ក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី ទាមទាររដ្ឋាភិបាលគ្រួសារហ៊ុន សើរើដីសម្បទានជាង ២៤ម៉ឺនហិកតា ដែលបានប្រគល់សិទ្ធិឱ្យក្រុមហ៊ុនវៀតណាមគ្រប់គ្រងជិត១០០ឆ្នាំ ដោយសំអាងពីការព្រួយបារម្ភពីការបាត់ទឹកដី ទោះបីរដ្ឋាភិបាលគ្រួសារហ៊ុនបានប្រកាសដកខ្លួនចេញពីគម្រោង(CLV)ក្តី។
នេះបើតាមលិខិត២សន្លឹករបស់ក្រុមប្រឹក្សាជាតិតស៊ូ ពីទីក្រុងប៉ារីស៍ ប្រទេសបារាំង ដែលផ្ញើជូនពលរដ្ឋខ្មែរគ្រប់និន្នាការ ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។
បើតាមក្រុមប្រឹក្សាជាតិតស៊ូ កត់សម្គាល់ថា បាតុកម្មរបស់ពលរដ្ឋខ្មែរជុំវិញពិភពលោក និងការឈឺឆ្អាលរបស់ពលរដ្ឋខ្មែរក្នុងស្រុក បានបង្ខំឲ្យរដ្ឋាភិបាល និងសភានៃគណបក្សប្រជាជនកម្ពុជា ដកខេត្ត៤ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
សម្រាប់ក្រុមប្រឹក្សាជាតិតស៊ូ ទោះបីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានចុះចាញ់ប្រជាពលរដ្ឋមួយជំហានមែន ប៉ុន្តែខ្លួនថា មេបក្សប្រជាជនកម្ពុជាពីរនាក់ឪពុកកូននេះ មិនទាន់ចាត់វិធានការដោះស្រាយឲ្យអាចធានាសុវត្ថិភាពទឹកដីជាតិកម្ពុជានៅឡើយទេ។
ប្រភពសរសេរក្នុងន័យដើមថា៖ «ចំពោះករណី CLV-DTA យើងបន្តរួមគ្នា ទាមទារឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន សើរើដីសម្បទានជាង ២៤ម៉ឺនហិកតា ក្នុងខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដែលនៅក្រោមការគ្រប់គ្រងធ្វើអាជីវកម្មរបស់ក្រុមហ៊ុនវៀតណាម»។
រីឯសំណុំរឿងកោះគុតជាមួយប្រទេសថៃវិញ ក្រុមប្រឹក្សាជាតិតស៊ូជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវតែបញ្ជូនវិវាទព្រំដែននេះ ប្តឹងទៅតុលាការអន្តរជាតិដើម្បីជំនុំជម្រះ ដោយថា កម្ពុជាមានប្រៀបតាមផ្លូវច្បាប់ផង បញ្ចៀសលទ្ធភាពកើតសង្គ្រាមខ្មែរ និងថៃផង ជាពិសេសមិនត្រូវអូសបន្លាយពេលវេលាយូរ ឲ្យមានជម្លោះធ្វើឲ្យខាតប្រយោជន៍ប្រទេសកម្ពុជាឡើយ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា រដ្ឋាភិបាលគ្រួសារហ៊ុន បន្តធ្វើមិនដឹងមិនឮការដកហូតដីសម្បទានពីក្រុមហ៊ុនវៀតណាម ព្រោះចង់ផ្គាប់ចិត្តវៀតណាម កុំឱ្យវៀតណាមទាស់ចិត្តនឹងកម្ពុជាបន្តទៀត ក្រោយកម្ពុជាមិនចូលរួមក្នុងគម្រោងត្រីកោណ CLV។
សម្រាប់លោក ម៉ែន ណាត ទោះបីគម្រោងនេះលុបចោលក្តី តែគ្រាន់តែប្តូររូបរាងថ្មីជ្រកក្រោមឈ្មោះថា «កិច្ចសហប្រតិបត្តិការត្រីភាគី កម្ពុជា វៀតណាម ឡាវ»វិញ ដែលបន្តដំណើរការដដែល។
លោកថា៖ «តំបន់កន្ទុយនាគរដ្ឋដាក់រៀនដូចគេរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែងហ្នឹង វាជាតំបន់ដែលផុយស្រួយ ដោយសារតែវៀតណាមហ្នឹងដាក់ក្រុមហ៊ុន ដាក់ប្រជាពលរដ្ឋខ្លួន ហើយហាក់ដូចជាបង្កើនឥណ្ឌូចិនតូចមួយនៅកន្លែងហ្នឹង។ អាហ្នឹងដែលធ្វើឲ្យយើងឆ្នាំទៅមិញជាពិសេស នាំគ្នាជជែកខ្លាំងណាស់ ហើយជំរុញរដ្ឋាភិបាលកម្ពុជាឲ្យលុបចោល CLV ហ្នឹងផង ហើយនិងឲ្យដកហូតដីសម្បទានសេដ្ឋកិច្ចជាង ២៤ម៉ឺនហិកតា ពីក្រុមហ៊ុនវៀតណាមនៅតាមបណ្ដោយព្រំដែនហ្នឹងផង»។
បើតាមអ្នកមានបទពិសោធន៍កិច្ចការព្រំដែនរូបនេះ បញ្ជាក់ថា បច្ចុប្បន្នការផ្តល់ដីសម្បទានជាង ២៤ម៉ឺនហិកតា ឱ្យក្រុមហ៊ុនវៀតណាម ធ្វើឱ្យធនធានធម្មជាតិខ្មែរ រួមមាន ព្រៃឈើ និងរ៉ៃ នៅតំបន់កន្ទុយនាគ រងការបំផ្លាញស្ទើរហិនហោច មានជនអន្តោប្រវេសន្តវៀតណាម ហូរចូលទឹកដីកម្ពុជាដោយខុសច្បាប់ រួមទាំងបង្កើតជាបទល្មើសឆ្លងដែនខុសច្បាប់ មានការជួញដូរមនុស្ស និងគ្រឿងញៀន ជាដើម។
ដោយឡែក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន មើលឃើញថា វៀតណាមបានលើកបន្ទុបឱ្យ លោក ហ៊ុន សែន ឱ្យកាន់អំណាចតាំងពីទស្សវត្សទី៨០មក ទើបរដ្ឋាភិបាលគ្រួសារហ៊ុន សងគុណវិញដោយផ្តល់ដីសម្បទានដីឱ្យក្រុមហ៊ុន និងយោធាវៀតណាម មកបោះទីតាំងលើដីកម្ពុជា ជាង២៤ម៉ឺនហិកតានោះ។
មួយវិញទៀត លោកថា យុទ្ធសាស្រ្តដំណើរឆ្ពោះមកទិសខាងលិចរបស់វៀតណាម ដើម្បីលេបយកទឹកដីកម្ពុជា និងឡាវ បង្កើតជាសហព័ន្ធឥណ្ឌូចិនតាមបំណងរបស់ហូជីមិញនោះ គឺកំពុងលេចចេញជារូបរាងបណ្តើរៗហើយ តាមរយៈលេបយកដីសម្បទានសេដ្ឋកិច្ចកម្ពុជា និងការបញ្ជូនជនជាតិវៀតណាមឱ្យមករស់នៅ កើតជាកូនពូនជាចៅនៅតំបន់កន្ទុយនាគ ក្នុងខេត្ត៤របស់កម្ពុជានេះឯង។
លោកថា៖ «ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅទូទាំងពិភពលោក ធ្វើបាតុកម្មលក្ខណៈទ្រង់ទ្រាយធំ និងរិះគន់តាមបណ្ដាញសង្គមមានសភាពខ្លាំងក្លា! ប្រាកដជារដ្ឋាភិបាលនឹងដកហូតដីសម្បទានសេដ្ឋកិច្ច ដែលផ្តល់ឲ្យក្រុមហ៊ុនវៀតណាម និងយោធាវៀតណាមជាង ២៤ម៉ឺនហិកតាមកវិញ។ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋមិនស្រុះគ្នានោះទេ គឺត្រកូលហ៊ុនមិនព្រមដកហូតដីសម្បទានសេដ្ឋកិច្ចមកវិញនោះទេ»។
ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពី រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា បានទេគិតត្រឹមម៉ោងផ្សាយនេះ។
គិតរហូតមកដល់ពេលនេះ មានពលរដ្ឋខ្មែរចំនួន ៣៧នាក់ ក្នុងនោះក៏មានទាំង លោក ស៊្រុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសម្នាក់ផងដែរ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដោយសារតែពួកគេមានភាពសកម្ម ក្នុងការធ្វើការរិះគន់រដ្ឋាភិបាលគ្រួសារហ៊ុន ទាក់ទងនឹងការដាក់ខេត្តកម្ពុជាចំនួន៤ នៅភាគឦសានចូលទៅក្នុងតំបន់អភិវឌ្ឍន៍ CLV កម្ពុជា ឡាវ វៀតណាម បើទោះបីជាក្រោយមកគម្រោងនេះ ត្រូវបានរដ្ឋាភិបាល និងរដ្ឋសភា បានសម្រេចលុបចោលហើយក្តី។
បញ្ហាព្រំដែននាសម័យទំនើបនេះ វាបានកក្រើកឡើងវិញអំឡុងឆ្នាំ២០០៥ ដែលពេលនោះលោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញចោល បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខា លើសន្ធិសញ្ញាបំពេញបន្ថែម ដែលរងការរិះគន់ថា ធ្វើតាមការចង់បានរបស់មេដឹកនាំវៀតណាម។
អ្នកឃ្លាំមើល រិះគន់ថា ក្រោយលោក ហ៊ុន សែន គំរាមព្រះមហាក្សត្របានសម្រេច បានបើកផ្លូវឱ្យវៀតណាមគ្រប់គ្រងប្រជុំកោះក្រចកសេះ និងកោះត្រល់ រួមទំាងដីតាមបន្ទាត់ព្រំដែនរាប់រយគីឡូម៉ែត្រទៀត ដោយស្របច្បាប់ ក្នុងនោះ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី បច្ចុប្បន្នក៏ត្រូវបានប្រទេសថៃឈ្លានពានយកថែមទៀត រួមទាំងកោះកុតផងដែរ។
មាត្រា៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។
ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕