អ្នកអូសរទេះនៅប៉ោយប៉ែត​ត្រូវ​គេ​​ទម្លាយ​ថា​ប្រឈម​ដាច់​បាយ​ក្រោម​វិធាន​រឹត​បន្តឹង​ពី​មន្ត្រី​ច្រក

អ្នកប្រកបមុខរបរអូសរទេះ នៅច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត ត្រូវ​គេអះអាង​មក​ថា ​កំពុង​​ប្រ​ឈម​​នឹ​ង​​បញ្ហា​​ជីវ​ភាព ក្រោម​វិធាន​រឹត​បន្តឹង​ពីមន្ត្រី​ច្រក​ ដែល​បញ្ហា​នេះ សមាគម​មួយ​ចង់​ឱ្យ​រដ្ឋាភិបាល​រក​​ដំ​ណោះ​​​ស្រា​យ​​​ឱ្យ​ពួក​គេ​អាច​រស់​បាន​ក្រោម​ដំបូល​ច្បាប់ ដូច​ក្រុម​ហ៊ុន​ធំៗ ដែល​មាន​ប្រាក់​វាល់​លាន​ផង​ដែរ។

នេះបើតាម លោក ឌិន ពុទ្ធី ប្រធាន​​សមាគម​​ពង្រឹង​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រចាំនៅក្រុង​ប៉ោយប៉ែត និយា​យ​នៅ​​​ក្នុងកម្មវីធីមួយ​នៅមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ​និង​សិទ្ធិមនុស្ស​(សង់ត្រាល់) កាល​ពីថ្ងៃ​ទី២៥ ខែមី​នា​​​នេះ ជុំវិញប្រធាន​បទ «សេចក្តីព្រួយបារម្ភរបស់កម្មករសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និង​អ្នករកស៊ី អូសរទេះ ដឹ​ក​ឥវ៉ាន់ តាម​ច្រកព្រំដែនកម្ពុជា-ថៃ»។

លោក ឌិន ពុទ្ធី និយាយ​ថា នៅមុន​កម្ពុជា​ផ្ទុះ​ជំងឺ​កូវីដ-១៩ និង​អំឡុ​ងពេល​កម្ពុជា​ផ្ទុះ​កូវីដ-១៩ អ្នក​មាន​​មុខរ​បរ​​អូ​ស​​​រទេះ​​នៅច្រកទ្វារអន្តរជាតិនេះ អាចរកប្រាក់​បានសម្រាប់​ចិញ្ចឹមគ្រួសារ។ ប៉ុន្តែ​ថា នៅ​ឆ្នាំ​២០២៤ និង​​២​០២៥​នេះ អ្នក​ប្រកប​មុខ​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ បាន​ជួប​បញ្ហា​ជា​ច្រើន រួម​ទាំង​ការចាប់​ខ្លួន និងដ​ក​ហូ​​ត​​រទេះ ក្រោម​វិធានការ​រឹត​បន្តឹង​ពន្ធគយ។

លោក​បញ្ជាក់​ថា ក្រៅពីវិធាននេះ កម្មករ​អូសរទេះ ​ក៏​ត្រូវ​បាន​មន្ត្រី​ខិ​ល​ខូច​ខ្លះ យក​លុយ​​​ក្រៅ​ផ្លូវកា​រ​ដែល​​គេហៅ​ថា​បង់​ក្បាល​ឡាន និង​រទេះ​ទៀត​ផង។

សម្រាប់ លោក ឌិន ពុទ្ធី បច្ចុប្បន្ន​នេះ កម្មករអូសរទេះ រកប្រាក់បាន​ត្រឹម​ជួយ​ជញ្ជូន​វ៉ាលី​ភ្ញៀវ​ប៉ុណ្ណោះ មិនអាច​ដឹក​ឥវ៉ាន់​​តិច​តួច ជា​ម្ហូប​អាហារ​ដូច​មុន​បាន​ទេ ធ្វើ​ឱ្យពួក​គាត់​ជួប​បញ្ហា​ជីវភាព​ធ្ងន់​ធ្ងរ។

លោក​កត់​សម្គាល់​ថា បញ្ហា​នេះ​ហាក់​ផ្តល់​ឱកាស​ឱ្យ​ក្រុម​ហ៊ុន​ធំ ដែល​មាន​ប្រាក់​​រា​ប់​រយ​លា​ន​ដុ​ល្លា​រ​ អា​ច​រ​ក​ស៊ី​​​​បា​ន​តែ​ពលរដ្ឋ​មាន​មុខ​របរ​តូច​តាច​កាន់​តែ​ជួប​ការ​លំបាក​ខាង​ជីវភាព។

ប​ញ្ហា​នេះ លោកចង់ឱ្យអាជ្ញាធរពាក់​ព័ន្ធ និង​រដ្ឋាភិបាល គួរពិចារណា​ថា ចំពោះ​ពលរដ្ឋ​ដែល​​ដឹ​ក​នាំ​​ទំនិញ​​ចេញ​​ចូល​ត្រូវបង់ពន្ធក្នុងកម្រិត​ណាមួយ ដែល​អាចឱ្យអ្នកសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ អាច​រកស៊ីស្រ​បច្បាប់នៅ​ទី​នោះ​បាន ជាជាងប្រើ​តែវិធាន​ចាប់ និង​បិទ​ខ្ទប់ ទុក​ឱកាស​ឱ្យតែក្រុមហ៊ុនធំៗ ធ្វើឱ្យពួក​គេប្រឈ​មនឹងដា​ច់​បា​យ។

លោកថា៖«គាត់រកស៊ីចឹញ្ចិមតែគ្រួសារ ចឹញ្ចិមត្រឹមតែម៉ារស់ មិនមែនយកទៅធ្វើមានបាន ធ្វើសេដ្ឋីឯណាគាត់រកបានតែតិចតួចៗ គ្រាន់ចិញ្ចឹមឆ្នាំង ឥលូវគេចាប់រទេះគាត់ទុករាប់ខែ ខ្លះគេចាប់ឡានគាត់ទុក[…]ដាច់បាយដាច់ទឹកធ្វើឱ្យពលរដ្ឋដាច់បាយដាច់ទឹក ធ្វើឱ្យស្ថានភាពជីវភាពពលរដ្ឋហ្នឹង កាត់តែដុនដាបទៅៗ »

VODមិនអាចសុំការបញ្ជាក់​​ពី​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុំ រាត្រី បា​ន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។ ​យ៉ាង​ណា ការ​ទុក​ពលរដ្ឋ​ជួប​គ្រោះ​អត់​ឃ្លាន ហាក់​ផ្ទុយ​ទៅនឹង​យុទ្ធសាស្ត្រ​ជាតិ​របស់​រដ្ឋាភិបាល​ ដែ​ល​បាន​ប្តេជ្ញាចិត្ត​ពង្រឹង​យន្ត​ការ​គាំពារ​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និយាយ​អំឡុងខែកញ្ញា ឆ្នាំ២០២៣​ថា យុទ្ធសាស្ត្រ​ជាតិស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ ដើម្បី​ជួយ​ដល់​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយមិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ ដែល​ថា មន្ត្រី​ពាក់​ព័ន្ធ​ត្រូវ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

លោកថា៖ «ក្នុងថ្ងៃនេះ ខ្ញុំ​មាន​ការ​ជឿជាក់​យ៉ាង​មុត​មាំ​ថា យុទ្ធ​សាស្ត្រ​ជាតិ​នេះ​ នឹង​ក្លាយ​ជា​ប្រទីប​បំភ្លឺ និង​ត្រួស​ត្រាយ​ផ្លូវ​ និង​ជា​ទុន​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា ក្នុង​ការ​តម្រង់​ទិស​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋ​កិច្ចសំដៅ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ បរិយា​ប័ន្ន និង​ភាព​ធន់​យ៉ាងពិ​ត​ប្រាកដ សម​ស្រប​តាម​គោល​​ការណ៍​ មិន​បោះ​បង់​ពលរ​ដ្ឋ​ខ្មែរ​ណា​ម្នាក់ ទាំង​ក្នុង​ន័យ​អភិវឌ្ឍន៍​ទាំង​ក្នុងន័យ​ចូល​រួម​នៅ​ក្នុង​ការ​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ»។

យ៉ាងណា ប្រមាណជា​៨ខែក្រោយមក ពោល​គឺនៅថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ​២០២៤ ពលរដ្ឋ​មាន​មុខរបរ​ជាអ្នក​អូសរទេះជិត​១០០​នាក់ បាន​តវ៉ា និង​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ​ច្រក​ទ្វារ​អន្ដរ​ជាតិ​ប៉ោយ​ប៉ែត ខេត្ដ​បន្ទាយមាន​ជ័យ។

អំឡុងការបះទង្គិចនោះ អ្នកប្រើប្រាស់បណ្តាញសង្កម បានបង្ហោះ​វីដេអូ​ពី​សកម្មភាព​អាជ្ញាធរ​ប្រើ​ហិង្សា​លើក្មេង​ស្រី​ម្នាក់​ ពាក់​ព័ន្ធ​នឹង​មុខ​របរ​អូស​រទេះ​នេះ។ រីឯ​ពលរដ្ឋ​មួយ​ចំនួន​ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​រយៈពេល​ខ្លី។

បើតាមប្រភពខាងលើ ជីវភាពអ្នកប្រកប​មុខរបរ​អូស​រទេះ នៅ​ច្រក​ទ្វា​រអន្តរជាតិ​ប៉ោយ​ប៉ែត​ ចាប់​ផ្តើម​ធ្លាក់ចុះ​ចាប់​​ពី​ពេល​នោះ​មក ក្រោម​វិធាន​រឹត​បន្តឹង​របស់​​មន្ត្រី​ច្រក រីឯ​ជីវភាព​របស់​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ របរ​អូស​រទេះ ធ្លាក់​ក្នុង​ស្ថាន​ភាព​ដុន​ដាប​ខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ