វិធានការចាប់ឃាត់ខ្លួនអ្នកផលិតមាតិកា លោក សាំងលី សារ៉ាក់ ជំរុញឱ្យមានការលើកឡើងថា ជាការបិទទង្វើពួកឧក្រិដ្ឋជន នៅជុំវិញមេដឹកនាំដែលជាក្តីបារម្ភពីវិបត្តិសង្គមធ្ងន់ធ្ងរ បើប្រព័ន្ធច្បាប់ មិនអាចកាត់ទោសឧក្រិដ្ឋជនលាក់មុខស្និទ្ធនឹងមេដឹកនាំបាន។
ក្តីបារម្ភនេះ ក្រោយពីអាជ្ញាធរខេត្តកណ្តាល ចាប់ឃាត់ខ្លួនម្ចាស់ផេកឈ្មោះ Business Advisor គឺលោក សាំងលី សារ៉ាក់ កាលពីថ្ងៃទី២៧ ខែមីនានេះ ក្រោយពីអ្នកផលិតមាតិការូបនេះ និយាយអប់រំយុវជនកុំងប់ងុលនឹងគ្រឿងស្រវឹង ដោយបារម្ភពីសង្គមជាតិ ខ្វះធនធានយុវជនដែលជាសរសរស្តម្ភរបស់ជាតិ និងបង្ហាញពីក្តីបារម្ភពីអសន្តិសុខសង្គម និងបញ្ហាបូរណភាពទឹកដីជាដើម។
ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែមីនា លោកបានលើកយកវីដេអូ របស់ជំទប់ទី២គណបក្សភ្លើងទៀននិយាយរិះគន់កិច្ចការងាររដ្ឋបាល និងការដោះស្រាយបញ្ហាមូលដ្ឋាននៅឯឃុំកំពង់ភ្លុក ស្ថិតក្នុងខេត្តសៀមរាប។
លោកថា៖ «បើយើងឃើញដំបៅហើយ តែយើងអត់ព្យាបាលដំបៅហ្នឹងទេ ហើយគេប្រាប់នោះបងជើងបងមុតហើយគួរណាតែព្យាបាលវាទៅ ហើយខ្ញុំក៏ស្គាល់ពេទ្យល្អៗដែលបងអាចទៅសួរនាំគេទៅ តែទុកយូរបន្តិចទៀត វាពិបាកមើលណាស់ វាពិបាកព្យាបាលណាស់ វាមិនងាយជាទេ អ៊ីចឹងទាន់ដំបៅហ្នឹងវានៅភ្លាមៗ វានៅថ្មីៗទៅពេទ្យព្យាបាលទៅ»។
មិនតែប៉ុណ្ណោះ វីដេអូជាច្រើនរបស់គាត់ តែងនិយាយពីបញ្ហាប្រឈមរបស់យុវជនកម្ពុជា ដែលប្រើប្រាស់គ្រឿងស្រវឹងតាមការពង្វក់ របស់ក្រុមហ៊ុនស្រាបៀរ តាមរយៈឈ្នះរង្វាន់ ជាដើម។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយប្រាប់VODនៅថ្ងៃទី៣១ ខែមីនានេះថា ការបន្តចាប់ខ្លួនអ្នកហ៊ាននិយាយការពិតពីបញ្ហាសង្គម ជាទង្វើបិទបាំងកំហុសមេដឹកនាំ ដែលថា បានយកពួកឧក្រិដ្ឋជន ធ្វើជាទីប្រឹក្សា បង្កការគំរាមកំហែងជីវភាពពលរដ្ឋ និងសន្តិសុខសង្គម។
លោកបញ្ជាក់ថា តាមពិតត្រូវចាប់ខ្លួន ក្រុមឧក្រិដ្ឋជនដែលលាក់មុខនៅជាមួយមេដឹកនាំ ទើបអាចទប់ស្កាត់លំហូរគ្រឿងញៀន គ្រឿងស្រវឹង និងបទឧក្រិដ្ឋចាប់ជំរិត តាមប្រព័ន្ធអនឡាញ ដែលជាដើមហេតុគំរាមកំហែងសន្តិសុខសង្គម និងគំរាមកំហែងជីវភាពប្រជាពលរដ្ឋ មិនទៅចាប់អ្នកនិយាយអប់រំមនុស្សទេ។
តែផ្ទុយទៅវិញ លោកថា អ្នកអប់រំយុវជនកុំឱ្យងប់ងុលនឹងគ្រឿងស្រវឹង បញ្ហាគ្រឿងញៀន និងបង្ហាញកង្វល់ពីអំពើចោរកម្មជាការផ្តល់ដំណឹងបែបស្ថាបនា ដែលត្រូវលើកទឹកចិត្ត បើប្រទេសនោះគោរពច្បាប់។
លោកថា៖ «តុលាការហ្នឹងត្រូវតែចាប់ខ្លួន លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងត្រកូលហ៊ុនមេដឹកនាំប្រទេសហ្នឹងដាក់ពន្ធនាគារ ហើយឲ្យសភាជ្រើសរើសមេដឹកនាំថ្មី ដូចនៅថៃ ដូចនៅប្រទេសជឿនលឿនដទៃទៀត ដែលគេធ្វើចឹង ទើបប្រទេសគេរីកចម្រើន បើយើងអត់ហ៊ានដកតំណែងមេដឹកនាំមិនហ៊ានចាប់មេដឹកនាំដាក់គុក ចឹងមេដឹកនាំរំលោភអំណាចធ្វើអីស្រេចចិត្ត កាន់អំណាចផ្ដាច់ការអត់មាននរណាហ៊ានប៉ះពាល់ទេ»។
ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា វិធាននេះ បញ្ជាក់យ៉ាងច្បាស់ថា ប្រជាធិបតេយ្យនៅកម្ពុជាមានតែលើបបូមាត់មេដឹកនាំ។
លោកថា៖ «ការដឹកនាំរបស់លោកហ៊ុន សែន ស្រដៀងខ្លាំងណាស់ជាមួយនឹងរបបខ្មែរក្រហម ពាក់ព័ន្ធនឹងការចាប់មនុស្សហ្នឹងអត់មានច្បាប់មានទម្លាប់ គឺចាប់មនុស្សតាមទំនើងចិត្តអ្នកណាក៏ដោយ ឲ្យតែរិះគន់ប៉ះពាល់ដល់មន្ត្រីថ្នាក់ក្រោមរបស់គាត់ ឬប៉ះពាល់ដល់ក្រុមគ្រួសារគាត់ គឺចាប់ខ្លួនគេតែម្តង»។
VOD មិនទាន់អាចសុំការបំភ្លឺពី អ្នកនាំពាក្យអគ្គស្នងការនរគបាលជាតិ លោក ឆាយ គឹមខឿន បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយលោកមិនលើកទូរស័ព្ទ។
យ៉ាងណា បើតាមវីដេអូឃ្លីបរយៈពេល៥នាទី នៅថ្ងៃទី៣១ ខែមីនានេះ ម្ចាស់ផេកឈ្មោះ Business Advisor គឺលោក សាំងលី សារ៉ាក់ ត្រូវបានដោះលែង និងធ្វើវីដេអូ សុំទោសជាសាធារណៈចំពោះមេដឹកនាំ។
យ៉ាងនេះក្តី ការលើកឡើងពីការបទល្មើសនានា ដែលថាគំរាមកំហែងអន្តិសុខសង្គ រួមទាំងបញ្ហាគ្រឿងញៀន មិនគួរត្រូវបានចាប់ខ្លួន ឬគំរាមកំហែងទេ ព្រោះវាហាក់ស៊ីគ្នាទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា ដែរ។
ពីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមីនានេះ លោក ហ៊ុន ម៉ាណែត ថ្លែងទទួលស្គាល់ពីបទឧក្រិដ្ឋនានាដែលនៅបន្តកើតឡើងក្នុងខេត្តជាប់សមុទ្រមួយនេះ ដែលថាវាបានបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរ និងការភ័យខ្លាចរបស់ពលរដ្ឋ ដែលថាត្រូវទប់ស្កាត់ ដើម្បីស្តារមុខមាត់ប្រទេស។
លោកថា៖ «សុំឱ្យសមត្ថកិច្ចនៅក្នុងខេត្ត គណៈបញ្ជាការឯកភាព ខិតខំដើម្បីបន្តជំរុញទប់ស្កាត់សម្អាតហើយនិងថែរក្សាសន្តិសុខនៅកន្លែងនេះ ដើម្បីជាសក្ដានុពលធំទាំងវិនិយោគទាំងទេសចរណ៍ ទាំងក្នុងស្រុក ទាំងក្រៅស្រុករបស់យើងបន្តទៀត ហើយខេត្ដព្រះសីហនុដែលជាខេត្តមានសក្ដានុពល កត្តាសន្តិសុខនេះ គឺដាច់ខាតត្រូវតែធ្វើឱ្យបាន។ យើងធ្វើបានល្អហើយប៉ុន្តែនៅមានបញ្ហា។ យើងត្រូវខិតខំរួមគ្នា ដើម្បីធ្វើបន្តទៀត ហើយសង្ឃឹមថាឆ្នាំ២០២៥នេះ យើងនឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ»។
លើសពីនេះ បញ្ហាគ្រឿងញៀនវិញ លោក ស សុខា ថ្លែងចំពោះមុខមន្ត្រីពាក់ព័ន្ធនៅភ្នំពេញ បានចង្អុលបង្ហាញថា បទឧក្រិដ្ឋគ្រឿងញៀនហក់ឡើងយ៉ាងគំហុក មានជាប់ពាក់ព័ន្ធនឹងមន្ត្រីជំនាញ ដែលលោក ព្រមានឱ្យដកខ្លួន បើមិនចង់បាត់បង់តំណែង។
បញ្ហាគ្រឿងស្រវឹងក៏ដូចគ្នា លោកថា ចំពេលច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅបន្តជាប់គាំង ក្រុមហ៊ុនស្រាបៀរ ប្រើគ្រប់មធ្យោបាយពង្រីកទីផ្សារ ដែលនាំទៅដល់ការស្លាប់មនុស្សរាប់រយនាក់ក្នុងមួយឆ្នាំ ក្នុងគ្រោះថ្នាក់ចរាចរណ៍។
លោកថា៖ «ខ្ញុំជឿជាក់ថា បញ្ហាគ្រឿងញៀននេះ បើគ្មានការពាក់ព័ន្ធទៅនឹងផ្ទៃក្នុងទេ អ្នកពាក់ព័ន្ធទេ បែបគ្រឿងញៀននេះ វាមិនសូវធំដល់ប៉ុណ្ណេះទេ សម្រាប់កិច្ចការនេះ សុំក្រសួងមានការយកចិត្តទុកដាក់ និងពង្រឹងនិងពន្លាតការស្រាវជ្រាវ ហើយស្រាវជ្រាវមិនមែនតែត្រឹមស្រាវជ្រាវទៅពួកអ្នកជួញដូរទេ ការស្រាវជ្រាវពេលខ្លះពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់យើង ត្រូវតែស្រាវជ្រាវផងដែរ»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា យល់ថា ការអះអាងរបស់រដ្ឋាភិបាលឬមន្រ្តីរដ្ឋាភិបាល គ្រាន់តែជាទង្វើចង់បិទបាំងកំហុសរបស់ខ្លួនប៉ុណ្ណោះ។
លោកថា រដ្ឋាភិបាលកុំបានតែនិយាយបោកប្រាស់ថា ខ្លួនយកចិត្តទុកដាក់បម្រើរាស្រ្ត ខណៈការអនុវត្តជាក់ស្តែងវិញអំពើពុករលួយចាក់ស្រែះបញ្ហាគ្រឿងញៀន អសន្តិសុខសង្គមកើតមានស្ទើរគ្រប់ទីកន្លែង។
លោកបន្តថា បើរដ្ឋាភិបាលចង់បម្រើរាស្រ្តពិត ឬគិតគូរពីបញ្ហាសង្គមជាតិ មាតុភូមិ មែនត្រូវហ៊ានបើកលំហរសិទ្ធិសេរីភាពជាមូលដ្ឋាន ឈប់បន្តធ្វើបាបរាស្រ្ត ឬចាប់ចងពលរដ្ឋតាមទំនើងចិត្តបន្តទៀតទៅ។
លោកថា៖ «អ្នកដឹកនាំប្រទេសហ្នឹងហើយ ឬក៏មន្ត្រីស្ថាប័នពាក់ព័ន្ធក្រោមបង្គាប់របស់មេដឹកនាំប្រទេសនិងគឺជាអ្នកដែលទទួលខុសត្រូវ ទៅលើការការពារនូវសន្តិសុខ និងសុវត្ថិភាពរបស់ប្រទេសទាំងសង្គមទាំងរឿងបរិស្ថាន រឿងការពារធនធានធម្មជាតិ គ្រឿងញៀន ដែលរឿងជួញដូរមនុស្សឆបោកតាមអនឡាញទាំងអស់ហ្នឹងឯង គឺជារឿងដែលអ្នកហ្នឹងត្រូវយកចិត្តទុកដាក់ អ៊ីចឹងអ្នកដែលទទួលខុសត្រូវ ត្រូវធ្វើការថ្កោលទោសនោះ គឺមេដឹកនាំប្រទេស និងអ្នកតន្ត្រីដែលមានមុខងារតួនាទីទាំងអស់ហ្នឹងទេ ដែលគ្មានសមត្ថភាពក្នុងការដឹកនាំជួយប្រជាពលរដ្ឋ»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ដោយឡែក ក្រុមអ្នកតស៊ូមតិកម្ពុជាហៅកាត់ថា (CAT) បាននិយាយក្នុងលិខិតចុះថ្ងៃទី២ ខែមករា ឆ្នាំ ២០២៥ថា រយៈពេល១៦ខែនៃរដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត បានសម្រេចបោះចោលសុចរិតភាព យុត្តិធម៌ ហើយចាប់យកគ្រួសារនិយម បក្ខពួកនិយម អញនិយម ដើម្បីបុព្វហេតុបន្តវេន៕