ជនរងគ្រោះទម្លាយថា អតីតឧកញ៉ា ហ៊ី គឹមហុង ជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ប្រចាំនៅរាជធានីភ្នំពេញ ដែលថា តួនាទីនេះហើយ ធ្វើឱ្យពួកគេស្លាប់ជាបន្តបន្ទាប់រហូតជិត២០នាក់ច្រើនឆ្នាំទៅនេះ ដោយសារប្រព័ន្ធច្បាប់ឈរនៅខាងមេឧក្រិដ្ឋជនឆបោករូបនេះ។
បើតាមលិខិត២ច្បាប់ដែលVODទទួលបាន នៅថ្ងៃទី៣១ ខែមីនានេះ បង្ហាញថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលមាន លោក ឃួង ស្រេង ជាប្រធាន បានបង្កើតសាខាបក្សនៅក្រុមហ៊ុនពិភពដីមាស ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២៣។
គណៈកម្មាធិការនោះ សម្រេចឱ្យអតីតឧកញ៉ា ហ៊ី គឹមហុង ជាប្រធាន រួមទាំងមានបុគ្គលឆបោកមានងារជាឧកញ៉ាមួយចំនួនទៀត ក្នុងក្រុមបក្សនោះ រួមមាន ឧកញ៉ា ថូ វុទ្ធី លោកស្រី សាន សុទ្ធាវិន ជាភរិយា លោក ហ៊ី គឹមហុង ឧកញ៉ា ហ៊ី វាសនា និងឧកញ៉ា ចេង សង្ហាក់ ជាដើម។
ជុំវិញរឿងនេះ ជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង គឺលោក ប៊ុន ធឿន និយាយថា អតីតឧកញ៉ា ហ៊ី គឹមហុង ជាមនុស្សរបស់បក្សកាន់អំណាចបែបនេះ ទើបធ្វើឱ្យយុត្តិធម៌នៅជាប់គាំងជិត២ឆ្នាំ ទោះបីមានជនរងគ្រោះស្លាប់ជាបន្តបន្ទាប់ ហើយអ្នកចាញ់បោកផ្ទុះការតវ៉ជាច្រើនដងក្តី។
លោកថា៖ «បើតាមគេតែងតាំងហ្នឹងវាខ្ពស់មែនទែន បានច្បាប់វាធ្វើមិនចេញ។ បោកប្រជាពលរដ្ឋយកទៅធ្វើមានធ្វើបាន យកទៅទិញផ្ទះទិញដី ទិញខុនដូ វាគ្រប់កន្លែងទាំងអស់។ មិនមែនយកលុយទៅបង្កើតលុយណា! វាយកលុយទៅបង្កើតប្រយោជន៍ខ្លួនវា។ មកលួងលោមឲ្យអាទីផ្សារ បរិវារក្រុមហ៊ុនរបស់គាត់ហ្នឹង ដើម្បីមកលួងទាក់ទាញភ្ញៀវ ទាក់ទងអតិថិជនគ្នាដែរអត់ដឹងល្ងង់គ្នាមិនដឹង! ដល់ហើយយកទៅឲ្យគាត់រកស៊ី ហើយគាត់បានលុយបួងពេញៗដៃ គាត់រត់»។
បើតាមជនរងគ្រោះ បញ្ជាក់ថា មកទល់ពេលនេះ មានអ្នកស្លាប់ជិត២០នាក់ ហើយក្រោមវិបត្តិបំណុល។
ជនរងគ្រោះម្នាក់ទៀត អ្នកស្រី ញឹម បឿន រស់នៅខេត្តកំពត ប្រាប់ថា គាត់ចាញ់បោកក្រុមហ៊ុនពិភពដីមាសអស់ជិត៣ម៉ឺនដុល្លារ និងបានដាក់ពាក្យបណ្ដឹងរកយុត្តិធម៌តាំងពីឆ្នាំ២០២៣ តែនៅតែគ្មានដំណោះស្រាយ ខណៈប្តីរបស់គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារវិបត្តិផ្លូវចិត្តក្រោយជួបវិបត្តិបំណុលវ័ណ្ឌក។
អ្នកស្រីថា៖ «ហើយឥឡូវប្តីធ្លាក់ខ្លួនឈឺ មើលមិនជាផង! ឥលូវចងគាត់នៅនឹងផ្ទះយកដើរមើលគាត់អស់១ម៉ឺនជាង! ឥលូវគាត់រវល់តែរករត់ រកវាយយើង! កាច ឥលូវគាត់ធ្លាក់ខ្លួនឈឺ! ឥលូវមិនដឹងយកទៅណាទេ ដេកនៅនឹងកន្លែង។ កូនក៏លែងបានរៀន បានអីអស់។ មួយថ្នាក់ទី១០ អាមួយថ្នាក់ទី៨ ឥលូវឈប់អស់ហើយ! បើអត់មានលុយឱ្យវារៀន លក់អស់អាលីងអាលួត មើលឪ ហ្នឹង!មើលមិនជាទៀតឥលូវហ្នឹង! អាលុយក៏ជំពាក់គេ»។
អ្នកស្រីបន្ថែមថា៖ «ជំពាក់គេហ្នឹង វាអត់មានអីឱ្យ បើយើងធ្លាក់ខ្លួនអ៊ីចឹងមានបានឆ្អីឱ្យគេ! អត់។ កាលអត់ទាន់ចូលពិភពដីមាស ប្ដីខ្ញុំអត់ឈឺហង! អត់មានឈឺអីហង! ដល់ពេលចាប់ផ្ដើមចូលបានតែ២ខែ គេអត់ទម្លាក់លុយឱ្យក៏ គ្នាគិតរឿងគិតមិនដឹង! ក៏ខ្ញុំចេះតែថា មិនបាច់គិតអីបើម៉េចៗ យើងរកលុយសងគេទៅ។ គ្នានឹងក៏ទៅរក! ទៅអី! យូរៗទៅ ក៏ទៅជាគិតវិលវល់»។
អំពើឆបោករបស់ក្រុមហ៊ុនពិភពដីមាសនេះ ក្រោមរូបភាពអ្នកវិនិយោគទទួលបានការប្រាក់ពី ៣ភាគរយ ទៅ ៤ភាគរយ នៃទំហំទឹកប្រាក់ដើម ជារៀងរាល់ខែ រយៈពេល២ឆ្នាំ តែពួកគេបើកបានតែប៉ុន្មានខែដំបូង ក៏លែងបានបន្តទៀត។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា និយាយថា បច្ចុប្បន្នបក្សកាន់អំណាចបានគ្រប់គ្រងលើគ្រប់ស្ថាប័នជាតិ ទាំងប្រព័ន្ធតុលាការ រួមទាំងអាចបញ្ជាលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទើបបក្សប្រជាជនហ៊ានធ្វើអ្វីតាមអំពើចិត្តមិនខ្វល់ពីឆន្ទៈរាស្រ្តបែបនេះ។
លោកសង្កត់ធ្ងន់ថា បើបក្សកាន់អំណាចជាបក្សស្អាតស្អំ ត្រូវហ៊ានវះកាត់បុគ្គលឆបោកក្នុងបក្សរបស់ខ្លួន ហើយប្រព័ន្ធច្បាប់ក៏គួរមានវិធានការម៉ឹងម៉ាត់ដែរចំពោះឧក្រិដ្ឋជន។
លោកថា៖ «រឿងរ៉ាវទាំងអស់នេះ នៅក្នុងសង្គមកម្ពុជា មិនងាយនឹងកាត់ផ្ដាច់បានទេ បើសិនជាការអនុវត្តច្បាប់ ឬក៏មេដឹកនាំហ្នឹងនៅតែបន្តបណ្ដែតបណ្ដោយ ឬក៏ផ្តល់ឱកាសឲ្យជនឱកាសនិយម ឬក៏ក្រុមឧក្រិដ្ឋជនទាំងអស់ហ្នឹង មានឱកាសចូលគណបក្សរបស់ខ្លួន ហើយខ្លួនធានាការពារទៅលើនូវបទល្មើស ទៅលើអំពើប្រព្រឹត្តិដែលមិនត្រឹមត្រូវទាំងអស់ហ្នឹង។ដូចដែលយើងធ្លាប់ដឹងហើយថា កន្លងមក គឺនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ហ្នឹងក៏ធ្លាប់ថ្លែងថា ខ្លួនសុខចិត្តការពារមេមាន់ដើម្បីយកពង! អ៊ីចឹងមានន័យថា ខ្លួនការពារក្រុមអ្នកឈ្មួញឧកញ៉ាអីទាំងអស់ហ្នឹង មិនមែនការពារប្រជាពលរដ្ឋទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ប្រាប់VODថា លោកមិនបានដឹងច្បាស់ពីការបង្កើតក្រុមការងារបក្សក្នុងក្រុមហ៊ុនពិភពដីមាសទេ។
លោកថា៖ «អត់ដឹងរឿងហ្នឹងទេបាទ! សួរទៅតុលាការដែលគេអ្នកមានភារកិច្ចស៊ើបអង្កេតរឿងហ្នឹង អាហ្នឹងបានដឹង»។
អតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៣ ពីបទ ឆបោកពលរដ្ឋ តែប្រមាណ ៤ខែ ក្រោយមកពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០២៣ តុលាការដោះលែងវិញ ក្រោយសន្យារកលុយសងជនរងគ្រោះវិញ តែពេលបាននៅក្រៅឃុំ លោកបានគេចវេសមិនគោរពសន្យានោះទេ។
ជាការកត់សម្គាល់ ក្រុមឧកញ៉ាដែលជាប់ឈ្មោះជាក្រុមឆបោក សុទ្ធសឹងតែជាមនុស្សស្និទ្ធិនឹងគ្រួសារហ៊ុន រួមមាន ដូចជាអតីតឧកញ៉ា ឡេង ចាន់ណា ឧកញ៉ា ឡេង ណាវ៉ាត្រា ឧកញ៉ា លី យ៉ុងផាត់ ដែលសហរដ្ឋអាមរិកដាក់ទណ្ឌកម្មបង្អកទ្រព្យសម្បត្តិ ពាក់ព័ន្ធការរកស៊ីឆបោកតាមអនឡាញ ឧកញ៉ា ចេន ហ្ស៊ី ឧក្រិដ្ឋជនជនជាតិចិនរកស៊ីលាងលុយកក្វក់ ជាដើម។
បន្ថែមលើនេះ នៅមានមេឧក្រិដ្ឋកម្មព្រៃឈើ រួមមាន ឧកញ៉ា លឹម ប៊ុណ្ណា ហៅឧកញ៉ាខ្នា ឧកញ៉ា ទ្រី ភាព និងមេខ្លោងគ្រឿងញៀនដែលអន្តរជាតិរកឃើញ គឺឧកញ៉ា ហ៊ុន តូ ជាក្មួយប្រុស លោក ហ៊ុន សែន ជាដើម៕