គ្រួសារហ៊ុនរង​ការ​ស្តី​​បន្ទោស​ពី​កង្វះ​ឆន្ទៈ​ការ​ពារ​ទឹក​ដី​ក្រោម​​ឥទ្ធិពល​លើក​បន្តុប​ពី​​វៀត​ណាម

មេដឹកនាំ​ឈាមថ្មីបក្សកាន់​អំណាច បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត ពី​ជម្រើស​មិន​ប្រើ​យន្តការ​អន្តរ​ជាតិ ដើម្បីទប់​ទល់​នឹង​បរទេសឈ្លា​ន​ពាន ដែល​ការណ៍​នេះ ជំរុញ​ឱ្យ​មាន​ការ​ស្តី​បន្ទោស​ថា មេដឹកនាំ​គ្រួសារ​ហ៊ុនគ្មាន​ឆន្ទៈ​ការ​ពារ​ទឹក​ដី ក្រោម​ឥទ្ធិពល​វៀត​ណាម ដែល​បាន​លើក​បន្តុប​តាំង​ពី​ឆ្នាំ​១៩៧៩​មក។

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងពី​ខេត្ត​ព្រះ​សីហនុ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា​នេះ​ថា កោះ​គុតមិន​ទាន់​បាត់​បង់​ទៅ​ប្រទេស​ថៃ​ ដូច​ការ​ចោទ​ទេ ខណៈ​កោះគុត ពេល​នេះ ត្រូវ​បាន​ថៃ​គ្រប់​គ្រង​ទាំង​ស្រុង គ្មាន​វត្តមាន​សមត្ថ​​កិច្ច​កម្ពុជា​ឈរ​ជើង​នៅ​ទី​នោះ សូម្បី​តែ​ម្នាក់​ក្តី។

លើស​ពីនេះ លោក​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ចាត់​មន្ត្រី​ជំនាញ​របស់​ខ្លួន ធ្វើ​ការ​ចរ​ចា​ជាមួយ​ភាគី​ថៃ មិនមាន​ការ​ចាំបាច់ ប្តឹង​ករណី​នេះ​ទៅ​តុលាការ​អន្តរ​ជាតិ​ឡើយ។

លោកថា៖ «ជាមួយថៃ​យើងមានអនុសញ្ញាសន្ធិសញ្ញា១៩០៧ ដែល​និយាយ​ព្រំ​ដែន​គោក​​ព្រំដែន​ទឹកយើង​មិន​ទាន់​ចរ​ចា​ទេ យើង​នៅ​បន្ត​ចរចា យើង​មាន​ការ​ទាម​ទារ​របស់​យើង​ពី​ឆ្នាំ​៧២ ជំនាន់​នោះ។ ខ្ញុំគ្រាន់​តែ​សូម​បញ្ជាក់​ថា ព្រំដែន​ទឹក​ដី​កោះ​គុត តំបន់​ត្រួត​ស៊ី​គ្នា​នេះ អ្នក​ខ្លះ​ខំស្រែក​ឱ្យ​យើង​ប្តឹង យើងបញ្ជាក់​វា​អត់​ទាន់​មាន​បាត់​បង់​ទៅ​ណា​ទេ»។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​មាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន ហៅ​សារ​នេះ ឆ្លុះ​បញ្ចាំង​ថា មេដឹកនាំ​គ្រួសារ​ហ៊ុន គ្មាន​ឆន្ទៈ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​បុព្វ​បុរស​ខ្មែរនោះ​ទេ។

លោកថា៖ «ដែលលោក ហ៊ុន ម៉ាណែត មិនព្រមប្ដឹងថៃករណីកោះគុត ក្នុងដែនសមុទ្រត្រួតស៊ីគ្នាទៅកាន់តុលាការអន្តរជាតិហ្នឹង បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ហ្នឹងកំពុងធ្វើនយោបាយបម្រើមហិច្ឆតាឈ្លានពានបរទេសមកលើទឹកដីកម្ពុជា ហើយចង់កាត់ដែនកោះដែនទឹករបស់យើងដែនគោករបស់យើង ដោយថៃហ្នឹងដើម្បីឱ្យថៃជួយការពារអំណាចរបស់ខ្លួន»។

មួយវិញទៀត លោក​ថា គ្រួសារ​ហ៊ុន​ជាប់​អន្ទាក់​វៀត​ណាម ដែល​បាន​លើក​បន្ទុប​អំណាច​អំឡុង​ឆ្នាំ១៩៧៩ ដែល​បញ្ហា​នេះ គ្រួសារ​ហ៊ុន​មិន​លេង​ល្បែង​នេះ​ទេ ដោយ​ខ្លាច​បាត់​បង់​ប្រយោជន៍​ចៅ​ហ្វាយ គឺវៀត​ណាម។

សម្រាប់ លោក អ៊ុំ សំអាន វៀត​ណាម​ខ្លាច​បំផុត ការ​ប្រើ​យន្ត​ការ​អន្តរ​ជាតិ អាច​ឈាន​ទៅ​សើ​រើ​សន្ធិ​សញ្ញាបំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​លោក ហ៊ុន សែន កាត់​ដែន​កោះ និង​សមុទ្រ​ឱ្យ​វៀត​ណាម ដែល​ការណ៍​នេះ លោក ហ៊ុន សែន ខ្លាច​វៀត​ណាម​អន់​ចិត្ត ហើយ​ទម្លាក់​ចេញ​ពី​អំណាច។

លោកថា៖ «នៅពេល​ដែលប្ដឹងទៅកាន់តុលាការអន្តរជាតិ​ហ្នឹង វា​ប៉ះ​ពាល់​ទៅ​ដល់​កោះ​ត្រល់ ​កោះ​ក្រចកសេះ​ ដែល​ជា​កោះ​រប​ស់​ខ្មែរ​ដែល​វៀតណាម​គ្រប់​គ្រង ហើយ​ប៉ះ​ពាល់​ទៅ​ដល់​តំបន់​ទឹ​កប្រវត្តិ​សាស្ត្រចំនួន ១០០០០០​គីឡូ​ម៉ែត្រ​ការ៉េ​ ដែល​ លោក ហ៊ុន សែន ស៊ីញ៉េ​ជាមួយ​វៀត​ណាម​ឆ្នាំ៨២​ហ្នឹង ហើយវា​ប៉ះ​ពាល់​ទៅ​ដល់​សមុទ្រ​ ដែល​វៀត​ណាម​គ្រប់​គ្រង​​ចំនួន ៣០០០០០​គីឡូ​ម៉ែត្រ​ការ៉េ​ ជា​ដែន​សមុទ្ររបស់​យើង»។

ចំណែក ប្រធានក្រុមប្រឹក្សា​​​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា សារ​លោក​ ហ៊ុន ម៉ាណែត  ប្រៀប​​បា​ន​​នឹង​ការ​​បើ​ក​​​ដៃ​​ឱ្យ​​បរទេស​​ជិត​​ខាង ​បន្ត​គឃ្លើន​ឈ្លាន​​ពាន​ទឹកដីខ្មែរបន្ថែមទៀត ។

លោកថា យុទ្ធសាស្រ្តចរចាទ្វេភាគីរបស់ លោក ហ៊ុន ម៉ាណែត គឺ​ដើរតាម​គន្លង​ឪពុក ដែល​ធ្វើឱ្យ​វៀត​ណាម និង​ថៃ ព្រួត​គ្នា​លេប​​ដែន​សមុទ្រ​កម្ពុជា និង​ប្រជុំ​កោះ រួម​ទាំងប្រាសាទតាមាន់​តូច ដូ​ចបច្ចុប្បន្ន ។

លោកថា៖ «ជាការពិតហើយរឿងបញ្ហាកោះគុត បញ្ហាដែនសមុទ្រហ្នឹង វាមានជំពាក់ជំពិនជាមួយនឹងវៀតណាមមែន ជុំវិញរឿងកិច្ចព្រមព្រៀងទ្វេភាគី រវាថៃនិងវៀតណាមនៅឆ្នាំ១៩៩៧ ដែលចែកដែនសមុទ្រខ្មែរម្នាក់បីម៉ឺនគីឡូម៉ែត្រក្រឡាហ្នឹង ហើយអាកិច្ចព្រមព្រៀងខុសច្បាប់ឆ្នាំ៩៧របស់វៀតណាមនិងថៃហ្នឹងវារំលងក្បាលកម្ពុជា ហើយភាគីថៃគេសំអាងទៅលើកិច្ចព្រមព្រៀងខុសច្បាប់របស់ លោក ហ៊ុន សែន និងវៀតណាម ស្ដីពីដែនទឹក​​ប្រវត្តិសាស្រ្តឆ្នាំ១៩៨២ ហើយកន្លែងហ្នឹងវាជំពាក់ជំពិនធ្វើឱ្យ លោក ហ៊ុន សែនហ្នឹងក៏ពិបាកក្នុងការដោះស្រាយជាមួយថៃ»។

ទំនងជាការមើលឃើញពីហានិភ័យបូរណភាពទឹកដីកម្ពុជានេះ កាលពីថ្ងៃទី២៥ ខែ​មីនា ចៅក្រម​អន្តរជាតិ លោក Horinouchi បាន​និយាយ​ចំៗ​បញ្ហា​ដែន​សមុទ្រ​កម្ពុជា។

បើតាមការអះអាងរបស់ លោក អ៊ុំ សំអាន លោក Horinouchi និយាយ​ថា កម្ពុជា​គួរតែ​ធ្វើ​សច្ចាប័ន​លើអនុ​សញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្តីពី ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​អាច​ដោះស្រាយ​ដែន​សមុទ្រ និង​កោះ​កម្ពុជា​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ថៃ​និង​វៀត​ណាម។

សូមបញ្ជាក់​ថា លោក Horinouchi Hidehisa ជាចៅក្រម​នៃ​តុលាការ​អន្តរ​ជាតិ​សម្រាប់​ច្បាប់​សមុទ្រ(Internatinal Tribunal for the law of the sea “ITLOS”) និងជា​អតីត​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា។ ជុំវិញបញ្ហានេះ កម្ពុជាបាន​ចុះ​អនុ​សញ្ញា (UNCLOS) នេះ​នៅ​ឆ្នាំ​១៩៨៣។

បញ្ហាព្រំដែននេះ អំឡុងឆ្នាំ​២០០៥ លោក ហ៊ុន សែន ធ្លាប់​​គំរាម​រំ​លា​យ​​​របប​​​​រាជានិយម​​អាស្រ័យ​​ធម្ម​នុញ្ញ ចោល បើព្រះអង្គមិនឡាយព្រះហស្តលេខា លើសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨២-៨៣ និង​៨៥  ដើម្បី​សម្រេច​មហិច្ឆតា​​វៀ​ត​ណាម​​​​​លេប​​ទឹក​ដីទេនោះ ។

មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ​ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ​ បូរណភាពទឹកដី អនុ​​វ​​ត្ត​​នយោបាយ​បង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។

ដោយឡែក មាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ ចែង​ថា អ្នកធ្វើឱ្យបាត់ដីទាំងស្រុង ឬមួយផ្នែក មានទោសក្បត់​​ជាតិ ត្រូវ​ផ្តន្ទា​ទោស​​​ដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ