សហមេធាវីការពារក្តីឱ្យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារបង្ហាញពីគ្រោះថ្នាក់ចំពោះការអនុវត្តសិទ្ធិ បើអ្នកធ្វើច្បាប់ អ្នកអនុវត្តច្បាប់ និងអ្នកបកស្រាយច្បាប់ ជាមនុស្សតែមួយ នោះប្រជារាស្ត្ររងគ្រោះ នឹងបាត់បង់សិទ្ធិការពារខ្លួនទាំងស្រុង។
ការបង្ហោះសារនេះ ចំពេលដែលកូនក្តីរបស់លោក គឺលោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជិត១០ឆ្នាំទៅនេះ តាមបណ្តឹងរបស់មេដឹកនាំបក្សកាន់អំណាច។
តុលាការបានចោទ លោក កឹម សុខា ពីបទក្បត់ជាតិ តាមបណ្តឹងរបស់បក្សកាន់អំណាច ដែលគេមើលឃើញថា ជាការប្រឌិត ដើម្បីចោទប្រកាន់ ខណៈគណបក្ស លោក កឹម សុខា បានហក់ឡើងប្រជាប្រិយភាព ជិតទាន់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ។
ម៉្យាងវិញទៀត ការលើកឡើងនេះក៏ចំពេលសាលាឧទ្ធរណ៍ បន្តផ្អឹបទុកសំណុំរឿងប្តឹងជំទាស់របស់លោក កឹម សុខា ដែលសំណុំរឿងដ៏ចម្រូងចម្រាស់នេះ ត្រូវបានសាលាឧទ្ធរណ៍បើកសវនាការលើកដំបូង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ និងបានលើកពេលសវនាការ រហូតមិនទាន់បិទបញ្ចប់នៅឡើយ បន្ទាប់ពីបានបើកសវនាការចំនួន១១លើក។
សហមេធាវីការពារក្តី លោក កឹម សុខា គឺលោក ផែង ហេង បានបង្ហោះសារលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះថា «បើអ្នកធ្វើច្បាប់ អ្នកអនុវត្តច្បាប់ និងអ្នកបកស្រាយច្បាប់ ជាមនុស្សតែមួយ នោះប្រជារាស្ត្ររងគ្រោះ នឹងបាត់បង់សិទ្ធិការពារខ្លួនទាំងស្រុង។ លោកថា នេះជាគតិ ១ ក្នុងការអនុវត្តសិទ្ធិរបស់ប្រជារាស្ត្រ។
លោក ផែង ហេង ឱ្យVODដឹងបន្ថែមនៅថ្ងៃទី២ ខែមេសានេះថា សាររបស់លោកគឺផ្អែកលើទ្រឹស្តីការបែងចែកអំណាច ក្នុងគោលការណ៍ប្រជាធិបតេយ្យ គឺនីតិរដ្ឋត្រូវមានស្ថាប័ន៣ ឯករាជ្យដាច់ពីគ្នានិងមិនរំលោភអំណាចឬឥទ្ធិពលលើគ្នា។
ដោយឡែក ចំពោះសំណុំរឿង លោក កឹម សុខា លោកអះអាងថា សាធារណជន ឬអន្តរជាតិដឹងឮទាំងអស់គ្នា ដែលគេថាជារឿងនយោបាយ។
លោកថា៖ «បើសិនជាអំណាចទាំង៣ ស្ថិតនៅលើមនុស្សតែម្នាក់ ឬមនុស្សតែមួយក្រុម ឧទាហរណ៍អ្នកប្រតិបត្តិ គាត់អនុវត្តទៅបំពានលើសិទ្ធិរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាអ្នករងគ្រោះ ហើយរត់ទៅរក ស្ថាប័នបកស្រាយច្បាប់ឲ្យការពារសិទ្ធិរបស់គាត់ បកម៉េច អ្នកធ្វើច្បាប់ហើយនិងអ្នកអនុវត្តច្បាប់ហ្នឹង គឺមានតែមួយក្រុមហ្នឹងមួយ អ៊ីចឹងបកម៉េចក៏វាអត់តម្លាភាពដែរ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលធ្លាប់អះអាងថា នឹងមិនរត់ចោលប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅត្រូវសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បច្ចុប្បន្នលោកត្រូវបានសាលាដំបូងផ្តន្ទាទោស ២៧ឆ្នាំ ឱ្យឃុំខ្លួននៅក្នុងផ្ទះ ក្នុងខណ្ឌទួលគោក និងបន្តដកសិទ្ធិធ្វើនយោបាយ។
សហរដ្ឋអាមេរិក ធ្លាប់និយាយថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ តែត្រូវបានគេចាប់ឃុំខ្លួនទាំងអយុត្តិធម៌ ក្រោមបទចោទបែបប្រឌិត និងហៅសាលក្រមចោទប្រកាន់ថា ជាការបរាជ័យរបស់ប្រព័ន្ធយុត្តិធម៌កម្ពុជា។
ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅការបន្តផ្អឹបសំណុំរឿង លោក កឹម សុខា ក៏បង្ហាញកាន់តែច្បាស់ថា មេដឹកនាំគ្រួសារហ៊ុនខ្លាចយុទ្ធសាស្រ្តដឹកនាំរបស់បក្សសង្គ្រោះជាតិ មានលោក កឹម សុខា ជាដើម។
លោកថា៖ «រដ្ឋាភិបាលគេមានចេតនាមិនចង់ឲ្យ លោក កឹម សុខា ហ្នឹងមានសេរីភាពអីទេ បើគេប្រកាសសាលក្រមក៏គេគង់តែឲ្យយើងដាក់ពាក្យបណ្ដឹង ទៅតុលាការកំពូលដែរ អាហ្នឹងគំនិតគេគឺអញ្ចឹង គឺគំនិតគេមិនដោះលែងហើយគេទុកឲ្យ លោក កឹម សុខា ហ្នឹងចាស់ជរា ទៅធ្វើអីមិនកើត ឬធ្វើនយោបាយលែងកើត»។
សម្រាប់ លោក ម៉ែន ណាត ការចោទប្រកាន់លោក កឹម សុខា ថាជនក្បត់ជាតិ គឺជាចេតនារបស់លោក ហ៊ុន សែន ចង់បំផ្លាញប្រជាធិបតេយ្យ ដើម្បីបើកផ្លូវឱ្យ លោក ហ៊ុន ម៉ាណែត បន្តអំណាច។
លោកថា៖ «លោក កឹម សុខា គាត់ជាជនស្នេហាជាតិ និងស្នេហាលទ្ធិប្រជាធិបតេយ្យពិតប្រាកដសកម្មភាពរបស់គាត់ ធ្វើកន្លងទៅហ្នឹង គឺស្របនឹងស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស និងស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អ្នកដែលប្រព្រឹត្តអំពើក្បត់ប្រជាជនកាន់អំណាចនោះទេ បើយើងត្រូវទៅ ព្រោះពួកជនកាន់អំណាចអស់នោះហើយ ដែលមិនគោរពរដ្ឋធម្មនុញ្ញ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងប្រហាក់ប្រហែលគ្នាដែរថា ករណីលោក កឹម សុខា ទាំងពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ សុទ្ធតែចាត់ទុកថាជារឿងនយោបាយ។
លោកយល់ថា រឿងនយោបាយ អ្នកនយោបាយគួរស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីផលប្រយោជន៍ជាតិប្រជារាស្រ្ត ជៀសវាងការដាក់ទណ្ឌកម្មពីសហគមន៍ជាតិ អន្តរជាតិ ជុំវិញរឿងនយោបាយនៅកម្ពុជា។
លោកថា៖ «ខ្ញុំគិតថា រឿងនេះមហាជនក៏ដូចជាមតិជាតិអន្តរជាតិ បានលើកកន្លងមកហើយថា វាមានជាប់ពាក់ព័ន្ធទៅនឹងជម្លោះនយោបាយច្រើនជាងរឿងច្បាប់ អ៊ីចឹងទេបើសិនជាយើងនៅមានការដោះស្រាយរឿងនេះ ទៅតាមផ្លូវច្បាប់យើងគិតថាវាមានការជះឥទ្ធិពលមិនល្អ ទៅដល់ប្រព័ន្ធយុត្តិធម៌យើងហើយបាទ ជៀសមិនផុតវានឹងមានការជះឥទ្ធិពល ពីព្រោះវាមានការពិបាកនៅក្នុងការសម្រេចសេចក្ដីណាស់នៅក្នុងរឿងបែបអ៊ីចឹង អ៊ីចឹងទេយើងនៅតែទទូចក្នុងនាមសង្គមស៊ីវិល យើងនៅតែទទូចស្នើឲ្យរដ្ឋាភិបាល ពិសេសគឺតុលាការហ្នឹង គិតថាធ្វើយ៉ាងណាងាកទៅធ្វើការដោះស្រាយបញ្ហាហ្នឹង ដោយឈរលើស្មារតីបង្រួបបង្រួមជាតិស្មារតីផ្សះផ្សាជាតិស្មារតីឯកភាពជាតិ»។
ជុំវិញបញ្ហានេះ VODនៅមិនទាន់អាចសុំការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង បាននៅឡើយទេ ជុំវិញការផ្អឹបសំណុំរឿងនេះ ដោយទូរស័ទ្ទរបស់ លោក ឃុន លាងម៉េង គ្មានអ្នកទទួល។
សម្រាប់ លោក មុត ចន្ថា អតីតនាយខុទ្ទការល័យគណបក្សសង្គ្រោះជាតិ ធ្លាប់បានលើកឡើងថា អ្នកក្បត់ជាតិមិនមែនជា លោក កឹម សុខា ទេ ផ្ទុយទៅវិញលោកថា លោក កឹម សុខា គឺជាអ្នកការពារ និងតស៊ូមតិដោយអហិង្សា ដើម្បីទាមទារសិទ្ធិមនុស្ស និងសេរីភាព។
លើសពីនេះ លោកថា អ្នកដែលត្រូវចោទពីទោសក្បត់ជាតិ គឺអ្នកដែលធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង មិនមែន លោក កឹម សុខា ទេ ដែលតុលាការគួរតែបើកការស៊ើបអង្កេតករណីនេះ ដើម្បីរកមុខអ្នកក្បត់ជាតិលាក់មុខ៕