ការដែល លោក ហ៊ុន សែន សម្តែងការសោកស្តាយបាត់បង់បងប្រុសម្នាក់ទៀត គឺលោក ហ៊ុន សាន នោះជំរុញឱ្យមានការទាមទារឱ្យស្តារប្រជាធិបតេយ្យ ដើម្បីផ្សះផ្សាមុខរបួសជនរងគ្រោះ ដោយថាអ្នករងគ្រោះពីប្រព័ន្ធយុត្តិធម៌ទាំងនោះ ចេះអាណិតអាសូរគ្រួសារពួកគេ ដូចមេដឹកនាំដូចគ្នាដែរ។
ការជំរុញនេះ ចំពេលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហាញការឈឺចាប់ក្រោយបាត់បង់បងប្រុសច្បង គឺលោក ហ៊ុន សាន ដែលទទួលមរណភាពដោយសារជំងឺ ខណៈភរិយារបស់លោកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។
តាមរយៈសំណេរលើហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមីនានេះ លោក ហ៊ុន សែន រៀបរាប់ថា ទោះបីមិនចង់ទទួលយកក៏ត្រូវតែទទួលយកការពិតនេះដែរ ដោយថា ការកើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិ ដែលមិនអាចចៀសវាងបាន។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយថា ក្នុងនាមជាតិសាសន៍ខ្មែរដូចគ្នាលោកចូលរួមទុក្ខសោកជាមួយ លោក ហ៊ុន សែន ដែរ ទោះបីជាលោកជាគូប្រជែងលើទីលាននយោបាយក្តី។
យ៉ាងណា លោកថា ក្នុងនាមលោក ហ៊ុន សែន ជាមេដឹកនាំមានគុណធម៌ម្នាក់ ក៏គួរគិតគូរទុក្ខលំបាកពលរដ្ឋផ្សេងទៀត ដែលកំពុងរងគ្រោះដោយសារការប្លន់ដីពីអ្នកមានអំណាច រាស្រ្តខ្លះចាញ់បោកឧកញ៉ាខិលខូច រហូតធ្វើអត្តឃាតក្រោមសម្ពាធបំណុល ជាដើម។
មិនតែប៉ុណ្ណោះ អ្នកនយោបាយជំទាស់ ក៏កំពុងព្រាត់ប្រាស់គ្រួសារមិនខុសពី លោក ហ៊ុន សែន នៅពេលនេះនោះទេ ដោយសារការប្រើតុលាការជាអាវុធបង្រ្កាបចាប់ចងដាក់ពន្ធនាគារ និងខ្លះរត់គេចទៅក្រៅប្រទេសជាដើម រីឯឃាតកម្មបាញ់សំលាប់មនុសុ្សក្រៅសំណាញ់ច្បាប់ ក៏ត្រូវបានគេកប់យុត្តិធម៌ចោលថែមទៀត។
លោកថា៖ «លោក ហ៊ុន សែន ក៏បានចាប់ឪពុករបស់គេ ប្អូនរបស់គេ ធ្វើជាចំណាប់ខ្មាំង អាហ្នឹងក៏ជាការបង្កការឈឺចាប់ដល់គេផងដែរ។ ដូចជាចាប់ឪពុក លោក ស៊ន ដារ៉ា ជាចំណាប់ខ្មាំងឃើញទេ! អាហ្នឹងបង្កការឈឺចាប់ណាស់ ដូច្នេះគាត់គួរតែមានសន្តានចិត្តអាណិតអាសូរចំពោះទុក្ខសោករបស់អ្នកដ៏ទៃ ដែលខ្លួនឯងកំពុងជួបប្រទះនេះផងដែរ។ គាត់គួរតែយល់ពីចិត្តរបស់គេផងដែរ កុំឲ្យតែគេទៅយល់ចិត្តរបស់គាត់ ចូលរួមរំលែកទុក្ខជាមួយគាត់ ប៉ុន្តែគាត់អត់ចូលរួមរំលែកទុក្ខ និងការឈឺចាប់ចំពោះគេវិញ អាហ្នឹងមិនមែនជាមេដឹកនាំដែលមានគុណធម៌ មេដឹកនាំអ៊ីចឹងជាមេដឹកនាំអាត្មានិយម»។
បើតាម លោក សំអាន ក្នុងពេលនេះ លោក ហ៊ុន សែន គួរងាកមកដឹកនាំប្រទេសដោយបើកលំហរសេរីភាពបញ្ចេញមតិ ស្តារប្រជាធិបតេយ្យ បញ្ឈប់ការរំលោភសិទ្ធិ ដោះលែងអ្នកទោសនយោបាយ រៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ ដើម្បីបញ្ឈប់នយោបាយសងសឹកដែល លោក ហ៊ុន សែន បង្រ្កាបខ្មែរគ្នាឯងច្រើនទស្សវត្សទៅនេះ។
តែលោកថា បើលោក ហ៊ុន សែន បន្តយុទ្ធសាស្រ្ត «ងើបមួយវៃមួយ» ដើម្បីតែអំណាចរបស់ខ្លួន នោះ វាសនារបស់លោកនឹងមិនខុសគ្នាពីមេដឹកនាំនៅប្រទេសផ្តាច់ការមួយចំនួនទេ ដែលថា ពលរដ្ឋនឹងទាញទម្លាក់តាមរយៈចលនាបះបោរណាមួយមិនខាន។
បងប្រុសច្បងរបស់លោក ហ៊ុន សែន គឺ លោក ហ៊ុន សាន បានទទួលមរណភាព នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
មុនការស្លាប់របស់ លោក ហ៊ុន សាន ៣ថ្ងៃ ពោលគឺនៅថ្ងៃទី២៥ ខែមីនា លោក ហ៊ុន សែន បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក ស្តីពីទុក្ខក្រៀមក្រំ ដោយភ្ជាប់នូវរូបថត និងឃ្លីបវីដេអូបង្ហាញពីស្ថានភាព លោកស្រី ប៊ុន រ៉ានី កំពុងភ្ជាប់អ៊ុកស៊ីហ្សែនសម្រាកលើគ្រែពេទ្យ។
តាមរយៈសារដែលលោក ហ៊ុន សែន លើកឡើងនៅកាលពី៣ថ្ងៃមុននោះ បង្ហាញថា រូបលោកកំពុងមានទុក្ខជាទម្ងន់ដោយភរិយាទើបឆ្លងកាត់ការវះកាត់ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំពេលបងប្រុសច្បងរបស់លោក កំពុងស្ថិតក្នុងដំណាក់កាលមិនអាចសង្រ្គោះបាន។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ តាមរយៈហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៨ ខែមីនានេះ ចាត់ទុកការឈឺចាប់របស់ លោក ហ៊ុន សែន អាចជាឧទាហរណ៍ឱ្យមេដឹកនាំរូបនេះ ជ្រាបច្បាស់ពីជម្រៅនៃការឈឺចាប់របស់ពលរដ្ឋខ្មែររាប់ពាន់គ្រួសារ ដែលព្រាត់ប្រាស់ដោយសារការបែកបាក់ជាតិដ៏អយុត្តិធម៌ ដែលលោកថា «ជាការឈឺចាប់ដ៏ក្ដៅងំ»។
សម្រាប់ លោក គឹម សុខ ការព្រាត់សាច់ញាតិទាំងនៅរស់ ឬព្រាត់ស្លាប់ និងសូម្បីតែបុណ្យសពលាចុងក្រោយក៏មិនអាចចូលរួមបានក្ដី ព្រោះតែការបែកបាក់ជាតិដ៏អយុត្តិធម៌ គឺមានសភាពធ្ងន់ធ្ងរ ដែលលោកថា ក្នុងចិត្តរាល់ថ្ងៃ និងកាន់តែឈឺខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកគូសបញ្ជាក់ថា៖ «គឺជាការឈឺចាប់ ដែលហាក់ដូចជាឮសំឡេងយំពេញប្រទេស និងលាន់សូរទូទាំងពិភពលោកជាប្រចាំ ដោយមិនចាំបាច់ពលរដ្ឋយំឲ្យឃើញហូរទឹកភ្នែក»។
ក្នុងន័យនេះ លោក គឹម សុខ សង្ឃឹមថា លោក ហ៊ុន សែន នឹងបើកចិត្តទូលាយធ្វើបុណ្យផ្សះផ្សាជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញ ដើម្បីបង្ហាញចិត្តកុសល ចំពោះប្រជាពលរដ្ឋខ្មែរច្រើនពាន់គ្រួសារ កុំឲ្យបន្តឈឺចាប់សោកសង្រែងដោយការព្រាត់ប្រាស់គ្រួសារ។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែន ករុណា យល់ថា ទុក្ខក្រៀមក្រំរបស់លោក ហ៊ុន សែន មិនស្មើអ្វីដែលមេដឹកនាំរូបនេះ បង្រ្កាបលើអ្នកនយោបាយប្រឆាំង អង្គការសង្គមស៊ីវិលដែលជាតួអង្គជំរុញយុត្តិធម៌សង្គម រួមទាំងការបង្កការឈឺចាប់ដល់រាស្រ្ត ក្រោមការដឹកនាំបែបផ្តាច់ការរបស់គ្រួសារហ៊ុន ដើម្បីតែអំណាចនោះទេ។
លោកថា៖ «អ្នកនយោបាយ សកម្មជនសង្គម នយោបាយទៀត គឺពួកគេរស់រងទុក្ខ ដោយសារតែធ្វើនយោបាយ យើងចង់បញ្ចេញមតិ ចង់និយាយចង់ថាអី ក៏មានការព្រួយបារម្ភគ្រប់ពេលគ្រប់វេលា ខ្លាចនិយាយទៅត្រូវបានខាងសមត្ថកិច្ចអាជ្ញាធររបស់រដ្ឋាភិបាលចាប់ខ្លួនចោទប្រកាន់ចាប់ឃុំខ្លួន។ ហើយរស់នៅព្រាត់ប្រាសនិរាសគ្រួសារទៅ អ្នកខ្លះជាប់ឃុំទៅ អ្នកខ្លះត្រូវបានគំរាមគំហែងចាកចោលប្រទេស បែកបាក់គ្រួសារ ឃ្លាតឆ្ងាយពីមាតុភូមិ អ្នកខ្លះក៏ត្រូវបានរងការបង្កហិង្សារងរបួសធ្ងន់ធ្ងរ ពិការភាពអ៊ីចឹងទៅ ហើយអ្នកខ្លះទៀត ក៏ត្រូវបានគ្រួសារ ដែលជាអ្នកសកម្មជនស្លាប់ចាកចោល ក៏ត្រូវបានគេធ្វើឃាត ដូចជា ករណីចុងក្រោយឯកឧត្តម លិម គិមយ៉ា ជាដើម»។
ជ្រុងមួយនៃរឿងនេះ ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវជាប់ឃុំនៅក្នុងផ្ទះជាច្រើនឆ្នាំមិនបានជួបម្តាយចាស់ជរាអាយុជិត ១០០ឆ្នាំ ក្រោយលោករងការចោទប្រកាន់ពីតុលាការដែលគេចាត់ទុកថាទាំងអយុត្តិធម៌។
បន្ថែមលើនេះ លោក សម រង្ស៊ី បាននិរទេសខ្លួនទៅក្រៅប្រទេសរហូតបច្ចុប្បន្ន រួមទាំងអ្នកនយោបាយមួយចំនួនទៀត បង្ខំចិត្តរត់ចោលស្រុក ព្រាត់ប្រាសសាច់ញាតិដើម្បីគេចពីការប្រើប្រព័ន្ធតុលាការ ដើម្បីបង្រ្កាបលើជីវិតនយោបាយពួកគេ។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏ជាប់ឈ្មោះជាអ្នកសម្លាប់ពលរដ្ឋក្រៅសំណាញ់ច្បាប់ផ្សេងទៀត ដូចជា អ្នកស្រី ពិសិដ្ឋ ពីលីកា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី មេដឹកនាំសហជីព លោក ជា វិជ្ជា តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា លើទឹកដីថៃ រួមទាំង អំពើហិង្សាលើអ្នកនយោបាយសំឡេងជំទាស់ សកម្មជនដីធ្លី និងអ្នកការពារសិទ្ធិមនុស្សជាច្រើនរូបទៀត។
មិនតែប៉ុណ្ណោះ ការបណ្តេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឈ្នាន់បង្រ្កាបលើអ្នកតស៊ូមតិដើម្បីយុត្តិធម៌សង្គម និងការចាប់ខ្លួនអ្នកនិយាយពីបញ្ហាបូរណភាពទឹកដីជាដើម សុទ្ធតែបានបង្កើតឱ្យមានការឈឺចាប់ដល់ពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលគ្រួសារហ៊ុន ច្រើនអាណត្តិទៅនេះ៕