គណបក្សភ្លើងទៀន បាននិយាយថា ខ្លួននឹងរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធជូនវីរបាតុករ ដែលបានបាត់បង់ជីវិត ក្រោយការវាយប្រហារដោយគ្រាប់បែកដៃ នៅមុខរដ្ឋសភា កាលពីជិត៣០ឆ្នាំមុន ក្រោមហេតុផលថា ដើម្បីគោរពវិញ្ញាណក្ខន្ធដែលបានស្លាប់ ដោយសារបុព្វហេតុទាមទារឱ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌។
គណបក្សភ្លើងទៀន និយាយក្នុងលិខិតចុះថ្ងៃទី២៨ ខែមីនានេះថា ការរៀបចំពិធីដើម្បីគោរពវិញ្ញាណក្ខន្ធវីរបាតុករ ដែលបានបាត់បង់ជីវិតដោយអំពើភេរវកម្មនៃការវាយប្រហារ ដោយគ្រាប់បែកដៃចំនួន ០៤គ្រាប់ មកលើក្រុមបាតុករអហិង្សា និងសន្តិវិធី។
បើតាមប្រភពនោះ ពួកគេទាំងនោះ ឈរទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធតុលាការ នៅមុខមន្ទីររដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
ពិធីបុណ្យបង្សុកូលនេះ នឹងប្រារព្ធធ្វើនៅថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង១១:៣០នាទី នៅបរិវេណស្តុបវីរបាតុករ មុខអតីតមន្ទីររដ្ឋសភា ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ មានជនមិនស្គាល់មុខមួយក្រុម បានវាយប្រហារដោយគ្រាប់បែកដៃចំនួន៤គ្រាប់ ទៅលើហ្វូងបាតុករ ដែលដឹកនាំដោយ លោក សម រង្ស៊ី ពេលនោះជាប្រធានគណបក្សសម រង្ស៊ី ជំរុញការកែទម្រង់ប្រព័ន្ធតុលាការ។
ដោយបំគ្រាប់បែកផ្ទុះ មនុស្សយ៉ាងហោច ១៦នាក់ បានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាម និងជាង១០០នាក់ផ្សេងទៀត បានរងរបួស រីឯជនដៃដល់រដ្ឋាភិបាលរកមិនទាន់ឃើញរយៈពេលជិត៣០ឆ្នាំទៅនេះ៕