មន្ត្រីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់)និយាយថា គិតត្រឹមថ្ងៃចន្ទនេះ មិនទាន់ដឹងថា មានពលករខ្មែរប៉ុន្មាននាក់រងគ្រោះ ដោយសារគ្រោះរញ្ជូយដីនៅប្រទេសថៃនៅឡើយទេ បើទោះថា មានសាកសពចំនួន១១នាក់ ត្រូវបានគេយកចេញពីគំនរអគារបាក់រលំ ក្នុងចំណោមមនុស្សជិត១០០នាក់ ដែលគេសង្ស័យថា អាចជាប់នៅក្នុងគំនរអគារដែលបាក់នោះ។
លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកពលករចំណាកស្រុក អង្គការសង់ត្រាល់ប្រចាំប្រទេសថៃប្រាប់VODថា ហេតុការណ៍រញ្ជួយដីនៅប្រទេសថៃ ចាប់ពីថ្ងៃទី២៨ រហូតថ្ងៃទី៣១ ខែមីនានេះ ដំណឹងនៃអ្នកបាត់ខ្លួនមិនទាន់ដឹងពិតប្រាកដនៅឡើងទេ ក្នុងនោះមានទាំងពលករខ្មែរផង។
លោកបន្តថា ដោយឡែក សាកសព១១នាក់ហើយ ត្រូវបានគេយកចេញពីអគារដែលបានរលំនោះ ក្នុងចំណោមមនុស្សជិត១០០នាក់ ដែលសង្ស័យថា អាចជាប់គាំងនៅក្នុងគំនរអគារដួលរលំនេះ។
លោកថា៖ «ហ្នឹងហើយសាកសពដែលគេយកចេញពីអគារហ្នឹង ចាប់តាំងពីថ្ងៃទី២៨រហូតមកដល់ថ្ងៃទី៣១ថ្ងៃហ្នឹង មាន១១សាកសពហើយ តែសាកសពទាំង១១ហ្នឹង គេមិនទាន់បញ្ជាក់ពីភិនភាគ ឬអត្តសញ្ញាណ។ តែផ្ទុយទៅវិញអ្នកដែលរង់ចាំ ការបាត់ដំណឹងសាច់ញាត្តិហ្នឹងមានខ្មែរយើងក៏ច្រើនដែរ»។
លើសពីនេះ លោកថា ពលករខ្មែរមួយចំនួនបានរងរបួសដោយរត់ជាន់គ្នា អំឡុងពេលមានហេតុការណ៍រញ្ជួយដីនេះ និងខ្លះទៀតបានសម្រុកមកកម្ពុជាវិញ ខណៈនៅថ្ងៃនេះអាជ្ញាធរថៃបានប្រកាសអាសន្នម្តងទៀតពីការកើតឡើងនៃគ្រោះរញ្ជួយដី នៅទីក្រុងបាងកកនេះ។
លោកថា៖ «នៅថ្ងៃទី៣១ ខែមីនានេះដែរ រដ្ឋាភិបាលថៃបានប្រកាសអាសន្ន ដោយសារតែមានការរញ្ជួយផែនដីម្តងទៀត ហើយក៏មានអគាររដ្ឋបាលថៃនៅក្នុងទីក្រុងបាងកកហ្នឹង មានករណីប្រេះអគារ និងរញ្ជួយផែនដីម្តងទៀតសារជាថ្មី ធ្វើឱ្យប្រជាជននៅក្នុងទីក្រុងបាងកក មានការព្រួយបារម្ភនិងភ័យខ្លាច»។
បើតាមប្រភពនោះ កន្លែងដែលអគារបាក់រលំនៅប្រទេសថៃ ដោយសារគ្រោះរញ្ជូយដីនេះ ត្រូវបានគេអះអាងថា មានពលករចម្រុះជាតិសាសន៍ ដូចជា ថៃ ភូមា និងកម្ពុជា សរុបប្រមាណជាង ៣០០នាក់ ធ្វើការនៅទីនោះ មុនអគារបាក់រលំ៕