វៀតណាមចាប់ខ្លួនព្រះសង្ឃ​និង​ខ្មែរ​ក្រោម​៣អង្គ​/នាក់​​ទៀ​ត​​នៅ​​ខេត្ត​ព្រះ​ត្រពាំង

ព្រះសង្ឃ និងពលរដ្ឋខ្មែរ​ក្រោម​សរុប​៣អង្គ/នាក់​ទៀត នៅ​ខេត្ត​ព្រះ​ត្រពាំង ទឹក​ដី​ក​ម្ពុជា​ក្រោម ត្រូវ​អាជ្ញាធរ​វៀត​ណាម​​ចាប់​ខ្លួន​ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា​នេះ ចោទ​ពី​បទ «កេង​​ចំណេញ​​លើ​​សិទ្ធិ និង​​លទ្ធិ​ប្រជា​ធិបតេយ្យ» ពាក់​ព័ន្ធ​នឹង​ការ​ទាម​ទារ​សិទ្ធិ​ជាជន​ជាតិ​ដើម​ដែល​ការ​ពារ​ដោយ​ច្បាប់​អន្តរ​ជាតិ។

ប្រភពសំឡេងខ្មែរក្រោម​ (Voice of Kampuchea Krom – VOKK) បាន​និយាយថា​ ព្រះ​តេជ​ព្រះគុ​ណ គឹម សំរិន្ទ លោក ថាច់ ង៉ា និង លោក ថាច់ ស្វឹង​ដុង ត្រូវ​ស្នងការ​នគរ​បាល​វៀត​ណាម​ចាប់​ខ្លួន នៅ​តាមផ្ទះ​រៀ​ង​ៗខ្លួន នៅ​ថ្ងៃទី​២៧ ខែ​មី​នា​នេះ។

តាម​ប្រភពនោះ អ្នកត្រូវចាប់ខ្លួន រង​ការ​ចោទ​ពី​បទ «កេង​​ចំណេញ​​លើ​​សិទ្ធិ និង​​លទ្ធិ​ប្រជាធិប​តេយ្យ» តាម​​មាត្រា​​៣៣១ ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ​​​នៃ​ប្រទេស​វៀត​ណាម ខណៈ​ព្រះ​សង្ឃ និង​​សកម្ម​ជ​ន​ទាំង ២​រូបនេះ​ជា​អ្នក​សកម្ម​​ក្នុង​​ការ​តស៊ូ​មតិ ដើម្បី​​សិទ្ធិ​​ជាមូល​ដ្ឋាន​របស់​​ខ្លួន ​ជាជន​ជាតិ​ដើម​នៃ​​ដែ​ន​ដី​​កម្ពុជា​ក្រោម ។

ព្រះតេជព្រះគុណ គឹម សំរិន្ទ (Kim Som Rinh) ព្រះជន្ម ៤៦​ឆ្នាំ សាង​ផ្នួស​នៅ​វត្ត​អារុណ​រង្សី ឋិត​នៅ​ក្នុងស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង។

ខ្មែរនៅកម្ពុជា​ក្រោម​ម្នាក់ ដែលឃើញហេតុការណ៍​សុំមិនបញ្ចេញឈ្មោះ អះអាងថា ពិត​ជា​មាន​ករណីចាប់​ខ្លួន​មែន ដែល​គាត់​អំពាវ​នាវ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ជួយ​អន្តរាគមន៍​ឱ្យ​ដោះលែង​វិញ។

គាត់ថា៖ «គាត់ថាឱ្យបញ្ជូនទៅខេត្តព្រះត្រពាំង ហើយការឃុំខ្លួនហ្នឹង៣ខែ ពីថ្ងៃទី២៧ ខែមីនានេះ ដល់ថ្ងៃខែ៦ អីចឹង សំណូមពរ​ឱ្យខាងសហព័ន្ធអន្តរាគមន៍ ឱ្យអាជ្ញាធរជួយដោះលែងចេញមកវិញ»។

ដោយឡែក សហព័ន្ធខ្មែរក្រោមនៅ​អូស្រ្តាលី លោក លឹម ណារ៉ា យល់​ថា ទង្វើនេះ​ជា​ការ​រំលោភ​សិទ្ធិ​ជាជន​ជាតិ​ដើម និង​​អមនុស្ស​ធម៌​បំផុត។

លោកបន្តថា សហព័ន្ធខ្មែរក្រោម​នៅអូស្រ្តាលី នឹងថ្កោល​ទោស​អាជ្ញាធរវៀត​ណាម ដើម្បី​ជំរុញ​ឱ្យ​មានការ​ដោះ​លែង​ជាបន្ទាន់។

លោកថា៖ «នេះជាទង្វើព្រៃផ្សៃរំលោភសិទ្ធិមនុស្ស អមនុស្សធម៌ វៀតណាមហៅយួនហ្នឹង តែងតែរំលោភបំពានទៅលើសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម ហើយយើងដែលជាអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញពិភពលោក គឺយើងនឹងធ្វើលិខិថ្កោលទោស ហើយនឹងជម្រាបដល់អង្គការសិទ្ធិមនុស្សអន្តរជាតិ ឲ្យដាក់គំនាបអាជ្ញាធរយួនហ្នឹង ត្រូតែដោះលែងសកម្មជន ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលគាត់រងនូវអយុត្តិធម៌បែបហ្នឹង»។

សម្រាប់ ប្រធានក្រុមប្រឹក្សា​​​​​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ ជា​រឿងអយុត្តិ​ធម៌ និង​មិន​មាន​ការ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម ខណៈ​កម្ពុជា​ក្រោម​ក៏ជា​សមាជិក​នៃ​អង្គ​ការ​UNPO ដែល​មានសិទ្ធិ​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់ខ្លួនលើទឹកដី​កំណើត។

លោកថា៖ «រដ្ឋាភិបាលវៀតណាម អាជ្ញាធរវៀតណាម ដែលបំពានសិទ្ធិមនុស្ស ចាប់ពលរដ្ឋខ្មែរក្រោមទាំងព្រះសង្ឃ ទាំងគ្រហស្ថហ្នឹងដាក់ពន្ធនាគារតាមទំនើងចិត្ត វាជារឿងអយុត្តិធម៌ ហើយវារំលោភនឹងកតិកាសញ្ញា សន្ធិ​​សញ្ញានានា ដែលពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិ ក្នុងនាមដែលវៀតណាម ក៏ជាសមាជិកនៅអង្គការសហប្រជាជាតិដែរ ដូច្នេះវៀតណាមគួរណាស់តែគោរពនូវកិច្ចព្រមព្រៀងសន្ធិសញ្ញា និងកត្តិកាទាំងឡាយ ដែល​​ឯកសារច្បាប់ដ៏រឹងមាំរបស់អង្គការសហប្រជាជាតិហ្នឹង»។

បន្ថែមពីនេះ លោកក៏អំពាវនាវឱ្យ​រដ្ឋាភិបាលវៀតណាម ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ប្រភពនោះ រំឭកថា ព្រះតេជព្រះគុណ គឹម សំរិន្ទ បានសាង​រូប​សំណាក់ ឧកញ៉ា សឺន គុយ កាល​ពី​​ឆ្នាំ​២០២៣ បន្ទាប់​មក​អាជ្ញាធរ​វៀត​ណាម បាន​បណ្ដេញ​ព្រះ​អង្គ​ចេញ​ពី​វត្ត​កំណើត ហើយ​ព្រះអ​ង្គ​បាន​កសាង​អា​ស្រ​ម​មួយ នៅ​លើ​ដី​ភូមិផ្ទះ​របស់​ព្រះ​អង្គ សម្រាប់​គង់​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ប្រ​ភពនោះ បញ្ជាក់ថា នៅថ្ងៃទី​២៧ ខែមីនានេះ អាជ្ញាធរ​វៀត​ណាម បាន​ឡោម​ព័ទ្ធ​ផ្ទះ ដោយ​ចាប់​ផ្សឹក និង​បាន​បញ្ជូន​​ព្រះ​​អង្គ ទៅ​មន្ទីរ​នគរបាល​ខេត្ត​ព្រះ​ត្រពាំង ព្រឹកនេះ។

ដោយឡែក លោក ថាច់ ង៉ា (Thach Nga) អាយុ ៣៥​ឆ្នាំ នៅភូមិមេពាំង ឃុំឫស្សីស្រុក ស្រុក​កំពង់ស្ពាន ខេ​ត្ត​ព្រះត្រពាំង និង​លោក ថាច់ ស្វឹង ដុង (Thach Xuan Dong) អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​ជ្រៃ​ភេ ស្រុក​កញ្ចោ​ង ខេត្ត​ព្រះ​ត្រពាំង ក៏​ត្រូវ​នគរបាល​វៀត​ណាម មក​ដល់​ផ្ទះ និង​ចាប់​ខ្លួន​នៅ​ថ្ងៃដ​ដែល ពីបទចោទ​ដូច​គ្នា។

ប្រភពនោះ ឱ្យដឹងទៀត​ថា ព្រះតេជ​​គុណ គឹម សំរិន្ទ លោក ថាច់ ង៉ា និង លោក ថាច់ ស្វឹង ដុង ជាអ្ន​ក​ធ្វើ​​ការ​តស៊ូ​មតិ​យ៉ាង​សកម្ម និង​អង់​អាច​ក្លាហាន ក្នុងបុព្វហេតុសិទ្ធិជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជាក្រោម ក្នុ​ង​នោះ មាន​រៀបចំពិធី​បុណ្យ​ជាតិ ៤​មិថុនា ទិវា​សិទ្ធិនារី​អន្តរជាតិ ៨មីនា ទិវាសិទ្ធិ​មនុស្ស ១០​ធ្នូ និងទិវាអង្គការ​សហប្រជាជាតិ​ អនុ​ម័ត​សេចក្ដី​ប្រកាស​សិទ្ធិ​ជន​ជាតិ​ដើម (UNDRIP) ជាដើម។

ក្រៅពីនេះ បានចូលរួមផ្សព្វផ្សាយសៀវភៅ​ស្ដីពីសិទ្ធិជន​ជាតិ​ដើម និងសិទ្ធិមនុស្ស ព្រម​ទាំង​លើក​ទង់តំណាង​ខ្មែរ​ក្រោម នៅ​តាម​ផ្ទះ​ទៀត​ផង។ ជាពិសេស ពួកគាត់​តែង​តែ​ដាក់​ញត្តិ​ផ្សេងៗ ស្នើ​ទៅ​រដ្ឋាភិ​បាល​វៀត​ណាម ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម ពេល​ពួក​គាត់​ឃើញ​បញ្ហា​រំលោភ​សិទ្ធិ​ណា​មួយ មក​លើខ្មែរ​ក្រោម ។

កាល​ពីថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ តុលាការវៀតណាម បាន​ផ្តន្ទាទោស​ព្រះ​​សង្ឃ​ និង​​សកម្មជន​​ខ្មែរ​ក្រោម​ចំនួន ៩ អង្គ/នាក់ ដាក់​ពន្ធនាគារ​​ចន្លោះពី ២ឆ្នាំ​ ទៅ ៦​ឆ្នាំ ពី​បទ «កេង​​ចំណេញ​​​លើ​សិទ្ធិ​​សេរីភាព និង​​លទ្ធិ​ប្រជាធិប​តេយ្យ» ។

អាមេរិក ធ្លាប់ជំរុញឱ្យវៀត​ណាម គោរពសិទ្ធិ​បុគ្គល ក្នុង​ការ​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​បង្កើតសមាគម ជាពិសេស​ការ​គោរព​ជំនឿ​សាសនា ដែ​លមិន​អាច​រំលោភ​បំពាន​បាន។

ទឹកដីកម្ពុជាក្រោម មានខេត្តចំនួន២១ខេត្ត-ក្រុង។ ទឹកដី​កម្ពុជា​ក្រោម ធ្លាក់​ក្នុង​ដៃ​វៀតណាម​គ្រប់​គ្រង ចាប់​តាំង​ពី​ឆ្នាំ​១៩៤៩ តាម​អំណាច​អាណានិ​គម​និយម​បារាំង។

គិតត្រឹមឆ្នាំ២០២៥ នេះ ទឹកដីកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រា​របស់​វៀត​ណាម អស់​រយៈ​ពេល ៧៦​ឆ្នាំ​ហើយ។ នៅកម្ពុជា​ក្រោម វត្ត​អារាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ឃ្លាំង​វប្បធម៌ ជា​ទី​កន្លែង​ថែ​រក្សា ការ​ពារ​អត្ត​សញ្ញាណ​របស់​ខ្មែរ​​ក្រោម​ទាំង​មូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ