បទវិភាគ៖ អាថ៌កំបាំង​នៅ​ពីក្រោយ​ការ​ចាប់​ខ្លួន​អ្នក​និយាយ​​បញ្ហា​​ជាតិ​និង​ទឹក​ដី​?

ការ​បណ្តុះ​គំនិតជាតិ​និយមដល់យុវជន​​ឱ្យ​ចេះ​ស្រឡាញ់​ជាតិ​ ឱ្យចេះ​រួបរួមសាមគ្គី​គ្នា​​ការ​ពារ​​ទឹ​ក​ដី​​កា​រ​​ពារ​​​ធន​​​ធាន​​ធម្ម​ជាតិ​​របស់​​ប្រទេស​​ឱ្យ​បាន​គង់​វង្ស​​​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ ​វាជាការ​ចាំបាច់​ណា​ស់​​ស​ម្រា​ប់​​​​ប្រទេស​​ជាតិ​ ។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដោយ​គ្រួសារ​ហ៊ុន​​អស់​រយៈ​ពេល​ជាង​៤០​​ឆ្នាំ​ម​ក​នេះ បែរ​ជាតែង​​តែបំ​បិ​​ទ​មាត់​ធ្វើទុក្ខបុកម្នេញ​ និង​​ចាប់​​ដាក់​ពន្ធនាគារ​​ជា​បន្ត​បន្ទាប់​ ​អ្នក​​ដែល​​​​ប​ញ្ចេ​ញ​​ម​តិ​​​​និយាយ​ការ​ពិត​ពីបញ្ហា​​ជា​តិ​​ទឹកដី​ទៅ​វិញ។

ទាំងនេះជាដើមហេតុនៃអត្ថបទវិភាគ ដើម្បីឆ្លុះបញ្ជាំងពីអាថ៌កំបាំង​ នៅពីក្រោយការចាប់ខ្លួនអ្នកនិយាយបញ្ហា​ជាតិ​និងទឹកដី?

ជ្រុងមួយនៃមូលដ្ឋានវិភាគនោះ គឺ​លោក សាំង​លី សារ៉ាក់ ម្ចាស់​គណនី​ហ្វេស​ប៊ុក​ Business Advisor ដែល​​តែង​​តែ​​​បង្ហោះ​សារ ​និង​វីដេអូ ផ្តល់កា​រ​​អប់រំ​ទាក់​ទង​ទៅនឹង​រឿងរសើបៗរបស់​​​​ប្រទេស​ជាតិ​ ក្នុង​ន័យ​​​បណ្តុះ​​ផ្នត់​​គំនិត​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​​ ​ជាពិ​សេ​​សយុវជន​ ខិតខំសិក្សា​រៀនសូត្រ​ចៀសឱ្យឆ្ងាយ​ពី​អំពើ​អបាយ​មុខផ្សេងៗ ដូចជា​គ្រឿងស្រវឹង និងគ្រឿងញៀន។

សារទាំងនោះ ​ក៏បានបណ្តុះគំនិត​ឱ្យយុវជនចេះរួប​រួម​​សាមគ្គី​គ្នា​​ ស្រឡាញ់​​ជាតិ​ ការ​ពារ​​ទឹកដី​ និង​បញ្ចេញ​មតិ​​ទាក់​​ទង​​នឹង​រឿងអសកម្ម​ជាច្រើន​ ​ដែល​កំពុង​ញាំញី​សង្គម​កម្ពុជា។

ប៉ុន្តែជាការឆ្លើយតបទៅនឹងសារអប់រំនេះ ​ ម្ចាស់គណនីហ្វេសប៊ុក​ Business Advisor ត្រូវបាន​សមត្ថ​កិច្ច​​ខេត្ត​​កណ្តាល​​​ ឃាត់ខ្លួន​ទៅ​សាកសួរ និង​ដោះ​លែង​វិញ​ នៅថ្ងៃទី​៣១​​ខែមីនា​ បន្ទាប់​​ពីបាន​ចាប់ឃុំ​ខ្លួន ​​កាលពី​ថ្ងៃ​ទី​២៧ ​ខែមីនា ​ឆ្នាំ​២០២៥។​

ការដោះ​លែង​បន្ទាប់ពីបាន​ឃុំខ្លួន ​អស់​រយៈ​ពេល​៤ថ្ងៃនេះ ​គឺបន្ទាប់ពីភរិយាម្ចាស់គណនី បានចេញមុខមកសុំទោសជា​សា​ធារណៈ នៅលើ​បណ្តាញ​សង្គម​ និងស្នើ​សុំ​ឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​អន្ត​រា​​​គមន៍​​ដោះ​លែងសា្វមី​របស់​ខ្លួន​ឱ្យមាន​សេរីភាពឡើងវិញ។

ទន្ទឹមគ្នានឹងភរិយាម្ចាស់គណនី​​សុំទោសមេដឹកនាំ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ទំនងជាអ្នកស្រឡាញ់​សេរីភាព និងយុត្តិធម៌ បាន​បញ្ចេញប្រតិកម្ម​និងរិះគន់យ៉ាង​កងរំពង​លើវិធាននេះ​ផងដែរ ខណៈដែល​រដ្ឋធម្មនុញ្ញ​ ​បានការពារសេរីភាពបញ្ចេញមតិ និងបើកលំហសិទ្ធិចូលរួមជីវភាពនយោបាយ ។

លើសពីនេះ ដោយសារ​តែការ​ចាប់​ខ្លួន ​លោក សាំងលី សារ៉ាក់ ​ធ្វើ​ឡើង​​ស្រប​​ពេល​​ដែល​​បង​​ប្រុស​បង្កើត​របស់​ ​លោក ​ហ៊ុន សែន គឺលោក ​ហ៊ុន សាន ​ទទួល​មរណភាព​ កាល​ពីថ្ងៃទី​២៨​ ខែមីនា ​ឆ្នាំ​​២០២៥​ ធ្វើឱ្យ​​មាន​​ការ​​លើក​​ឡើង​​​ដោយ​ភ្ជាប់​​ករណី​នេះ​​ថា ទោះ​​បី​ជា​​ក្រុម​គ្រួសារ​​​ជាប់​​រវល់កាន់ទុក្ខដ៏ធំ​ក្តី ​ក៏គ្រួសារ​ហ៊ុន មិន​ភ្លេច​ចាប់​ខ្លួន​បង្កការ​ឈឺ​ចាប់​ដល់​សកម្ម​ជន​សង្គម​ ដែល​ហ៊ាន​បញ្ចេញ​មតិ​និយាយ​ការ​ពិត ​រិះគន់​ពីបញ្ហា​អសកម្ម​​ក្នុង​សង្គម​ក្នុង​ន័យ​ស្ថាបនា​​​នោះឡើយ។

នេះ​មិន​មែនជាលើកទី​១​ទេ​ ដែល​រដ្ឋាភិបាល​ឈាម​ថ្មី ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចាប់​ឃាត់ខ្លួន​អ្នក​​បញ្ចេញ​​មតិ​​ផ្តល់​ការ​អប់រំ​ និង​លើកឡើង​​ពីភាពអសកម្ម​នៅក្នុង​សង្គម​​។

កន្លង​មក​ មាន​អ្នក​ប្រើប្រាស់បណ្តាញសង្គម​ជាច្រើន ដែល​បញ្ចេញមតិ​​មិនស្រប​នឹង​​រដ្ឋា​ភិបា​ល ​​តែង​​តែ​ត្រូវបាន​​អាជ្ញាធរ​​ហៅ​ទៅ​​ព្រមាន ​ឬចាប់​ឃុំ​ខ្លួន​ ខណៈ​អ្នក​បញ្ចេញមតិ​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដែល​ប្រើ​ពាក្យ​សម្តី​អសុរស​​ជេរប្រមាថ​តិះដៀល ​គណបក្ស​ប្រឆាំង ​ឬជេរ​ប្រមាថស្ត្រីភេទ​​​ មិន​ដែល​ឃើញ​អាជ្ញាធរ​ហៅ​​ទៅណែនាំ​ឬក៏​ចាប់​ខ្លួន​នោះទេ។ ត្រង់​ចំណុច​នេះ​ហើយ​ ដែល​នាំឱ្យមានការ​រិះគន់ថា ការអនុវត្តច្បាប់​នៅកម្ពុជាប្រៀបបាននឹងក្មេងលេងបាយឡុកបាយឡ។

ករណីមួយ​ក្នុង​ចំណោម​ករណីទាំងនោះ​ គឺ​កាលពីខែកញ្ញា ​ឆ្នាំ២០២៤ ​គណនី​​ហ្វេសប៊ុក​​ឈ្មោះ​ The Kanitha Show ​ដែលមានអ្នកតាម​ប្រមាណ ១,៤លាន​នាក់​ បាន​​ចេញ​ឃ្លីប​វីដេអូ​សុំ​ទោស​​ជា​សា​ធារណៈ​ទៅ​​កាន់​ លោក​ ហ៊ុន សែន ​និង​លោក​​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត ​ក្រោយ​ពី​បាន​​រិះគន់​កម្មវិធី Gumball 3000​ ដែល​បាន​ធ្វើ​ពិធី​​បង្អួត​រថយ​ន្ត​​ទំនើប​​​​របស់​ពិភព​​លោក ​​​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ក្នុង​​ខេត្ត​សៀម​រាប និង​​បើក​ក​កាយ​ពីផលប៉ះពាល់​ក្នុង​រយៈ​ពេល​វែង​ ដល់​បូរណ​​ភាព​​ទឹក​ដី​​កម្ពុជា​ នៃ​​​​គម្រោង​​​អភិវឌ្ឍន៍​​តំបន់​ត្រី​កោណ​កម្ពុជា ឡាវ វៀតណាម​ (CLV-DTA)។

ចាប់​តាំង​ពីពេល​នោះមក The Kanitha Show មិន​ដែល​ឃើញ​​ហ៊ាន​ផលិតវីដេ​អូ​ទៀត​ទេ ​បើ​​ទោះ​បី​ជាមាន​ការ​សំណូម​​ពរ​​​ពី​អ្នក​គាំទ្រ​ជាច្រើន​យ៉ាងណាក៏ដោយ​​។

ចំណែក​ម្ចាស់គណនីហ្វេសប៊ុក​ Business Advisor ដែលមានអ្នកតាមដានជិត ២លាននាក់​(​១,៩លាន)​​ធ្លាប់​ត្រូវ​បាន​ស​មត្ថកិច្ច​ហៅ​ទៅ​ព្រមាន​​ម្តង​រួច​មក​ហើយ កាលពីអំឡុង​ពាក់​កណ្តាល​ឆ្នាំ២០២៤ ។

ដោយឡែក ការឃាត់ខ្លួន ​​​លើកទី២នេះ ​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ ​ជជែក​សួរ​ដេញដោល​​ព្រោ​ង​ព្រា​ត​នៅលើ​​បណ្តាញ​​​សង្គម​ នេះជាភស្តុតាង​មួយ បញ្ជាក់​ថា ​បន្ទាត់​នយោបាយ​របស់គ្រួសារហ៊ុន  បន្ត​យា​យី​សេ​រីភាព​បញ្ចេញ​មតិ ផ្ទុយទៅ​នឹង​ស្មារតីរដ្ឋធម្មនុញ្ញ ។

បន្ទាប់​ពីត្រូវបាន​ដោះលែងមក​វិញ ​លោក សាំងលី សារ៉ាក់ បាន​ចេញវីដេអូ​ខ្លី​មួយ​​ថា លោក​​ត្រូវ​​បាន​​សមត្ថកិច្ច​​ខេត្ត​កណ្តាល ​ហៅឱ្យទៅ​បំភ្លឺ​ខ្លះ​ៗ​ ​ទាក់​ទង​នឹងអ្វី​ដែល​​លោក​​បាន​ផ្សព្វ​ផ្សាយ​​នៅ​លើ​គណនី​ហ្វេសប៊ុក​ Business Advisor ​របស់លោក។

រដ្ឋធម្មនុញ្ញកម្ពុជា​​ ដែល​ជាច្បាប់​កំពូល​របស់​ជាតិ​​ ត្រង់​មាត្រា៣៥​ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២​​ភេទ ​​មាន​សិទ្ធិ​​ចូល​​រួម​យ៉ាងសកម្ម​ ក្នុង​ជីវភាពនយោបាយ​ សេដ្ឋកិច្ច​ សង្គម ​និង​វប្បធម៌​របស់​ប្រទេស​​ជាតិ។ សេចក្តីស្នើ​​​ទាំង​​ឡាយ​​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ពិនិត្យ ​និង​ដោះ​ស្រាយ​​​យ៉ាង​ហ្មត់ចត់​ពីអង្គការរដ្ឋ។ ប​ន្ថែ​មពីនេះ មាត្រា៤១ ​​ចែងថា ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​​សេរី​ភាព​​ខាងការបញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​​ខាង​សារព័ត៌មាន​ សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ​ សេរីភាពខាងការ​ប្រជុំ​ជាដើម។

 រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រួសារ​ហ៊ុន តែង​​តែ​ធ្វើ​ទុក្ខ​បុកម្នេញ​​​បំបិទ​​មាត់​​ចាប់​​ឃុំ​​ខ្លួន​​ជា​បន្តបន្ទាប់​​ឥត​ស្រាក​ស្រាន​ ទៅ​លើ​សកម្ម​ជនគណបក្ស​ប្រឆាំង​​ និង​សកម្ម​ជន​សង្គម​​​​ដែល​ហ៊ាន​និយាយ​ការ​ពិត ​ពី​បញ្ហា​ដែល​បាន​និងកំពុង​​​កើតឡើង​នៅក្នុង​សង្គម ​​ដូច​ជាបញ្ហា​ព្រំដែន។

​​​លើសពីនេះ បញ្ហា​ជន​អន្តោ​ប្រវេស្តន៍វៀតណាម ​បញ្ហា​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្ម​ជាតិ​ ការ​ច្បាម​​វាទយក​ដីធ្លី​​របស់​ប្រជា​ពល​រដ្ឋ ​​បង្កឡើង​ដោយ​មានការ​​គុបគិត​គ្នា​ជាប្រព័ន្ធ ​រវាង​មន្ត្រី​​ខិលខូច​ និង​​អ្នក​មាន​ប្រាក់​មួយ​ចំនួន​ ភាពអយុត្តិធម៌សង្គម និង​ការ​កើត​មាន​អំពើ​ពុក​រលួយ ​​​ដែល​កំពុងមាន​ការ​រីករាលដាល​កាន់​តែខ្លាំង​នៅក្នុង​សង្គម​ ធ្វើ​ឱ្យមាន​គម្លាត​កាន់​តែខ្លាំង ​រវា​ង​អ្នក​មាន​និង​អ្នកក្រ​ជាដើម។ល។

ការ​លើកឡើង​ពីបញ្ហា​សង្គម​ទាំង​នេះ​ ត្រូវ​បាន​ស្ថាប័ន​អនុវត្ត​ច្បាប់​​គ្រប់​ជាន់ថ្នាក់​ ដែល​គេ​ដឹងឮ​ជាទូទៅថា ស្ថិ​ត​​​នៅ​ក្រោម​កណ្តាប់​ដៃ​គ្រួសារ​ហ៊ុន បាន​ចាប់​ឃុំ​ខ្លួន​​ជាបន្ត​បន្ទាប់​ក្រោម​ការ​ចោទ​ប្រកាន់ ​ពីបទ ​ញុះញង់ឱ្យ​ប្រ​ព្រឹ​ត្ត​បទល្មើស​ជាអាទិ៍​ និង​​បទរួមគំនិត​ក្បត់​ជាដើម​​។

បើតាម​អង្គការលីកាដូ​ គិត​ត្រឹមថ្ងៃទី១ ​ខែមេសានេះ ​មាន​អ្នក​ជាប់​ឃុំ​ដោយ​ប្រើសិទ្ធិ ​ឬហៅថា អ្នក​ទោសម​នសិ​ការ​​ចំនួន ​៦៣​នាក់ ​ក្នុង​នោះក៏មាន​​លោក ​កឹម សុខា​ ប្រធានគណបក្ស​​សង្គ្រោះ​ជាតិ​ផងដែរ។

វិល​មក លោក​ សាំងលី សារ៉ាក់ ម្ចាស់​គណនី​ហ្វេសប៊ុក​ Business Advisor ថ្មីៗ​នេះ ​បាន​បង្ហោះសារ​ពីបញ្ហា​​រសើប​​របស់​សង្គម​ជាតិ​​ជាច្រើន ដូច​ជាថា​ «បុគ្គលដែលចង់បាន​តែ​សុខ ចង់បានតែយស​ស័ក្តិ ទ្រព្យ​សម្បត្តិ ហើយហ៊ានធ្វើរឿងគ្រប់​យ៉ាង អ្នកនឹងស្តាយ​ក្រោយនៅ​ថ្ងៃណាមួយជាក់ជាមិនខាន» «ជាតិនេះបើមិន​ដុតទេគឺកប់ ដូច្នេះកុំប្រឹងធ្វើអាក្រក់ ពុករលួយ ធ្វើបាបគេពេក គ្មាននរ​ណា​ជិះ​ឡានម្តង១០ ដេកមួយ​យប់១០ផ្ទះទេ ហើយក៏គ្មាននរណា​ហូបបាយមួយថ្ងៃ៣០​ពេល​ដែរ»​ «មន្រ្តីល្អនិយាយ​ពាក្យ​ស្មោះត្រង់មិនពីរោះ គេមិនសូវឱ្យ​តម្លៃ មន្រ្តីអាក្រក់ និយាយ​ពាក្យ​អែប​អប បែរទទួលបាន​ឋានៈបុណ្យស័កិ្តទៅវិញ» «បើយើង​​ធ្វើរឿងត្រូវ រឿងល្អ យើង​មិនត្រូវខ្លាចថាគ្មានអ្នកគាំទ្រទេ លុះត្រាតែយើងធ្វើរឿងអាក្រក់ រឿងខុសទើបត្រូវការ​អ្នក​គាំ​ទ្រជាដាច់​ខាត»។

បើ​ទោះ​បីជា​សារ​ទាំង​នេះ ​មិន​បាន​បញ្ចេញ​ឈ្មោះ​សំដៅ​ទៅ​លើ​បុគ្គល​ណា​ ឬគណបក្ស​នយោបាយ​ណា​ក៏ដោយ ​ក៏​អ្នកតាម​ដាន​អាច​យល់ថា បាន​​បាញ់សំដៅ​​ទៅមេ​​ដឹកនាំ​​គណ​បក្ស​ប្រជា​ជនកម្ពុជា​មួយ​ចំនួន ​ដែល​ដឹកនាំ​​ប្រទេស​​ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​មក​នេះ ​បាន​ធ្វើឱ្យកើតមាន​វិបត្តិ​សង្គមយ៉ាងច្រើន​ចាក់ស្រែស។

ទាំងនេះអាចឆ្លុះបញ្ជាំងថា ការកាន់អំណាចយូរ ផលប្រយោជន៍ជាតិស្ទើរទាំងអស់បានធ្លាក់ក្នុងដៃក្រុមគ្រួ​សា​រអ្នកមានអំណាច ពលរដ្ឋក្លាយជាជនរងគ្រោះនោះ ដូចនេះ បន្ទាត់នយោបាយ ត្រូវបិទមាត់អ្នកនិ​យាយការពិតពីបញ្ហាសង្គម តាមរយៈប្រឌិតរឿងចោទប្រកាន់ ដើម្បីសម្រេចមហិច្ឆតាក្តោមអំណាចតពូជ។

ទាក់ទង​នឹងបញ្ហា​បូរណភាពទឹកដី ជាមួយ​ប្រទេស​វៀតណាម​និងថៃ ​Business Advisor បាន​បង្ហោះ​សារ​ឱ្យពលរដ្ឋគិត​​បែបវិភាគ​ថា៖ ​​«បងប្អូន​បង្កើតនៅ​អាចមានគំនិតមិនល្អដាក់គ្នា ចុះទម្រាំអ្នកនៅខាងកើត និងខាងលិចផ្ទះ​យើងឲ្យ​ទុកចិត្ត​ម្តេចបាន?»។

លោក គូសបញ្ជាក់ថា «អ្នកជិតខាងគេមិនដែលចង់ឃើញយើងល្អទេ ព្រោះគេខ្លាច​យើង​ល្អជាង​គេ គេជាន់យើង គៀបយើងលែងបាន មានតែយើងខ្លាំងទេ​ទើប​គេ​មិនហ៊ាន​មើលងាយ និង​ធ្វើបាបយើង» «ពូជចោរតិរច្ឆាន​ប្លន់​យកទឹកដី ពូជចោរ​អប្រិយ​ប្លន់​យក​វប្បធម៌» «ទឹកដី​សម្បូរសម្បត្តិធម្មជាតិ ប៉ុន្តែប្រទេសក្រីក្រ ក​ង​​ទ័ព​មិនខ្លាច​​ស្លាប់ ប៉ុន្តែ​​ប្រទេសជាតិទន់​ខ្សោយ​» «មានមន្រ្តីខិលខូច ពុករលួយរាស្រ្តរកតែ​អង្ករ​ច្រកឆ្នាំង​ក៏លំ​បាក​ដែរ»​ និង​ថា​«មនុស្សស្រេកឃ្លានលុយនិងអំណាច រមែងធ្វើរឿងគ្រប់យ៉ាងដើម្បី​បានលុយ និង​រក្សាអំ​ណា​ច»ជាដើម។ល។

ក្រៅពីនេះ ​លោក សាំងលី សារ៉ាក់ ក៏បាន​កាត់​យកវីអេអូអប់រំខ្លីៗ​ពីបញ្ហា​ជាតិ​ បញ្ហា​បូរណ​ភាព​​ដែន​ដី បញ្ហា​សង្គម​របស់​​បញ្ញវន្ត​ខ្មែរ​ល្បីៗ ដូចជា ​ព្រះមហាវិមលធម្ម សិរីសុវ​ណ្ណោ ពិន.សែម សម្តេចសង្ឃ​ព្រះមុនីកោស​ល​​​បណ្ឌិត យ៉ន សេងយៀត ព្រះគ្រូបណ្ឌិត​ផុន ភក្តី និង​លោក​​បណ្ឌិត កែម ឡី​ ជាដើម មក​ចាក់ផ្សាយ​ ហើយ​​បាន​ធ្វើអត្ថា​ធិប្បាយ​គាំទ្រ​សារ​អប់រំទាំងនោះ​។

យ៉ា​​ងណាក្តី គ្រប់សារ​និងការ​ធ្វើអត្ថាធិប្បាយ​របស់ ​លោក សារ៉ាក់ ​នៅលើគណនីហ្វេសប៊ុក​Business Ad​vi​s​o​r​ រ​បស់​លោក​ ដែលមាន​អ្នក​តាម​ដាន ​១,៩លាននាក់នោះ គេមិន​ឃើញ​​មាន​ប្រើ​ពាក្យ​សម្តីអសុរស​ ឬ​ប្រមា​ថ​មាក់ងាយ​ទៅ​លើថ្នាក់​ដឹកនាំណា​ម្នាក់​ បុគ្គល​ណាមួយ ​ឬ​គណ​បក្ស​នយោបាយ​ណាមួយ​​នោះឡើយ​គឺ​លោ​​ក​គ្រាន់​តែ​​បង្ហាញ​ពី​ចេតនា​ផ្តល់ការ​អប់​រំ​តែប៉ុណ្ណោះ​​។

 វិល​ទៅ​សំណួរ​ពី​ខាងដើមដែល លើកឡើងថា តើអាថ៌កំបាំងអ្វីខ្លះ​នៅពីក្រោយការចាប់ខ្លួនអ្នកនិយាយបញ្ហា​ជាតិនិងទឹកដី​?

ស្មេរ​មិនមាន​ចម្លើយ​ជាក់លាក់​ពី​សំណួរ​ដែល​បាន​លើកឡើងនេះទេ ប៉ុន្តែស្មេរ​សូម​លើក​ទឡ្ហីករណ៍ខ្លះៗឱ្យ​បង​​ប្អូ​នជន​រួមជាតិ​​​គិតពិចារណា​វិភាគ​ដោយ​ខ្លួន​​ឯងថា លោក ​ហ៊ុន ​សែន និង​លោក ​ហ៊ុន ម៉ាណែត បច្ចុ​ប្បន្ន​ហ៊ុំ​ព័ទ្ធ​​ទៅ​​ដោយ​មន្ត្រី​​ខិលខូច​។

លើសពីនេះ ឈ្មួញ​ទុច្ចរិត​ដែល​គុបគិត​គ្នា​ប្រព្រឹត្តអំពើពុករលួយ​ជាប្រព័ន្ធ​ ​តាមគ្រប់​ផ្នែក​ គ្រប់​តាមជំនាញ​​ គ្រ​ប់​វិស័យ​ លួច​​កឹបកេង​ទ្រព្យ​សម្បត្តិជាតិ​បំផ្លាញ​ជាតិ រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ រំលោភ​យក​​ដីរដ្ឋ ជួ​ញដូរ​គ្រឿង​ញៀន​​ បើកដៃ​ឱ្យឧក្រិដ្ឋជនជនជាតិចិន​ ​រកស៊ីបើក​ល្បែងអនឡាញ ​ចា​ប់​ជម្រិត​មនុស្សជាដើម​​ដែល​សុទ្ធ​តែជាអំពើទុច្ចរិតស្មោកគគ្រោក ធ្វើឱ្យមន្ត្រីទាំង​នោះក្លាយ​ទៅ​ជាអ្នកមាន​ មាន​ទ្រព្យ​សម្បត្តិមហាសាល​ ជាទ្រព្យសម្បត្តិបាន​មក​ដោយ​អំពើមិនសុចរិត។​

 ចំណុចមួយ​ទៀត​ លោក​ហ៊ុន សែន ​ដែល​​​ជា​អតីត​កម្មាភិបាល​​ខ្មែរ​​ក្រហម ដែល​គេដឹងឮថា​​ជា​មេគំនិត​ នៃបទ​ឧក្រិដ្ឋ​សម្លាប់មនុស្ស​ជាច្រើន ក្នុង​អំឡុង​ពេល​កាន់អំណាច​ជាង​៤០​ឆ្នាំ​មកនេះ​ មាន​បំណង​ឱ្យកូន​ចៅ​នៃ​គ្រួសារ​ហ៊ុន​​របស់ខ្លួន​​ ឡើងកាន់អំណាច​តពូជទោះ​ក្នុង​តម្លៃណាក៏ដោយ។

​​លើសពីនេះ គណបក្ស​ប្រជា​ជន​កម្ពុជា​ ត្រូវបាន​បង្កើតឡើង​ដោយ​វៀតណាម ហើយ​មេដឹក​នាំគ្រួសារ​ហ៊ុន ក៏ត្រូវ​បាន​លើកបន្តុប​ដោយ​វៀតណាមផងដែរ ហើយ​​ជាញឹកញាប់​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀត​ណាម​ តែង​តែ​ហៅមេដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា ទៅ​ជួប​ប្រជុំ​នៅ​វៀតណាម​ដើម្បី​បំពាក់បំប៉ន​​។

 អ្វីដែល​យើង​មើល​ឃើញ​​ឥស្សរជនខ្មែរ​ដែល​ហ៊ាន​និយាយ​ពីបញ្ហា​ជាតិ​បញ្ហា​ព្រំដែន​ និង​បញ្ហា​ជន​អន្តោប្រវេសន៍​​វៀត​ណាម ​​​​តែង​តែត្រូវបាន​ចាប់​ដាក់ពន្ធ​នា​គារ​ជាបន្តបន្ទាប់ ​ដើម្បីផ្គាប់​ចិត្ត​​វៀតណាម​​ដោយ​មិន​មានការ​បន្ធូរដៃឡើយ មាន​ដូចជា​ លោក​គ្រូ រ៉ុង ឈុន លោក អ៊ុំ សំអាន​ អតីត​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​​​ជាដើម។

ហេតុផល​ទាំងនេះ​ និង​ហេតុ​ផល​ផ្សេងទៀត អាច​ជាមូលហេតុ​ដែល​គ្រួសារ​ហ៊ុន​ ​តែ​ង​តែ​ប្រើ​គ្រប់​វិធី​ទាំង​ស្រប​ច្បាប់​និងមិនស្របច្បាប់​​ដើម្បី​កម្ទេចគូប្រជែង​នយោបាយ​របស់​ខ្លួន ​​និង​សកម្ម​ជន​សង្គម​​ដែល​​ហ៊ាន​និយាយ​​ការ​​ពិត ​​បើក​កកាយពី​​រឿង​អាស្រូវ​យ៉ាង​ច្រើន​​របស់​គ្រួសារ​​ហ៊ុន ដែល​អាច​ធ្វើឱ្យរាំងស្ទះ​ដល់​ការ​​ក្តោប​អំណាច​​តពូជរបស់​គ្រួសារ​ហ៊ុន។

និយាយ​​ជារួម​គ្រួសារ​ហ៊ុន មិនចង់​ឱ្យអ្នកណា​និយាយ​ការពិត​ពី​រឿងអាស្រូវ​យ៉ាងច្រើន​​របស់​គ្រួសារ​ខ្លួននោះទេ ​ទើបតែង​តែចាប់​ឃាត់ខ្លួន​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត ​រហូត​ដល់​មានការ​បាញ់សម្លាប់​​អ្នកនិយាយ​ការ​ពិត ​ដូចជា លោក​​បណ្ឌិត កែម ឡី ជាដើមដើម្បីគំរាម​ដល់អ្នក​ផ្សេងទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ