ពលរដ្ឋម្នាក់នៅតំបន់អន្ទង់អាំង ឬភ្នំ១៥០០ ខេត្តពោធិ៍សាត់ ដែលត្រូវអាជ្ញាធររុះរើផ្ទះរាបដល់ដី និងប្រឈមការប្តឹងផ្តល់តាមផ្លូវតុលាការផងនោះ បានច្រានចោលការចោទរបស់ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដែលថា អ្នកស្រីទៅរស់នៅតំបន់ការពារបៃតងដោយខុសច្បាប់ ខណៈអ្នកស្រីអះអាងថា រូបគាត់ និងពលរដ្ឋជាង២០គ្រួសារទៀត ពិតជាបានទិញដីតំបន់នោះ តពីគេ ហើយទីតាំងនោះក៏មិនស្ថិតនៅក្នុងតំបន់ការពារដែរ។
កាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់ អ្នកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង។
អ្នកស្រី សែម សុខគា ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាង២០គ្រួសារ រស់នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានអាជ្ញាធររុះរើផ្ទះ និងរីស៊តខ្ទេចគ្មានសល់ កាលពីអំឡុងពាក់កណ្តាលខែមិនានេះ ក្រោមហេតុផលថា ពួកគេទៅទន្ទ្រានកាន់កាប់ដីនៅតំបន់អន្ទង់អាំង ដែលជាតំបន់ការពារ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រោយទទួលបានបណ្តឹងរបស់អ្នកស្រី សែម សុខគា ជុំវិញការស្នើសុំអន្តរាគមន៍រឿងដីធ្លីនៅតំបន់អន្ទង់អាំងនោះ ក្រុមការងារ បានអញ្ជើញអ្នកស្រីទៅផ្តល់ព័ត៌មានលម្អិតដល់ក្រសួងចំនួន ៣លើកមកហើយ ប៉ុន្តែគាត់មិនបានទៅតាមការអញ្ជើញនោះឡើយ។
ប្រភពដដែល បន្តថា បន្ទាប់ពីបានចុះស្រាវជ្រាវដល់ទីតាំងដីដោយផ្ទាល់ និងបានជួបសួរព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធរួចមក ក្រុមការងារក្រសួងយុត្តិធម៌ រកឃើញថា ទីតាំងដីដែល អ្នកស្រី សែម សុខគា កំពុងកាន់កាប់ហើយដែលអះអាងថា មានប្លង់រឹងនោះ គឺជារឿងមិនពិត ព្រោះថាដីនេះស្ថិតនៅក្នុងតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ (តំបន់អន្ទង់អាំង) ហើយនៅក្នុងតំបន់នេះ ពុំមានដីណាមួយមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)នោះទេ។
ក្រសួងបន្តថា ចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០១២ ដែលគាត់បានលើកបង្ហាញក្នុងបណ្តាញសង្គមនោះ គឺជារបស់អ្នកផ្សេង ដែលធ្វើឱ្យមានការភ័ន្តច្រឡំជាសាធារណៈ។
ក្រសួងបន្តទៀតថា អ្នកស្រី សែម សុខគា មានដីយ៉ាងតិចចំនួន ៦កន្លែងទៀត នៅក្រៅតំបន់ការពារនេះ ហើយប្លង់ដីទាំងនោះ ត្រូវបានស្ត្រីរូបនេះយកទៅដាក់ធានាបំណុលធនាគារជាង ១០ម៉ឺនដុល្លារអាមេរិក។ ទន្ទឹមនេះ ទីតាំងផ្ទះដែលអ្នកស្រី សែម សុខគា កំពុងរស់នៅ ក៏មិនស្ថិតនៅក្នុងតំបន់អន្ទង់អាំងនេះដែរ។
ក្រសួងយុត្តិធម៌ បញ្ជាក់ថា ដីស្ថិតនៅក្នុងតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ (តំបន់អន្ទង់អាំង) គឺជាដីរបស់រដ្ឋ ហើយរដ្ឋបានសម្រេចដកហូតដីដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិនេះយកមកវិញ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនទូទាំងប្រទេស គឺមិនមែនសម្រាប់ជាប្រយោជន៍របស់បុគ្គលឯកជនណាមួយនោះទេ។
បើតាមក្រសួង ដើម្បីបន្តធានាឱ្យមានបរិយាកាសល្អក្នុងការដោះស្រាយ ចំពោះករណីសំណុំរឿងរបស់អ្នកស្រី សែម សុខគា ក្រសួងនឹងស្នើសុំឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បន្តបង្អង់នីតិវិធីរបស់ខ្លួន ឬបង្កលក្ខណៈឱ្យសាមីខ្លួន អាចចូលឆ្លើយបំភ្លឺនៅចំពោះមុខតុលាការ តាមនីតិវិធីច្បាប់ ដោយគ្មានការឃាត់ខ្លួន។
ជុំវិញករណីនេះ អ្នកស្រី សែម សុខគា ប្រជាពលរដ្ឋរស់នៅតំបន់អន្ទង់អាំង ដែលតវ៉ាយ៉ាងសកម្មនោះ បានថ្លែងប្រាប់វីអូឌី នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥នេះ ដោយច្រានចោលការចោទប្រកាន់របស់ក្រសួង និងអ្នកពាក់ព័ន្ធ ជាពិសេសមន្ទីរបរិស្ថានខេត្តដែលជាដើមបណ្តឹង ដែលថា រូបគាត់ទៅទន្ទ្រានដីរដ្ឋ ដោយខុសច្បាប់នោះ។ អ្នកស្រីបន្តថា គាត់មិនអាចទៅផ្តល់ព័ត៌មានលម្អិតដោយផ្ទាល់នៅក្រសួងយុត្តិធម៌បានទេ ដោយសារកំពុងមើលម្តាយឈឺ និងបន្តស្នើដល់ក្រសួងរកយុត្តិធម៌ ដោះស្រាយតាមបណ្តឹងរបស់គាត់ដែលបានដាក់ទៅ។
អ្នកស្រី សុខគា នៅតែនិយាយដដែលៗថា អ្នកស្រី និងពលរដ្ឋមួយចំនួន ពិតជាបានទិញដីតពីគេ ដោយមានប្លង់កម្មសិទ្ធិត្រឹមត្រូវ និងទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
អ្នកស្រីថា៖ «គាត់ចង់និយាយថាប្លង់ខ្ញុំអត់មាន ប្លង់ខ្ញុំអត់មានម៉េច? បើខ្ញុំទិញ មានប្លង់រឹងពីឈ្មោះ ស្មាន់ កាសេត ហ្នឹង ដីទីតាំងដែលខ្ញុំកាន់កាប់រាល់ថ្ងៃ គឺវាស់នៅកន្លែងហ្នឹង ហើយកាន់កាប់នៅកន្លែងហ្នឹង ហើយបើប្លង់ខុសហ្នឹង ខុសយ៉ាងម៉េច ប្លង់ក្លែងក្លាយឬយ៉ាងម៉េច បើប្លង់ក្លែងក្លាយ ត្រូវចាប់អាអ្នកធ្វើប្លង់នោះយកទៅដាក់គុក ហើយចាប់អាជ្ញាធរភូមិឃុំយកទៅដាក់គុក ហើយចាប់អ្នកលក់យកសងខ្ញុំវិញដែលខ្ញុំទិញហ្នឹង ហើយម៉េចមកត្រូវចោទប្រកាន់ខ្ញុំ មកដាក់បន្ទុកខ្ញុំវិញ ហើយប្លង់ខ្ញុំអត់មានម៉េច បើប្លង់ខ្ញុំដាក់ធនាគារ […] រកយុត្តិធម៌ឱ្យខ្ញុំ ឬក៏មកដាក់បន្ទុកឱ្យខ្ញុំថែម ខ្ញុំឆ្ងល់»។
អ្នកស្រី សែម សុខគា នៅតែបង្ហាញជំហរក្នុងការបន្តការទាមទាររកយុត្តិធម៌រឿងដីធ្លីនេះ ពីស្ថាប័នពាក់ព័ន្ធ បើទោះជាបច្ចុប្បន្ន គ្រួសារអ្នកស្រីប្រឈមនឹងបញ្ហាជីវភាព ការមិនចុះសម្រុងក្នុងគ្រួសារដោយសារតែការតវ៉ាទាមទារយុត្តិធម៌ និងការប្តឹងប្តល់ពីសំណាក់មន្ទីរបរិស្ថានខេត្តទៅលើរូបអ្នកស្រីក៏ដោយ។
អ្នកស្រីថា៖ «ខ្ញុំអត់សុខចិត្តទេ ខ្ញុំសុខចិត្តប្តូរជីវិតជាមួយហើយ ជីវិតខ្ញុំថោកទាបមួយហ្នឹង គ្មានអ្នកណាដោះស្រាយឱ្យ ឱ្យងាប់តាមដីហ្នឹងទៅ។ តវ៉ាដល់ចុងក្រោយ ចុងក្រោយចាំចាក់សាំងដុតសម្លាប់ខ្លួនចុងក្រោយបណ្តោយ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេនៅថ្ងៃនេះ។
ចំណែក លោក យិន ម៉េងលី អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ដាក់ជាចម្ងល់ថា បញ្ហាដីធ្លីនៅតំបន់អន្ទង់អាំងនេះ មានការពាក់ព័ន្ធជាមួយពលរដ្ឋជាង ២០គ្រួសារ ដែលរងគ្រោះដោយសារការបណ្តេញចេញដោយបង្ខំ ប៉ុន្តែហេតុអ្វីបានជាខាងក្រសួងលើកយកតែករណីអ្នកស្រី សែម សុខគា មកនិយាយ។
ជុំវិញបញ្ហាដីធ្លីនេះ លោកយល់ថា ក្រុមការងាររបស់ក្រសួងគួរតែចុះទៅកាន់ទីតាំងដីដោយផ្ទាល់ ដោយជួបជាមួយពលរដ្ឋដែលជួបបញ្ហាទាំងជាង២០គ្រួសារ និងភាគីពាក់ព័ន្ធផ្សេងៗ ហើយស្តាប់យោបល់ និងសំណើររបស់ពួកគាត់ ជាជាងការចុះទៅជួបតែអាជ្ញាធរមូលដ្ឋាន ហើយស្តាប់តែរបាយការណ៍។
ដើម្បីដោះស្រាយបញ្ហានេះ និងជៀសវាងការចោទដាក់គ្នារវាងប្រជាពលរដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ លោក យិន ម៉េងលី យល់ថា៖ «ក្រសួង[យុត្តិធម៌]ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកុំឱ្យមានការភ័យខ្លាច អំពាវនាវឱ្យប្រជាពលរដ្ឋ ណាត់ពេលជាមួយប្រជាពលរដ្ឋ ដើម្បីជួបគ្នានៅលើទីតាំងដី ឬក៏នៅក្នុងខេត្តពោធិ៍សាត់ ឬក៏នៅកន្លែងណាមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តថាមិនចាប់គាត់ និងមិនធ្វើការចោទប្រកាន់ពួកគាត់ទេ។ ដើម្បីឱ្យមានជំនឿថែមទៀត ក្រសួងគប្បីជួយអន្តរាគមន៍ដល់តុលាការ ឱ្យទម្លាក់បទចោទប្រកាន់ទាំងអស់ទៅលើប្រជាពលរដ្ឋសិនទៅ ទម្លាក់ចោទទៅ ហើយងាកមកជួបពួកគាត់ ស្តាប់កង្វល់របស់គាត់ ដើម្បីរកយន្តការបន្តថែមទៀត ជៀសវាងឥលូវនេះខ្ញុំមើលឃើញថា ហាក់បីដូចធ្វើការចោទទៅវិញទៅមក ទាក់ទងនឹងបញ្ហានេះ។ ចឹងខ្ញុំអំពាវនាវថា ធ្វើយ៉ាងម៉េចទាល់តែប្រជាពលរដ្ឋលោកមានជំនឿទុកចិត្ត លោកបាត់ការភ័យខ្លាចឡើងវិញ ហើយឱ្យលោកចូលរួមទើបបញ្ហានេះអាចបញ្ចប់ បើមិនចឹងទេនៅតែឆ្លើយឆ្លងបញ្ហានេះឥតឈប់ឈរ ហើយកុំយកបញ្ហាមួយនៅក្នុងចំណោមបញ្ហាជាច្រើន យកមកលើក យើងយកបញ្ហាទាំងមូលមកធ្វើការដោះស្រាយវិញ»។
បើតាម អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ឱ្យដឹងនាពេលកន្លងមកថា បញ្ហាដីធ្លីនៅតំបន់អន្ទង់អាំងដែលជាតំបន់ការពារបៃតងនេះ មានប្រជាពលរដ្ឋចំនួន ៩៨គ្រួសារ ដែលអាជ្ញាធរតម្រូវឱ្យរុះរើចេញ ក្នុងនោះមានពលរដ្ឋជាង ៦០គ្រួសារ បានផ្តិតមេដៃយល់ព្រមចាកចេញ និងទៅរស់នៅទីតាំងថ្មីដែលរដ្ឋរៀបចំជូន ខណៈពលរដ្ឋ ២៤គ្រួសារទៀត មិនព្រមចាកចេញ រហូតដល់អាជ្ញាធរបានប្រើវិធានការក្តៅ រុះរើផ្ទះនិងសំណង់រឹងចេញ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ។
តែយ៉ាងណា ក្រុមប្រជាពលរដ្ឋអះអាងថា ដីដែលពួកគាត់បានរស់នៅជាង១០ឆ្នាំមកហើយនេះ ពុំស្ថិតនៅក្នុងតំបន់ការពារបៃតងនោះទេ គឺពួកគាត់បានទិញដីបន្តពីក្រុមកងទ័ព កាលពីអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ ដើម្បីសាងសង់ផ្ទះរស់នៅ និងអ្នកខ្លះបានសាង់សង់ជារីស៊ត ហើយការទិញលក់នោះ ក៏មានឯកសារត្រឹមត្រូវដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានផងដែរ តាំងពីក្រោមការដឹកនាំរបស់អភិបាលខេត្តចាស់ លោក ម៉ៅ ធនិន។
ក្រុមពលរដ្ឋអះអាងដែរថា ក្នុងរឿងវិវាទដីធ្លីនេះ មានពលរដ្ឋពីរនាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងនោះមានម្នាក់បាននិងកំពុងជាប់ពន្ធនាគារ ខណៈពលរដ្ឋជាច្រើននាក់ទៀត បានរត់លាក់ខ្លួនក្នុងព្រៃ និងទៅកាន់តំបន់ឆ្ងាយៗ ដោយសារតែការបារម្ភពីការចាប់ខ្លួន និងចោទប្រកាន់នានានៅតុលាការ។
កាលពីឆ្នាំ១៩៩២ រដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិ លើកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកចិ្ច សង្គមកិច្ច និងវប្បធម៌ ដែលរាប់បញ្ជូលទាំងសិទ្ធិលំនៅដ្ឋានសមរម្យ និងការធានាសិទ្ធិរស់រានមានជីវិត។
បើតាមចំនុច៦ នៃកតិការសញ្ញាអន្តរជាតិ ការបណ្តេញចេញដោយបំពាន គឺជាការរំលោភបំពានដ៏កម្រោល លើសិទ្ធិមនុស្សជាច្រើន ដែលបានទទួលស្គាល់ជាអន្តរជាតិ រួមទាំងសិទ្ធិមានផ្ទះសម្បែង អាហារ ទឹក សុខភាព ការអប់រំ ការងារ សន្តិសុខ សេរីភាពចាកផុតពីការប្រព្រឹត្តឃោឃៅ អមនុស្សធម៌។
លើសពីនេះ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»៕