អ្នករងគ្រោះ​ពី​អំពើ​ឆបោក​ព្រមាន​ងើប​តវ៉ា​ជា​ថ្មី​ទៀត​ដោយ​​ថា​អស់​ជំនឿ​លើ​ក្រសួង

ក្រុម​អ្នកចាញ់បោកក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប នៅ​ខេត្ត​សា្វយ​រៀង ព្រមាន​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ជា​ថ្មីទៀត ដោយ​អះ​អាង​ថាពួក​គេ​អស់​ការ​អត់​ធ្មត់ ​លើ​ការ​សន្យា​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​កា​ន់​កាប់​ដី​ធ្លី​​ក្នុង​ភាព​មិន​ច្បាស់​លាស់ សម្រាប់​ពួក​គេ​ជាង​២ពាន់​គ្រួសារ ខណៈ​ពួក​គេ​ខ្លះ​ទិញ​ដី​៤ឆ្នាំ មិន​បាន​​ប្លង់។

គម្រោង​ជួបជុំគ្នានេះ ក្រោយអគ្គនាយក​ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប លោក សោម សុធា ត្រូវ​បានសមត្ថ​កិច្ច​ចាប់​ខ្លួន​ជិត​១ឆ្នាំ​ទៅ​នេះ តែ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ផ្តល់​សំណង​ឱ្យ​ជន​រង​គ្រោះនោះ​ទេ។

តំណាង​ជន​រង​គ្រោះ អ្នកស្រី ចាន់ រតនា ប្រាប់​VOD នៅថ្ងៃ​ទី​២៧ ខែ​មីនា​នេះ​ថា ក្រសួង​ដែន​ដី បាន​ផ្តល់​ដំណឹង​ឱ្យ​អតិថិជន​យក​ឯក​សារ​ពាក់​ព័ន្ធ​ ទៅ​ឱ្យ​ក្រសួង​ ដើម្បី​​រៀប​ចំ​ដំណើរ​ការ​ផ្តល់​ប្លង់​ដី ដែល​ពួក​គេ​បាន​ទិញ​នៅ​ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប​ ក្នុងខេត្តស្វាយរៀង ក្រោយ​លោក សោម សុធា ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក។

បើតាម អ្នកស្រី រតនា មានជន​រង​គ្រោះ​ខ្លះ ក្នុង​ចំណោម​អតិ​ថិជន​សរុប​ប្រមាណ​២ពាន់​នាក់ បាន​ធ្វើ​តាម​ការ​ណែនាំ​​របស់​ក្រសួង​រួច​ហើយ តែ​ថា​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​បាន​ប្លង់។

អ្នកស្រី ចាន់ រតនា បានទិញដី​ក្នុង​ក្រុម​ហ៊ុន​នេះ​ អស់​ជាង ៣ម៉ឺន​ដុល្លារ តែ​រយៈ​ពេល​៤ឆ្នាំហើយ​មិន​បាន​ប្លង់​ទេ ដែល​​បញ្ហា​​នេះ ក្រុម​ជន​រង​គ្រោះ​នឹង​គ្រោង​ជួប​ជុំ​គ្នា​នៅ​​ខេត្ត​ស្វាយ​រៀងជា​ថ្មី​ទៀត ដើម្បី​រក​ដំណោះ​ស្រាយ។

អ្នកស្រីថា៖ «យើងនឹ​ង​ជួបជុំ​ធ្វើ បើ​គ្មាន​ដំណោះ​ស្រាយ​នៅ​មុន​ចូល​ឆ្នាំ​ហ្នឹង ព្រោះ​អី​កាល​មុន​មក​ថា​ចែក​ប្លង់​មុន​ចូល​ឆ្នាំឥឡូវ​វា​ដូច​ស្ងាត់​ឈឹង។ នៅ​តែ​រឿង​ស្អី​ណា បច្ចុប្បន្ន​ភាព! បច្ចុប្បន្ន​ភាព​ហ្នឹង! ​អី​ក៏​មិន​ចាត់​វិធាន​ការ​ធ្វើ​ដូច​កាល​ឃោសនា​លក់​ឲ្យ​ទៅ! វិទ្យុ​ជាតិ​មាន​ហ្នឹង ផ្សព្វ​ផ្សាយ​ទៅ​តាម​រយៈ​ភូមិ​ឃុំ​សង្កាត់​អី​ដូច​ពី​មុន ធ្វើ​ផ្សព្វ​ផ្សាយ​អី​ក៏​សម្បើម​ម៉េស! កាលដែល​បោក​ហ្នឹង។ ហើយ​ពេល​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជាជន​មក​ធ្វើ​បច្ចុប្បន្ន​ភាព​ ប៉ុន្មាន​នាក់​ហ្នឹង​ក៏​វេទនា​ម៉េស! កាល​បោក​ហ្នឹងម៉េច​ក៏​ចេះ​ជួយ​បោក​គេ»។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី ផ្តល់​ដំណឹង​ឱ្យ​អតិថិជន​ដែល​បង់​ប្រាក់តាម​ដំណាក់​កាល ឬ​បង់​រំលោះ​ប្រចាំ​ខែ ទិញ​ដី ឬ​ផ្ទះ ក្នុង​គម្រោង​នៅ​ភូមិ​មរតក​ត្រូវ​ផ្អាក​បង់ប្រាក់​ចូល​ក្រុម​ហ៊ុន​បណ្ដោះ​អាសន្ន។

ប្រភពបន្តថា អតិថិជនដែលបានប​ង់​ប្រាក់​ថ្លៃ​លក់​ទិញ​ដី​ឡូតិ៍​គ្រប់​ចំនួន​១០០% និង​អ្នក​កំពុងបង់​ប្រាក់​រំលោះ​ប្រចាំ​​ខែ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ផ្ទេរ​កម្ម​សិទ្ធិ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាននៅ​មន្ទីរ​រៀប​ចំ​ដែន​ដី នគរូប​នីយ​កម្ម សំណង់ និង​សុរិយោ​ដី​ខេត្ត​ស្វាយ​រៀង។

អន្តរាគមន៍របស់ក្រសួងដែនដី ក្រោយជន​រងគ្រោះ​រាប់​រយ​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ជាច្រើន​លើកនៅ​មុខ​សាលា​ខេត្ត​ស្វាយ​រៀង ដើម្បី​ទាម​ទារ​យុត្តិ​ធម៌ ដោយ​អ្ន​ក​ខ្លះ​ថា​៤ឆ្នាំ​ហើយ បាន​ទិញ​ដី និង​ផ្ទះ​ក្នុង​ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប តែ​មិន​បាន​ប្លង់​នោះ​ទេ។

ជនរងគ្រោះម្នាក់ទៀត លោក សំ វុត្ថា ប្រាប់ VOD ថា ជន​រងគ្រោះនឹ​ង​តវ៉ា​ជា​ថ្មី​ទៀត ដើម្បី​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ពន្លឿន​ដំណោះ​ស្រាយ​ករណី​អំពើ​ឆបោក​នេះ។

លោក សំ វុត្ថា បាន​ទិញ​ដី​ក្នុង​ក្រុម​ហ៊ុន​ លោក សោម សុធា ដោយ​បង់​លុយ​ចំនួន​១ម៉ឺន​២ពាន់ដុល្លារ​អាមេរិក តែ​រយៈ​ពេល​៤ឆ្នាំ​ហើយ​មិន​ទាន់​បាន​ដី​នោះ​ទេ។

លោកថា៖ «នៅបង!ទទេ! គ្មាន​លេចឮដំណឹ​ងអី​ថា ក្នុង​ចំណោម​២​ពាន់​ប្លង់​ជាង​ ដែល​អ្នក​រ​ង​គ្រោះ​របស់​ពួក​ខ្ញុំ ដែល​តវ៉ាហ្នឹង។ អត់​មាន​ហៅ​ម្នាក់​ណា​មួយ​ទៅ​ចេញ​ប្លង់ ឬ​ក៏​ផ្ទេរ​កម្ម​សិទ្ធិ​អី​ឲ្យ​ច្បាស់​លាស់ ដើម្បី​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​មាន​ថា​ទំនុក​ចិត្ត​ទៅលើ​គម្រោង​ហ្នឹង វាអត់​មាន​ផង។ ពួក​ខ្ញុំ​រឿង​នេះ​ទៅ​ធ្វើ​បច្ចុប្បន្ន​ភាព មិន​ដឹង​ថា! ដូ​ច​ខ្ញុំ​និយាយ​ម៉ិញ​ចឹង មិ​ន​ដឹ​ងថា​ក្រសួងមុខ​ដូច​ម៉េច​ទេ​បង»

ជុំវិញរឿងនេះ VOD បានព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​សាលា​ខេត្ត​ស្វាយ​រៀង លោក រស់ ផារិទ្ធិ និង លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ តែ​គ្មានការ​ឆ្លើយ​តប។

ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិ​មនុស្សលីកាដូ លោក អំ សំអាត ហៅ​ការ​បន្ត​អូស​បន្លាយ​ពេល​បែប​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ទទួល​ខុស​ត្រូវ និង​បង្កើត​ការ​មិនទុក​ចិត្ត​ដល់​ពលរដ្ឋ​ចំពោះ​ស្ថាប័ន​រដ្ឋ។

បញ្ហានេះ លោក​ថា ហាក់​ដើរ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ដែល​ចង់​បញ្ចប់​ជម្លោះដីធ្លី​ឱ្យ​បាន​ឆាប់។

លោកថា៖ «អ្វីដែលសំខាន់ គឺអាជ្ញាធរ​និង​ក្រសួ​ងពាក់​ព័ន្ធ គួរ​តែ​ជំរុ​ញ​និង​ពន្លឿន​នីតិ​វិធី​ក្នុង​ការ​ដោះ​ស្រាយ​សម្រាប់​ពួកគាត់​ ដើម្បី​កុំ​ឲ្យពួក​គាត់​ហ្នឹង អូស​ពេល​វេលា​យូរ​ ហើយ​អាច​នឹង​ជួប​ផល​លំបាក​ ក៏​រង​គ្រោះ​ជាយថា​ហេតុ​បន្ថែម​ទៀត​ទៅលើ​រឿង​ទាំង​អស់​គ្នា ហើយ​ជា​ធម្មតា​ បើ​បង​ប្អូន​ប្រជាពលរដ្ឋ​រង​ចាំ​ដំណោះ​ស្រាយ​យូរ! លោក​តែង​តែ​ទាម​ទារ​តវ៉ា​ដើម្បី​ធ្វើម៉េច​ឲ្យ​មាន​ដំណោះ​ស្រាយ​ឲ្យ​បាន​លឿន​ នេះ​ជាប​ទ​ពិសោធន៍​កន្លង​មក! អាអូស​បន្លាយ​កន្លង​មក ដំ​ណោះស្រាយ​កាន់​តែយូរ បញ្ហា​ទាម​ទារ​ការ​តវ៉ា​របស់​ពលរដ្ឋ​អាច​នឹង​កើត​មាន​ដែរ»។

អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធា ត្រូវ​បានសមត្ថកិច្ចចាប់​ខ្លួន កាលពីថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ​​២០២៤ ក្រោម​បទ​ចោទឆបោក​ពលរដ្ឋ តាម​រយៈ​ប្រមូល​លុយ​ពី​ពលរដ្ឋ​ក្រោម​រូប​ភាព​វិនិយោគ សន្យា​ឱ្យ​ការ​ប្រាក់ ៤.៤ភាគ​រយ​ក្នុង​មួយ​ខែ និង​ពាក់​ព័ន្ធ​លក់​ដី​ខ្យល់​ឱ្យ​អ្នក​ភូមិរាប់​រយ​គ្រួសារ​នៅ​ខេត្ត​ស្វាយ​រៀង។

ជនរងគ្រោះនិយាយ​ថា ការជឿជាក់​យក​លុយ​ទៅ​ទិញ​ដី​ក្នុង​ក្រុម​ហ៊ុន លោក សោម សុធា  ព្រោះ​ឃើញ លោក ដួង តារា អតីត​ជំនួយ​ការ​ លោក ហ៊ុន សែន បាន​ថ្លែង​ការ​ពារ​គម្រោង​លក់ដីឡូតិ៍​និង​ផ្ទះ​របស់ លោក សោម សុធា ដោយ​ចំហរ។

បុគ្គលសំខាន់២រូបនេះ គឺលោក សោម សុធា និង​ជំនួយ​ការ លោក ហ៊ុន សែន គឺ​លោក ដួង ដារ៉ា ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​អំពើ​ឆបោក​ពលរដ្ឋ​ដូច​គ្នា។

យ៉ាងណា ការចាប់ខ្លួនមេឆបោក​តែមិនផ្តល់​សំណងឱ្យជនរង​គ្រោះ​នេះ រង​ការ​រិះ​គន់​ថា គ្រាន់ជា​ល្បិច​រំលត់​កំហឹង​ជន​​រង​គ្រោះ​ប៉ុណ្ណោះ ដែល​បង្ក​ក្តី​បារម្ភ​ថា​បើ​ប្រព័ន្ធ​ច្បាប់​មិន​អាច​រកយុត្តិ​ធម៌​ឱ្យ​ពលរដ្ឋ​បាន នឹង​ជំរុ​ញ​ឱ្យ​ពួក​គេ​អស់​សង្ឃឹម​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិ​បាល​ពេល​នោះចរន្ត​ងើប​តវ៉ា​ពី​ពលរដ្ឋ​នឹង​កើត​មាន​ ដើម្បី​ប្រឆាំង​ភាព​អយុត្តិធម៌​ក្នុង​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ