អ្នកមានបទពិសោធន៍កិច្ចការព្រំដែន ពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា កោះត្រល់ និងកោះគុត នឹងបានមកកម្ពុជាវិញ បើកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ(UNCLOS) ហើយប្តឹងករណីរំលោភបំពាននេះទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
លោក អ៊ុំ សំអាន បង្ហោះសារនៅលើហ្វេសប៊ុកនៅថ្ងៃទី២៨ ខែមីនានេះ អះអាងដោយមោទកភាពថា បន្ទាប់ពីអាននីតិសមុទ្រ ឬច្បាប់សមុទ្រ (UNCLOS)។
លោកថា កោះគុតស្ថិតនៅចម្ងាយ ៣២គីឡូម៉ែត្រ ពីបន្ទាត់មូលដ្ឋាន(ឆ្នេរនៅចាំយាម) គឺស្ថិតក្នុងតំបន់តភ្ជាប់(៤៤គីឡូម៉ែត្រ)របស់កម្ពុជា គឺជាកោះកម្ពុជា។ ដោយឡែក លោកថា កោះត្រល់ស្ថិតនៅចម្ងាយ១៥ គីឡូម៉ែត្រពីបន្ទាត់មូលដ្ឋាន(ឆ្នេរនៅខេត្តកំពត) គឺស្ថិតក្នុងសមុទ្រដែនដី(២២គីឡូម៉ែត្រ)របស់កម្ពុជា គឺជាកោះកម្ពុជា ហើយកោះត្រល់ចេញពីឆ្នេរតំបន់ហាទៀង ប្រទេសវៀតណាម ចម្ងាយ៤៥គីឡូម៉ែត្រ។
សម្រាប់ លោក អ៊ុំ សំអាន តំបន់សមុទ្រត្រួតស៊ីគ្នាជាមួយថៃទំហំ ២៦០០០គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងសមុទ្រដែនដី តំបន់តភ្ជាប់ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កម្ពុជា គឺជាដែនសមុទ្ររបស់កម្ពុជា១០០%។
លោកថា ហេតុនេះ បើកម្ពុជាប្តឹងវៀតណាមនិងថៃ ករណីកោះគុត កោះត្រល់ និងដែនសមុទ្រត្រួតស៊ីគ្នា ទៅតុលាការអន្តរជាតិ ដោយប្រើនីតិសមុទ្រ(UNCLOS) កម្ពុជានឹងឈ្នះ១លានភាគរយ។
លោកសង្កត់ធ្ងន់ថា (UNCLOS)ការកំណត់ព្រំដែនសមុទ្រសម័យបច្ចុប្បន្ន ដែលលើកយកមកបកស្រាយនៅត្រង់ចំណុចនេះ សំដៅទៅលើការកំណត់ព្រំដែនសមុទ្រ ដោយអនុលោមទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ត្រូវបានអនុម័តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គោ បាយ (Montégo Bay) ប្រទេសហ្សាម៉ាអ៉ីក (Jamaica)។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បានកំណត់ដែនសមុទ្រ ដូចជា បន្ទាត់មូលដ្ឋានដែនទឹកផ្ទៃក្នុង និងសមុទ្រដែនដីតំបន់តភ្ជាប់ តំបន់សេដ្ឋកិច្ចផ្តាច់មុខ លំហសមុទ្រអន្តរជាតិ និងខ្ពង់រាបបាតសមុទ្រ ជាដើម។
តាមប្រភពដដែល (UNCLOS)ជាគោលការណ៍ ដើម្បីកំណត់ដែនសមុទ្រ ចាំបាច់ណាស់ត្រូវតែគូសបន្ទាត់មូលដ្ឋាន។ បន្ទាត់មូលដ្ឋាន គឺជាខ្សែបន្ទាត់ទឹកនាចតាមបណ្តោយឆ្នេរ ដែលគេបង្កើតឡើងសម្រាប់វាស់តំបន់សមុទ្រ។ បន្ទាត់មូលដ្ឋានបានបែងចែកជា ២ប្រភេទ គឺបន្ទាត់មូលដ្ឋានធម្មតា និងបន្ទាត់មូលដ្ឋានត្រង់។
បន្ទាត់មូលដ្ឋានធម្មតា ជាបន្ទាត់ខ្សែទឹកនាចតាមបណ្តោយឆ្នេរ ដោយមានបញ្ជាក់នៅក្នុងផែនទីមាត្រដ្ឋានខ្នាតធំ ហើយទទួលស្គាល់ជាផ្លូវការដោយរដ្ឋជាប់ឆ្នេរ។
មួយវិញទៀត ចំណែកឯបន្ទាត់មូលដ្ឋានត្រង់វិញ គឺសំដៅទៅលើបន្ទាត់ ដែលប្រើនៅពេលដែលឆ្នេរសមុទ្ររបស់រដ្ឋណាមួយ មានលក្ខណៈមិនត្រង់ស្មើ។ បន្ទាត់នេះ ត្រូវបានប្រើដើម្បីគូសភ្ជាប់ចំណុចនៅត្រង់មាត់ឆ្នេរ ឆ្នេរផតជ្រៅ កោះ រដ្ឋប្រជុំកោះ ដីដុះ ថ្មប៉ប្រះទឹក និងសមុទ្រ ព្រមទាំងឆកប្រវត្តិសាស្រ្តជាដើម។
លោកសង្កត់ធ្ងន់ថា៖ «អាស្រ័យហេតុនេះហើយ រដ្ឋជាប់ឆ្នេរមានសិទ្ធិទាំងស្រុងក្នុងការធ្វើអាជីវកម្មនៅបាតសមុទ្រ និងក្នុងដីក្រោមបាតសមុទ្រ។ ការធ្វើនាវាចរណ៍របស់នាវាបរទេស នៅក្នុងតំបន់សមុទ្រដែនដី គឺមានកម្រិត ហើយរដ្ឋជាប់ឆ្នេរមានសិទ្ធិពេញលេញក្នុងការរុករក ការធ្វើអាជីវកម្ម ការអភិរក្ស ការចាត់ចែងលើធនធានធម្មជាតិ រួមមាន ទាំងធនធានធម្មជាតិមានជីវិត និងគ្មានជីវិតដែលស្ថិតនៅបាតសមុទ្រ និងដីក្រោមបាតសមុទ្រ»។
មួយវិញទៀត បើយោងទៅតាមអនុសញ្ញាទីក្រុងហ្សឺណែវ (The Geneva Convention) រដ្ឋជាប់ឆ្នេរមិនអាចពង្រីកចម្ងាយឱ្យហួសដែនកំណត់ ២០០ម៉ាយល៍ ពីខ្សែបន្ទាត់មូលដ្ឋាននោះទេ។ រដ្ឋដទៃមិនអាចបំពាន ឬជ្រៀតជ្រែក ដោយមិនសមហេតុផលទៅលើនាវាចរណ៍ ឬសិទ្ធិផ្សេងទៀតរបស់រដ្ឋជាប់ឆ្នេរនោះទេ៕