អ្នកវិភាគនយោបាយ ចាត់ទុកការចូលរួមពីបណ្តាបក្សនយោបាយ ក្នុងថ្ងៃបុណ្យសពបងប្រុសរបស់លោក ហ៊ុន សែន ថាជារបៀបនៃការផ្សះផ្សាខាងនយោបាយ ហើយក៏ជាសញ្ញាបង្ហាញពីនយោបាយប្រជាធិបតេយ្យផ្ទៃក្នុងរបស់កម្ពុជាដែរ។
គេសង្កេតឃើញនៅថ្ងៃបុណ្យសព លោក ហ៊ុន សាន ដែលត្រូវជាបងប្រុសទី១របស់ លោក ហ៊ុន សែន មានគណបក្សនៅក្រៅរដ្ឋាភិបាលមួយចំនួន បានបង្ហាញវត្តមានរបស់ពួកគេ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ដែលមានទាំងគណបក្សចាស់វស្សា និងគណបក្សនយោបាយ ដែលទើបបង្កើតឡើងថ្មោងថ្មីថែមទៀតផង។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលមានតំណាងក្បាលម៉ាស៊ីនដឹកនាំបក្សទៅចូលរួម មានលោក សុន ឆ័យ លោក ហុង សុខហួរ និង លោក គង់ មុនីកា ជាដើម។
ក្នុងចំណោមអ្នកនយោបាយចាស់វង្សាទាំងនេះ លោក សុន ឆ័យ និងលោក ហុង សុខហួរ គឺសុទ្ធតែជាអ្នកនយោបាយដែលធ្លាប់មានប្រវត្តិ ត្រូវបានលោក ហ៊ុន សែន ចាត់ទុកថា ជាមនុស្សបង្កប់ ឬជាចារកម្មរបស់លោកថែមទៅទៀតផង មានលោក សុន ឆ័យ ជាដើម។ ចំណែក លោក ហុង សុខហួរ វិញក៏ធ្លាប់មានប្រវត្តិជូរចត់ មិនចាញ់ លោក សុន ឆ័យ ប៉ុន្មានដែរទេ។
អ្នកនយោបាយដែលមានសញ្ជាតិបារាំងរូបនេះ ធ្លាប់ត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ហើយដាក់ពន្ធនាគារអស់ពេលជាច្រើនឆ្នាំថែមទៀតផង។
ក្រៅពីបក្សនយោបាយចាស់វស្សាទាំងនេះ គឺនៅមានគណបក្សជំនាន់ថ្មី ដែលដឹកនាំដោយ លោក មាជ សុវណ្ណរ៉ា ក៏គេសង្កេតឃើញវត្តមាន នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពនេះដូចគ្នាដែរ។
ឆ្លើយតបនឹងការបង្ហាញវត្តមាន និងផ្ញើសាររំលែកមរណទុក្ខរបស់គណបក្សភ្លើងទៀន និងគណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគតនេះ លោក ហ៊ុន សែន បានបញ្ជាក់ពីភក្តីភាពតាមរយៈលិខិតរបស់ខ្លួន កាលពីថ្ងៃទី៣០ ខែមីនា ថាក្នុងនាមក្រុមគ្រួសារនៃសពពិតជារំជួលចិត្ត និងត្រេកអរចំពោះការរួមចំណែកក្នុងមរណទុក្ខនេះ។
បន្ថែមពីលើនេះ លោក ហ៊ុន សែន បង្ហាញពីសេចក្តីសាទរចំពោះក្បាលម៉ាស៊ីនដឹកនាំ និងសមាជិកគណបក្សភ្លើងទៀន រួមទាំងគណបក្សឆន្ទៈខ្មែរ ចំពោះសមានចិត្តរួមចំណែក នៃការលាចាកលោករបស់លោក ហ៊ុន សាន នៅពេលនេះ។
សម្រាប់អ្នកវិភាគនយោបាយ យល់ឃើញថា អ្វីដែលបណ្តាបក្សនយោបាយនៅក្រៅរដ្ឋាភិបាលធ្វើនេះ គឺជាមធ្យោបាយល្អទៅវិញទេ ក្នុងការផ្សះផ្សា និងកាត់បន្ថយការខ្វែងគំនិតគ្នាខាងនយោបាយពីពេលនេះទៅមុខ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងនយោបាយ ចាត់ទុកការបង្ហាញវត្តមាននៅថ្ងៃបុណ្យសពបងប្រុសរបស់លោក ហ៊ុន សែន ថានេះអាចជាជម្រើសនៃការធ្វើការតាមរបៀបថ្មីមួយរបស់បណ្តាបក្សនយោបាយក៏អាចថាបានដែរ។
ការចែករំលែកនូវភាពសោកសៅជាមួយគ្នា វាមិនមែនជាទម្រង់ដែលអាក្រក់ ហើយគ្រាន់តែកិច្ចការប៉ុណ្ណឹង មិនហ៊ានបង្ហាញឱ្យគេឃើញ វាមិនមែនជាជំរើសដែលល្អនោះឡើយ។ ផ្ទុយមកវិញ ការចេះបន្ទន់ឥរិយាបថ និងសិក្សាពីរបៀបធ្វើការតាមបែបថ្មីនេះ ក៏ជាវិធីល្អម្យ៉ាងដែរ ដើម្បីប្រាកដថាគោលដៅដែលត្រូវបន្ត អាចនឹងមិនមានឧបសគ្គ ឬត្រូវរាំងស្ទះ ព្រោះហេតុផលរឹងតឹងខាងនយោបាយ ហើយនេះ ក៏ជាពេលវេលាសមរម្យណាស់ហើយដែរ ដែលបណ្តាបក្សនយោបាយ ត្រូវមានភាពចាស់ទុំ និងមានរបៀបធ្វើការតាមទម្រង់មួយថ្មី ដែលចាត់ទុកថាជាប្រជាធិបតេយ្យ តាមបែបកម្ពុជា។
លោកបន្តថា៖《ខ្ញុំគាំទ្រឲ្យមានចឹង កុំឲ្យថាដល់ពេលមានទាស់គ្នាសូម្បីមានទុក្ខ អត់អាចយកទុក្ខលំបាកឲ្យគ្នាទៅវិញទៅមកបាន មិនបាច់គិតថាយើងជាខ្មែរទេ។ រឿងការផ្សះផ្សាជាតិរឿងសំខាន់ តើយើងអាចធ្វើការកើតជាមួយគ្នា។ តែបើយើងធ្វើការកើតជាមួយគ្នា តែយើងមិនត្រូវគ្នា វាមានតែការប្រទូស្តរ៉ាយគ្នាដែលយើងឃើញកន្លងមកហើយ អាហ្នឹងបើទោះជាគណបក្សប្រឆាំងប្រឹងយ៉ាងម៉េច ក៏ប្រឹងមិនរួចដែរ》។
បើទោះជាបែបណា ការបង្ហាញវត្តមានពីបណ្តាបក្សនយោបាយនៅក្រៅរដ្ឋាភិបាល ក្នុងថ្ងៃបុណ្យសពបងប្រុសរបស់ លោក ហ៊ុន សែន ក៏រងការរិះគន់នៅលើបណ្តាញសង្គមដែរថា នេះជាវិធីសុំការរស់រានមានជីវិតខាងនយោបាយពីប្រធានព្រឺទ្ធសភារូបនេះ។
ការផ្ញើសាររំលែកទុក្ខ និងការចំណាយពេលវេលា ទៅចូលរួមបុណ្យសពដោយផ្ទាល់ ពីបណ្តាបក្សនយោបាយទាំងនោះ ទំនងជាយុទ្ធសាស្រ្តដើម្បីធ្វើឱ្យលោក ហ៊ុន សែន បង្ហាញការអាណិតអាសូរ និងអនុគ្រោះលើផ្នែកណាមួយ ក្នុងការបន្តជីវិតនយោបាយរបស់ពួកគេតទៅមុខទៀត។
ក្នុងន័យនេះ បើគណបក្សនៅក្រៅរដ្ឋាភិបាល បង្ហាញនូវកាយវិការទន់ភ្លន់ និងលែងហ៊ានរិះគន់អ្វីទាំងអស់ សូម្បីភាពអសកម្មខាងនយោបាយ គឺពួកគេនឹងមានវាសនាមិនខុសពីអ្វីដែលគណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ទទួលបានកាដូដ៏ធំ ពីគណបក្សប្រជាជនកម្ពុជាប៉ុន្មាននោះទេ។
ហាក់មិនខុសពី លោកបណ្ឌិត មាស នី ប៉ុន្មាននោះឡើយ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ក៏ឯកភាពដែរថា ការជ្រើសរើសផ្លូវដើរនៅពេលនេះ របស់បណ្តាគណបក្សនយោបាយ នៅក្រៅរដ្ឋាភិបាលទាំងនោះ អាចចាត់ទុកថា នេះជាការឯកភាពផ្ទៃក្នុងកម្ពុជាច្រើនជាងការសុំសុខពី លោក ហ៊ុន សែន។
អ្នកវិភាគរូបនេះ ហាក់មិនយល់ស្របថា ការបន្ទន់ឥរិយាបថ តាមរយៈការបង្ហាញកាយវិកាទន់ភ្លន់ ក្នុងថ្ងៃបុណ្យសពលោក ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺនឹងធ្វើឱ្យប្រជាប្រិយភាពបក្សប្រឆាំង ត្រូវធ្លាក់ការគាំទ្រនោះ ប្រហែលជាមិនមែនផលសមរម្យនោះទេ។
ផ្ទុយមកវិញ កត្តានេះអាចជាមេរៀនសម្រាប់អ្នកគាំទ្របណ្តាបក្សនយោបាយនៅក្រៅរដ្ឋាភិបាល ជាពិសេសបក្សប្រឆាំង រៀនសូត្របានពីរបៀបធ្វើកិច្ចការតាមទម្រង់ថ្មី។
មួយវិញទៀត ក្បួនដើរតាមបែបថ្មីនេះ ក៏មិនប្រាកដថាជាការចុះចូល ឬស្ថិតនៅក្រោមសេនារីយោរបស់បក្សប្រជាជនកម្ពុជាដែរ។ ប៉ុន្តែវាជាក្រឹត្យក្រម និងវិធីសាស្រ្តជួយឱ្យកម្ពុជាអាចនឹងឈានទៅរកប្រជាធិបតេយ្យមួយដ៏ពិតប្រាកដ តាមរបៀបធ្វើការងារថ្មីនេះ ហើយអាចរក្សានូវគោលនយោបាយប្រឆាំង និងស្របបានដូចមុនបានដដែល។
លោកបន្តថា៖《វាជាសីលធម៌នយោបាយ ហើយវាបង្ហាញពីភាពថ្លៃថ្នូរ ក្នុងនាមជាជាតិសាសន៍មួយដែលមិនយកខ្មែរគ្នាឯងជាសត្រូវ រហូតទៅដល់ស្លាប់ហើយ ឬក៏មានអ្នកដែលលាចាកលោកទៅហើយ នៅតែប្រកាន់ចរិតរឹងត្អឹង》។
គេសង្កេតឃើញថា រូបមន្តដែលគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាល កំពុងតែដើរនៅពេលនេះ ហាក់មិនខុសគ្នាប៉ុន្មានឡើយពី លោក កឹម សុខា និងលោក សម រង្ស៊ី ធ្លាប់មានជាមួយលោក ហ៊ុន សែន។
កាលពីជាង១០ឆ្នាំមុន គណបក្សប្រឆាំងមិនត្រឹមតែបានបង្ហាញពីសមានចិត្តរបស់ពួកគេ ក្នុងការរំលែកទុក្ខ ចំពោះក្រុមគ្រួសារ លោក ហ៊ុន សែន រាល់ពេលមានសាច់ញាតិលាចាកលោកឡើយ ពោលគណបក្សប្រឆាំងកាលណោះ ថែមទាំងបានបង្កើតនូវវប្បធម៌សន្ទនាថែមទៀតផង។
ប៉ុន្តែនៅទីបំផុត គោលនយោបាយ ដែលគណបក្សប្រឆាំងចាត់ទុកថា ជាវិធីឈានទៅរកការឯកភាពជាតិ និងផ្សះផ្សាជាតិ ត្រូវរលាយបាត់អស់ នៅបន្ទាប់ពីលោក ហ៊ុន សែន យល់ឃើញថា នេះជាយុទ្ធសាស្រ្តដែលមិនមែនជួយឱ្យគណបក្សប្រជាជនកម្ពុជា បានរស់ទេ៕