រដ្ឋាភិបាល​​ផ្តល់ថវិកា​​ជា​ង​១ម៉ឺន​​ដុល្លារ ជូន​​​គ្រួសារ​​សព​ពលករ​​​ម្នា​ក់​​ដែល​​ស្លាប់​​ក្នុង​គ្រោះ​រញ្ជួយ​​​ដី​​នៅ​​ថៃ

រដ្ឋាភិបាល​​កម្ពុជា​ ចូលរួម​រំលែក​ទុក្ខ និង​​ផ្តល់​​ថវិកា​​សម្រាប់​រៀប​ចំ​បុណ្យ​សព ដល់​ពលករ​​ខ្មែរ​ម្នាក់​​ដែល​ស្លាប់ ក្នុង​ហេតុ​​ការណ៍​បាក់​អគារ​​ដោ​យ​សារ​​គ្រោះ​រញ្ជួយ​ដី​នៅ​​ថៃ ស្រប​ពេល​ដែល​សង្គម​​ស៊ីវិល និង​អ្នក​ឃ្លាំ​​មើល​ ជំរុញ​ឱ្យ​មាន​​កា​រ​​​​ដោះ​ស្រាយ​ជា​បន្ទាន់​ ក្នុង​ការ​​ជួយ​​ដល់​​ពលករ​​ខ្មែរ ដែល​​រ​ង​គ្រោះ​​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី ទាំង​នៅ​ប្រទេស​​​ថៃ និង​​មីយ៉ាន់ម៉ា។

គ្រោះរញ្ជួយដីកម្រិត​​ ៧,៧រិចទ័រ កាលពីថ្ងៃទី​២៨ ខែមីនា នៅប្រទេស​​ថៃ បាន​បណ្តាល​ឱ្យ​អគារ​​កំពុង​​សាង​សង់​​កម្ពស់​​ជាង​ ៣០ជាន់​​មួយ​កន្លែង​ ស្ថិត​​ក្នុង​​​សង្កាត់ ចា​តុចាក់ (Chatuchak) ក្នុង​​ទីក្រុងបាង​កក​ ​បាន​ដួល​រលំ។ ​គ្រោះរញ្ជួយ​ដីដូចគ្នានេះ ក៏បាន​កើត​មាននៅប្រទេស​មីយ៉ាន់​ម៉ា(ភូមា)​ ដែលបានសម្លាប់មនុស្ស​រាប់​រយ​នាក់ និង​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ក្នុ​ងប្រទេស​នេះ​អស់​ជា​ច្រើនផងដែរ។

បើតាម​ប្រភពសារព័ត៌មានថៃ​ និ​ងមន្ត្រី​អង្គការ​សង់​​ត្រាល់ ​ក្នុ​ងចំ​ណោម​​ពលករ​ថៃ និង​​ពលករ​​បរទេស​​​​​សរុប​​​​ជាង ៣០០​នាក់ ដែល​​ធ្វើការ​​នៅ​​ការ​​ដ្ឋាន​​សំណង់​អគារ​​ដែល​បាក់​រលំ​​ ក្នុង​​ប្រទេស​ថៃ​នោះ​ ក៏​មាន​ពលករ​​ខ្មែរផង​ដែរ​។ តែយ៉ាងណា​ គេនៅពុំទាន់ដឹងពី​ចំនួន​ពលករ​ខ្មែរ​​ជាក់លាក់ ​ដែលធ្វើការ​នៅទីនោះនៅឡើយ​ទេ។​

​សេចក្តីប្រកាសព័ត៌មាន និងការ​ផ្សព្វផ្សាយ​លើបណ្តាញសង្គម​ហ្វេសប៊ុក​​​របស់​ក្រសួង​ការ​ងារ និងបណ្តុះបណ្តាល​​វិជ្ជាជីវៈ​កម្ពុជា​ ឱ្យ​ដឹងថា គិតត្រឹម​ម៉ោង​ ៣:៣០នាទី​រសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ​២០២៥​នេះ មានពលករ​ខ្មែរ​​​ម្នាក់ ឈ្មោះ មាស សាវ៉ាង អាយុ២៣ឆ្នាំ ដែលមានទីលំនៅ​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថាស្លាប់​ និង​ពលការិនី​ខ្មែរម្នាក់ ឈ្មោះ​ សឿន សំណាង អាយុ ៤៤ឆ្នាំ មានទីលំនៅ​នៅ​ស្រុកបល្ល័ង​ ខេត្ត​កំពង់​ធំ បានរងរបួស​ជើង ក្នុង​ហេតុការណ៍គ្រោះរញ្ជួយដី នៅប្រទេស​ថៃ។   

ប្រភពដដែលបន្តថា ចំពោះ​សាកសពជនរងគ្រោះ អាជ្ញាធរកម្ពុជា និង​សាច់ញាតិ​ បានរៀបចំឯកសារ​ និងទៅទទួលសពយក​មក​កម្ពុជាវិញ ខណៈស្ត្រីដែលរង​របួស​ជើង បាន​មក​ដល់​ស្រុកកំណើត​វិញ កាលពីថ្ងៃទី៣០ ខែមិនា។

នៅថ្ងៃទី០១ ខែមេសា​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ក៏​បាន​​ចូលរួមបច្ច័យបុណ្យដល់គ្រួសារ​​​សព​ពលករ​ខ្មែរម្នាក់​ ឈ្មោះ មាស​ សាវ៉ាង​ ចំនួន ១ម៉ឺនដុល្លារ​ តាមរយៈរដ្ឋមន្ត្រី​ក្រសួង​ការ​ងារ ហើយ​ក្រសួង​ការ​ងារផ្ទាល់​ ក៏បាន​​​ជួយជាថវិកាដល់​គ្រួសារ​សព​​ចំនួន ២០លានរៀល អភិបាល​ខេត្តបន្ទាយមានជ័យ ២លាន​រៀល និង​ថវិកា​របស់​សមាគម​និង​អង្គការចំនួន​២ទៀត ចំនួន ៣០លាន​រៀល​។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ​​បន្ថែម​ជុំវិញស្ថានភាពពលករខ្មែរ​ដែលរង​គ្រោះ​ក្នុងហេតុការណ៍​រញ្ជួយដីនៅ​ថៃ និង​មីយ៉ាន់ម៉ា​​បន្ថែម ពីអ្នកនាំពាក្យក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ​​បានទេ។

យ៉ាងណា លោក​ កត្តា អ៊ន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រៅពីរកឃើញពលករខ្មែរ​ម្នាក់​ស្លាប់ និងម្នាក់​ទៀត​រង​របួសនេះ ក្រសួង​ក៏បានទទួលដំណឹង​ពីសាច់ញាតិថា នៅមានពល​ករ​ខ្មែរ ២នាក់​ទៀត បាន​បាត់ខ្លួន​ក្នុងហេតុការណ៍រលំអគារ​នោះ។ លោកបន្តថា ក្រសួង​នឹង​បន្តសហការជាមួយ​អាជ្ញាធរ​ថៃ ដើម្បីស្វែង​រក និង​​ធ្វើតេស្ត​កោសល្យវិច័យ​​លើសពជនរងគ្រោះ ដើម្បី​​បញ្ជាក់​អត្តសញ្ញាណពួកគេ​។

លោក លឹង សុផុន មន្ត្រីគម្រោង​ផ្នែក​ពលករ​ចំណាក​ស្រុក​នៃអង្គការ​សង់ត្រាល់​​ប្រចាំ​​ប្រទេស​​ថៃ បាន​ប្រាប់វីអូឌី​ថា គិត​មកដល់​ម៉ោងជាង ១រសៀល​​ថ្ងៃទី០១ ខែមេសានេះ នៅមិនទាន់មាន​ការ​វិវត្ត​អ្វីថ្មីនៅឡើយ ជុំវិញ​តួលេខ​​ពលករ​ខ្មែរ​ដែលរង​គ្រោះ​​ ដោយ​សារ​គ្រោះ​រញ្ជួយ​ដីនេះ​នៅឡើយ ខណៈប្រតិបត្តិការ​រុករក​របស់អាជ្ញាធរ​ថៃ កំពុងធ្វើ​​បន្ត។

លោកបន្តថា បញ្ហាគ្រោះរញ្ជួយដីនេះ បានដាក់​បន្ទុក​បន្ថែម​លើ​ជីវភាព និង​ការ​រស់នៅ​របស់​ពល​ករ​ខ្មែរ​នៅប្រទេស​ថៃ ដោយសារ​តែពួកគេ​មិន​អាច​ធ្វើការ​ពេញម៉ោង​បានដូចមុន ដែលធ្វើ​ឱ្យ​បាត់បង់ចំណូល ព្រោះ​តែ​ស្ថានភាពគ្រោះ​រញ្ជួយដីនៅថៃនេះ នៅបន្ត​ប្រកាស​អាសន្ន កាល​ពីថ្ងៃចន្ទ​ម្សិលមិញ និង​ស្របពេល​​​ដែលពលករមួយចំនួន ក៏កំពុង​រកប្រាក់ និងរៀបចំ​ឯកសារ​ដើម្បី​តទិដ្ឋការ​​របស់​​ខ្លួន ​ដែលអស់សុពល​ភាពតាំងពីខែ​​កុម្ភៈ ឆ្នាំ​២០២៥​មក។

ករណីនេះ លោកថា៖ «ត្រូវ​ការ​ចាំបាច់ណាស់ រឿងជំនួយពីរដ្ឋាភិបាល[កម្ពុជា] ទៅដល់ជនរងគ្រោះ ជាពិសេសគឺ​បង​ប្អូន​​ពល​ករ​ដែលគាត់​​មានបញ្ហា​ប្រឈម​ផ្សេ​ងៗ ទាក់ទងទៅ​​រឿង​ការ​រង​របួស ឬក៏​​រឿង​​ការ​ដែល​ពួក​គាត់​មាន​បញ្ហាប្រឈម​នឹង​ការ​បាត់បង់ការ​ងារ ហើយ​និង​គាត់មានគ្រោះ​ថ្នាក់​នៅក្នុង​អគារ​ ដែលបាន​បាក់កន្លងមកហ្នឹង ដែល​យើងបាន​មើល​ឃើញចឹង​​ បើសិនជា​រដ្ឋ​មានវិធានការ​ណាមួយ​ជាក់​លាក់​ ដើម្បី​ជួយ​ដល់​បង​ប្អូន​ខ្មែរ​យើង ហើយ​​និង​​ពល​ក​រ​ខ្មែរ​យើង ដែលកំពុងតែ​មានបញ្ហា​ប្រឈម សូមឱ្យមានវិធាន​ការ​ដើម្បីជួយដោះស្រាយ​ដល់​ពួកគាត់​​»

ជាមួយគ្នានេះ​ដែរ លោក សុផុន បាន​ឱ្យដឹងដែរថា ក្នុងរយៈពេល​២ថ្ងៃចុង​ក្រោយនេះ ពលករ​ខ្មែរ​ដែលធ្វើការ និង​រស់នៅ​ប្រទេស​ថៃប្រមាណ ៨០០នាក់​ បាន​នាំគ្នា​ស្នើសុំ​លិខិ​តធ្វើ​ដំណើរ​​​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួមពិធីបុណ្យចូល​ឆ្នាំ​ខ្មែរ និងស្របពេល​នៅ​ថៃ នៅមាន​ការ​ប្រកាសអាសន្ន​រឿង​គ្រោះរញ្ជួយដីនៅឡើយ។​

ចំណែក ​ក្រុមប្រឹក្សាជាតិតស៊ូ ដែលជាក្រុមទើបបង្កើតឡើង និងមានមូលដ្ឋាននៅក្រៅប្រទេស កាលពីថ្ងៃទី៣០​​ ខែមីនា ​បានទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ដោះស្រាយជាបន្ទាន់​ទៅដល់​គ្រួសារ​ពលករខ្មែរ​រងគ្រោះនៅប្រទេស​ថៃ និង​មីយ៉ាន់ម៉ា ឬភូមា ដោយសារគ្រោះរញ្ជួយដីនេះ​ដែរ។

អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ បានថ្លែងពីប្រទេសហ្វាំងឡង់ និង​ត្រូវ​បានផ្សព្វ​ផ្សាយ​​​លើ​ហ្វេស​ប៊ុក​ក្រុមប្រឹក្សា​ជាតិតស៊ូថា ​​រដ្ឋាភិបាល ​លោក ហ៊ុន ម៉ាណែត ត្រូវ​​បង្ហាញផែនការដោះស្រាយ​​សមស្រប​​មួយ​​​ សម្រាប់ជួយដល់​​ពលករខ្មែរ និងក្រុមគ្រួសារ​ពួកគេ ដែលបានរងគ្រោះដោយការរញ្ជួយដីនៅ​ប្រទេស​​ថៃ និង​​ភូមា ជា​ពិសេស​​ពលករដែល​រង​គ្រោះ​ក្នុង​​ករណី​បាក់​រលំ​អគារ​​នៅ​ប្រទេសថៃ​។

លោកថ្លែង​ថា«លោក ហ៊ុន ម៉ាណែត ត្រូវបង្ហាញគម្រោងឱ្យបានជាក់លាក់ ក្នុងការ​ផ្តល់ជំនួយសង្គមកិច្ច និង​ការការពារផលប្រយោជន៍ពាក់ព័ន្ធទាំងអស់ ដល់ប្រជាពលករខ្មែររងគ្រោះ និងក្រុម​គ្រួសាររបស់ពួកគាត់ មិនមែនត្រឹមតែជាការផ្ញើសារ​រំលែក​ទុក្ខ ឬត្រឹមតែ​ជាការផ្តល់ព័ត៌​មាន​​ថា រដ្ឋាភិបាលបានកំពុងបន្តតាម​ដាន​ស្ថាន​ការណ៍​វិវត្តន៍ ដូចប្រជាពលរដ្ឋសាមញ្ញនោះទេ ពីព្រោះរាជរដ្ឋាភិបាលមានកាតព្វកិច្ច​តាមខ្លឹមសារ​​នៃ​​ស្មារតី​រដ្ឋធម្មនុញ្ញ ត្រូវតែដោះស្រាយបញ្ហា​ទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋ ហើយ​នឹងការ​ប្រឈម​ទាំង​​ឡាយ​របស់​ពួកគាត់​​ដែលជាម្ចាស់ប្រទេស»

លោក​ គឹម សុខ បន្តថា ដំណោះស្រាយជាបឋម ដែល​ក្រុមប្រឹក្សា​ជាតិតស៊ូ ស្នើយ៉ាងទទូច​ដល់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នោះការ​ផ្តល់ជំនួយ​សង្គម​កិច្ច និង​​​​ការ​លុប​ចោល​បំណុល ឬសងបំណុល​​ទាំងអស់​​​សម្រាប់​​​ពលករ​ខ្មែរ​​ដែល​​រង​គ្រោះដោយការ​រញ្ជួយដី​ និងគ្រួសារ​របស់ពួកគេ ខណៈពលករទាំង​នោះ​​ កំពុង​ជាប់បំណុល​វ័ណ្ឌក។ លោកថា ទំហំបំណុល​​របស់ពលករ​ខ្មែរ​ដែល​រ​ងគ្រោះ​ មិនធំរហូត​ដល់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ដោះស្រាយ​មិនបាននោះទេ។

បើតាមលោក គឹម សុខ ពលករខ្មែរ​ដែលចំណាកស្រុក​ទៅធ្វើការ​​នៅ​ក្រៅប្រទេសទាំង​ប្រថុយប្រថាន គឺដោយសារ​តែពួកគាត់​ជួបការ​លំបាក​ មិនអាចរក​ការងារ​ក្នុង​ស្រុក​ដែលមាន​ប្រាក់​កម្រៃ​​សម​ល្មម​នឹងផ្គត់ផ្គង់ជីវភាព​ និង​មានបំណុលវ័ណ្ឌកជា​ដើម​ ហើយក្នុងកាលៈទេសៈ​ដែល​ជួបគ្រោះ​រញ្ជួយ​ដីនេះទៀត កាន់តែ​ធ្វើឱ្យ​ពួកគាត់ជួបការ​លំបាក​ថែមទៀត។​

ករណីនេះ​ លោកថា៖ «ដូច្នេះ ក្រុមប្រឹក្សាជាតិ​តស៊ូ ទទូចហើយទទូចទៀត ដាច់ខាត​​​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ត្រូវ​តែ​បង់​សងបំណុល​ជំនួស​ប្រជាពលករ​ខ្មែរ​រង​គ្រោះ និងក្រុមគ្រួសាររបស់ពួកគាត់»។

អ្នកស្រី សឿង សំណាង អាយុ៤៤ឆ្នាំ ជាកម្មករ​សំណង់​​ដែលរង​របួស​ក្នុងហេតុការណ៍រលំអគារ ដោយសារការរញ្ជួយដីនៅថៃ និងបានត្រឡប់មកស្រុកកំណើត​ក្នុងខេត្តកំពង់ធំវិញ​នោះ ឱ្យដឹងថា​ នៅថ្ងៃកើត​ហេតុ អ្នកស្រីនិងពលករ​ផ្សេង​ទៀត បាន​លឺសូរ​សំឡេង​ និង​មាន​ភាពរំញ័រនៃអគារ ដូច្នេះ​​អ្នកស្រីបានរត់​ចុះពីជាន់​ទី១៦នៃអគារដែលបាក់រលំនោះ ហើយ​ក៏បណ្តាលឱ្យរបួស​​បាក់កែង​ជើងខាង​​ឆ្វេង។

អ្នកស្រីបន្តថា ដោយសារ​មិនមានប្រាក់​ព្យាបាល​នៅ​ថៃ និងកំពុងជាប់បំណុល​ផងនោះ អ្នកស្រីក៏​ចងការប្រាក់​គេ និងទទួលបាន​ថវិការៃអង្គាស​ពីពលរដ្ឋខ្មែរ​នៅថៃខ្លះ ដើម្បីត្រឡប់មក​ព្យាបាល​​របួស​​​​នៅស្រុកកំណើត​​ក្នុង​ប្រទេស​​កម្ពុជា​​​វិញ។ នេះបើ​យោងតាមសាច់ញាតិរបស់អ្នកស្រី បញ្ជាក់ប្រាប់ក្រុមការងារអង្គការ​​​សង់​ត្រាល់។

ប្រភពដដែល បន្តថា បច្ចុប្បន្ន អ្នកស្រី សំណាង ត្រូវបានមន្ត្រីពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​បញ្ជូន​ទៅ​​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​ក្នុងខេត្តកំពង់ធំ​។ តែយ៉ាងណា ​អង្គការ​​សង់ត្រាល់ សង្ឃឹមថា រដ្ឋាភិបាល និង​មន្ត្រីក្រោមឱវាទគ្រប់ជាន់ថ្នាក់ នឹង​​បន្តយកចិត្តទុកដាក់ លើការជួយសង្គ្រោះពលករខ្មែររូបនេះ រហូត​ដល់​​ជាសះស្បើយ ដើម្បី​​មានលទ្ធភាពបន្តការ​​ដោះបំណុល និង​ទ្រទ្រង់ជីវភាព ចិញ្ចឹម​កូនៗ។

បើតាម​សារព័ត៌មាន The Nation news គិត​ត្រឹម​ថ្ងៃទី០១ ខែមេសា​​នេះ អ្នក​ស្លាប់ក្នុងគ្រោះរញ្ជួយដី​នៅប្រទេស​ថៃ មានចំនួន ១២នាក់ និងអ្នករងរបួស ៩នាក់ ខណៈក្រុមអ្នក​ជួយសង្គ្រោះ​ កំពុង​បន្តស្វែង​រក​ជន​រង​គ្រោះ​​​ប្រមាណជាង ៧០នាក់ទៀត ដែលសង្ស័យថា​បាត់​ខ្លួន​ក្នុង​គំនរ​អគារ។​

ចំណែក​ ​នៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ​​​ តាមប្រភពពីសារព័ត៌មាន PDC China News ដែលស្រង់​របាយការណ៍​ព័ត៌​មាន​ពី​ក្រុមប្រឹក្សា​រដ្ឋ​របស់​ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ គឺ​ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២ ០៥៦នាក់ និងរបួស ៣៩០០នាក់ និងជិត២៧០នាក់​ទៀត ត្រូវ​បានរាយការណ៍ថាបាត់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ