សាច់ញាតិរបស់យុវជនដែលកំពុងជាប់ពន្ធនាគារព្រៃស បង្ហាញប្រតិកម្មភ្លាមៗ នៅបន្ទាប់ពីទទួលបានដំណឹងអំពីការស្លាប់កូនប្រុសរបស់ខ្លួន ដោយចាត់ទុកថានេះជាកំហុសមួយដ៏ធំ ព្រោះតែការធ្វេសប្រហែស និងគ្មានការទទួលខុសត្រូវ ដែលបណ្តាលឱ្យមានអ្នកទោសត្រូវស្លាប់ ក្នុងពេលឃុំខ្លួននៅក្នុងពន្ធនាគារបែបនេះ។
តាមរយៈគណនីហ្វេសប៊ុកដែលឈ្មោះថា PM ដែលសំឡេងប្រជាធិបតេយ្យ ទើបទួលបាននៅថ្ងៃទី២៧ ខែមីនានេះ បានរៀបរាប់ថា រដ្ឋាភិបាលគួរកែទម្រង់ប្រព័ន្ធគ្រប់គ្រងនៅតាមពន្ធនាគារឱ្យបានត្រឹមត្រូវ ជាពិសេសទាក់ទងរឿងបញ្ហាសុខភាពរបស់ជនជាប់ឃុំ។
មិនតែប៉ុណ្ណោះ ដោយសារខ្វះការទទួលខុសត្រូវបែបនេះហើយ ទើបគេសង្កេតឃើញ មានអ្នកស្លាប់នៅក្នុងពន្ធនាគារជាហូរហែ។ លើសពីនេះទៅទៀត អ្នកទទួលបន្ទុកផ្នែកពន្ធនាគារ គេកម្រឃើញឆ្លើយតបជាវិជ្ជមានណាស់ ក្រៅពីចេញសេចក្តីបំភ្លឺហើយ គេចពីការទទួលខុសត្រូវរបស់ខ្លួនថែមទៀត។
ប្រភពបន្តថា៖ «សូមរដ្ឋាភិបាលជួយកែប្រែកំណែទម្រង់ប៉ុស្ដិ៍សុខភាពនៅតាមពន្ធនាគារផង កុំបណ្ដោយឲ្យជីវិតទណ្ឌិត ឬវិរុទ្ធជន ឬជនត្រូវចោទ ត្រូវបានស្លាប់ជាបន្តបន្ទាប់បែបនេះ? ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៥ កុំបានតែចេញសេចក្ដីបំភ្លឺ ហើយរួចខ្លួន។ ជួយស៊ែរឲ្យដល់ប្រមុខថ្នាក់ដឹកនាំផងបងប្អូន!»។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនទាន់អាចស្វែងរកការឆ្លើយតបពីក្រុមគ្រួសារនៃសពបានភ្លាមៗនៅឡើយទេ គិតត្រឹមថ្ងៃទី២៧ ខែមីនានេះ។
ប៉ុន្តែតាមរយៈគណនីហ្វេសប៊ុកដដែលនេះ ក៏បានភ្ជាប់នូវឃ្លីបវីដេអូ ដែលមានរយៈពេលប្រវែងជាង១នាទី បង្ហាញពីប្រតិកម្មរបស់ក្រុមគ្រួសារជនរងគ្រោះដែរ ក្រោយទទួលបានដំណឹងពីមរណភាពរបស់ជនជាប់ឃុំនេះ។
វីដេអូឃ្លីបដែលមិនបានលម្អិតអំពីទីតាំង និងឈ្មោះរបស់សាច់ញាតិអ្នកជាប់ឃុំដែលស្លាប់ អំឡុងពេលឃុំខ្លួននៅក្នុងពន្ធនាគារ ពួកគេបង្ហាញពីការប្រតិកម្មរបស់ឆ្មាំ និងអ្នកគ្រប់គ្រងពន្ធនាគារ ដែលបណ្តាលឱ្យមនុស្សពេញវ័យ ត្រូវស្លាប់បានដោយងាយបែបនេះ។
នៅក្នុង វីដេអូ ឃ្លីប នោះស្រ្តីពាក់អាវក្រហមពណ៌ពងអន្សា ហៅការស្លាប់សាច់ញាតិរបស់ខ្លួនថា វាជាកំហុសដ៏ធំរបស់ពន្ធនាគារព្រៃស ហើយករណីនេះ ក៏ជាការធ្វេសប្រហែស ដែលខ្វះការទទួលខុសត្រូវផងដែរ។
ប្រភពនោះថា៖«បើវាធ្វើការត្រឹមត្រូវ វានឹងដឹងថាអាណាជិតងាប់អាណាជិតរស់ហើយ។ ម្ងៃៗឃើញតែលុយ ម្នាក់ៗអង្គុយចាំបើកតែប្រាក់ខែ។ បើទៅដល់ពេទ្យមែន ពេទ្យគេមើលហើយ គេមិនដែលទុកចោលទេ ពួកអស់ហ្នឹងវាស្លៀកតែអាវខ្មៅ ហើយចិត្តខ្មៅដូចអាពតអញ្ចឹង »។
ទាក់ទិនមានអ្នកជាប់ឃុំស្លាប់ ក្នុងអំឡុងពេលជាប់ពន្ធនាគារនៅព្រៃសលើកនេះ គឺដូចគ្នាទៅនឹងព្រឹត្តិការណ៍កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យដែរ។
ពិរុទ្ធជនដែលមានវ័យ២២ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតក្នុងពេលឃុំខ្លួនក្នុងពន្ធនាគារ ក្រោយបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។ ការស្លាប់នេះ ដូចគ្នាដែរ ក្រុមសាច់ញាតិជនរងគ្រោះចោទប្រកាន់ថា វាជាការខ្ជីខ្ជាខាងពន្ធនាគារ ដែលទុកអ្នកជំងឺរហូតសង្រ្គោះលែងបាន ទើបបញ្ជូនមកមន្ទីរពេទ្យ។
យ៉ាងណា ខាងពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមីនា បានចេញបកស្រាយ និងការពារពីការចោទប្រកាន់នេះ ដូចករណីការស្លាប់អ្នកទោសនៅពន្ធនាគារព្រៃសលើកនេះដែរ។
កំណត់ហេតុប្រគល់សពរបស់អគ្គស្នងការរដ្ឋាននគរបាលយុត្តិធម៌ និងនគរបាលបច្ចេកវិទ្យា និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទើបទទួលបាននៅថ្ងៃនេះ បង្ហាញថា ទណ្ឌិតដែលមានវ័យ ២៨ឆ្នាំ បានទទួលមរណភាពនេះ ក៏ព្រោះតែប្រើប្រាស់ថ្នាំសម្លាប់ខ្លួន ដែលមានបរិមាណលើសកម្រិត ដែលជាប្រភេទថ្នាំផ្លូវចិត្ត ឬវិកលចរិត។
តាមរយៈកំណត់ហេតុ ដែលចេញកាលពីថ្ងៃទី២៦ ខែមីនា និងទទួលស្គាល់ពីតំណាងជនរងគ្រោះ មន្រ្តីនគរបាលដែលបញ្ជូនសាកសព និងគ្រូពេទ្យកោសល្យវិច័យ គឺការស្លាប់នេះ មិនពាក់ព័ន្ធនឹងអំពើទារុណកម្ម អំឡុងពេលឃុំខ្លួននៅក្នុងពន្ធនាគារឡើយ។
មួយវិញទៀត នៅក្នុងកំណត់ហេតុប្រគល់សាកសព ដែលចូលរួមពីព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការក្រុងភ្នំពេញ លោក វង្ស សារ៉ាត និងវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យផ្នែកកោសល្យវិច័យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត សុទ្ធតែបានឯកភាពដូចគ្នាថា ការស្លាប់នេះគឺនៅលើរថយន្ត ពេលដឹកមកសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយរកឃើញថា មានអាការៈខុសប្រក្រតីកើតឡើង។
បន្ថែមលើកំណត់ហេតុប្រគល់សពនេះ លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែ ម១ នៃពន្ធនាគារព្រៃស បដិសេធថា ការស្លាប់នេះ មិនពាក់ព័ន្ធការយកចម្លើយ ឬមានហេតុការណ៍ណាផ្សេង នៅក្នុងពន្ធនាគារទេ។ ជាងនេះទៀត លោកដាក់ការសង្ស័យថា ការស្លាប់នេះ អាចបណ្តាលមកពីបញ្ហាស្រឡាញ់ភេទដូចគ្នា រហូតជ្រើសរើសការបញ្ចប់ជីវិត ដោយប្រើប្រាស់ថ្នាំលើសកម្រិត។
លោកថា៖ «ខ្ញុំបានស្រាវជ្រាវហើយថា អត់មានឃើញស្នាកស្នាមអីនៅលើខ្លួនទេ ហើយខ្ញុំក៏អត់បានដឹងថាគាត់មានបញ្ហាផ្លូវចិត្តអីដែរ។ នៅពេលយើងស្រាវជ្រាវទៅ ទី១ គាត់ស្រឡាញ់ភេទដូចគ្នា ហើយទី២គាត់មានបញ្ហាសតិអារម្មណ៍ផ្លូវចិត្ត ដែលគេហៅថាវិកលចរតិ។ ដល់អញ្ចឹងទៅ វាអាចជាការវិបត្តិផ្លូវចិត្តអី។ ដល់អញ្ចឹងទៅ គាត់ក៏សម្រេចចិត្តធ្វើអញ្ចឹងទៅ បញ្ហានេះ វាផ្តើមពីការលេបថ្នាំសម្លាប់ខ្លួន »។
ស្របពេលអង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលពីស្ថានភាពជនជាប់ឃុំនៅតាមពន្ធនាគារ បង្ហាញថា កំពុងមានភាពចង្អៀតណែន និងដល់ពេលប្រកាសអាសន្ន។ ដូចគ្នាដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២៣ យល់ស្របថា បញ្ហានៃការកើនឡើងជនជាប់ឃុំ គឺជាបន្ទុកដែលរដ្ឋាភិបាល ត្រូវគិតគូរឱ្យបានល្អិតល្អន់ជុំវិញរឿងនេះ។
លោក ស សុខា បញ្ជាក់បន្ថែមថា នៅចំពោះមុខនេះ តួលេខនៃអ្នកជាប់ឃុំ គឺមានចំនួនកើនឡើងលើសទ្វេដង បើធៀបអ្នកដែលត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។
កត្តានេះហើយ ដែលជាមូលហេតុចម្បងដែលនាំឱ្យបញ្ហាស្មុគស្មាញ នៅតាមពន្ធនាគារគឺជាឧបសគ្គដ៏ធំ ដែលនាំឱ្យបញ្ហាសុវត្ថិភាព នៅតាមពន្ធនាគារ គឺជារឿងដែលស្មុគស្មាញបំផុត។
លោកថា៖«អ្វីដែលសំខាន់លើសពី៣ម៉ឺន៤ពាន់នាក់នេះ ជាង៥០ភាគរយ គឺជាប់ដោយតែគ្រឿងញៀន អញ្ចឹងបានន័យថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈម។ បើយើងមើលពីទិដ្ឋភាពរួមមួយថ្ងៃៗ មានអ្នកប្រព្រឹត្តបទល្មើសចូលពន្ធនាគារចន្លោះពី ៥០ទៅ៦០ជាងនាក់ក្នុងមួយថ្ងៃៗ ហើយថ្ងៃខ្លះចូលដល់១០០នាក់ក៏មានដែរ។ អញ្ចឹងបើគិតពីចេញ គឺមិនដល់១០នាក់ទេ អញ្ចឹងចូលច្រើនជាងចេញ ដូច្នេះខ្ញុំគិតថា ពីពេលនេះទៅដល់ឆ្នាំក្រោយ អ្នកដែលជាប់ពន្ធនាគារ បើយើងអត់ធ្វើអីសោះ អាចឡើងដល់៥ម៉ឺននាក់ ចំនួននេះធំណាស់ »។
យ៉ាងនេះក្តី សម្រាប់លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ(Licadho) លើកឡើងថា ផ្អែកលើនីតិវិធីច្បាប់ កាលណាជនជាប់ឃុំមានបញ្ហារហូតដល់បាត់បង់ជីវិត តាមច្បាប់គឺគេតម្រូវឱ្យស្ថាប័នជំនាញ ត្រូវបង្កើតគណៈកម្មការស្រាវជ្រាវឡើងភ្លាម ដើម្បីស្វែងរកការពិត។
លោកបន្តថា ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់ច្បាប់នៅពន្ធនាគារ គឺប្រសិនបើមានភាពមិនប្រក្រតីកើតឡើង គឺគេត្រូវស្នើសុំគោលការណ៍ពីតុលាការជាមុនសិន មុននឹងត្រូវសម្រេចបែបណាចំពោះអ្នកជាប់ឃុំ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ យល់ឃើញថា ស្ថាប័នជំនាញគួរកែប្រែ ឬធ្វើវិសោធនកម្មលើនីតិវិធីមួយចំនួននេះឡើងវិញ ប្រយោជន៍ដើម្បីផ្លាស់ប្តូរឧបសគ្គនៃនីតិវិធី ដែលនាំឱ្យជនជាប់ឃុំជួបបញ្ហាមិនចប់មិនហើយបែបនេះតទៅទៀត។
លោកថា៖«យើងជាអង្គការសង្គមស៊ីវិល យើងចង់ឃើញថាការបញ្ជូនអ្នកជំងឺដែលចាំបាច់ ត្រូវបញ្ជូនហ្នឹងធ្វើម៉េចនីតិវិធីហ្នឹង ត្រូវធ្វើឱ្យបានលឿន។ ការដែលយឺតយ៉ាវទៅនាំឱ្យជ្រុលទៅលទ្ធភាព ដែលអាចព្យាបាល អញ្ចឹងចំណុចទាំងអស់ហ្នឹង ត្រូវគិតគូរឡើងវិញ »។
របាយការណ៍សង្ខេបដែលចេញកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ ដោយអង្គការលីកាដូ រកឃើញថាក្នុងចំណោមពន្ធនាគារដែល លីកាដូ ធ្វើការជាមួយ គឺមានអត្រាដាក់ជនជាប់ឃុំចំនួន ១៧៥ ភាគរយ នៃសមត្ថភាពដែលពន្ធនាគារអាចដាក់បាន។ ដោយឡែក របាយការណ៍ស្តីពីទិន្នន័យសង្ខេបនៃពន្ធនាគារក្នុងពិភពលោក (World Prison Brief) របស់វិទ្យាស្ថានសម្រាប់ការស្រាវជ្រាវគោលនយោបាយយុត្តិធម៌ និងបទល្មើស បានចាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសដែលមានពន្ធនាគារ មានស្ថានភាពចង្អៀតណែនជាងគេបំផុតទីពីរ ក្នុងពិភពលោក ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣៕