បក្ស​ក្រៅ​រដ្ឋាភិបាល​​ចង់​​ចូ​ល​រួម​​ការ​បោះ​ឆ្នោត​តែ​ជំរុញ​ឱ្យ​កែ​(គ.ជ.ប.)​និង​​បើក​​លំហរ​​នយោ​បាយ​

មេដឹកនាំគណបក្ស​ក្រៅរដ្ឋាភិបាល ​ដែល​​ទើប​​បង្កើត​ថ្មី​មួយ​​ចំនួន និង​អ្នក​ឃ្លាំ​មើល​សង្គម​​ហាក់​​ដូច​ជា​យល់​​ស្រប​គ្នា​​ថា ការ​​​ធ្វើ​ការ​​​ជ្រើស​រើស​​មេដឹកនាំ​ប្រទេស​ គ្មាន​​ជម្រើស​ណា​​ផ្សេង​ ​​ល្អ​​ជាង​​ក្រៅ​​​ពី​ការ​​បោះ​ឆ្នោត​​នោះ​ទេ ប៉ុន្តែ​វា​ចាំបាច់​​ត្រូវ​​បើក​លំហរ​សេរី​ភាព ​និង​​លំហរ​នយោ​បាយ ​ដើម្បី​​អាច​​ឱ្យ​គ្រប់​គណបក្ស​​នយោ​បាយ​​​ធ្វើនយោ​បាយ​​ប្រកួត​​ប្រជែង​​ដោយ​​ស្មើភាព​គ្នា​ គ្មាន​​ការ​កៀប​សង្កត់​គំរាម​កំហែង និង​ក៏​ត្រូវ​​រៀបចំ​ស្ថាប័ន​បោះឆ្នោត​ឱ្យ​​ឯករាជ្យ ​ដើម្បី​ធ្វើ​​យ៉ា​ង​ណា​​ឱ្យ​​អ្នក​​ដែល​​ឈ្នះ​ឆ្នោត​ ​ឈ្នះ​​ដោយ​​ថ្លៃ​ថ្នូរ ​​ឯអ្នក​​ចាញ់ ចាញ់​​ដោ​យ​​អស់ចិត្ត​ផង​ដែរ។

ការលើកឡើង​ពីបញ្ហា​​នេះ ​​​​គឺបន្ទាប់​​ពី លោក សម រង្ស៊ី ប្រធាន​ក្រុម​​ប្រឹក្សា​​ជាតិ​​តស៊ូ​បាន​​សរ​​សេរ​​​សារ​​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​​របស់​​លោក ​កាល​ពី​ថ្ងៃ​ទី​​២៧ ​ខែ​មីនា ​ឆ្នាំ​២០២៥ ​ក្នុង​​សំណេរ​​ដើម​ថា «យើង​​អត់​​ត្រូវ​លេងល្បែង​​បោះ​ឆ្នោត​​ជាមួយ​ ​ហ៊ុន សែន ​ទៀត​ទេ ផ្លូវ​​តែមួយ​​គត់​​​គឺ​​តស៊ូ​រំដោះ​ជាតិ​​យើង​​ឱ្យ​ទាល់​​តែ​បាន។ #ផ្ការីក #ចលនា​ជាតិ​តស៊ូ»។

 បើ​ទោះបី​ជា លោក​ សម រង្ស៊ី ​មិ​ន​បាន​​បញ្ជាក់​​ថា តើ​​​បើ​មិន​​ចូល​រួម​​បោះ​ឆ្នោត​​ត្រូវ​​ទៅ​ធ្វើ​​អ្វី​​​ដើម្បី​ផ្លាស់​ប្តូរ​មេដឹក​នាំ​ប្រទេស​ក៏​ដោយ ក៏​​អតី​​ត​មេដឹកនាំ​គណបក្ស​​ប្រឆាំង​​ ដែល​​ត្រូវ​បាន​​តុលាការ ដែល​គេ​ដឹង​ថា​នៅ​​ក្រោម​បញ្ជា​របស់​​ លោក ​ហ៊ុន សែន ​កា​ត់​ទោស​​ឱ្យ​ជាប់​​ពន្ធនាគារ​​ប្រមាណ​​ជាជាង​ ១៦០​ឆ្នាំ​​រូ​ប​​នេះ ​​​តែ​ង​តែផ្ញើសារ​បំផុស​ឱ្យ​​ពលរដ្ឋ​​កង​កម្លាំង​​ប្រដាប់​​អាវុធ មន្ត្រី​រាជការ ​​ចូល​​រួម​ក្នុង​​ចលនា​​ជាតិ​​តស៊ូ ដើម្បី​​ងើប​​បះ​បោរ​​តវ៉ា​​ដកគ្រួសារ​​ហ៊ុន​ចេញពីអំណាច​។ សម្រាប់​លោក​ សម រង្ស៊ី គ្រួសារហ៊ុន គឺ​ជាគ្រួសារ​ក្បត់​ជាតិ​ បំផ្លាញជាតិ។

កាលពីចុង​ឆ្នាំ២០២៤ ​តាម​​​រយៈ​​សារសំឡេងបែក​ធ្លាយមួយ ​​​ផ្ញើ​ទៅ​​កាន់​​​សមា​ជិ​ក​គណ​បក្ស​​ប្រជាជន​កម្ពុជា គ្រប់​​រាជ​ធានី​ខេត្ត លោក ហ៊ុន សែន ​បាន​បញ្ជាឱ្យ​​បំផ្លាញ​ក្រុម​គណ​បក្ស​​​ប្រឆាំង​​​នៅ​​តាម​​មូលដ្ឋាន​ ដើម្បី​​​កុំ​ឱ្យ​មាន​​លទ្ធភាព​​កសាង​កម្លាំង​​សម្រាប់​​ចូល​រួម​ការ​​​បោះ​ឆ្នោត​​ឃុំ-សង្កាត់​​អាណត្តិទី​៦ ឆ្នាំ​២០២៧ និង​ការ​​បោះឆ្នោត​​ជាតិ​​អាណត្តិទី​​៨​ឆ្នាំ​២០២៨។

លោក​បាន​និយាយ​ក្នុងសម្តីដើមថា​៖ «បំផ្លាញ​កម្លាំងពួក​ប្រឆាំង កុំ​​ឱ្យ​ពួក​ប្រឆាំង​​មាន​កម្លាំង​ប្រើ បើ​ហ្ហែង​ប្រឆាំង​​ងើប​មួយ​​វ៉ៃមួយ ហ្ហែង​ចូល​ ចូល​មួយ​​ទាញ​មួយ​ ហើយ​​ទាញ​បាន​មួយហ្នឹ​ង​គឺ​ថា ឱ្យ​អ្នក​ហ្នឹង​​​ទៅ​ទាញបន្ត​ទៀត​តាម​​វិធី​គឺថា យក​លលក​​ទាក់​លលក កុំ​យក​ដំរី​​ទៅ​ទាក់​កូន​ខ្លា ឬ​ក៏​យក​ដំរី​ទៅ​ទាក់​លលក យកនាគ​រាជ​ទៅ​ទាក់​លលក​ វា​អត់​​ត្រូវ​​ទេ។ អ៊ីចឹ​ង​សូម​យក​​ចិត្ត​​ទុក​ដាក់​​​ធ្វើ​កិច្ចការ​ងារ​ហ្នឹង​ឱ្យ​បាន​ល្អ​បំផុត​សង្ឃឹម​ថា ឯកឧត្តម​​លោក​​ជំទាវ​​ធ្វើ​កិច្ច​ការ​​ងារ​​នេះ ​ដោយ​​ហ្មត់​ចត់​ ​ហើ​យ​នៅ​មាន​យន្ត​ការ​​មួ​យ​​ចំនួន គឺជំនាញ​​ខា​ង​រ​កមុខ​​សញ្ញា​​សម្រាប់​វ៉ៃ​ហ្មង មុខ​​សញ្ញា​ណា​វ៉ៃ​​ មុខ​​សញ្ញា​​ណា​រឹង​អាហ្នឹង​គឺ​ចូល​វ៉ៃហ្មង»។

ជាការសង្កេត ចាប់​តាំងពី លោក ​ហ៊ុន សែន ដែលគេរិះគន់ថាបានប្រើ លោក ឌិត មន្ទីរ​ ប្រធាន​តុលាការ​កំពូល និង​​​​​ជា​សមាជិក​​​គណៈ​​​កម្មាធិការ​​​អចិន្ត្រៃយ៍​​​​គណបក្ស​​ប្រជាជន​កម្ពុជា ​​​ឱ្យ​​​រំលាយ​​គណបក្ស​​​សង្គ្រោះ​​ជាតិ ​និ​ង​​ចាប់ ​លោក​ កឹម សុខា ​ឃុំខ្លួន ​កាលពី​ចុង​ឆ្នាំ​២០​១៧មក​ សកម្មជន​នយោ​បា​យ​ប្រឆាំង​​ដែល​​​មិន​ព្រម​​​ចុះ​ចូល​​ជាមួយ​​គណបក្ស​​​ប្រជាជនកម្ពុជា​ ​បាន​​​ទទួល​​​រង​ការ​​ធ្វើ​​ទុក្ខ​​បុក​​ម្នេញ​​យ៉ាង​ខ្លាំង​ ដូច​​​ជា​​ប្រើ​ក្រុម​​បាត​ដៃ​ទី៣​​​តាមវ៉ៃ​ និង​​ចាប់​​ដាក់​ពន្ធនាគារជាដើម។

ប៉ុន្តែ​ទោះ​យ៉ាងណា សម្រាប់ ​​លោក គឹម សួរភិរិទ្ធ អ្នកនាំពាក្យគណបក្ស​​ភ្លើង​​ទៀន លោក ​​មាជ សុវណ្ណារ៉ា​ ប្រធាន​គណបក្ស​​ជំនាន់​ថ្មី​ និង​​លោក ​អ៊ូ ច័ន្ទរ័ត្ន​ សហស្ថាបនិកគណបក្ស​កែទម្រង់​កម្ពុជា ​បាន​​លើក​ឡើងស្រដៀង​គ្នា​​ថា សម្រាប់​​បរិបទ​​កម្ពុជា​បច្ចុប្បន្ន ​​គ្មាន​​ជម្រើស​​ណា​​ផ្សេង​ល្អ​​ក្នុង​​ការ​​ជ្រើស​រើស​មេដឹកនាំ​ក្រៅពី​ការ​​បោះ​ឆ្នោត​នោះ​​ទេ បើ​ទោះ​បី​​ជា​​អ្នក​​នយោ​បាយ​​ទាំងនេះ ​​ទទួល​​ស្គាល់​​ថា បច្ចុប្បន្ន​​​គណបក្ស​​​នយោបាយក្រៅ​រដ្ឋាភិបាល​ កំពុង​ទទួល​រងការ​ធ្វើទុក្ខបុកម្នេញ​​តាម​គ្រប់​រូប​ភាព​ ពីសំណាក់​​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយគណបក្ស​ប្រជាជនកម្ពុជា ហើយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​(គជប)​ មិន​ទាន់​ឯក​រាជ្យ​ក៏ដោយ​។

អ្នក​នយោបាយ​ក្រៅរដ្ឋាភិបាល​​ត្រូវ​រួបរួមគ្នា ​ជំរុញ​ឱ្យរដ្ឋាភិបាល​​​បើក​​លំហរ​សេរី​ភាព​ និង​​ប្រជាធិប​តេយ្យ​ឡើង​​វិញ ព្រម​​​ទាំង​​រៀប​ចំ​សមាស​ភាព​​ក្បាល​​ម៉ាស៊ីន​​ដឹកនាំ គជប ឱ្យ​មាន​​លក្ខណៈ​​ឯក​រាជ្យ​​ដូច​​ដែល​​សហគមន៍​​​អឺរ៉ុប​ អង្គ​ការ​សហប្រជា​ជាតិ និង​​សហគមន៍​​អន្តរជាតិ​​បាន​​ស្នើ​​ឡើង។

លោក គឹម សួរភិរិទ្ធ ​បាន​ថ្លែង​ថា គណបក្ស​​ភ្លើង​ទៀន ​និ​ង​​គណបក្ស​​ឆន្ទៈ​​ខ្មែរ​ ក៏ដូចជា​​គ​ណ​បក្ស​នៅ​ក្នុង​​សម្ព័ន្ធ​​ភាព​​បាន​​សម្រេច​​ជារួម​​ហើយ​ថា គោល​ដៅ​របស់​យើង គឺ​ចូល​រួម​​ប្រកួត​​ប្រជែង​តាម​​រយៈ​​ការ​​បោះឆ្នោត​ដែល​ជា​មធ្យោ​បាយ​​ដោយ​​អហិង្សា។

ប៉ុន្តែគណបក្ស​​ក៏ពិនិត្យ​ផងដែរ​ទៅនឹងស្ថានភាព​នយោបាយជាក់ស្តែងពីឥឡូវនេះ​ រហូតទៅដល់ការ​បោះឆ្នោត​​​ខាង​​មុខ​​ថា តើ​​លំហរ​សេរី​ភាព​នយោបាយ​​របស់​គណបក្ស​​នីមួយៗ ក៏ដូចជាលំហរ​សេរីភាព​ក្នុង​​ការ​​ចូល​រួម​​នយោបាយ​​របស់​​ពលរដ្ឋ ដូច​ជា​ការ​បញ្ចេញ​មតិ​ផ្សេងៗ​​ទាក់​ទង​​នឹង​សកម្មភាព​​នយោ​បាយ ​​តើ​វា​មាន​កម្រិត​​​បែប​ណា ហើយ​​បើ​​សិន​ជា​លំហរ​រួម​​តូច​​ដូច​ពេល​​បច្ចុប្បន្ន​ ​បែរ​ជា​​កាន់​តែ​​រួម​តូច​​​ទៅ​ ​រួម​​ទាំងមានការ​គំរាម​កំហែង ការ​កៀប​សង្កត់ ការ​បំបិទ​នូវ​សិទ្ធិ​នៃ​​ការ​ចូល​​រួម​​ស្មើ​​ភាព​គ្នា​​នៅ​ក្នុង​​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​​​តែខ្លាំង ​​នោះគណបក្ស​នឹង​ពិចារណាទៀត។

លោកថា៖ «ថាតើយើងអាច​ចូល​រួម​ការ​បោះឆ្នោត​ហ្នឹងបាន​ដែរ​ឬ​ទេ ​ប្រសិន​បើ​ស្ថាន​ភាព​ក៏​ដូច​ជា​​បរិយា​កាស​បោះ​ឆ្នោត​ហ្នឹង​​មិន​សេរី​ មិន​យុត្តិធម៌​​​ ហើយ​​មិន​ត្រឹម​ត្រូវ? ចឹង​ជំហរ​ចុង​ក្រោយ ​​គឺ​ផ្អែក​ទៅ​​លើ​​ស្ថានភាព​ជាក់​ស្តែង និង​លំហរ​សេរីភាព ក៏​ដូច​ជា​សិទ្ធិនៃ​កា​រចូល​រួម​ស្មើភាព​គ្នា​នៅ​​ក្នុង​​ការ​​ប្រកួត​​ប្រជែង​ការ​បោះឆ្នោត​​មួយ​ តាម​​បែប​ប្រជាធិបតេយ្យ​​សេ​រី​ពហុបក្ស​ ​ដែល​​មាន​​តុល្យ​ភាព​​ប្រហាក់​​ប្រហែល​គ្នា ស្មើ​គ្នា ហ្នឹង​បាន​យើង​គិត​ថា​​យើង​អាច​ទទួល​យក​បាន»

សម្រាប់ ​លោក ​មាជ សុវណ្ណា​រ៉ា ក្នុង​​នាម​​​​​ជា​​អតីត​​អ្នកទោស​នយោបាយ​ ដែល​បាន​ជាប់​ពន្ធនា​គារ​២​​លើក​មាន​​រយៈ​​ពេល​ជិត ៤ឆ្នាំ បាន​​ថ្លែង​​ថា ចាប់​តាំង​ពី​មាន​ការ​រំលាយ​គណបក្ស​​សង្គ្រោះ​​​ជាតិ​​មក ​​​​អ្វីដែល​​យើង​ត្រូវ​គោរព​​​ជា​​ចម្បង គឺរ​ដ្ឋធម្មនុញ្ញ​ដែល​អនុលោម​​​តាម​​សន្ធិ​សញ្ញា​​សន្តិភាព​​ទីក្រុង​ប៉ារីស​​២៣​​តុលា​​ឆ្នាំ​​១៩៩១ ​ដែល​​បាន​​កំណត់​​រៀបចំ​​ការ​​​​​បោះ​​ឆ្នោត​ ​រយៈ​ពេល​​៥ឆ្នាំ​ម្តង​​។

 ប៉ុន្តែលោក​ថា ជាអកុសល​ដោយ​សារ​គំនុំ​នយោបាយ​ នៃ​ឥស្សរជន​​ជំនាន់​​ចាស់​​ ក៏​មាន​​ការ​​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ហើយ​ក៏បាន​ធ្វើឱ្យរបប​ប្រជា​ធិបតេ​យ្យ​​​សេរីពហុបក្ស ​ត្រូវ​រលត់​រលាយ​រួម​តូច​ចង្អៀត​ ដោយ​សិទ្ធិ​ធ្វើនយោ​បាយ​ សេរីភាព​បញ្ចេញមតិ ការ​និយាយ​ស្តីមានការ​គាបសង្កត់ គំរាម​កំហែង​​ដោយ​ការ​​ប្រើ​បទ​ឧក្រិដ្ឋ​ព្រហ្ម​ទណ្ឌ ចាប់អ្នក​នយោ​បាយ​​ដាក់គុក​ជាដើម។

យ៉ាងណាក្តី ​លោក​​លើក​ឡើង​​ថា អ្នក​​នយោបាយ​ខ្មែរ​គ្មាន​​ជម្រើស​​ណា​ផ្សេង​​ល្អ​​ជាង​ ​ក្រៅ​​ពី​​ការ​​ចូល​​រួម​​ការ​បោះ​ឆ្នោត​នោះ​​ទេ ហើយ​សង្ឃឹមថា នៅក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខ គជប នឹងធ្វើជាអាជ្ញា​កណ្តាល​​​រៀប​​ចំការ​បោះ​ឆ្នោត​​​ដោយ​​​ឯករាជ្យ ​និង​អព្យាក្រឹត្យ។

លោកថា៖ «ចឹងហើយកម្ពុជា​មិនមាន​ជម្រើសណា​ សូម្បីសហគមន៍​អន្តរជាតិ ក៏​យើង​​មិន​​អាច​​មិន​​យក​​ការ​បោះ​ឆ្នោត​​មក​​ចូលរួមប្រកួត ដើម្បីរៀបចំខ្លួនឈ្នះឆ្នោតដឹកនាំប្រទេស​ អ្នក​ឈ្នះ​ ឈ្នះ​​ដោយ​​ថ្លៃ​ថ្នូរ​ ដឹក​នាំប្រទេស​កសាង​ប្រទេស​ អ្នក​ចាញ់ ចាញ់​ដោយ​​អស់​ចិត្ត ហើយ​​​ទៅ​ចូល​​ជា​តំណាង​រាស្ត្រ​ តំណាង​ឱ្យប្រជាពលរដ្ឋ​​ អនុវត្តនីតិរដ្ឋ មានន័យថា​ យើង​ធ្វើការ​ជាមួយ​គ្នា​តម្កល់​ផល​ប្រយោជន៍ជាតិ ​និង​ប្រជារាស្ត្រ​​តាម​​រយៈ​​​​តុល្យភាពនៃអំណាច​នីតិបញ្ញត្តិ​នីតិប្រតិ​បត្តិ។ អ៊ីចឹង​ហើយ​វាអត់មានជម្រើស​អី»។

 ចំណែក​លោក អ៊ូ ច័ន្ទរ័ត្ន ​បាន​ថ្លែងថា ការបោះឆ្នោត គឺជា​រឿង​ចាំបាច់សម្រាប់ប្រទេស​កម្ពុជា​ ពីព្រោះ​​សន្ធិសញ្ញាសន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ​ក៏ត្រូវបាន​ធ្វើឡើង​ដើម្បី​​ឱ្យ​​ប្រទេស​ក្លាយ​​ទៅជា​​ប្រទេស​ប្រជាធិប​តេយ្យ​ ដែល​​យក​ការ​​បោះ​ឆ្នោត​​ជាធំ ជា​យន្ត​ការ​​មួយ​​ចាំបាច់ ក្នុងការ​ធ្វើឱ្យប្រទេសក្លាយទៅជាប្រទេស​​ប្រជាធិបតេយ្យ​ពិតប្រាកដដែរ​។​

លោកថា៖ «ដូច្នេះ​ខ្ញុំនៅតែគាំទ្រការបោះឆ្នោត​​ចឹង​ ពីព្រោះ​សហគមន៍​​អន្តរជាតិ​​បាន​​ចំណាយ​​ច្រើន​​ណាស់​​ដើម្បី​ឱ្យ​មាន​ការ​​បោះ​ឆ្នោត​នេះ ហើយ​ខ្មែរ​​អ្ន​កតស៊ូគ្រប់ភាគី ​ក៏តស៊ូ​ដើម្បី​ឱ្យមានការ​បោះឆ្នោតហ្នឹងដែរ។ ដូច្នេះ​ការ​​បោះឆ្នោត​នៅតែមានសារសំខាន់​​សម្រាប់​​ប្រទេស​យើង ប៉ុន្តែ​​គ្រាន់​​​តែ​ចង់​ធ្វើយ៉ាងម៉េច​ឱ្យការ​បោះឆ្នោតនេះ វាមាន​ភាពសុក្រឹត្យ ​ត្រឹមត្រូវ ​និងយុត្តិធម៌ ​ដើម្បី​​ផ្ត​ល់យុត្តិធម៌​​​ទៅ​​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​​នាម​​ម្ចាស់ប្រទេស​​​ម្ចាស់អំណាច»

បើតាម​​ លោក ​អ៊ូ ច័ន្ទរ័ត្ន នៅពេល​នេះ​ អ្វីដែល​គណបក្ស​ក្រៅរដ្ឋាភិបាល​ ​​​អាច​​ធ្វើ​បាន​​គឺ​មាន​តែ​ព្យាយាម​កែតម្រូវ​ភាពអសកម្ម ​ដែល​ពាក់ព័ន្ធ​នឹងប្រព័ន្ធបោះឆ្នោតក្តី ពាក់ព័ន្ធយន្តការ​ផ្សេងៗ​​ ឬច្បា​ប់ផ្សេ​ងៗ​ក្នុង​ការ​បោះ​ឆ្នោត​។​

VOD មិនទាន់​​អាចទាក់ទង​ ​លោក ​ប៉ែន បូណា ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ​ដើម្បី​​​​ស្នើ​​សុំធ្វើ​​អត្ថា​ធិប្បាយ​​​លើ​បញ្ហា​នេះ​​បានទេ ​នៅ​ថ្ងៃទី​៣១ ​ខែមីនា​។

ប៉ុន្តែ​លោក​​ធ្លាប់​បាន​ថ្លែង​កាល​ពីពេ​ល​ថ្មី​ៗ​នេះ​ថា លោក​មិន​ចាប់​អារម្មរណ៍​ចំពោះ​ការ​លើក​ឡើង​របស់ ​លោក ​សម រង្ស៊ី និង​ក្រុម​អ្នក​ប្រឆាំង​ជ្រុល​និយមមួយក្តាប់​តូចនោះទេ ពីព្រោះ​រដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជនកម្ពុជា ​បាន​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​ សេរី ​ពហុបក្ស ​​ដោយ​​បាន​​រៀប​ចំ​ការ​បោះ​ឆ្នោត​​​ជា​ទៀង​ទាត់​​​ទៅតាម​ច្បាប់ ទាំងការ​បោះឆ្នោត​ថ្នាក់ជាតិ​​និង​ថ្នាក់​ក្រោមជាតិ។

ចំណែក ​​លោក ​វន ចាន់ឡូត អ្នក​សិក្សា​ផ្នែកច្បាប់​ លើក​ឡើងថា មានតែ​អំណាច​ដែល​កើត​ចេញ​ពីការបោះ​ឆ្នោត​ទេ​ ទើបមានស្ថិរភាព ហើយថា មានតែ​ជនផ្ដាច់ការ​ទេ​ ​ទើបទទួល​បាន​អំណាច​មិនតាមការបោះឆ្នោត និងបោះឆ្នោតដោយមិនសេរី ត្រឹមត្រូវ និង​​យុត្តិ​ធម៌។

លោក​​​បាន​សរសេរ​បង្ហោះ​លើហ្វេសប៊ុក​របស់លោក​​ក្នុង​សំណេរដើមថា៖ «ដូច្នេះ ក្នុងនាមជា​ពលរដ្ឋត្រូវតែនាំគ្នា​គោរព​រដ្ឋ​ធម្ម​នុញ្ញ និង​ប្រឹង​ប្រែង​ព្យាយាម​​ដើរ​ឱ្យ​ដល់​គោល​ដៅ​តាម​​ស្មារតី​​ដើម​រដ្ឋ​ធម្មនុញ្ញ។ ថ្វីដ្បិត​តែការ​យក​ស្មារតី​​ដើ​ម​រដ្ឋធម្មនុញ្ញ​មកអនុវត្តសម្រាប់​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​​​ដែល​ចង់បានប្រ​ជា​ធិប​តេយ្យ​វា​លំបាក ប៉ុន្ដែ​​វានៅតែជា​យន្ដ​ការ​សមស្រប ត្រឹម​ត្រូវដែលអន្ដរជាតិទទួលស្គាល់។ ការ​លំបាកមែនទែន គឺ​​​ការ​លេង​ល្បែង​​ហិង្សា នឹង​​ធ្លាក់​​ចូល​​អន្ទាក់​ជន​ផ្ដាច់​ការ ហើយ​គ្មាន​សង្ឃឹម​ជោគ​ជ័យ។ ជា​​ប​ទ​​ពិសោធន៍ ខ្មែរ​​ច្បាំង​គ្នា​អស់​ចិត្ត ដើម្បី​តែ​រក​វិធីឱ្យ​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​​១៩៩៣»

 យ៉ាងណាក្តី សម្រាប់អ្នក​តាមដាន​នយោបាយ ​ដែល​មិន​ស្របនឹងរដ្ឋាភិបាល​ បាន​លើកឡើង​ថា ប្រសិន​បើស្ថាន​ការ​ណ៍​​នយោបាយ​​របស់​​កម្ពុជា ​ដូចពេល​បច្ចុប្បន្ន​ មិន​ត្រូវបានផ្លាស់ប្តូរ​ ហើយ​គ្រួសារ​ហ៊ុន នៅ​តែអាច​ក្តោប​ក្តាប់​​អំណាច​​ពេញ​​ណែន​​នៅ​ក្នុង​​ដៃ ​ដោយ​អាច​ញាក់​ អាច​បញ្ជា​បាន​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ​ រួម​ទាំង​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ផង​នោះ​ ទៅ​ថ្ងៃមុខ​ប្រសិន​​បើ​គណ​បក្ស​នយោបាយណាមួយ​ អាច​​ទទួល​​បាន​សំឡេង​​ឆ្នោត​ច្រើន ដែល​​ជាការគំរាម​កំហែង​​​​ដល់ការ​កាន់​អំណាច​តពូជរបស់​គ្រួសារ​ហ៊ុន គណបក្ស​នោះ​ក៏​នឹង​ត្រូវគេ​ប្រឌិតរឿង​ចោទ​ប្រកាន់​ រំលាយ​​ចោល ​និង​​ចាប់​​ប្រធាន​គណបក្ស​​ដាក់​ពន្ធនាគារ​ដូច​ករណី​​រំលាយគណ​បក្ស​​​សង្គ្រោះ​​ជាតិ ​ហើយ​​​​ចាប់​​ឃុំខ្លួន​ ​លោក ​កឹម សុខា​ ទាំង​​បំពាន​​មិន​ខាន។

លោក កឹម សុខា ដែល​​​ជា​អ្នកនយោបាយ​ជាតិ​និយម ​ប្រកាន់​យកនូវ​គោលការណ៍​អហិង្សា​ មិន​យក​ខ្មែរ​ណាធ្វើ​ជា​សត្រូវ ​​ត្រូវ​បាន​តុលាការ​ដែល​ជាឧបករណ៍​នយោបាយ​របស់​ លោក ​ហ៊ុន សែន​ កាត់​​ឱ្យ​​ជាប់​​ទោស​ ជាប់​ឃុំ​នៅក្នុង​ផ្ទះ​រយៈ​ពេល​២៧​ឆ្នាំ ​និង​ដកសិទ្ធិ​ធ្វើ​នយោ​បាយ ​​ក្រោម​ការ​ចោទប្រកាន់ពីបទ«ក្បត់ជាតិ​» ជាបទ​ចោទ​ដែល​​មជ្ឈដ្ឋាន​ជាតិ ​និង​​អន្តរ​ជាតិ ​រួម​​ទាំង​​អង្គការ​​សហប្រជាជាតិ​ចាត់​ទុកថា ជា​រឿង​នយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ