ក្រសួងការងារ អះអាងថា គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៨ ខែមីនានេះ ខ្លួនមិនទាន់ទទួលដំណឹងថា ពលករខ្មែរស្នាក់នៅប្រទេសថៃ រងគ្រោះដោយគ្រោះរញ្ជួយដីនៅឡើយទេ។
នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ចុះថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៥នេះ ដែលគេបង្ហោះនៅលើគេហទំព័ររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្រសួង និយាយថា តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ នៅវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានគ្រោះរញ្ជួយដី បានកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ នៃប្រទេសថៃ ដែលបណ្តាលឱ្យមានការបាក់រលំអគារ និងការដ្ឋានសាងសង់មួយចំនួន។
ក្រសួងបញ្ជាក់ថា តាមព័ត៌មានបឋម គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ (មិនទាន់មានការបញ្ជាក់សញ្ជាតិ) ដោយឡែកមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ។
បន្ថែមពីនេះ ក្រសួងថា ខ្លួនកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះរញ្ជួយដីនេះ ដោយសហការជាមួយអាជ្ញាធរថៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ដើម្បីត្រៀមលក្ខណៈផ្តល់ការគាំពារឱ្យបានទាន់ពេលវេលាដល់ពលករខ្មែរ ក្នុងករណីរងផលប៉ះពាល់៕