រដ្ឋាភិបាលរង​កា​រ​រិះគន់​ថា​កំពុ​ងផ្ញើ​សារ​បែប​លើក​ទឹក​ចិត្ត​ពួក​ឧក្រិដ្ឋ​ជន​នៅ​កម្ពុជា

ការដែលរដ្ឋាភិបាល​បាន​និយាយ​ថា កម្ពុជា ជា​ប្រទេស​រង​គ្រោះ​ពី​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន ជំរុ​ញឱ្យ​មាន​ការ​រិះ​​គន់​​ថា ​​​​សា​​រ​នេះ​​ប្រៀប​បាន​នឹង​លើក​ទឹក​ចិត្ត​ពួក​ឧក្រិដ្ឋ​ជន​លាក់​មុខ​ក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​ធ្វើ​​​ឱ្យ​ព​ល​រដ្ឋ​​​​ច្រើន​លាន​នាក់​ទៀត រង​គ្រោះ បើ​គ្មាន​ការ​កែ​លម្អ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បាននិយាយ​ក្នុង​កម្មវិធី​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ជាតិ ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០២៤ កាល​ពី​ថ្ងៃទី​២៧ ខែ​មីនា​នេះ​ថា «ប្រទេស​កម្ពុជា ក៏​ជាប្រទេស​មួយ​ដែល​រ​ង​គ្រោះ​ ដោយ​ការ​គំរាម​កំហែង​ពី​បទ​ល្មើស​ឆ្លង​ដែន​ដែរ»។

លោកគូសបញ្ជាក់ថា បញ្ហាទាំង​នោះ មានជាអាទិ៍ បទល្មើស​ជួញ​ដូរ​មនុស្ស បទ​ល្មើស​ជួញ​ដូរ ចែក​ចាយគ្រឿង​ញៀន និង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាដើម។

ប្រព័ន្ធផ្សាយ​របស់​ក្រសួង​មហាផ្ទៃ ក៏បា​ន​លើក​ឡើង​ដែរ​ថា តាម​របាយ​ការណ៍​ដែល​បង្ហាញ​ដោយ​រដ្ឋ​លេ​ខាធិ​ការ​ក្រសួង​​មហា​ផ្ទៃ ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង អំពើ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ឆ្នាំ​២០២៤ មាន​ការ​កើន​ឡើង​ដល់​ទៅ ២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​​២០២៣។

យ៉ាងណា អ្ន​កស្រី​បញ្ជាក់​ថា កំណើន​នៃ​ការ​ហក់​ឡើង​នេះ គឺ​ជា​បញ្ហា​ប្រឈម​សម្រាប់​ពិភព​លោក ពោលមិន​ចំពោះ​តែ​ប្រទេស​ណាមួយ​នោះ​ទេ។

អ្នកស្រីថា៖ «ពាក់ព័ន្ធទៅនឹងស្ថានភាពនៃអំពើជួញដូរមនុស្ស​នៅ​កម្ពុជា យើង​អាច​និយាយ​បាន​ថា​ចូលមក​ដល់​ឆ្នាំ​២០២៤​នេះ យើង​មិន​ឃើញ​មាន​ការ​ថយ​ចុះ​នោះ​ទេ ហើយ​យើង​បែរ​ជា​រក​ឃើញ​ករណី​ច្រើន​ជាង​ឆ្នាំ​មុន រហូត​ដល់​ទៅ​ប្រមាណ​ជា​២០% ដែល​ភាគ​ច្រើន​កើន​ក្នុង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ដែល​យើង​ឃើញ​មាន​ក្មេង​ ឬ​យុវ័យ​រង​គ្រោះ​ទៅ​ក្នុង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ»។

ការលើកឡើងរបស់​ លោក ស សុខា នៅថ្ងៃទី២៧ ខែ​មិនា​នេះ ហាក់​ផ្ទុយ​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់លោក នៅ​​ថ្ងៃទី​​១​៣ ខែមីនា ពោល​គឺ​នៅ​ក្នុង​ខែ​តែ​មួយ ដែល​លោក​អះអាង​បែប​ទទួល​ស្គាល់​ថា ការ​ហក់ឡើង​នៃ​​ប​ញ្ហា​​គ្រឿ​​ង​​ញៀន​នៅ​កម្ពុជា នឹង​មិន​អាច​ទៅ​រួច​ទេ បើ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ខិល​ខូច​នោះ។

ក្រៅពីថ្លែងទទួលស្គាល់​ថា បទ​ឧក្រិដ្ឋ​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ជំនាញ លោក​ក៏​ព្រមាន​ផង​ដែរ ឱ្យ​មន្ត្រី​​ពាក់​ព័ន្ធ​ប្រញាប់​ដក​ខ្លួន បើ​មិន​ចង់​បាត់​បង់​តំណែង។

លោកថា៖ «ខ្ញុំជឿជាក់ថា បញ្ហាគ្រឿងញៀននេះ បើគ្មានការពាក់ព័ន្ធទៅនឹងផ្ទៃក្នុងទេ អ្នកពាក់ព័ន្ធទេ បែបគ្រឿងញៀននេះវាមិនសូវធំដល់ប៉ុណ្ណេះទេ សម្រាប់កិច្ចការនេះ សុំក្រសួងមានការយកចិត្តទុកដាក់ និងពង្រឹងនិងពន្លាតការស្រាវជ្រាវ ហើយស្រាវជ្រាវមិនមែនតែត្រឹមស្រាវជ្រាវទៅពួកអ្នកជួញដូរទេ ការស្រាវជ្រាវពេលខ្លះពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់យើង ត្រូវតែស្រាវជ្រាវផងដែរ»។

ចំណែក ស្ថាបនិកគណបក្សកែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន ទទួល​ស្គាល់​ថា ប្រទេស​ណា​ក៏​មាន​អំពើ​ជួញ​ដូរ​មនុស្ស ឬ​អំពើ​ឆបោក​ ចា​ប់​ជំរិ​តដែរ ប៉ុន្តែ​គេ​បង្រ្កាប​និង​ទប់​ស្កាត់​បាន។ លោក​ហាក់​ស្តី​បន្ទោស​ថា ខុស​អ្វី​តែ​​កម្ពុជា ហេតុ​អ្វី​មិន​អាច​បង្រ្កាប​ឬ​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព បណ្តោ​យ​ឱ្យ​​ករណី​ទាំង​អស់​នេះ នៅ​តែ​បន្ត​កើត​ឥត​ឈប់​ឈរ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាជន​ទៅ​វិញ។

លោកបារម្ភថា បើករណីជួញដូរមនុស្ស អំពើ​ឆបោក បញ្ហា​គ្រឿង​ញៀន នៅ​តែ​មិន​អាច​បង្រ្កាប​ឬទ​ប់​ស្កាត់បាន វា​នឹង​បង្ក​ផ​ល​ជះអាក្រក់​ដល់​មុខ​មាត់​កម្ពុជា គឺ​កម្ពុជា​បន្ត​ស្អុយ​ឈ្មោះ​លើ​ឆាក​អន្តរ​ជាតិ។

លោកថា៖ «បញ្ហាទៅអនាគតយើងដឹងច្បាស់ណាស់ កាលណាមាបញ្ហាអស់នេះ ទី១ វាធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាខ្លួនឯង ទី២វាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ព្រោះកាលណាបញ្ហាច្រើន និង វិនិយោគទុនគេមិព្រមមកការដាក់វិនិយោគនៅក្នុងប្រទេសយើង ហើយវាប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ វាប៉ះពាល់ដល់ការអភិវឌ្ឍសង្គម ហើយវាប៉ះពាល់ដល់អនាគតកូនចៅរបស់យើង»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍​ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់​ថា អំពើ​ពុករលួយ​ និង​កម្សោយ​​កា​រ​អនុវត្ត​ច្បាប់ ក៏​ជា​កត្តា​ជំរុញ​ឱ្យ​បញ្ហា​ទាំង​នេះ បន្ត​កើត​មាន​ក្នុង​សង្គម​កម្ពុជា​ផង​ដែរ​។

លោក​បន្ត​ថា បើ​ក​ម្ពុជា​​​មិ​​ន​​អា​​ច​​ទ​ប់ស្កា​ត់បញ្ហា​នេះទេ​ វានឹងបង្កផលប៉ះពា​ល់​​ដ​​ល់វិស័យវិនិយោគ ដែលបញ្ហា​នេះ លោកផ្តល់ជាយោបល់​ថា ​​រដ្ឋាភិ​បាល​ត្រូវ​ហ៊ា​​នវះ​កាត់​​មន្ត្រី​​ពុក​​រលួយ ទើប​អាច​ទប់​ស្កាត់​បាន។

លោកថា៖ «ទី១ យើងមិនអាចស្ដារមុខមាត់ កិត្តិយសហើយរក្សាសេចក្ដីថ្លៃថ្នូរជូនសង្គម ទី២គឺយើងពិបាកនៅក្នុការចៀសផុតពីការដាក់ទណ្ឌកម្មផ្សេងៗ ឬក៏ការទម្លាក់កំហុសផ្សេងៗមកលើកម្ពុជា ហើយនិងចំណុចទី៣ គឺយើងមិនអាចដោះស្រាយបញ្ហាបាន ហើយចំណុចចុងក្រោយ បង្ហាញអំពីសមត្ថភាពរបស់យើងគឺនៅមានកម្រិត ដែលបញ្ហាទាំងអស់នេះ វានឹងក្លាយជាបញ្ហាមួយដែលអាចធ្វើឲ្យប្រជាពលរដ្ឋ មានការបាត់បង់ជំនឿ ឬក៏លែងទុកចិត្តទៅលើការអនុវត្តច្បាប់របស់មន្ត្រីរបស់រដ្ឋាភិបាល»។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយថា លោកគ្មាន​ជំនឿលើ​សារ​ព្រមាន​នេះ​ទេ ដោ​​យ​ថា ក្រសួង​មហាផ្ទៃ គ្មាន​អំណាច​អ្វី​ទៅ​វះ​កាត់​បញ្ហា​នេះ​ទេ បើ​គ្មាន​ភ្លើង​ខៀវ​ពី​គ្រួសារ​ហ៊ុន ខណៈ​ឧ​ក្រិដ្ឋ​​ជន​ជា​ច្រើន​ ជា​មនុស្ស​ស្និទ្ធ​និង​ជា​សាច់​ញាតិ​ លោក ហ៊ុន សែន នោះ។ ​

លោកថា៖«ករណីល្បីល្បាញគេ​ចុះ​ផ្សាយ​ទាំង​កាសែតជាតិ និងអន្តរជាតិអី​នានា ដូច​ជា​ កុក អាន ដូចជា​ ​លី យ៉ុង​ផាត់ ដូចជា ​ហ៊ុន តូ អីនោះ អាហ្នឹង​ដែ​ត្រូវ​ស៊ើបអង្កេត ព្រោះ​អ្នកទាំង​អស់​ហ្នឹងជំពាក់​​ជំពិនរឿងជួញដូរធំណាស់​ ដែលមាន​ទំ​ហំទឹកប្រាក់​ពាន់លានដុល្លារ​​​ ចាត់វិធានការ​លើ​អ្នក​អស់​ហ្នឹង​​ ហើយ​​អត់ដែលឃើញ​ក្រសួង​មហាផ្ទៃ ឬនា​យ​ករដ្ឋមន្ត្រី ទៅចាត់វិធានការ​អ្ន​អស់​ហ្នឹង​ផង​ហ្នឹង​​ ហើយទៅធ្វើម៉េច​ទៅបង្ក្រាបបទល្មើស​អស់ហ្នឹង​បាន»។

ដោយឡែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា និយាយប្រាប់VODនៅថ្ងៃទី២៨ ខែមី​នា​នេះ​ថា ក្រុម​ឧក្រិដ្ឋ​ជន​អាច​ប្រព្រឹត្តិ​អំពើ​ជួញ​ដូរ​មនុស្ស ឬ​អំពើ​ឆបោក​បាន គឺ​ដោយ​សារ​តែ​ការអនុវត្ត​ច្បាប់​នៅ​មាន​ភាព​ធូររលុង ចន្លោះ​ប្រហោង ឬ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ និង​បក្ខ​ពួកនិយម​ជាដើម។

លោកថា៖ «ឧក្រិដ្ឋជនវាជាសារធាតុ ប៉ុន្តែសម្រាប់យើងជាមន្ត្រីជាអ្នកអនុវត្តច្បាប់ទេ ដែលត្រូវតែពង្រឹងធ្វើម៉េចកុំឲ្យពួកឧក្រិដ្ឋជនមកធ្វើបង្កព្យុះភ្លៀង ឬក៏ចូលមករស់នៅ ឬក៏ចូលដល់ទឹកដីកម្ពុជាយើង ដោយសេរីដោយធូររលុងបែបហ្នឹងបាន អាហ្នឹងវាជារឿងការពង្រឹងសមត្ថកិច្ច មិនមែនជារឿងរបស់ឧក្រិដ្ឋជនទេ»។

សម្រាប់ លោក នី សុខា​ បង្ហាញក្តីបារម្ភថា​ បញ្ហានេះ​​នឹ​ង​បង្ក​ឱ្យ​មាន​​​​បទ​ឧ​ក្រិដ្ឋ​​ច្រើន​​ទៀត អាច​​នឹង​​កើត​ឡើង​​នៅ​​កម្ពុជា បើរដ្ឋាភិបាលមិនពង្រឹងវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។

លោកបន្តថា បើបញ្ហានេះ នៅតែបន្តអូសបន្លាយ ផល​លំបាកធំមួយទៀត​របស់​កម្ពុជា​នោះ គឺ​​ឧក្រិដ្ឋ​​ជន​នឹង​​​ប្រើ​​​​ប្រាស់​​​​ដែ​នដីក​ម្ពុជាធ្វើជាកន្លែ​ងឆបោក ឬប្រព្រឹត្តិអំពើទុច្ចរិតជាច្រើន បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ។​

លោកថា៖ «ប្រជាពលរដ្ឋបាត់បង់នូវជំនឿ​ទៅលើសមត្ថកិច្ច​របស់​រដ្ឋាភិបាល ក្នុង​ការ​ដែល​ធានា​ដល់​សុវត្ថិ​ភាព​ដល់​សន្តិ​សុខ​របស់​ប្រជា​ពលរដ្ឋ ពីព្រោះ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​មួយ វា​ត្រូវ​តែ​មាន​ការ​ធានា​សន្តិ​សុខ​ពី​រដ្ឋាភិ​បាល ពិសេស​គឺ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដូច​​ជាប៉ូលិស​ជាដើម ដូច្នេះ​ប្រសិន​រឿង​ហ្នឹងកើត​មាន​ឡើង​ហើយ​ចេះ​តែ​បន្ត​កើត​មាន​ឡើង​បន្ត​ទៅ​មុខ​ទៀត ការ​យើង​មិន​ឃើញ​មាន​អ្វី​ដែល​ជា​ចំណាត់​ការ​មួយ​ ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់​ក្តៅ នោះ​ប្រជាពលរដ្ឋ​កាន់​តែ​អស់​ជំនឿ​ចិត្ត»។

កាលពីឆ្នាំ២០២២ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាន​ដាក់កម្ពុជា ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញ​ដូរមនុស្ស​ឆ្លង​ដែន ដូចប្រទេសមួយចំនួន​ក្នុងតំបន់អាស៊ី ដោយ​អះអាង​ពី​ការ​រក​ឃើញ​ថា «រាជធានី-ខេត្តទាំង​​២៥​របស់​ប្រទេស​កម្ពុជា គឺ​ជា​ប្រភព​នៃ​ការ​ជួញ​ដូរ​មនុស្ស» ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​ឆបោក​តាម​អនឡាញ​ មាន​មន្ត្រី​មួយ​ចំនួន​សម​គំនិត​ក្នុង​ប្រតិប​ត្តិ​ការ​នេះ។

បន្ថែមពីនេះ អំឡុងខែកញ្ញា ឆ្នាំ២០២៤ អាមេរិក​ដាក់​ទណ្ឌ​កម្ម ឧកញ៉ា លី យ៉ុងផាត់ ពីបទ​ជួញ​ដូរ​មនុស្ស និង​ប្រតិ​បត្តិ​ការ​បោក​ប្រាស់​តាម​អន​ឡាញ ដែល​លោក លី យ៉ុងផាត់ ជា​មនុស្ស​ស្និទ្ធ​នឹង​ លោក ហ៊ុន សែន មាន​តំណែង​ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា។

វិធាននេះ អាមេរិកបានដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិ ក្រុមហ៊ុនរបស់ លោក លី យ៉ុងផាត់ ដោយសំអាង​ពី​កា​រ​រក​ឃើញ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ដូច​ជា​ការ​ជួញ​ដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ប្រតិ​បត្តិ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីន​ធឺណែត។

ដោយឡែក បញ្ហាគ្រឿងញៀនវិញ រដ្ឋាភិបាល​បាន​ប្រកាស​ធ្វើ​យុទ្ធនការ​បោស​សម្អាត​តាំ​ងពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ច្រើន​ឆ្នាំ​ទៅ​នេះ របាយ​ការ​ណ៍​ប្រចាំ​ឆ្នាំរ​បស់​ក្រសួង​មហា​ផ្ទៃ រក​ឃើញ​មាន​ការ​កើន​ឡើង​ជា​លំដាប់។

ជា​ពិសេសនៅឆ្នាំ​២០២៤ គិត​ត្រឹម​១១ខែ អាជ្ញាធរ​រឹប​អូស​បាន​គ្រឿង​ញៀន​ជាង ១៣តោន​(១៣,៣) កើន​ឡើង​ជិត​៥ដង ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០២៣ ដែល​រឹប​អូស​បាន​តែ ២តោន (២,៨៥)។

រីឯសំបុក្រឧក្រិដ្ឋឆបោកតាមអនឡាញវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​ ដូច​ជានៅ​ខេ​ត្ត​ព្រះ​សីហនុ ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង ក្រុង​ប៉ោយ​ប៉ែត ជាដើម​ក្រោយ​ពី​ លោក ហ៊ុន សែន យកឧក្រិដ្ឋជន​មួយ​ចំនួន​​ធ្វើ​ជា​ទីប្រឹក្សា ដូច​ជា លោក លី យ៉ុងផាត់ និងលោក ចេន ហ្ស៊ី (Chen Zhi) ដែលតុលាការ​ចិន រ​ក​ឃើញ​ពាក់​ព័ន្ធ​​បទ​ឧក្រិដ្ឋ​អនឡាញ​ខុស​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ