ពលរដ្ឋខ្លះបន្ត​ពួន​ក្នុង​ព្រៃ​ក្រោយ​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​តំបន់​អន្ទង់​អាំង​​​​ដោ​យ​បារម្ភ​ខ្លាច​ចាប់​ខ្លួន

ប្រជាពលរដ្ឋ​នៅតំបន់អន្ទង់អាំង ឬភ្នំ១៥០០ ក្នុង​​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​ត្រូវ​បាន​​អាជ្ញាធរ​​វាយកម្ទេច​ផ្ទះ​​រាប​​ដល់​ដី បាន​​លើក​ឡើង​​​ពីផល​លំបាក​ក្នុង​​ជីវភាព​រស់​នៅ ដោយ​សារ​​មិ​ន​មាន​​ផ្ទះ​រស់​នៅ​ដូច​មុន​​ និ​ង​​ខ្លះ​ទៀត​​​ត្រូវ​​រត់​​​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ ដោយសារ​​បារម្ភ​ខ្លាច​​អាជ្ញាធរ​​​ចាប់ខ្លួន។

កាលពីដើម​សប្តាហ៍មុន សមត្ថកិច្ច​​ស្លៀកពាក់​ស៊ីវិល​​រាប់សិប​​នាក់ បានដា​ក់​កម្លាំង និង​គ្រឿងចក្រ ទៅកាន់ភូមិករ​​របស់ពលរដ្ឋ​ជាង ២០គ្រួសារ​ ដែល​អាជ្ញាធរ​ចោទថារស់នៅ​ខុស​ច្បាប់​​លើ​ដី​តំបន់​ការ​ពារ​បៃតង។

ក្នុង​អំឡុង​ពេល​ចុះរុះរើ ​និងបណ្តេញចេញដោយបង្ខំនោះ សមត្ថ​កិច្ច​បាន​​ចាប់​ខ្លួន​​ពលរដ្ឋ​ម្នាក់​ ព្រមទាំងបា​ន​​បំ​ផ្លាញ​​កាមេ​រ៉ា​សុវត្ថិភាពនៅតាម​ខ្នង​ផ្ទះ និង​ដកហូត​ទូរស័ព្ទ​​ពី​​ពលរដ្ឋជាច្រើន​គ្រឿងផងដែរ។

ពលរដ្ឋនៅឃុំអន្លង់រាប ស្រុកវាល​វែង ខេត្តពោធិ៍សាត់​ អ្នកស្រី សែម សុធា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៦ ខែមិនា ឆ្នាំ​២០២៥​នេះ​ថា បច្ចុប្បន្ន ផ្ទះរបស់ពួកគាត់​ត្រូវ​បាន​​សមត្ថកិច្ច​រុះរើ​រាប​ដល់ដី​អស់​ហើយ។

អ្នកស្រីបន្តថា អំឡុងពេល​​សមត្ថកិច្ច​ចុះទៅរុះរើ​នោះ ទាំងអ្នកស្រី និង​​ប្រជាពលរដ្ឋ​​ផ្សេង​ទៀត បាន​នាំគ្នា​​រត់​គេ​ច​​ខ្លួន ដោយខ្លះរត់ទៅ​ពួនសំងំ​នៅ​ក្នុង​ព្រៃ និង​ខ្លះទៀត​ទៅ​ជ្រក​​កោន​​ផ្ទះអ្នកស្គាល់​គ្នា​នៅតាម​បណ្តា​ខេត្តផ្សេ​ងៗ ដោយសារ​តែបារម្ភពី​ការ​ចាប់ខ្លួន​ពីសំណាក់​អាជ្ញាធរ។

អ្នកស្រីនិយាយថា៖ «គេ​ចាកចេញទៅតាំងពីថ្ងៃប្រទ្រូសប្រត្រាស់ហ្នឹង​មក កងកម្លាំង​វា​មានការ​ចាប់​យើង​ឱ្យ​ផ្តិតមេដៃ​ ឱ្យ​អីចឹង ហើយអ្នកខ្លះក៏បាន​ផ្តិតទៅ ហើយអ្នកខ្លះក៏បាន​ផ្តិត​ទៅ ចឹងរត់ចែកជើងគ្នា»។

អ្នកស្រី សែម សុធា បន្តថា ក្រោយការ​រុះរើ សមត្ថកិច្ច​នៅបន្ត​​ដាក់កម្លាំងយាម​កាម​យ៉ាងតឹងរឹង មក​ដល់បច្ចុ​ប្បន្ន ដោយ​មិនអនុញ្ញាត​ឱ្យ​មានការ​ចេញ​ចូល និងមិនឱ្យ​មានការ​​ថត​រូបនៅទីតាំង​នោះ​ ហើយពលរដ្ឋ​ក៏​មិន​ហ៊ានចូល​​ទៅយក​ឥវ៉ាន់​ និ​ងប្រមូល​​ផល​ដំណាំ​ដែលខ្លួន​បាន​ដាំ​សម្រាប់​​​​​ផ្គត់​ផ្គង់​ជីវភាពដែរ ការណ៍នេះ ធ្វើឱ្យ​​ពួកគាត់​​កាន់​តែ​ជួប​ការ​​លំបាក​ក្នុង​ជីវភាព គ្មាន​ផ្ទះ​សម្បែង​រស់នៅ រស់នៅដោយរត់ពួន និង​​​​កា​រភ័យខ្លាច​ ខណៈ​​អ្នកខ្លះកំពុងជាប់បំណុល​​​វ័ណ្ឌ​ក​ផង​​ដែរ។

អ្នកស្រី​ថា៖ «ម្នាក់ៗអស់សង្ឃឹមក្នុងជីវិត ដូចនាង​ខ្ញុំចឹង​អស់សង្ឃឹម ខ្ញុំ​មិនដឹង​ថា​ទៅ​ណា​ទៀត​​​​​​​ទេ​ពេលនេះ ហើយ​ពួន​មិនដឹងពួន​ដល់​ពេល​ណា ពេលខ្លះគិត​ខ្លី​ម្តងៗ។ ខ្ញុំ​​​មានការ​ទទូច​ហើយ​ទទូច​​ទៀត សុំ​ប្រមុខ​​ថ្នាក់ដឹកនាំ គាត់​ឱ្យបាន​ដឹងថា ពួកខ្ញុំ​ហ្នឹង​​​មិនអស់ចិត្ត ដោយសារ​មានការ​តវ៉ា ដោយសារ​ពួកខ្ញុំវា​នៅ​ក្រោម​​​ស្ពានលេខ​​៣៥ហ្នឹង មិន​មែនជា​តំបន់​​អន្ទង់អាំង ដែល​សម្តេច​មហាបវរធិបតីត្រូវ​យក អញ្ចឹង​សូមឱ្យ​ប្រមុខ​ថ្នាក់​ដឹក​​​​​​នាំ​ជួយដោះស្រាយ ដែល​អ្វី​បាន​ខូច​ខាត ហើយ​មាន​ការ​​ចាប់​ចង​​ចាប់​អី​ទៀត សុំឱ្យ​ប្រមុខ​ថ្នាក់ដឹកនាំជួយ​​​អន្តរាគមន៍​ថា កុំ​​ឱ្យ​ប្រជា​ជន​​​ខ្ទេច​ដី​ខ្ទេច​ផ្ទះហើយ នៅមានដីកា​តុលាការ​​នៅ​​ជាប់នៅ​​​ក្នុង​តុលាការទៀត​​ ហើ​យ​​​មាន​ការ​​ចាប់​មនុស្ស​​បន្ត​​ទៀត»។

អ្នកស្រី ពៅ វណ្ណា ជាប្រជា​ពលរដ្ឋនៅ​ឃុំ​អន្លង់​រាបម្នាក់​ទៀត បានឱ្យដឹងថា គ្រួសារអ្នកស្រីបាន​រត់​គេច​ខ្លួនទៅ​ស្នាក់នៅតាមសំយាប​ផ្ទះគេ​​ក្នុ​ងខេត្តមួយ​ជាប់ព្រំ​ដែនថៃ ដោយសារ​តែ​បារម្ភ​ខ្លាច​​​​​​​​​មានការ​ចាប់​ខ្លួន​ពីសំ​ណា​ក់​សមត្ថកិច្ច​​​​ ក្រោយអាជ្ញាធរ​បានរុះរើ​ផ្ទះគាត់​រាបដល់ដី​។

ស្ត្រីដែលមានកូន​តូច២នាក់ក្នុងបន្ទុក និងមានប្តីពិការ​ជើងផង​នោះ បានរៀបរាប់ថា ក្រោម​ការ​បណ្តេញ​ចេញ​​​​ដោយ​បង្ខំនេះ អ្នក​ស្រី​​​ត្រូវ​​ដើរ​​ស៊ីឈ្មួល​លាង​ចាន​ឱ្យ​គេ ហើយ​កូនៗ​ត្រូវ​បោះ​បង់​​ការ​​សិក្សា​​​ដើរ​​រើស​កំ​ប៉ុង​​​​អេ​ត​ចាយ ដើម្បី​បាន​ប្រាក់​មក​ផ្គត់ផ្គង់ជីវភាព​​ប្រចាំ​ថ្ងៃ ខណៈ​​គ្រួសារ​អ្នកស្រី​​ក៏​មាន​ជាប់បំណុល​នៅ​ធ​នាគារ​​ផង​ដែរ ដោយកម្ចីនោះ​អ្នកស្រី​​យកមកសង់ផ្ទះ ប៉ុន្តែពេល​នេះបែរជា​សមត្ថកិច្ច​កំទេចផ្ទះគាត់​គ្មាន​សល់។​​

អ្នកស្រីថា៖ «ដើរ​លាង​ចាន​ឱ្យ​គេ​ យកលុយ​​ទិញអង្ករ​​ទិញ​បាយហូប​ចឹងទៅណា ដើរ និយាយ​រួម​​​​ទៅ​​ពិបាកហ្មង​​ ពិបាកដូច​ថា​រកអីនិយាយ​មិនឃើញ​​ ធ្លាប់មានផ្ទះមានអីនៅ មាន​បាយ​ហូប​គ្រប់គ្រាន់ មានកន្លែង​ដេក​ ដល់ពេលមកដេក​តាមសំយាបផ្ទះគេ វាពិបាក»

បើតាម​អ្នកស្រី ពៅ វណ្ណា ក្នុងចំណោម​ពលរដ្ឋ ២៤គ្រួសារ ដែលអាជ្ញាធរ​បាន​រុះរើ​ផ្ទះនោះ គឺ​ពលរដ្ឋ​​ភាគច្រើនមិនបាន​ទៅរស់នៅទីតាំងថ្មីនោះទេ ដោយសារ​នៅកន្លែងថ្មីក៏ពុំ​មាន​ផ្ទះ​រស់​នៅ​​ដែរ ហើយ​​ពួក​គាត់​ក៏​ខ្លាច​​អាជ្ញាធរ​ចាប់ខ្លួន​ថែមទៀត។

លោក ខូយ រីដា អភិបាល​ខេត្តពោធិ៍សាត់​ មានប្រសាសន៍យ៉ាងខ្លីថា រឿងពលរដ្ឋ​រស់នៅខុសច្បាប់នៅតំបន់អន្ទ​ង់អាំងនេះ សមត្ថកិច្ច​បាន​ចាត់វិធានការ​រដ្ឋបាលរុះរើ​ ទៅតាមច្បាប់រួច​ហើយ​ មិនមានអ្វីត្រូវ​បញ្ជាក់បន្ថែម​​ទៀត​ទេ។

លោក​ថា៖ «សួរម៉េចទៀត អាហ្នឹង​ម៉េច​? នៅអន្ទង់អាំងអីគេ គេ​ចាត់ការ​អស់ហើយផ្លូវ​ច្បាប់​ បញ្ជាក់ម៉េចទៀត»

យ៉ាងណា លោក​​ធ្លាប់​បាន​អះអាងថា ដីនៅតំបន់ដែល​អនុវត្តវិធានបណ្តេញ​ចេញ​​​​នេះ ជាដី​តំបន់អភិរក្ស​ មិន​​អនុ​ញ្ញាត​ឱ្យពលរដ្ឋ​បន្ត​រស់នៅបានទៀតឡើយ ហើយ​រដ្ឋ​ក៏បាន​រៀប​​ចំ​ដី​នៅ​ទីតាំង​ថ្មី ក្បែរ​ទីប្រជុំជន​សម្រា​ប់​​ពលរដ្ឋ​ដែល​ត្រូវ​បាន​​ជម្លៀសពីតំបន់ការ​ពារ​បៃតង​នោះ​​​ផង​ដែរ។

បើតាម​អភិបាល​ខេត្ត​រូបនេះ ពលរដ្ឋនៅតំបន់អន្ទង់អាំង​នេះ មានចំនួន ៩៨គ្រួសារ ក្នុងនោះ​ជាង ៦០គ្រួ​សារ​​​​​បា​ន​យល់ព្រម​រុះរើចេញ ទៅកាន់ទីតាំង​ថ្មី​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ឱ្យ ខណៈជាង ២០គ្រួសារ ដែល​​​មិ​ន​ព្រមចាកចេញ អាជ្ញាធរ​បាន​ចាត់វិធានការ​រុះរើ​រួច​ហើយ។

អ្នកនាំពាក្យ​សមាគមការ​ពារ​សិទ្ធិ​មនុស្ស​​​អាដហុក លោក យិន ម៉េងលី ដែលតាមដានករណីនេះ ឱ្យដឹងថា កា​រ​ប្រើប្រាស់វិធានការ​រដ្ឋបាល តាមរយៈការ​ឈូសឆាយបំផ្លាញផ្ទះ​ពលរដ្ឋជាង​២០គ្រួសារ​​ នៅតំបន់​អន្ទ​ង់អាំង ពីសំណាក់អាជ្ញាធរ​ខេត្ត​នេះ ជារូបភាពមិនល្អនោះទេ ខណៈពលរដ្ឋ​ទាំងនោះ បាន​ទិញលក់​ដី​បន្ត​ពីក្រុម​​​ក​ងទ័ព​ ដើម្បីសង់ផ្ទះ​រស់នៅ ហើយ​​ពុំបាន​​ទៅចាប់យកដីរដ្ឋ​ដោយខុសច្បាប់ ដូចការ​ចោទប្រកាន់នោះឡើយ។

ករណីនេះ លោកយល់ថា អាជ្ញាធរខេត្ត ត្រូវ​មានវិធានការ​ឡើងវិញ ក្នុង​កា​រសម្រប​សម្រួល និង​​​ផ្សព្វផ្សាយ​ដល់​​​ប្រជាពលរដ្ឋ​ដែលកំពុង​ភ័យ​ខ្លាច​​ពីការ​ចាប់ខ្លួន ឱ្យ​ពួកគាត់​​មក​ចូលរួម​ឡើង​វិញ ក្នុង​កា​រពិភាក្សា​ពីការ​ដោះ​​​ដូរ​ដីទៅកាន់តំបន់ថ្មី ហើយ​​អាជ្ញាធរ​ក៏ត្រូវ​ពន្លឿន​ការ​​រៀបចំ​ហេដ្ឋា​រច​នា​​សម្ព័ន្ធ​ នៅតំបន់ថ្មីនោះជូនពលរដ្ឋ​​ផង​ដែរ។​​

លោកថា៖ «យើងចង់ឃើញអាជ្ញាធរ សមត្ថកិច្ច​ រួមគ្នាខិត​ខំធ្វើការ​ដោះស្រាយ​ ពន្លឿនការ​ដោះស្រាយ​ ពន្លឿន​​ការ​រៀបចំកន្លែង​ដី​​ដែល​ធ្វើការ​បែង​ចែក​ឱ្យ​ពួក​គាត់​ ឱ្យ​បានលឿន​ ឱ្យ​បាន​ឆាប់​​ ដែល​អាច​ធ្វើទៅបាន ជាជាង​នាំគ្នា​ខិត​ខំប្រឹង​ប្រែង​រក​បទ​ល្មើស​​ដើម្បីចាប់​ និង​ដើម្បី​ចោទ​ប្រកាន់​​​ទៅលើ​ពួក​គាត់​នោះ​»

បើតាម​ក្រុមប្រជាពលរដ្ឋ ដីដែលពួកគាត់អះអាង​ថា មិនស្ថិត​ក្នុង​តំបន់​ការ​ពារ​បៃតង​នោះ គឺ​ពួកគាត់ បានទិញ​ដី​បន្តពី​ក្រុមកងទ័ព​ កាល​ពីអំឡុង​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៣​ ដើម្បី​សាង​សង់ផ្ទះ​​​រស់​នៅ និងអ្នកខ្លះបាន​សាង​​សង់ជា​រីស៊ត ហើយ​​កា​រទិញលក់នោះ ក៏​មានឯកសារ​ត្រឹម​ត្រូវ​​ដែល​​ទទួលស្គាល់ដោយ​អាជ្ញាធរ​មូល​ដ្ឋាន​​ផងដែរ តាំងពីក្រោម​កា​រ​ដឹកនាំរបស់អភិបាល​ខេត្តចាស់ លោក ម៉ៅ ធនិន។

កាលពីឆ្នាំ​១៩៩២ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់សច្ចាប័ន​​ជាមួយអង្គ​ការសហ​ប្រជាជាតិ​ ​លើកតិការ​​សញ្ញា​​អន្តរ​ជាតិ ស្តីពី​​សិទ្ធិ​សេដ្ឋកចិ្ច សង្គម​កិច្ច និង​វប្បធម៌ ដែល​រាប់បញ្ជូលទាំងសិទ្ធិលំនៅដ្ឋានសមរម្យ និងការ​​ធានាសិទ្ធិ​រស់រាន​មាន​ជីវិត។

បើតាមចំនុច៦ នៃកតិការសញ្ញាអន្តរជាតិ ការបណ្តេញចេញដោយបំពាន គឺជាការរំលោភបំពាន​ដ៏កម្រោល លើសិទ្ធិមនុស្សជាច្រើន ដែល​បានទទួលស្គាល់ជាអន្តរជាតិ រួមទាំងសិទ្ធិមាន​ផ្ទះសម្បែង អាហារ ទឹក សុខភាព ការអប់រំ ការ​ងារ សន្តិសុខ សេរីភាពចាកផុតពីការប្រព្រឹត្តឃោឃៅ អមនុស្សធម៌។

លើសពីនេះ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទ​ទួ​លការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ