បទវិភាគ៖ តើ​សម្តី​«ងើប​១​វ៉ៃ១​​»​ជា​ការ​ប្រកួត​អំណាច​ក្រោម​ដំបូល​រដ្ឋ​ធម្ម​នុញ្ញ​ឬ​ទេ?

ដោយសារ​តែខ្លួន​កាន់​​អំណាច​​ពេ​ញ​ណែន​នៅ​ក្នុង​ដៃ​ ចាប់​​តាំង​ពី​វៀត​ណាម ​បាន​លើក​បន្តុប​​ជាង​​៤០​​ឆ្នាំ​​មក​នេះ លោក ​ហ៊ុន សែន ​អាច​ញាក់​ ​អាច​បញ្ជា​បាន​​គ្រ​ប់​​ស្ថា​ប័ន​​​រដ្ឋ​ រួម​​ទាំង​​ស្ថាប័ន​​តុលាការ​​គ្រប់​ជាន់​ថ្នាក់​​​ទៀតផង។

ហេតុដូច្នេះហើយ ទើប​មេបក្ស​កាន់​អំណាច​រូប​នេះ តែង​​​ប្រើ​​ពាក្យ​​សម្តី​​គ្រោត​គ្រាត​​អសុរស​សំឡុត​​​គំរាម​អ្នក​ដែល​​មាន​​មតិ​មិន​​ស្រប​នឹង​លោក ​ដោយ​​គ្មាន​​ក្រែង​រអារ​អ្វី​ឡើយ ដូច​ជាថ្មីៗ​នេះ​ លោក​​បាន​​និយាយ​​ជា​ថ្មី​ទៀត​ថា ​«ងើប​១វ៉ៃ១» ​ជាដើម​។ ថា​តើ​​សម្តី «ងើប១វ៉ៃ១​» ជា​ការ​ប្រកួត​អំណាច​គោរព​រដ្ឋ​ធម្មនុញ្ញ​ឬទេ​?

ផ្តើម​ចេញពីមូលដ្ឋាន​វិភាគ​លើ​សារ​គំរាម​នេះ គេ​ត្រូវ​សង្កេត​មើល​ពី​ប្រវត្តិ​នៃ​ការ​ក្តោប​អំណាច រួម​ទាំង​​ឥ​រិយា​បទ​នៃ​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន ជា​ចម្បង​សិន។

អតីត​​នាយក​រដ្ឋមន្ត្រី លោក​ ហ៊ុន សែន​ ដែល​បច្ចុប្បន្ន​ច្បាមយកតំណែងកំពូល ទាំងក្នុងក្បាល​ម៉ាស៊ីន​បក្ស និង​ក្បាល​​ម៉ាស៊ីន​រដ្ឋ ដែល​បច្ចុប្បន្ន​ច្បាម​យក​តំណែង​ប្រធាន​​ព្រឹទ្ធ​សភា​ ប្រមុខ​រដ្ឋ​ស្តីទី ប្រធាន​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​គ្រប់​គ្រង​អំណាច។

ក្រៅពីនេះ មាន​ឋានៈ​ជានាយឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយមាស៥ រួម​ទាំង​តំណែងសំខាន់មួយទៀត ជាប្រ​ធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់​ព្រះ​មហា​ក្សត្រ និង​តំណែងកំពូលមួយទៀត ដែលគេមើលឃើញ តែ​មិនចុះក្នុងបញ្ជី​​ក្នុង​ស្ថាប័នរដ្ឋនោះ គឺគ្រប់គ្រងតុលាការ និងរដ្ឋសភា។

​មេដឹកនាំដែលមានតំណែងសំពីង​សំពោង ស្អេកស្កះ​នេះ តែង​តែនិយា​យ​នូវ​​ពាក្យ​សម្តី​​សម្លុត​ គំរាម​កំហែង ​ទៅ​​លើ​​អ្នក​​នយោ​បាយ​​​ប្រឆាំង ​​ដែល​​​តែង​តែនិយាយ​រិះគន់​ ​ធ្វើឱ្យប៉ះពាល់​ដល់​ការ​​ឡើង​​កាន់​​តំណែង​​តពូជ​នៃ​​គ្រួសារ​​ហ៊ុន​​របស់​​​លោក​​​ថា ​​«ងើប១វ៉ៃ១ បិទ​ទ្វារវ៉ៃឆ្កែ, តាម​​កម្ទេច​ និង​តាម​​កម្ចាត់​» ​ជាដើម ​ដែល​​​ពាក្យ​​សម្តី​​ទាំ​​ង​​នេះ​ គឺ​បាន​​ឆ្លុះ​បញ្ចាំង​ពីចរិត ​​និង​ការ​ប្រកាន់យក​នូវ​​នយោ​បាយ​​​បែប​ហិង្សា​និយម​​របស់​​លោក​ ចាប់​តាំងពី​លោក​​ត្រូវ​បាន​វៀតណាម​ លើក​បន្តុប​​ឱ្យឡើង​កាន់​អំណាច​ជាង​៤០​ឆ្នាំ​មក​នេះ​​។ ​​

​នៅក្នុងពិធី «ពិសាភោជនាហារសាមគ្គីនៃគ្រួសារសមាគមឧកញ៉ាកម្ពុជា» កាល​ពី​​​ថ្ងៃ​ទី​១៤ ខែ​​​​មីនា លោក​ហ៊ុន សែន​ ក្នុង​នាមជា​ប្រមុខរដ្ឋស្តីទី​ បាន​ថ្លែងថា សូម​កុំ​យក ​ហ៊ុន សែន ​ទៅ​ប្រៀប​ធៀប​​ជា​​មួយ​​ឌូទ័រ​តេអតីត​មេដឹកនាំហ្វីលីពីន​ ដែល​ត្រូវបាន​ចាប់បញ្ជូន​ទៅ​កាត់​ទោស​នៅ​តុលាការ​​យុត្តិធម៌​អន្តរ​ជាតិ ​ពីបទ ឧក្រិដ្ឋ​​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ដោយ​​លោក​ថា «យុទ្ធ​សាស្ត្រ​ងើប​មួយ​វ៉ៃមួយ»​ របស់​លោក កាលពី​នៅ​ជានាយក​​​រដ្ឋមន្ត្រី ​គឺនៅ​តែបន្ត​​អនុវត្ត​​អត់​ដក​ថយទេ​។​

ភាសា​ងើបមួយ​វ៉ៃមួយ​​របស់ ​លោក ​ហ៊ុន សែន ត្រូវ​បាន​គេមើល​ឃើញថា ផ្ទុយ​ពីស្មារតីនៃ​​ច្បាប់ហើយ​ ​បើ​នៅប្រទេស​​ដែលមាន​នីតិរដ្ឋពិតប្រាកដ លោក​ ហ៊ុន សែន ​មិន​​អាច​​គេច​​ផុត​​ពី​​ការ​ចោទ​​ប្រកាន់ ​និង​​ការ​​នាំ​ខ្លួន​ទៅ​​​ផ្តន្ទាទោស​ឡើយ​ ពីព្រោះ​អ្វី​ដែល​​លោក​​បាន​​និយាយ​​នា​​ពេល​កន្លង​ទៅ​ មិន​មែនជាការ​និយាយ​លេង​ ឬក៏និយាយ​​ចោល​នោះទេ តែវាបាន​​ធ្វើឱ្យ​កើតមាន​បទល្មើស​ជាក់​ស្តែង​ជាច្រើន​កើតឡើង​រួច​មក​ហើយ។

ដូច​ជាសកម្ម​ជននយោបាយ​គណបក្ស​ប្រឆាំង​ជាច្រើននាក់ ​​ដែល​រិះគន់​រដ្ឋាភិបាល​ និង​មិនព្រម​ចុះចូលជាមួ​យ​គ​ណបក្ស​ប្រជា​ជន​កម្ពុជា ​ត្រូវបាន​ក្រុម​បាតដៃទី៣​ តាម​​វ៉ៃ​បណ្តាល​ឱ្យ​រង​​របួស​ធ្ងន់ មាន​​អ្នក​ខ្លះ​​ក្រោយ​មក​​បាន​​ស្លាប់ ​ដោយ​​សារ​​តែ​រង​របួស​ធ្ងន់ធ្ងរពេកក៏មាន​។

​ប៉ុន្តែក្រុមបាតដៃទី​៣​ដែល​គេដឹងឮ​ជាទូទៅ​ថា ត្រូវបាន​បង្កើតឡើង​ដោយគណបក្ស​ប្រជាជន​កម្ពុជា ​ក្រោមការ​​ដឹកនាំ​របស់ ​លោក ហ៊ុន សែន​ ​មិន​​ដែល​ឃើញ​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ផ្តន្ទាទោសនោះទេ។ ឥរិយាបទបែប​នេះ ហាក់បានបំពានរដ្ឋធម្មនុញ្ញត្រង់មាត្រា​៣៥ និង​មាត្រា​មួយ​ចំនួន​ទៀត ដែល​ចែង​ពី​សិទ្ធិ​ពលរដ្ឋ និង​​សិទ្ធិ​នយោ​បាយ។

មាត្រា៣៥​ នៃ​រដ្ឋធម្មនុញ្ញកម្ពុជា បាន​ចែង​ថា ប្រជាពលរដ្ឋខ្មែរ​ទាំង២​ភេទ ​​មាន​សិទ្ធិ​ចូល​រួម​​យ៉ាង​សកម្ម​ ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋ​កិច្ច​ សង្គម​ ​និង​​វប្បធម៌​​របស់​​ប្រទេស​​ជាតិ។ សេច​ក្តី​ស្នើ​ទាំង​ឡាយ​របស់​​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ពិនិត្យ ​និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់ចត់​ពីអង្គការរដ្ឋ។

បន្ថែមពីនេះ មាត្រា៤១​បាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​​សេរី​ភាព​ខាងការបញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាងសារព័ត៌មាន​ សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ​ និង​សេរីភាពខាងការ​ប្រជុំ។

លើសពីនេះ ​​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយគ្រួសារ​ហ៊ុន​ ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​មក​​នេះ មិន​បាន​អនុវត្ត​តាម​​ឱ្យ​បាន​ពេញ​លេញ ​​ទៅ​តាម​មាត្រាដែលមាន​ចែងក្នុង​រដ្ឋធម្ម​នុញ្ញ ​ដែល​ជាច្បាប់​​កំពូល​​របស់​​ជាតិ​នេះទេ។​ ភស្តុតាងដែលអាច​យក​មកធ្វើការវិភាគបាននោះ គឺទាំង​លោក​ ហ៊ុន សែន ​និង​​លោក ​ហ៊ុន ម៉ាណែត​​ តែង​​តែ​ប្រើ​គ្រប់​​មធ្យោបាយ​ទាំង​សុចរិត​និងទុច្ចរិត ​ដើម្បីធ្វើទុក្ខបុកម្នេញទៅ​លើ​សមាជិកគណបក្ស​ប្រឆាំង ​និង​អ្នក​ដែល​បញ្ចេញមតិ​មិន​ស្របនឹងរដ្ឋាភិបាល​។

ភស្តុតាង​ជាក់​ស្តែងមួយទៀត ​ការ​ធ្វើទុក្ខបុកម្នេញនេះ ​គេហទំព័រ​​«អ្នកជាប់​ឃុំដោយប្រើសិទ្ធិ»​​របស់​​​អង្គការ​សិទ្ធិ​​មនុស្ស​​​លីកាដូ ​បាន​ចុះផ្សាយថា គិត​មក​ដល់​ត្រឹមថ្ងៃទី​២៦ ​ខែមីនា ​ឆ្នាំ២០២៥​​នេះ ​រដ្ឋាភិបាល ​និង​​ស្ថា​ប័ន​​អនុវត្ត​​ច្បាប់​​មួយ​​ចំនួន បាន​​ចាប់​ឃុំ​ប្រជាពល​រដ្ឋ​ចំនួន​​៦៣​​នា​ក់ ​ក្នុង​នោះ​​ភាគច្រើន​ជាសកម្ម​ជន​នយោ​បាយ​ សកម្ម​ជនបរិស្ថាន ​និង​​សកម្ម​ជន​សង្គម ដោយ​ចោទ​ប្រកាន់​​ពី​បទ​ល្មើស​​ព្រហ្មទណ្ឌ​​មួយ​​ចំនួន​ ដោយ​សារ​​តែ​​ភាព​សកម្ម​និយម​ ឬ​ការ​បញ្ចេញ​​មតិ​​របស់​​អ្នក​ទាំង​នោះ​។

ជ្រុង​មួយ​នៃ​ការ​វាយបក​​ទៅ​នឹងយុទ្ធសាស្រ្ត​ងើបមួយ​វ៉ៃមួយ​របស់​ លោក​ ហ៊ុន សែន នៅ​ក្នុង​សមាជមហាជ​ន​​សង្គ្រោះជាតិ ដើម្បីជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ ក្រុម​ប្រឹក្សា​នេះបាន​ប្តេជ្ញា​ធ្វើគ្រប់​យន្តការ​ប្រតិបត្តិ ​ស្របតា​ម​ខ្លឹមសារ​រដ្ឋ​ធម្ម​នុញ្ញ​ និង​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដើម្បី​បញ្ចប់​​នយោបាយ ​«សន្តិភាព​​ងើប​១​វៃ១» ​សព្វ​​ថ្ងៃ​ជំនួស​​ដោយ ​«សន្តិភាព​មានទុក្ខ​ម្នាក់​ ដោះស្រាយ​ជូនម្នាក់​» ឬ «សន្តិភាព​ តវ៉ា​​ម្នាក់​​ រក​​យុត្តិធម៌​ជូនម្នាក់»។

បន្ថែមពីនេះ ​ក្រុមប្រឹក្សា​​ជាតិ​តស៊ូ ​ប្រកាស​ដើរលើ​ផ្លូវ​រួម​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​​អ្នក​​ប្រជាធិបតេ​​យ្យ​ខ្មែរគ្រប់​ភាគី ដោយប្រកាសថា ​​«មិន​សុំ​យុត្តិធម៌​ពី​ជន​ផ្តាច់ការ​​ទេ ប៉ុន្តែ​ទាមទារ​យុត្តិ​ធម៌​រហូត​ដល់​​បាន​ជោគ​ជ័យ»។

បន្ថែមពីនេះ ​លោក​ សម រង្ស៊ី ប្រធានក្រុមប្រឹក្សា​​ជាតិ​​តស៊ូ បាន​សរសេរ​បង្ហោះ​លើហ្វេសប៊ុក​របស់​​លោក​កាលពីថ្ងៃទី​២៥​ ខែមីនា ​ឆ្នាំ២០២៥ ​ក្នុង​​សំណេរ​ដើម​ថា «ងើប​មួយ​​​វ៉ៃ​មួយ? តែ​​ពេល​​​​យើង​​ងើប​ទាំង​​អស់​​គ្នា​យើង​​​វ៉ៃតែមួយ​​បាន​​ហើយ»។

វ៉ៃ​តែមួយ ​ដែល​​ លោក​ សម រង្ស៊ី​ លើក​ឡើង​នេះ ​ទំនង​ជាចង់​សំដៅ​​វ៉ៃ​តែ​ទៅលើ​​គ្រួសារ​ហ៊ុន​តែមួយ មិន​​មែន​វ៉ៃ​​សំដៅ​​ទៅ​លើ​​​សមា​ជិ​ក​គណ​បក្ស​​ប្រជាជន​កម្ពុជា​ទាំង​អស់នោះ​ទេ។

ហេតុផលនេះ លោក សម រង្ស៊ី ដែល​តែង​តែចោទ​ប្រកាន់​​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​​រប​ស់​​គ្រួសារ​​ហ៊ុន ​អស់​​រយៈ​​ពេល​​ជាង​៤០​ឆ្នាំទៅ​នេះ បាន​ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងកោះ​ទៅ​ប្រទេស​វៀតណាម​និងថៃ បំផ្លាញ​ស្ទើរ​តែរលត់​​រលាយ​អស់​នូវធនធានធម្ម​ជាតិ​ មាន​ព្រៃឈើ រ៉ែ។

លើសពីនេះ លោកថា គ្រួសារនេះ បើកដៃ​ឱ្យពួក​ឧក្រិដ្ឋជន​​​ជនជាតិ​ចិន ​ចូល​មក​បើក​ល្បែង​អនឡាញ​​ចាប់​​ជម្រិត មន្ត្រី​​ឧកញ៉ា គុបគិតគ្នា ​ប្រព្រឹត្ត​អំពើ​​ឆបោក ធ្វើឱ្យប្រជាពលរដ្ឋ​ជំពាក់​​បំណុល​វ័ណ្ឌក​រើខ្លួន​មិន​​រួច​ និង​ការ​​កើត​​មាន​​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ​រួម​​ទាំង​​ការ​​រីក​រាល​​ដាល​​យ៉ាង​ខ្លាំង​​នៃ​ការ​​ផលិត ​និង​ការ​​ចែក​​ចាយ​​​គ្រឿង​ញៀន​​ជាដើម។ល។​

វិល​ទៅសំណួរ​ខាងដើម ថាតើ​សម្តី«ងើប១វ៉ៃ១​»ឆ្លុះបញ្ចាំងបែបណា​​​ពី​លោក​ហ៊ុន សែន និង​ការអនុវត្តច្បាប់​នៅ​​កម្ពុជា?

អង្គហេតុខ្លះដែលបានរៀបរាប់ខាងលើ និងយោងតាម​ឯកសារមួយ​ចំនួន​ នៅក្នុង​វិធីសាស្ត្រ​មើល​​ចរិត​មនុស្ស និង​​វាយ​តម្លៃ​​ពី​​មនុស្ស​​ម្នាក់ គេ​តែង​សង្កេត​ទៅលើ​កាយវិការ ពាក្យសម្ដី និង​លក្ខណៈ​មាយាទ​​ដែល​បាន​​ស្ដែង​​ចេញ​មក​​ក្រៅ បន្ទាប់មក​ធ្វើការ​វាយតម្លៃ ទៅលើ​តម្លៃ​របស់​បុគ្គល​នោះ​។

ករណីនេះ ​ដូនតា​ខ្មែរ​លោក​បាន​លើក​ជា​សុភាសិត​មួយ​ថា ​«​សម្ដី​ស​ជាតិ មាយាទ​ស​ពូជ​»​។ តើ​អ្វី​ជា​ចេតនា​នៃ​​សុភា​សិត​​ខ្មែរ​មួយ​នេះ​?

ចំពោះ​សុភាសិត​មួយ​នេះ ​ត្រង់​ឃ្លា​ថា ​«​សម្ដី​ស​ជាតិ​» គឺ​ក្នុងន័យ​អប់រំ​ឲ្យ​​បុគ្គល​​គ្រប់​រូប​​ដឹ​ង​ថា ជាតិ​មួយ​ថ្លៃថ្នូរ សង្គមជាតិ​មួយ​មាន​សីលធម៌ មាន​វិន័យ គឺអាច​បង្ហាញ​ចេញ​តាមរយៈ​ភាសា​​និយាយ​របស់​​ពលរដ្ឋ ​ដែល​ជា​ធាតុ​​របស់​​សង្គម​​នោះ​។

ផ្ទុយ​មកវិញ ប្រសិនបើ​ពលរដ្ឋ​នៃ​សង្គម​នោះ ​មាន​ពាក្យ​មិន​សមរម្យ គ្មាន​សីលធម៌ គ្មាន​​ទំនួល​ខុសត្រូវ នោះ​ក៏​បញ្ជាក់​ថា ​សង្គម​​នោះ​ក៏​ដូច្នេះ​ដែរ​។ ចំណែក «​មាយាទ​ស​ពូជ​» នោះ​គឺ​មានន័យថា ប្រសិនបើ​សមាជិក​នៃ​ក្រុមគ្រួសារ​ណាមួយ​បែបណា​ នោះ​គឺ​មានន័យថា ចរិត​មាយា​ទ​​នៃ​ពូជពង្ស​​គ្រួសា​រ​នោះ ​ក៏​បែប​នោះដែរ​។​ ចំពោះ​ការ​អធិប្បាយ​​នៃសុភាសិត​ដូនតាខ្មែរ​នេះ​ និង​អ្វីដែលស្មេរបានលើក​ឡើង​​ពីខាងដើម​ជាទឡ្ហីករណ៍​លើក​​បង្ហាញ​ឱ្យលោក​អ្នក​ស្តាប់​អាច​ស្វែង​យល់បាន​ដោយ​ខ្លួន​ឯង​ ថា​តើ​លោក​​ ហ៊ុន សែន​ ជាមនុស្ស​បែប​ណា​ និង​​ថា​តើ​ការអនុវត្ត​ច្បាប់​​នៅ​​កម្ពុជា ស្ថិត​នៅក្នុង​ស្ថាន​ភាពបែបណា?។

យ៉ាងណាក្តី ទាក់​ទង​នឹងការ​ចាប់ឃុំខ្លួន​សកម្ម​ជន​នយោបាយ​ សម្រាប់​ លោក ​ហ៊ុន សែន ​និង​​មន្ត្រី​អែប​អប​អាម៉ី​អាថោង​​​របស់លោក ​កម្ពុជា​គ្មាន​ទេ​អ្នក​ទោស​នយោបាយ​ មាន​តែអ្នក​នយោបាយ​ជាប់ទោស​។

ប៉ុន្តែ​​​អ្នក​នយោបាយ​ប្រឆាំង​​ដែល​កំពុង​ជាប់​ឃុំ​​បច្ចុប្បន្ន​ មា​ន​ដូច​ជា​​ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក ​ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​​ទៀន និង​លោក ​ស៊ុន ចន្ធី ​ប្រធានគណបក្ស​កម្លាំង​ជាតិ ​ជាដើម​។ល។ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​ និងអន្តរជាតិ រួម​ទាំង​​តំណាង​​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​​​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំនៅកម្ពុជា​ ចាត់​ទុកថា ជា​អ្នកនយោបាយ​ដែល​ត្រូវ​បាន​​ចាប់​​ឃុំ​​ដោយ​​ហេតុ​ផល​​នយោ​បាយ​ និង​តែង​តែទាម​ទារ​​ឱ្យដោះលែង​​ដោយ​គ្មាន​លក្ខខណ្ឌ​ តាំងពីដើមទី​មកម្ល៉េះ។

អ្នក​​តាម​ដាន​នយោបាយ​ និង​អ្នក​នយោបាយក្រៅ​រដ្ឋាភិបាល លើកឡើងថា​ តាម​​ពិត​គឺលោក ​ហ៊ុន សែន​ ទៅ​វិញ​ទេ ដែល​គួរ​តែត្រូវនាំយកទៅកាត់ទោសនិង​ឃុំខ្លួន​ ​ពីព្រោះ​នៅក្នុង​ការ​កាន់​អំណាច​ជាង​៤០​ឆ្នាំ​មក​នេះមេ​បក្ស​កាន់អំណាចរូបនេះ បាន​ប្រើហិង្សា​ទាំង​ពាក្យ​សម្តី ​និង​ត្រូវ​បាន​គេ​មើល​ឃើញថា ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយការប្រព្រឹត្ត​​បទ​ឧក្រិដ្ឋព្រៃផ្សៃ​ជា​ច្រើន។

ក្នុងនោះ​ក៏មានករណី​សម្លាប់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ជាង​​១០០នាក់​ បន្ទាប់​​ពីធ្វើ​​​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ករណី​​គប់​គ្រាប់​បែក​លើក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ​ លោក ​សម រង្ស៊ី នៅ​មុខរដ្ឋសភា​ កាល​ពីខែមីនា ​ឆ្នាំ១៩៩៧ ។

ករណី​ស្ទាក់​វ៉ៃ​អ្នក​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​ ២នាក់ នៅជាប់របងរដ្ឋសភា ​គឺ លោក ​គង់​ សភា ​និង​លោក ញ៉យ ​ចំរើន បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​ប៊ិះនឹង​ស្លាប់ កាលពី​អំឡុង​ខែ​តុលា ​ឆ្នាំ២០១៥ និការ​ចាប់ឃុំខ្លួន​​លោក ​កឹម សុខា ​និងការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចុង​ឆ្នាំ​២០១៧ជា​ដើម​​។ល​។

ហើយ​ថ្មីៗ​នេះ ​ក៏​ត្រូវបាន​គេសង្ស័យ​​ថា លោក​ ហ៊ុន សែន ​នៅពី​ក្រោយ​ការ​​បាញ់​​សម្លាប់​អតីត​តំណាង​​រាស្ត្រ​គ​ណបក្ស​​សង្គ្រោះ​​ជាតិ​ លោក លិម គិមយ៉ា នៅ​ក្នុង​​ប្រទេស​​ថៃ​ជាដើម។

ទាំងអស់នេះ ជាមូលដ្ឋានសម្រាប់បងប្អូនពិចារណាថា តើការក្តោមអំណាចរបស់លោក ហ៊ុន សែន តាមរយៈ​សម្តី​«ងើប១វ៉ៃ១​» ​ការអនុវត្តច្បាប់​ ឬក៏យ៉ាងណា?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ