច ដែលគេរកឃើញថា ធ្វើឱ្យពលរដ្ឋក្លាយជាជនរងគ្រោះនៃអំពើពុករលួយជិត១០ឆ្នាំទៅនេះ។
របាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីចុងខែសីហា ឆ្នាំ២០២៣ បាននិយាយថា មនុស្សប្រមាណ ១០ម៉ឺននាក់ ជាជនបរទេស ត្រូវបានចាប់បង្ខំឱ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។
អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះរកឃើញថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ មានស្ថានភាពអាក្រក់ជាងឆ្នាំមុន ដែលទាមទារឱ្យកម្ពុជាដោះស្រាយបញ្ហានេះជាប្រព័ន្ធ និងទ្រង់ទ្រាយធំ។
បើតាមរបាយការណ៍នោះ កម្ពុជា មានអំពើពុករលួយខ្ពស់ជាប់គ្នាជិត១ទសវត្សរ៍ បើធៀបនឹងប្រទេស ១៨០ ដែលអង្គការនោះបានសិក្សា។
ប្រទេសដែលមិនអាចរើខ្លួនពីអំពើពុករលួយញាំញីបាន បញ្ហាចម្បងមួយ គឺឥទ្ធិពលនយោបាយជ្រៀតជ្រែតប្រព័ន្ធយុត្តិធម៌។
អង្គការតម្លាភាពអន្តរជាតិ គូសបញ្ជាក់ថា ជាដំណោះស្រាយ ត្រូវបើកលំហសេរីភាពបញ្ចេញមតិ និងរៀបចំការបោះឆ្នោតឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕