ក្រសួងអប់រំ យុវជន និងកីឡា បដិសេធការរកឃើញរបស់គេហទំព័រ World Population Review ដែលចាត់ចំណាត់ថ្នាក់វិស័យអប់រំរបស់កម្ពុជា ក្នុងកម្រិតអន់ថយថាមិនបានឆ្លុះបញ្ចាំងនូវការពិត ពីប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជានោះឡើយ។
កាសែតក្នុងស្រុក បានស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែមីនានេះ បង្ហាញថា គេហទំព័រ World Population Review 2025 គឺជាស្ថាប័នដែលធ្វើការខ្វះវិជ្ជាជីវៈ និងមិនឈរលើគោលការណ៍ស្មើភាព ហើយការដាក់ប្រទេសកម្ពុជា ក្នុងតារាងពិន្ទុក្នុងលេខរៀង១២០ ស្តីពីការអប់រំដែលអន់ទាំងក្នុងតំបន់ និងពិភពលោកនេះ ជាការសិក្សាស្រាវជ្រាវដែលមិនបានអនុវត្តគោលការណ៍តាមបែបវិទ្យាសាស្រ្តណាមួយនោះឡើយ។
ក្រៅពីនេះទៀត ការធ្វើសំណាកលើមនុស្សរាប់ពាន់នាក់ ក្នុងចំណោមប្រទេសទាំងជាង៧៨ប្រទេស ដែលបង្ហាញថា ប្រព័ន្ធអប់រំ នៅប្រទេសទីម័រខាងកើត ប្រសើរជាងម៉ាឡេស៊ី ហើយប្រព័ន្ធអប់រំនៅឡាវ ប្រសើរជាងប្រទេសថៃនោះ គឺរឹតតែពិបាកទទួលយកណាស់ទៅទៀត។
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បើគេពិនិត្យលើប្រព័ន្ធអប់រំ របស់ប្រទេសទាំងពីរ គឺទីម័រខាងកើត និងឡាវវិញ ការអប់រំនៅក្នុងចំណោមប្រទេសទាំងនេះ គឺមិនអាចប្រៀបធៀប ឬមានគុណភាពប្រសើរជាង ថៃ និងកម្ពុជាឡើយ មិនថាថ្នាក់ចំណេះដឹងទូទៅ និងកម្រិតនៅឧត្តមសិក្សានោះទេ៕