អ្នកចាញ់​បោក​អ្នក​ស្រី ឡេង ចាន់​ណា អះ​អាង​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​វិបត្តិ​បំណុល

ប្រព័ន្ធយុត្តិធម៌រងការស្តីបន្ទោស​ថា បាន​រួម​ដៃ​សម្លាប់​សមាជិក​គ្រួសារ​អ្នក​ចាញ់​បោក​អតីតឧកញ៉ា ឡេង ចាន់​ណា ដែល​ធ្វើ​ឱ្យ​ពួក​គេ​៧០០០​គ្រួសារ ប្រឈម​នឹង​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ​ជាង១ឆ្នាំ​ទៅ​នេះ ដែល​ធ្វើ​ឱ្យ​ខ្លះ​ស្លា​​ប់ និង​ខ្លះ​ទៀត​កំពុង​ជួប​វិ​បត្តិ​ផ្លូវ​ចិត្ត គ្មាន​លុយ​ព្យាបាល​ជំងឺ។

ជនរងគ្រោះម្នាក់ លោក ផ្លើយ ផ្លុំ រស់​នៅ​ខេត្ត​សៀម​រាប ប្រាប់VOD​នៅ​ថ្ងៃទី​​១ ខែ​មេសា​នេះ​ថា លោក​ខ្ចី​លុយ​ធនាគារ​ចំនួន​៣ម៉ឺន​៥ពាន់​ដុល្លារ យក​ទៅ​វិនិយោគ​ក្នុង​ក្រុម​ហ៊ុន​ឆបោក​របស់អតីត​ឧកញ៉ា ឡេង ចាន់​ណា ក្រោយ​ជឿ​ជាក់​លើ​ការ​អូស​ទាញ​ថា ក្រុម​ហ៊ុន​នេះ​មាន​រដ្ឋាភិ​បាល​ជា​ខ្នង​បង្អែក។

យ៉ាង​ណា លោក​ថា ក្រោយ​ចាញ់​បោក​ក្រុម​ហ៊ុន​នេះ ភរិយា​របស់​លោក​បាន​ស្លាប់​ កាល​ពី​ជាង១ឆ្នាំ​មុន ដោ​​យ​សារ​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​រីង​រៃ និង​រួម​រឹត​ដោយ​ជំងឹ​ប្រចាំ​កាយ ខណៈ​លោក​បាន​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ​​​ដើម្បី​រក​លុយ​ដោះ​បំណុល។  

លោកថា៖ «មូលហេតុ​(ស្លាប់) រឿង​លុយ យើង​ដាក់​ជាមួយ​នឹង​ក្រុម​ហ៊ុន​នេះ​ឯង! ដាក់​ទៅ​វា​មាន​ការ​ស្ទះ​ទៅ ក៏​មិន​បានបង់​ធនាគារ​គាត់​ក៏​មាន​អារម្មណ៍ ណាមួយ​គាត់​ទឹក​នោម​ផ្អែម​ផង។ គាត់​គិត​ច្រើន​រក​អី មិន​បាន​បង់​ធនាគារ។ ខាង​ម៉ែ​ខ្ញុំ​គាត់កាល​គេមក​ទា​រដី​ស្រែ​ ដូច​ថា​គាត់​ភ័យ ធ្វើ​ឱ្យ​(កើត​ជំងឺ)បេះ​ដូង»។

ដោយឡែក អ្នក​ចាញ់​បោក​ម្នាក់​ទៀត​រស់​នៅខេត្ត​សៀម​រាប អ្នក​ស្រី ផាក វ័យ​៥៧​ឆ្នាំ បានដង្ហោយ​ហៅ​រក​យុត្តិ​ធម៌ ដោយ​ថា​បច្ចុប្បន្ន​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​គ្មាន​លុយ​ព្យាបាលជំងឺ ក្រោយ​ចាញ់​បោក​អស់​ចំនួន​ ១ម៉ឺន​២ពាន់​ដុល្លារ​អាមេរិក​ជា​កម្ចី​ធនាគារ។

អ្នកស្រីថា៖ «ជួយផ្សព្វផ្សាយ​ដល់​សម្តេច​ពុក សម្តេ​ចម៉ែ ឱ្យ​ជួយ​ពន្លឿន​រក​អី​មិន​បាន​បង់​អង្គ​ការ​ទេ! ម៉ាកាក់​ម៉ារៀល​ក៏អត់​មាន​មើល​ខ្លួន។ ជួយ​ជន​រង​គ្រោះ​ផង ព្រោះ​គាត់​លំបាក​វេទនា​ណាស់ ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​អី​ទេ(មុន​ចាញ់​បោក​​អតីតឧកញ៉ា ឡេង ចាន់​ណា)។ សុំជួយ! ឱ្យ​សម្តេច​ពុក​សម្តេច​ម៉ែ​ដោះ​សា្រយ​ពន្លឿន! សុំ​ឱ្យ​បង​ផ្សព្វ​ផ្សាយ​ឱ្យ​ខ្ញុំ​ផង»

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក ម៉ែន សុថាវរិន្រ្ទ ស្តី​បន្ទោស​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន គ្មាន​មនសិការ​ដោះ​ស្រាយ​ទុក្ខ​រាស្រ្ត​ទេ តែ​បែរ​ជា​គិត​តែ​ពី​រក្សា​អំណាច​ខ្លួនការ​ពារ​បក្ស​ពួក​ខ្លួន​ប៉ុណ្ណោះ។ លោកថា ប្រព័ន្ធ​ដឹក​នាំ​បែប​នេះ មិន​យូ​រទេ​នឹង​ដួល​រលំ​ក្រោម​ចលនា​មហាជន បើ​មិន​ប្រញាប់​កែ​ប្រែ។

លោកថា៖ «បើមិន​អ៊ីចឹងទេ! គឺ​កម្លាំង​តស៊ូ​ប្រជាពលរដ្ឋ​គាត់​ងើប​ឡើង​ហើយ ព្រោះ​មិន​អាច​ឈឺចាប់​គាត់​មិន​សុខ​ចិត្តស្លាប់​ដោយ​ឥត​អំពើ​អ៊ីចឹង​​ទេ! មា​នតែ​ការ​ងើប​តស៊ូ​ឡើង។ បើ​គាត់​តវ៉ា គាត់​សុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត គាត់​សុំ​ឲ្យ​មាន​ការគ្រប់​គ្រង​ដោយ​រដ្ឋ​ដោ​យ​ត្រឹម​ត្រូវ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ ទាំ​ង​ពួក​ឧកញ៉ា ទាំង​អស់ គឺ​ថា​ជាប្រព័ន្ធ​ម៉ង!។ បាន​ថា ធ្វើ​អី​អត់​កើត​ទេ គាត់​អាកាត់​​អត់​កើត ដោយ​សារ​ជា​ប្រព័ន្ធ​ដោយ​សារ​មាន​ក្រុម​គ្រួសារ និង​បក្ខ​ពួកខាង​ថ្នាក់​ដឹក​នាំ»។

ដោយឡែក ប្រធានសមាគមការពារសិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា និយាយ​​ថា យុត្តិ​ធ​ម៌​ពិត​​ប្រាកដ​មិន​​មែ​ន​ត្រឹម​​​តែ​​ចាប់​​ខ្លួន​​ជន​ឆបោក​​​ដាក់​​ពន្ធនាគា​រ​​ទេ តែ​​​ក៏​​ត្រូវ​​រឹប​​អូស​​ទ្រព្យ​​មក​​សង​ជន​​រង​​គ្រោះ និង​​ដា​ក់​​ទោស​​អ្នក​​ពាក់​​ព័ន្ធ​ ទោះ​​តួនាទី​​ខ្ពស់​​ក្នុង​ជួរ​រដ្ឋាភិបាល​ក្តី។

លោកថា៖ «នៅ​ពេលដែល​ក្រុមហ៊ុន​​មាន​​ការ​​រក​​​ស៊ី​​មិន​​ត្រឹម​​ត្រូវ រក​​​ស៊ី​​ទុច្ចរិត មាន​​ការ​​បោ​ក​​ប្រាស់​​ធ្វើ​​ឲ្យ​​ខូច​​ខាត​​ផលប្រយោជន៍​​របស់​​ប្រជា​ពលរដ្ឋ គឺ​អាជ្ញាធរ​មិន​អាច​នៅ​ព្រងើយ​កន្តើយ​បាន​ទេ គឺ​ត្រូវ​តែ​មាន​វិធាន​ការ​ទៅ​តាម​ច្បាប់​ ដើម្បីធានា​​បាន​​នូវ​ផល​ប្រយោជន៍​របស់​ភាគី​ដែល​ទទួល​រ​ង​គ្រោះ។ ខ្ញុំគិត​ថា រឿង​ទាំង​អស់​នេះ អាជ្ញាធរ​គួរ​តែ​ស្រូត​រូត​​ធ្វើ​យ៉ាងណា​ ដើម្បី​ស្រាវ​ជ្រាវ​រក​ឲ្យ​ឃើញ​ មាន​មូលដ្ឋានច្បាស់​លាស់​នៅក្នុង​ការ​ពន្យល់​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​ដើម្បី​ដោះ​ស្រាយ​នូវទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ណា ដែល​នៅ​មាន​ដោះ​ស្រាយ ដើម្បី​សង​ទៅ​ដល់​បំណុល​របស់​ប្រជា​ពលរដ្ឋ»

ជ្រុងមួយនៃរឿងនេះ លោក ស៊ាន បូរ៉ាត់ មន្រ្តី​ស្និទ្ធិ​​ លោក ហ៊ុន ម៉ាណែត ត្រូវ​​បាន​​ក្រុម​​ជន​​រង​គ្រោះ​ចោទ​ថា ជាបុគ្គលសំខាន់ដែល​អូសទា​ញឱ្យ​ពួក​គេ​ជឿ​ជាក់​ យក​លុយ​ទៅ​រក​ស៊ី​ក្នុង​ក្រុមហ៊ុន​​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្រោយ​រូបភាពវិនិយោគ​បាន​ការ​ប្រាក់ ៤ភាគរយ​ក្នុងមួយ​ខែ។

តែយ៉ាងណា មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ ដែល​ពាក់​ព័ន្ធ​ជ្រៅ​ក្នុង​អំពើ​បោក​ប្រាស់​នេះ ត្រូវ​បានតុលាការ​ចាត់​ទុក​ត្រឹម​ជា​សាក្សី​ក្នុង​អំពើ​ឆបោក​នេះ​តែ​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​កំពុង​រស់​នៅដោយ​មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់។

លោក ស៊ាន បូរ៉ាត់ ជាអនុប្រធានយុវជនគណបក្ស​ប្រជាជន​កម្ពុជា​​ថ្នាក់​​កណ្ដាល ដែល​​មាន​លោក ហ៊ុន ម៉ាណែត ជាប្រធាន។ ក្នុងជួររដ្ឋាភិបាល​វិញ លោក​ជា​រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុ​ប្រធាន​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ។

អតីត​ឧកញ៉ា ឡេង ចាន់ណា ធ្លាប់ប្រាប់ពលរដ្ឋមុនពេល​ជាប់​ពន្ធនាគារ​ថា ក្រុមហ៊ុ​ន​ខ្លួន​មាននាយក​​រដ្ឋ​មន្រ្តី​​កម្ពុជា លោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែក។

តែយ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បដិសេធ​ការលើក​ឡើង​នេះ តាមរយៈ​លិខិត​មួយ​សន្លឹក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ទាំងគ្មានការស៊ើបអង្កេតណាមួយកើតឡើង។

កាលពីខែ​ឧសភា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បាន​ប្រគល់​​ភារកិច្ច​​​ឱ្យ លោក គី តិច មេធាវី​​រដ្ឋាភិបាល​​​ការ​ពា​​រ​ក្តី​ឱ្យ​​ជ​ន​​រង​គ្រោះ តែ​​ចាប់​​​ពី​​មេធាវី​​រូប​នោះ​​​ជួយ​​ការ​ពារ​​ក្តី​ជិត​​មួយ​​​ឆ្នាំ​​ទៅ​​​នេះ ជន​​រង​​គ្រោះ​​នៅ​តែ​មិន​ទទួល​បាន​សំណង​មក​វិញ។

អតីត​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​ចាប់​ខ្លួន​នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោយ​ពី​ជន​រង​គ្រោះ​​​​ផ្ទុះ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​​រយៈពេល​ប្រមាណ ១ខែ ដែល​​មា​ន​​អ្នក​​ចាញ់​​បោក​​ប្រមាណ ៧០០០​​គ្រួសារ គិតជា​​​​ទឹក​​ប្រាក់​​ជាង ៣០០​លាន​​​ដុល្លារ​​អាមេរិក។

បើតាម​តុលាការ​ខេត្ត​សៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវ​ជាប់​ចោទ​ច្រើន​បទ​ល្មើស រួម​មាន បទ ឆបោក​មាន​ស្ថាន​​​ទម្ងន់​ទោស ជា​ក្រុម​​មាន​​ការ​​ចាត់​​តាំង បទ​​សម្អាត​​ប្រាក់ និង​បទ​​មិន​បំពេញ​​​កាតព្វ​​កិច្ច​​ចំពោះ​​​ឧបករណ៍​​អាច​​ជួញដូរ​បាន។

យ៉ាងណា ជនរងគ្រោះចាញ់​បោក​​អតីត​​ឧកញ៉ា ឡេង ចាន់​ណា នៅប្រទេសកូរ៉េវិញ អះអាងថា ពួកគេ​កំពុងរៀបចំគម្រោង​​​​​ត​​វ៉ា​​​ទ្រង់​​ទ្រាយ​​​​​ធំ​​​​លើ​​ទឹក​ដី​​ប្រទេស​​​កូរ៉េ ដើម្បី​​បង្ហាញ​​ទុក្ខ​​វេទនា ក្រោយ​​​យុត្តិធម៌​​របស់​​ពួក​គេ​​ត្រូវ​​ជាប់​​​គាំង​ជាង​​១ឆ្នាំ ធ្វើ​ឱ្យ​ជួប​​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ ខណៈ​​ជន​រង​គ្រោះ​​ក្នុង​ស្រុក​រង​ការ​គំរាម​ចាប់​ខ្លួន​ពី​អាជ្ញាធរ បើ​សិន​មាន​ការ​ប្រមូល​ផ្តុំ​ណាមួយ​កើត​ឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ