ម្ចាស់​គណនីហ្វេសប៊ុក​Business Advisorត្រូវ​តុលាការ​ដាក់​ឱ្យ​ពិនិត្យ​ពី​បទ​ញុះ​ញង់

លោក សាងលី សារាក់ អ្នកផលិតមាតិកានៅ​គណនី​ហ្វេស​ប៊ុក Business Advisor ដែល​ទើប​នឹង​បាននៅ​ក្រៅ​​​ឃុំ​ថ្មីៗ​នេះ ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពីបទ «​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវ​រធ្ងន់​​ធ្ងរ​​ដល់​សន្តិសុខស​ង្គម» តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ជុំវិញ​ភាព​សកម្ម​របស់​លោក ដែល​បាន​អប់​រំ​យុវជន ឱ្យ​ចេះ​គិ​ត​​បែប​ស៊ី​ជម្រៅ​ជុំវិញ​បញ្ហា​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម។

វិធាន​នេះ ជំរុញ​ឱ្យ​មាន​ការ​រិះគន់​ធ្ងន់ៗ​ពី​ឃ្លាំ​មើល ដែល​បាន​រិះ​គន់​ថា ពី​ការ​ឆ្លុះ​បញ្ចាំង​ពី​ចរិត​ដឹក​នាំ​បែបឧក្រិដ្ឋ ដែល​​ចាំបាច់​ត្រូវ​កែ​លម្អ ក្រោម​ដំបូល​រដ្ឋ​ធម្ម​នុញ្ញ ដែល​បាន​ចង់​កាតព្វ​កិច្ច​ពី​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស។

សេចក្តីរាយការណ៍នានា បញ្ជាក់​ថា លោក សាង​លី សារ៉ាក់ ត្រូវ​សមត្ថ​កិច្ច​ខេត្ត​កណ្តាល​ចាប់​ខ្លួន​​នៅ​ថ្ងៃ​ទី២៧ ខែមិនា ឆ្នាំ២០២៥ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៥ ពោល​គឺ​មាន​រយៈ​ពេល​៤ថ្ងៃ។

ម្ចាស់គណនីហ្វេសប៊ុក Business Advisor លោក​ សាង​លី សារ៉ាក់ បាន​បញ្ចេញ​ព័ត៌មាន​តិច​តួច លើគណនី​ហ្វេស​ប៊ុក​របស់​ខ្លួន ក្រោយ​មាន​ការ​ដោះ​លែង ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ឃាត់​ខ្លួន។

កាល​ពីថ្ងៃទី៣១ ខែមិនា លោក​បានលើកឡើង​​ថា នៅពេល​​​ចាប់​ឃាត់​ខ្លួន អាជ្ញាធរ​បាន​​ហៅ​​លោក​ទៅពន្យល់​ជុំវិញ​ខ្លឹម​សារ​នៃពាក្យ​ពេចន៍ ដែល​លោក​បាន​បង្ហោះ ហើយ​ថា ពេលនេះ​លោក​មាន​សុវត្ថិ​ភាព​វិញហើយ។

ប៉ុន្តែ​បើតាមដីកាសម្រេចដាក់​ជនត្រូវ​​ចោទ​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​២០២៥ ដែល​VODទ​ទួល​បាន​នៅថ្ងៃ​ទី២ ខែមេសា​នេះ ម្ចាស់គណនី​ហ្វេស​ប៊ុក Business Advisor មាន​អាយុ​៣១ឆ្នាំ​រូប​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូ​ង​ខេត្ត​កណ្តាល លោក ស៊ាន ណារ៉ា ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ ពីបទ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​​ធ្ងរ​​ដល់​សន្តិសុខ​សង្គម» ប្រព្រឹ​ត្តិ​​​នៅ​ចំ​ណុច​ភូតា​មាត្រា​៤៩៤ និង៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

តុលាការ បានដាក់លក្ខខណ្ឌចំនួន ៤ចំណុច ទៅ​លើ​ម្ចាស់​គណនី​ហ្វេស​ប៊ុក Business Advisor អនុ​វត្តក្នុង​ដំណាក់​កាល​បាន​នៅ​ក្រៅឃុំ​​នេះ ដោយ​មិន​ត្រូវ​ផ្លាស់​ប្តូរទី​លំនៅ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅ​ក្រមស៊ើប​សួរ ត្រូវ​ឆ្លើយ​តប​ការ​កោះ​ហៅ​ពី​គ្រប់​បុគ្គល ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើប​សួរ។

មិនត្រូវចាកចេញក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​សមត្ថ​​កិច្ច នៅ​ប៉ុស្តិ៍ នគរបាល​​តាខ្មៅ ក្រុង​​តាខ្មៅ ខេត្ត​កណ្តាល រាល់​ដើម​សប្តាហ៍​ទី​១​នៃ​ខែ​នីមួយៗ។

លោក សាងលី សារ៉ាក់ មិន​បាន​បដិសេធ​ជុំ​វិញ​ឯកសារ​ដែល​VOD​ទទួល​បាន​នេះ​ទេ ដោយ​គ្រាន់​តែអះ​អាង​ថា លោក​សុំ​មិន​ធ្វើអ​ត្ថា​ធិប្បាយ​ជុំវិញ​រឿង​នេះ។

ជាការសង្កេត លោក សាងលី សារ៉ាក់ ម្ចាស់​គណនី​ហ្វេស​ប៊ុក​ Business Advisor ដែល​​តែ​ង​​តែ​​​បង្ហោះសារ​បែប​​បណ្តុះ​​ផ្នត់​​គំនិត​​​ឱ្យ​យុវជន​គិត​បែប​ស៊ី​ជម្រៅ ជុំវិញ​ការ​ពង្វក់​ឱ្យ​សេព​ស្រវឹង តាម​រយៈ​អូស​ទាញ​ផ្តល់​​រង្វាន់ បញ្ហា​គ្រឿង​ញៀន និង​បញ្ហា​បូរណ​ភាព​ទឹក​ដី​ជាដើម ដែល​ធ្វើ​ឱ្យ​គណនី​ហ្វេស​ប៊ុក​របស់​លោក  មាន​អ្នក​តាម​ដាន​ជិត​២លាន​នាក់​(​១,៩លាន)​​។

សារមួយក្នុងចំណោមសារជាច្រើន​ទៀត ដែល លោក សារាក់ បាន​លើក​ឡើង​មុន​​ការ​ចាប់​ឃាត់​ខ្លួនលោក​បាន​ផ្តល់​ជា​គំនិត​ថា៖  ​​«បងប្អូន​​បង្កើត​នៅ​​អាច​មាន​គំនិត​មិន​ល្អ​ដាក់​គ្នា ចុះ​ទម្រាំ​អ្នក​នៅ​ខាង​កើត និង​ខាង​លិច​ផ្ទះ​​យើង​ឲ្យ​​ទុក​ចិត្ត​​ម្តេច​បាន?»។

ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំលកម្ពុជាលោក ម៉ែន ណាត និយាយថា ការលើឡើងរបស់ម្ចាស់គណនីនេះមិនមានអ្វីខុសទេ ទោះគាត់បានរកចំនូលខ្លះពីបណ្តាញសង្គម។

ប៉ុន្តែ លោកថា ផ្ទុយទៅវិញ​មេដឹកនាំ​ទេ​ដែល​មាន​កំហុស​ធ្ងន់។ លោក​ថា កំហុស​នៅ​ត្រង់​ថា រដ្ឋាភិបាល​មិន​បាន​លើក​ទឹក​ចិត្ត ដល់​អ្នក​ដែល​ផ្តល់​ចំណេះដឹង​ដល់​​ប្រជា​ពលរដ្ឋ​ឱ្យ​ចេះ​គិត​បែប​ស៊ី​ជម្រៅ ដើម្បីប្រយោជន៍​ជាតិ និង​បម្រើ​ឆ្នាំង​បាយ​ប្រជាពលរដ្ឋ​ទេ។

លោកគូស​បញ្ជាក់​ថា វិធាន​នេះ ជា​ការ​លើក​ទឹក​ចិត្ត​ពួក​ឧក្រិដ្ឋជន ដែល​កំពុង​ឆបោក​ប្រជា​ពលរដ្ឋ និងលើក​ទឹក​ចិត្ត​ដល់​ប្រទេស​ ដែល​មាន​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ តាម​រយៈ​ខ្ចី​ដៃ​អាជ្ញាធរ​ខ្មែរ ដើម្បី​បិទ​បាំងការ​ពិត។

លោក​ថា៖ «ពួកមេដឹកនាំបច្ចុប្បន្នហ្នឹង ជាប្រភេទមេដឹកនាំជនទុច្ចរិត។ កាលណាតែទុច្ចរិតដឹកនាំស្រុក គឺដឹកនាំបែបបងធំ ចឹងហើយពួកហ្នឹងគឺមិនទុកពួកដែលល្អជាដៃគូធ្វើការជាមួយទេ អ្នកណាដែនិ​យា​យអំពីយុត្តិធម៌សង្គម និយាយអំពីការអប់រំ អំពើល្អ គឺកម្ចាត់គេចោល ព្រោះហ្នឹងជាបែបផែនរបស់ជនឧ​ក្រិ​ដ្ឋដឹកនាំស្រុក»

លោកថា បន្ទាត់នយោបាយបែបនេះ ប្រជាពលរដ្ឋ​នឹង​បន្ត​រង​គ្រោះ​យូរ​ឆ្នាំ​ទៀត បើ​គ្មាន​ចរន្ត​ផ្លាស់​ប្តូរ។

លោកថា៖«ប្រជាពលរដ្ឋកាលណាមានមេដឹកនាំ​​បែបហ្នឹង គាត់ពិបាកប្រកបមុខរបរអាជីវកម្មក្នុងការរកស៊ី ដូ​ច​ជា ឧទាហរណ៍គាត់ធ្វើស្រែធ្វើចម្ការហើយ ក៏ពិបាកលក់ផលិតផលទិញដីទិញធ្លីបានហើយ ត្រូវគេបំ​ពា​ន គេ​​រឹបអូស ប្រជាពលរដ្ឋខ្ចីលុយធនាគារទៅបណ្ដាក់ទុន ជាមួយនឹងពួកអ្នកមានប្រាក់ ដូចជាក្រុមឧ​កញ៉ានេះ ក្រុមអាជ្ញាធរនោះទៅឧកញ៉ាហ្នឹង ឆបោកអស់រលីងពីខ្លួនរហូតដល់អ្នខ្លះស្លាប់ខ្លួន រងគ្រោះដោ​យ​​សាររឿ​ង​អស់ហ្នឹង ហើយមិនដែលបានទទួលយុត្តិធម៌អំពីសង្គមួយហ្នឹងទេ»

សម្រាប់ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ហៅវិធាន​ការ​ឃាត់​ខ្លួន និង​ការ​ឃុំខ្លួន​ទៅ​លើ​មនុស្ស​មួយ​ចំនួន ដែល​ពួក​គេ​សកម្ម​ចែក​ចាយ​ព័ត៌មាន​ដែលបាន​កើត​ឡើង​ក្នុង​សង្គម ដើម្បី​កែ​លម្អ​ភាព​អសកម្ម​មន្ត្រី​សារធាណៈ និង​ជា​ប្រយោជន៍​អប់​រំ​ប្រជា​ពលរដ្ឋ វា​បង្ក​ផល​ប៉ះ​ពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​ទទួល​បាន​ព័ត៌​មាន។

លោក​គូសបញ្ជាក់​ថា បច្ចុប្បន្ន បណ្តាញ​សង្គម​បាន​ក្លាយ​ជា​កន្លែង​បញ្ចេញ​មតិ​ដ៏​សំខាន់​មួយ តែ​ផ្ទុយ​ទៅបើ​សេរីភាព​នេះ​រង​ការ​គំរាម ពលរដ្ឋ​នឹង​លែង​ហ៊ាន​បញ្ចេញ​មតិ ពេ​ល​នោះ​បញ្ហា​សង្គម​វា​កើត​ឡើង។ យ៉ាង​ណា លោក​ចង់​ឃើញ​អាជ្ញាធរពាក់​ព័ន្ធ ក៏​ដូច​ជា​តុលាការ​គួរ​ចែក​ឱ្យ​ដាច់ រវាង​សេរីភា​ព​បញ្ចេញ​មតិ សិទ្ធិ​ទទួល​ព័ត៌​មាន និង​បទ​ល្មើស ដើម្បី​កុំ​ឱ្យពលរដ្ឋ​មាន​ការ​យល់​ច្រឡំ។

លោកថា៖ «ម្យ៉ាងវិញទៀត ប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីភាពនៅក្នុងការបញ្ចេញមតិ វាជាមូលដ្ឋានគ្រឹះសម្រាប់លទ្ធិប្រជាធិបតេយ្យ។ សេរីភាពក្នុងការបញ្ចេញមតិដើរតួនាទីសំខាន់ ដើម្បីជំរុញក្នុងការវិវឌ្ឍទៅអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ អ៊ីចឹងមានសេរីភាពក្នុងការបញ្ចេញមតិ គួរណាស់តែត្រូវបានលើកកម្ពស់ ហើយនិងផ្ដល់សេរីភាពឲ្យបានពេញលេញ ចំពោះសេរីភាពក្នុងការបញ្ចេញមតិ យោងទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលកម្ពុជាបានទទួលស្គាល់ ហើយនិងត្រូវបែងចែកឱ្យដាច់អំពីសេរីភាពក្នុងការបញ្ចេញមតិហើយនឹងបទល្មើស»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ