ពលរដ្ឋនៅស្រុកសំឡូត​អំពាវ​នាវ​ឱ្យ​មេដឹកនាំ​ទប់​ស្កាត់​ការ​​បណ្ដេញ​​ចេញ​​ពី​ដី​ធ្លាប់​អាស្រ័យ​ផល

ប្រជា​ពលរដ្ឋ​ដែល​​​​មាន​ជម្លោះ​ដីធ្លីនៅស្រុកសំឡូត ខេត្តបាត់ដំបង អំពាវនាវ​ឱ្យ​មេដឹកនាំ​ជួយ​ទប់​ស្កាត់ការ​​​បណ្ដេញ​ចេញ​ពីដី​ធ្លាប់​អាស្រ័យ​ផល​ ទំហំ​ជាង​៦០០​ហិកតា ក្រោយពីអាជ្ញាធរ​បាន​ព្រមាន​ឱ្យ​ចាក​ចេញ ដោយ​សំអាង​ថា ពួក​គេ​ជាង​១០០​គ្រួសារ បា​​ន​រស់នៅ និង​អាស្រ័យ​ផល​នៅទីនោះ​ជាង​២០​ឆ្នាំ​មក​ហើយ។

តំណាង​ពលរដ្ឋ​​នៅ​ភូមិ​កំពង់​ល្ពៅ ស្រុកសំឡូត លោក ព្រំ អាត អះ​អាង​នៅ​ថ្ងៃ​ទី​១​ ខែមេសា​នេះ​ថា ពួក​គាត់​បាន​មកអាស្រ័យ​ផល​លើ​ដី​នេះ តាំង​ពី​ដូន​តា​មក​ម្លេះ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូល​ដ្ឋាន ពោល​គឺ​មុនការ​ចុះ​អនុ​ក្រឹត្យ​​ជា​ដី​សម្បទាន​សង្គម​កិច្ច។

លោកស្នើឱ្យរដ្ឋាភិបាលជួ​យ​កាត់​ឆ្វៀល​ដី និង​ផ្ដល់​បណ្ណ​កម្ម​សិទ្ធិ​ជូន​ពួក​គាត់ បាន​បន្ត​អាស្រ័យ ដោយសំអាង​ថា ពួក​គាត់​មាន​ជីវភាព​លំបាក ពឹង​លើ​ការ​ធ្វើ​ស្រែ​ចម្ការ​ប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំទាំងអស់គ្នា​​ជាប្រជាពលរដ្ឋ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ នាយក​រដ្ឋ​មន្ត្រី​ ជួយ​ដោះ​ស្រាយ​ដី​ធ្លី​ហ្នឹង​ឲ្យ​បាន​ដល់​ពួក​គាត់​ផង ព្រោះ​គាត់​មាន​សង្ឃឹម​តែ​ប៉ុណ្ណឹង​ទេ ការ​លំបាក​របស់​គាត់ គឺ​មាន​តែ​ប៉ុណ្ណឹង​ហើយបើ​អត់​ដី​ហ្នឹង​ គាត់​ថា​គាត់​អត់​រស់​ទេ»។

ពលរដ្ឋ​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ បង្ហាញ​ក្ដី​ព្រួយ​ថា បើ​សិន​ពួក​គាត់​បាត់​បង់​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​​​នេះ។ គាត់​ថា ពួក​គាត់​ជា​ពលរដ្ឋ​ក្រីក្រ ពឹង​តែ​លើ​ដី​ធ្លាប់​អាស្រ័យ​នេះ បើ​បាត់​បង់​ដី​មាន​តែ​ស្លាប់។

ប្រភពនោះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មិន​អាច​ជួយ​បាន​ទេ ពួក​គាត់​នឹង​ប្រឈម​ការ​ចំណាក​ស្រុក កូនបោះ​បង់​ការ​សិក្សា រួម​ទាំង​ជាប់​បំណុល​វណ្ឌក។

អ្នកស្រីថា៖ «ដំណាំពលរដ្ឋនៅហ្នឹង​ ហើយ​បើ​មិន​ឱ្យ​គាត់​ចូល​គាត់​ទៅ​ធ្វើអី​ ហើយ​គាត់​ពឹង​លើ​កន្លែង​ហ្នឹង​ បើ​ឲ្យ​គាត់​ទៅ​នៅ​កន្លែង​ផ្សេង​ បើ​សិន​ជា​អាជ្ញាធរ​ឬ​រដ្ឋ​គាត់​ដក​ហូត​ដី​ហ្នឹង​ទៅ​វិញ ក៏​គាត់​អត់​មាន​ដី​អាស្រ័យ​ផល​បន្ត​ទៀត មាន​តែ​ចំណាក​ស្រុក​ទៀតហ្នឹង​ឯង​ អ្នកស្រែ​អ្នក​ចម្ការ​គាត់​ធ្វើ​ដំណាំ​ ឬ​ដាំ​ដុះ​ដោយ​ពឹង​ទៅលើ​មេឃ​ដី​អាកាស​ធាតុ​អំណោយ​ផល​ ក៏​បាន​ហូប​គ្រប់​គ្រាន់​ តែ​បើ​អត់​គាត់​ អត់​តាម​ហ្នឹង​ដែរ ទាំង​អ្នក​ខ្លះគាត់​លំបាក​ គាត់​​​ទៅ​​ថៃ​ទៅ​អី ច​ង់​អស់​ហើយ​នៅ​ជំពាក់​បំណុល​ធនាគារ​ច្រើន​កន្លែង​ សឹង​តែ​ម្ង៉ៃៗ​រក​ដើម្បីសង​ធនាគារ​ហ្នឹង​​ដែរ»។

VOD មិនអាចទាក់ទង អភិបាលខេត្តបាត់ដំបង លោក សុខ លូ ដើម្បីសុំការបញ្ជាក់ពីបញ្ហានេះបានទេ គិតត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយ​ទូរស័ព្ទ​តែ​គ្មាន​អ្នក​ទទួល។

មេឃុំកំពង់​ល្ពៅ លោក ឡាច ហម ទទួល​ស្គាល់​ថា ពលរដ្ឋ​នៅ​តំប​ន់​នោះពិត​ជា​ជួប​បញ្ហានោះ​មែន ប៉ុន្តែ​ថា លោក​មិន​មាន​សិទ្ធិ​សម្រេច​រឿង​នេះ​ទេ។

លោកថា៖ «កន្លែងនេះ​ អត់​អាច​និយាយ​បាន​ទេ ទាល់​តែ​យើង​មើល​ជាក់​ស្ដែង​ គាត់​កាត់​សម្រាប់​ពលរដ្ឋ​​ក្រីក្រ​ដែល​អត់​មាន​ដី​ប្រើ​ប្រាស់​ យើង​និយាយ​តែ​ដី​សម្រាប់​ម៉ាឃុំ​កំពង់​ល្ពៅ​ហ្នឹង ឃុំ​ណា​ក្រៅ​ពី​ភូមិ​ហ្នឹង​ទេ​នេះជា​គោល​ការ​ណ៍​របស់​រដ្ឋា​ភិបាល​ មិន​មែន​ថ្នាក់​ឃុំ​ថ្នាក់​ស្រុក​ទៅ​ធ្វើ​បាន​ទេ»។

យ៉ាងណា លោកថា ដីដែលពលរដ្ឋកំពុងតវ៉ានោះ រដ្ឋាភិបាល​បានចេញអនុក្រឹត្យ​ដោយ​ដាក់​ជា​ដី​សម្ប​ទានសង្គម​កិច្ច សម្រាប់​ពលរដ្ឋ​ដែល​មាន​ជីវភា​ព​ក្រី​ក្រ ក្នុង​អំឡុង​ឆ្នាំ​២០២២​មក​ម្លេះ។

ដោយឡែក អ្នកនាំពាក្យ​សមាគមការ​ពារ​សិទ្ធិ​មនុស្ស​​​អាដហុក លោក យិន ម៉េងលី និយាយថា បើដូចពល​រ​ដ្ឋ​​​​អះ​អាងមែន លោកចង់ឃើញរដ្ឋា​ភិបាល ពិចារណា​លើ​វិធាន កាត់​ឆ្វៀលដី​ឱ្យ​ពលរដ្ឋ​​​បន្ត​អាស្រ័​យ​​ផល ដោយ​ថា ការ​បណ្តេញ​ចេញ​បង្ក​ទុក្ខ​លំបាក​ដល់​ពលរដ្ឋ និង​ប៉ះពាល់​មាត់​រដ្ឋាភិបាល។

លោកថា៖ «បើសិនជាអាជ្ញាធរបណ្ដេញគាត់​ចេញឲ្យគាត់​ទៅនៅឯណាទៅណាទៀត ហើយពេល​ហ្នឹង​មាននាំ​​មាន​​បញ្ហា​កើតឡើងទៀតហើយ ពេលដែលប្រជាពលរដ្ឋគាត់អត់​ព្រមចេញ​ បើអ៊ីចឹង​ចាប់​ផ្តើម​ការ​ចោទប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ទៀត​ ហើយ​ថា​ទៅ​ធ្វើ​កាន់​កាប់​ឈូស​ឆាយ​រុក​រាន​អ៊ីចឹង​ទៅ​ ឬ​ក៏​ដាក់​ឱសាន​វាទដាក់​គ្រឿង​ចក្រ​ទៅ​កាយ​ទៅ​បំផ្លាញ​គេ​ ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ចឹង​ទៅ​នេះ​ជា​បទ​ពិសោធន៍​អត់​ល្អ​ទេ»។

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ​២០២២ ​ស្ដីពី ការ​កំណត់​ផ្ទៃ​ដី​ទំហំជាង ១ពាន់​ហិកតា (១ ០២១​ហិកតា) នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស ​ជាតំបន់​សហគមន៍ សម្រាប់​អនុវត្ត​កម្ម​វិធី​សម្បទាន​ដី​សង្គម​កិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​ដី​ពិត​ប្រាកដ ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​​ល្ពៅ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់​ដំបង។

បន្ថែមពីនេះ បើតាមលិខិតចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២៤ រដ្ឋបាល​ស្រុក​សំឡូត តម្រូ​វ​ឱ្យ​ពលរដ្ឋ​នៅ​តំបន់នោះ ត្រូវ​រុះរើ​ផ្ទះ​សម្បែង​ដោយ​ខ្លួន​ឯង​ជា​កំហិត។

រដ្ឋបាលស្រុកសំឡូត ព្រមាន​ថា ចំពោះ​ពលរដ្ឋ​ដែល​មិន​ចាក​ចេញ​ដោយ​ខ្លួន​ឯង រដ្ឋបាល​ស្រុក​នឹង​ចាត់វិធាន​រុះ​រើ ហើយ​​មិន​ទទួល​ខុស​ត្រូវ ពី​ការ​ខូច​ខាត​និង​បាត់​ប​ង់​ទ្រព្យ​សម្បត្តិ​ឡើយ។

យ៉ាងណា ​កម្ពុជា បាន​ផ្តល់សច្ចាប័ន ​​ជាមួយអង្គ​ការសហ​ប្រជាជាតិ​ ចាប់​ពី​ឆ្នាំ​១៩៩២​មក ​​លើ​កតិការ​​សញ្ញា​​​អន្តរ​ជាតិ ស្តីពី​​​សិទ្ធិ​​សេដ្ឋកចិ្ច សង្គម​កិច្ច និង​វប្បធម៌ ដែល​​រា​ប់បញ្ជូល​ទាំង​សិទ្ធិ​លំនៅដ្ឋាន​សមរម្យ និង​ការ​​​ធានា​សិទ្ធិ​​រស់​រាន​​មាន​​ជីវិ​តផង​ដែរ។

បើតាមចំនុច៦ នៃកតិការសញ្ញាអន្តរជាតិ ការបណ្តេញចេញដោយបំពាន គឺជាការរំលោភបំពាន​ដ៏កម្រោល លើ​សិទ្ធិមនុស្សជាច្រើន ដែល​បានទទួលស្គាល់ជាអន្តរជាតិ រួមទាំងសិទ្ធិមាន​ផ្ទះសម្បែង អាហារ ទឹក សុខភាព ការអប់រំ ការ​ងារ សន្តិសុខ សេរីភាព​ចាកផុត​ពីកា​រ​ប្រព្រឹត្ត​ឃោឃៅ អមនុស្ស​ធម៌។

លើសពីនេះ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទ​ទួ​លការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ