ប្រជាសហគមន៍ បានអះអាងមកថា តំបន់ការពារធម្មជាតិឧត្តមស្រែពស់ ហៅព្រៃមេតាធម្មជាតិ ទំហំ២៤៣៣ហិកតា ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងជាទីសក្ការៈបូជារបស់ពលរដ្ឋ ២៥៣គ្រួសារ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរាល់ ប្រឈមនឹងការបាត់បង់ទាំងស្រុង ពីការបំពាននៃក្រុមទាហានកងរថក្រោះ(ង៧០)។
បើតាមប្រជាពលរដ្ឋឃុំត្រពាំងជោ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមិនានេះ មានក្រុមទាហាន រួមទាំងគ្រឿងចក្រប្រមាណ ៥គ្រឿង មាន១គ្រឿងបានធ្វើការឈូសឆាយជាថ្មីលើទីតាំងដីព្រៃមេត្តាធម្មជាតិ បំផ្លិចបំផ្លាញអាស្រម រោងប្រក់ព្រះពុទ្ធដីមា អណ្ដូងទឹក និងកន្លែងបណ្ដុះកូនឈើ។
សម្រាប់តំណាងសហគមន៍ឧត្តមស្រែពស់ លោក លាង ប៉ន ប្រាប់VODនៅថ្ងៃទី៣១ ខែមិនានេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមទាហានបានដាក់កម្លាំងឈូសឆាយដីសហគមន៍ ដោយបានធ្វើឱ្យរបស់របរនៅទីនោះរងនូវការខូចខាត និងធនធានធម្មជាតិជាដើម។
លោកបន្តថា កន្លងមក មានការចុះមកពិនិត្យដោយផ្ទាល់ពីអាជ្ញាធរខេត្តដែរ ប៉ុន្ដែទល់ពេលនេះនៅមិនទាន់ឃើញបានការដោះស្រាយណាមួយឡើយ ដោយលោកបារម្ភថានឹងបាត់បង់ព្រៃជំនឿបើបញ្ហានេះនៅតែបន្ត។
លោកថា៖ «ព្រួយបារម្ភមិនដឹងថាថ្ងៃខាងមុខ មិនដឹងថាកូនចៅជំនាន់ក្រោយវាវេទនាបែបណាតទៅមុខទៀត ចាស់ៗព្រឹទ្ធាចារ្យនៅតាមមូលដ្ឋានដែលគាត់ចេះដឹងប៉ុណ្ណឹងនាក់ហ្នឹង កំពុងតែរងគ្រោះនឹងសម្ពាធអាជ្ញាធរនិងក្រុមទាហានហ្នឹង គាត់ដាក់សម្ពាធមកសហគមន៍ហ្នឹង ជាប់ចោទនៅតុលាការមិនទាន់ទាំងដោះស្រាយរួច ជាប់ពាក្យបណ្តឹងនៅឡើយ បារម្ភថា ក្មេងជំនាន់ក្រោយមិនដឹងទីពឹងអីទៀត គាត់ខំការពារដើម្បីសហមូហភាព ដើម្បីធនធានធម្មជាតិសាសនា ជាសាសនារបស់រដ្ឋ ហើយប្រជាពលរដ្ឋការពារ ដើម្បីផលប្រយោជន៍រួមទៅជាពួកគេមានកំហុស»។
បញ្ហានេះ លោកទទូចឱ្យរដ្ឋាភិបាល ទប់ស្កាត់ការរំលោភបំពានព្រៃសហគមន៍នេះឱ្យបានឆាប់ ដើម្បីជីវភាពពលរដ្ឋរាប់រយគ្រួសារ និងរក្សាទុកទីសក្ការៈនេះ។
តំណាងសហគមន៍ឧត្តមស្រែពស់ម្នាក់ លោក ឃន សារិទ្ធ បានឱ្យដឹងដែរថា ការទន្ទា្រនដីសហគមន៍ពីសំណាក់ទាហាននេះ បានអូសបន្លាយមកច្រើនឆ្នាំហើយ ដោយក្រុមទាហានបានឈូសឆាយដីលើសពីទំហំដីកំណត់ ដោយរំលោភយកដីសហគមន៍។
លោកថា៖ «មានអភិបាលរងខេត្តគាត់ចុះមកមើលដែរ ប៉ុន្តែមកទល់ពេលនេះអត់មានដំណោះស្រាយអីទេស្ងាត់ជ្រាប[…]។ ខ្ញុំគឺចង់ស្នើសុំឱ្យដោះស្រាយឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យក្រុមទាហានហ្នឹង គាត់បំផ្លិចបំផ្លាញថែមទៀតអីចឹង។ ការស្នើសុំគឺចង់ឱ្យទុកដីហ្នឹង ជារបស់រួម ជាវត្តអារាម ជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋនៅហ្នឹង»។
VOD មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ និងលោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថាន កាលពីឆ្នាំ២០០២។
ប៉ុន្តែនៅអំឡុងខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យ កាត់ឆ្វៀលដីព្រៃសហគមន៍នេះ ទំហំជិត ៣០០ហិកតា (២៦២,២៤) ដើម្បីបែងចែកឱ្យគ្រួសារយោធិន “ង-៧០” កងរថក្រោះចំនួន៤១គ្រួសារ សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។
ចាប់ពីពេលនោះមក វិវាទបានកើតឡើងជាបន្តបន្ទាប់ រវាងប្រជាសហគមន៍ និងក្រុមអ្នកគប់គិតគ្នា មានឯកសណ្ឋានជាកងទ័ព ចូលទន្ទ្រានយកដីសហគមន៍ ដែលពលរដ្ឋចោទថា ពួកគេបានទន្ទ្រានយកដីសហគមន៍លើទំហំដីដែលរដ្ឋាភិបាលបានកាត់ឆ្វៀលចេញ។
ជម្លោះអូសបន្លាយនេះ ធ្វើឱ្យពលរដ្ឋច្រើននាក់ អំហិង្សាពីក្រុមទាហ៊ានខិលខូចទាំងនោះ ពេលសហគមន៍នាំគ្នាចុះទប់ស្កាត់គ្រឿងចក្រ ដើម្បីការពារដីសហគមន៍ដែលខ្លះកំពុងជាប់ពន្ធនាគារ និងខ្លះជាប់បណ្តឹងនៅតុលាការ ដោយសារតែការពារដីសហគមន៍ ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ហាក់ស្តីបន្ទោសថា បញ្ហានេះ បណ្តាលមកពីអាជ្ញាធរពាក់ព័ន្ធមិនយកចិត្តទុកដាក់បញ្ហាសហគមន៍ ហើយបណ្តោយឱ្យពលរដ្ឋបន្តរងគ្រោះជាបន្តបន្ទាប់ច្រើនឆ្នាំទៅនេះ។
សម្រប់ លោក យិន ម៉េងលី ការបណ្តែតបណ្តោយរបស់អាជ្ញាធរពាក់ព័ន្ធ គឺមិនព្រមចុះមកវាស់វែង ដើម្បីកំណត់ព្រំប្រទល់ឱ្យបានច្បាស់ តាមទំហំជាក់ស្តែងដែលបានកាត់ឆ្វៀល។
លោកថា៖ «បញ្ហាដែលបានកើតឡើង ដោយសារតែការធ្វេសប្រហែសរបស់អាជ្ញាធរខេត្តហ្នឹងដែរ ដែលមិនសូវយកចិត្តទុកដាក់ពីបញ្ហានេះ ព្រោះបញ្ហានេះ មិនមែនទើបតែនឹងកើតឡើងថ្មីៗទេអស់រយៈពេលជាយូរឆ្នាំហើយ។ អីចឹងហេតុអីបានជាអាជ្ញាធរខេត្ត លោកមិនចុះទៅពិនិត្យចុះទៅធ្វើការបោះបង្គោល បន្ទាប់ពីមានការកាត់ឆ្វៀលចេញ។ នេះហើយជាការមិនយកចិត្តទុកដាក់ ក្នុងនាមជាអាជ្ញាធរខេត្តដែលធ្វើឱ្យបញ្ហាដីធ្លីនេះបង្កជាបទល្មើសច្រើន ហើយធ្វើឱ្យលំបាកដល់ប្រជាពលរដ្ឋ»។
សហគមន៍ឧត្ដមស្រែពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្ស ពីក្រសួងបរិស្ថាន កាលពីឆ្នាំ២០០២ តបតាមព្រះរាជក្រឹត្យ។ ព្រៃមេត្តាធម្មជាតិនេះ បានចឹញ្ចឹមប្រជាពលរដ្ឋច្រើនរយគ្រួសារ ដែលរស់នៅជុំវិញតំបន់នេះ។ ព្រៃនេះ មានផ្ទៃដី ជិត ៩០០ហិកតា ដែលធ្លាប់មានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស និងស្វាជាដើម។
ប៉ុន្តែមកដល់ពេលនេះ តំបន់ធម្មជាតិមួយនេះ ស្ទើរតែបាត់បង់ទាំងស្រុង ដោយសារតែក្រុមអ្នកមានអំណាចមន្ត្រីយោធា និងឈ្មួញខិលខូចមួយចំនួន ឈូសឆាយទន្ទ្រានយក គ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។ រីឯពលរដ្ឋដែលជាអ្នកការពារ បានរងអំពើហិង្សា និងជាប់បណ្តឹងជាបន្តបន្ទាប់ រហូតពេលនេះ មានតំណាងអ្នកតវ៉ាខ្លះត្រូវបានចាប់ដាក់ពន្ធនាគារជាដើម៕