ក្រុមហ៊ុនវៀតណាមមួយនៅខេត្តក្រចេះ រងការចោទថា បានពង្រាយគ្រឿងចក្រឈូសឆាយដីអ្នកភូមិ ខណៈអាជ្ញាធរខេត្តប្រាប់អ្នកភូមិឱ្យរងចាំដំណោះស្រាយ ក្រោយការតវ៉ាជាងមួយឆ្នាំទៅនេះ ការសន្យាដោះស្រាយនៅតែមិនទាន់រកច្រើនចេញរួច។
បើតាមប្រជាពលរដ្ឋពួកគេជិត៣០០គ្រួសារ បានរស់នៅ និងបានដាំដុះនៅលើដីទំហំជាងជិត៥០០ហិកតា នៅស្រុកសំបូរ ខេត្តក្រចេះនេះ តាំងពីឆ្នាំ២០០៦។ ប៉ុន្តែថា ចាប់ពីឆ្នាំ២០២១មក ក្រុមហ៊ុនបានទៅឈូសឆាយដីចម្ការរបស់ពួកគាត់ជាបន្តបន្ទាប់ និងមានការហ៊ុំព័ទ្ធយកដីនោះថែមទៀត។
អ្នកមានជម្លោះដីធ្លីខេត្តក្រចេះ អ្នកស្រី អ៊ែល រ៉ូហ្សា ប្រាប់VODនៅថ្ងៃទី៣ ខែមេសានេះថា កាលពីថ្ងៃទី៣ ខែមេសា ជនជាតិវៀតណាមឈ្មោះ យឹម ខ្មៅ ហៅដូរ បានដាក់គ្រឿងចក្រពីរគ្រឿងឈូសឆាយរំលោភយកដីពួកគេ។
តែយ៉ាងណា អ្នកស្រីថា ក្រោយមានការសាមគ្គីគ្នាពីសំណាក់ពលរដ្ឋចុះរារាំង ទើបខាងតំណាងភាគីក្រុមហ៊ុនវៀតណាមឈប់សកម្មភាពឈូសឆាយ ប៉ុន្តែពួកគេបានប្រាប់ពលរដ្ឋថា នឹងបន្តឈូសឆាយ។
អ្នកស្រី រ៉ហ្សា ឆ្ងល់ថា ហេតុអ្វីភាគីក្រុមហ៊ុនវៀតណាម បន្តសកម្មភាពឈូសឆាយបាន ចុះហេតុអ្វីពលរដ្ឋខ្មែរម្ចាស់ដីមិនអាចចូលអាស្រ័យផលលើដីរបស់ខ្លួន ថែមទាំងរងពាក្យបណ្តឹងពីតុលាការទៅវិញ។
អ្នកស្រីថា៖ «ឥឡូវខាងលោក ដូរ ឬហៅថា យឹម ខ្មៅ ឆ្មក់រហូតអត់ឈប់ទេ គ្រឿងចក្រនៅតែលួចចូលរហូតហ្នឹងទាល់តែប្រជាពលរដ្ឋនាំគ្នាឃាត់បាន គាត់យកគ្រឿងចក្រចេញ បើពលរដ្ឋអត់ឃាត់ទេ គេនៅតែធ្វើអញ្ចឹងរហូតចឹង»។
សម្រាប់ អ្នកស្រី រ៉ូហ្សា បារម្ភថា បើបញ្ហាដីធ្លីនេះមិនត្រូវដោះស្រាយ ពួកគាត់នឹងរស់ទាំងវេទនាដោយសារបញ្ហាជីវភាព វិបត្តិបំណុលវ័ណ្ឌក ខណៈពួកគាត់ខ្លះរងនូវបទចោទ និងការគំរាមពីមន្រ្តីមានអំណាចផងដែរ។
អ្នកស្រីថា៖ «និយាយទៅពួកខ្ញុំសុទ្ធតែក្រម៉ង រស់នៅពិបាកអត់លុយ ដល់យើងធ្វើស្រែចម្ការ បានមួយចំណែកយើងទុកឱ្យកូនទៅរៀន មួយចំណែកយើងទុកហូប បានលុយខ្លះឱ្យកូនទៅរៀន ណាមួយសាលារៀននៅឆ្ងាយទៀត ហើយអាជ្ញាធរក្នុងតំបន់ហ្នឹងដូចជាអត់សូវគិតគូរជួយពលរដ្ឋទេ»។
តំណាងជនរងគ្រោះដីធ្លីម្នាក់ទៀត លោក ភេម ឡៃ និយាយថា ដីកំពុងមានជម្លោះ តែភាគីក្រុមហ៊ុនវៀតណាម បែរជាគឃ្លើនបន្តសកម្មភាពឈូសឆាយរំលោភយកដីពួកគាត់ ធ្លាប់អាស្រ័យផលតាំងពីដូនតា។
លោកបន្តថា ពលរដ្ឋជិត ៣០០គ្រួសារ រងចាំដំណោះស្រាយជិត១ឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ។ លោកថា បើបញ្ហាដីធ្លីនេះ នៅតែបន្តអូសបន្លាយបន្តទៀត ពួកគាត់នឹងប្រឈមដាច់បាយស្លាប់មិនខាន។
លោកថា៖ «ខ្ញុំនៅតែមិនទុកចិត្ត ខាងណាដូចខាងណា គឺដោះស្រាយអត់មានពន្លឿនបន្តិច ហើយនៅរង់ចាំហ្នឹង ហើយខែនេះខែធ្វើស្រែ ហើយខែបួន ចូលឆ្នាំហ្នឹង គឺរដូវយើងភ្ជួរស្រែផង បើគេអត់ឱ្យចូលភ្ជូរស្រែ យើងវាលំបាកមែនទែនម៉ង។ ឆ្នាំមុខដាច់មួយឆ្នាំហើយ យើងអត់បានធ្វើស្រែ ហើយបើឆ្នាំនេះ ចឹងទៀតយើងពឹងអ្វីបង»។
សម្រាប់ លោក ភេម ឡៃ ទទូចឱ្យរដ្ឋាភិបាលអាណត្តិថ្មី លោក ហ៊ុន ម៉ាណែត មេត្តាជួយគិតគូរពីសុខទុក្ខរបស់រាស្រ្ត ដែលកំពុងរងទុក្ខវេទនាពីការរំលោភពានដីធ្លី ពីសំណាក់ក្រុមហ៊ុនវៀតណាមមួយនេះផង។
ជុំវិញបញ្ហានេះ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ផេង គីមស្រ៊ុន បានប្រាប់ VOD យ៉ាងខ្លីថា លោកមិនដឹងរឿងអ្វីនោះទេ មិនតែប៉ុណ្ណោះលោកក៏បិទលេខVODតែម្តង។
ចំណែក អភិបាលខេត្តក្រចេះ លោក វ៉ា ថន VODមិនអាចទាក់ទងដើម្បីសុំការពន្យល់បន្ថែម ជុំវិញរឿងនេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
សម្រាប់ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ថា បញ្ហាដីធ្លីជាមួយក្រុមហ៊ុនវៀតណាមនេះ រដ្ឋាភិបាលគួរចេញមុខដោះស្រាយ ដើម្បីបញ្ចប់បញ្ហាដ៏រ៉ាំរ៉ៃមួយនេះជូនពលរដ្ឋរងគ្រោះ។
លោកអះអាងថា មានតែអំណាចរដ្ឋាភិបាលទេ ដែលអាចស្វែងរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះ ព្រោះអំណាចរដ្ឋាភិបាលគ្រប់ដណ្តប់ អាចជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋបានយ៉ាងងាយស្រួល។
លោកថា៖ «ខ្ញុំគិតថា អាជ្ញាធរខេត្តត្រូវមានវិធានការទប់ស្កាត់ កុំឲ្យមានការរំលោភបំពាន បើប្រជាពលរដ្ឋគាត់ធ្លាប់បង្កបង្កើនផល គាត់ធ្វើស្រែត្រឹមណា ទុកឲ្យគាត់ធ្វើប៉ុណ្ណឹងសិន ក្រុមហ៊ុននៅត្រឹមណាទុកត្រឹមហ្នឹងសិន ដើម្បីរង់ចាំការដោះស្រាយនេះ ដើម្បីបញ្ចៀសនូវបញ្ហាហិង្សាបញ្ចៀសនូវការចោទប្រកាន់គ្នាផ្សេងៗ ទី២គឺក្រុមការងារដែលធ្វើការដោះស្រាយបញ្ចប់ការចុះបញ្ជីនោះ គឺត្រូវតែបង្កើនការយកចិត្តទុកដាក់បង្កើនល្បឿន នៅក្នុងការដោះស្រាយ និងការចុះបញ្ជីឲ្យបានឆាប់ចប់ ដើម្បីបញ្ចប់បញ្ហាជៀងវាងមានការចោទប្រកាន់គ្នា»។
បើតាមពលរដ្ឋ ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) (NK Agri (Cambodia) co. ltd) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ជិត១ម៉ឺន៧ពាន់ (១៦,៥២៧)ហិកតា កាលពីឆ្នាំ២០០៩ ដើម្បីដាំដំណាំអំពៅ ប៉ុន្តែបានក្ស័យធន់នៅឆ្នាំ២០១៧។
ប៉ុន្តែនៅឆ្នាំ២០២១ ក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង បានសហការគ្នាដំណើរការវិនិយោគឡើងវិញ ដើម្បីផលិតស្ករអំពៅ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា និងវៀតណាម។
ជុំវិញបញ្ហាដីធ្លីនេះដែរ តំណាងពលរដ្ឋចំនួន ៦នាក់ ជាប់បណ្តឹងនៅតុលាការ តាមបណ្តឹងរបស់ភាគីក្រុមហ៊ុន ដោយចោទពីបទហិង្សា បើទោះបានអាស្រ័យផលដីនោះតពីឳពុកម្តាយក្តី។
បើតាមប្រភពដដែល ជិត១ឆ្នាំទៅនេះ ពួកគាត់បានឡើងមកភ្នំពេញ រកកិច្ចអន្តរាគមន៍ពីមេដឹកនាំញឹកញាប់ រួមទាំងក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលផងដែរ ឱ្យជួយទប់ស្កាត់ការរំលោភយកដី ពីសំណាក់ក្រុមហ៊ុនវៀតណាមនេះ ប៉ុន្តែថាមកដល់ពេលនេះគ្មានដំណោះស្រាយទេ។
ពួកគាត់ថា ចំពេលយុត្តិធម៌ត្រូវបានស្ថាប័នជាតិកប់ចោល ក្រុមហ៊ុនវៀតណាម បានបង្កើនការប្រើដៃតុលាការ ប្តឹងចោទប្រកាន់តំណាងពួកគាត់ជាជនរងគ្រោះទៅវិញ ហើយពេលនេះរងសម្ពាធពីក្រសួងបង្ខំឱ្យចាកចេញពីដីធ្លាប់អាស្រ័យផល ទៅទទួលយកដីនៅខេត្តស្ទឹងត្រែង ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនវៀតណាម ដែលរំលោភបំពានដីធ្លីពួកគាត់ទៅវិញ៕