គ្រោះ​រញ្ជួយដីនៅ​ថៃ បាន​​​ធ្វើ​ឱ្យពលករ​​ខ្មែរ​​​ដែល​​​ជំពាក់​បំណុល​​គេ ​ជួ​ប​​ទុក្ខ​ជាន់​លើ​ទុក្ខ

គ្រោះរញ្ជួយ​ដី​កម្រិត៧,៧​រ៉ិច​ទ័រ ​កា​ល​ពី​ថ្ងៃទី​២៨ ​ខែ​មីនា ​ឆ្នាំ​​​២០២៥ ដែល​​បណ្តាល​​ឱ្យ​បាក់​​រលំ​អគារ​​​ជា​ច្រើន​​​នៅក្នុង​​ទីក្រុង​​​បាង​កក​ ​ប្រទេស​​ថៃ​ ទី​ដែល​​ពលករ​​ខ្មែរ​​ជាច្រើន​ កំពុង​​​​​ធ្វើ​ជា​​កម្មករ​សំណង់​នៅ​ទី​នោះ​ បាន​​​ធ្វើ​ឱ្យ​​ពួក​គេ​​ទទួល​​រង​គ្រោះ​ទុក្ខ​ជាន់​លើ​ទុក្ខ ខណៈ​​ដែល​​ពួក​គេ​មួយ​​ចំនួន​​ធ្វើ​ចំណាក​ស្រុក​​ទៅ​​ធ្វើ​ការ​នៅ​ថៃ ​​គឺ​​ដើ​​ម្បី​​រក​ប្រាក់​​មក​​ដោះ​បំណុល​​​ដែល​​ជំពាក់​ធនាគារ។ បច្ចុប្បន្ន ​មាន​ពលករ​ខ្មែរ​​ប្រមាណ​​ជាង​១លាននាក់​ កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ។ 

អ្នកស្រី សឿន សំណាង ដែល​​រង​របួស​​ដោយ​​សារ​គ្រោះ​រញ្ជួយ​​ដី​ នៅ​ក្នុង​​ទីក្រុង​​បាង​កក ​ប្រទេស​​ថៃ អាច​រាប់ថា ជា​ពលរដ្ឋ​​​ខ្មែរ​​ម្នាក់ ​ក្នុ​ង​​ចំណោម​ពល​រ​ដ្ឋ​ខ្មែរ​​ជាង​​១លាន​​នាក់ ​ដែល​​​ធ្វើ​ចំណាក​ស្រុក​​​ទៅ​​រក​ការ​​ងារ​​ធ្វើ​នៅ​ប្រ​ទេស​ថៃ ខណៈ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​រហូតដល់​ប្រមាណ ​៥លាន​៤ម៉ឺន​នាក់​​ កំពុង​​ជំពាក់​​បំណុល​ធ​នា​គារ ដែល​​មាន​ទឹកប្រាក់​​រហូត​ដល់​​ជិត​ ​​៦០ពាន់​លាន​ដុល្លារអាមេរិក។

យោង​តាម​វីដេអូដែល​បាន​បង្ហោះ​នៅ​​លើបណ្តាញ​សង្គម បាន​​បង្ហាញ​​ពីគ្រោះ​​រញ្ជួយ​​​ដី​​​ទាំង​​កណ្តាល​​ថ្ងៃ​ បណ្តាល​​​ឱ្យបាក់​​រលំ​​អគារ​​នៅ​ក្នុង​​ទីក្រុង​​បាង​កក ​កាល​ពី​ថ្ងៃទី​២៨ ​ខែ​មីនា​ ហើយ​​ពលករ​ជា​កម្មករ​​សំណង់​​ជាច្រើន​​​​បាន​​ស្រែក ​និង​ខំ​ប្រឹង​​​​​​រ​ត់​​ប្រសេចប្រសាច​ចេញពីអគារ​​ដែល​​​កំពុង​រង្គើរ​ញ័រ​​ទាំង​នោះ​ ហើយ​ក្រោយ​មក​អ​គារ​​មួយ​​ចំនួន​ ​ក៏​បាន​បាក់​​រលំ​ ខណៈ​​មាន​​កម្មករ​ខ្លះ​​កំពុង​​ជាប់​នៅក្នុង​អគារ​នៅឡើយ។

អ្នកស្រី ​សឿន សំណាង វ័យ​​៤៤​​ឆ្នាំ ជា​ពលករ​ខ្មែរ​​ម្នាក់ ស្ថិត​នៅក្នុង​ចំណោម​​កម្មករ​សំណង់​​ដែល​​​ជាប់​​នៅក្នុង​​​អគារ​​ដែល​​បាន​​ដួល​​រលំ​ ដោយ​សារ​​គ្រោះរញ្ជួយ​ដី​នោះ​។

ប៉ុន្តែ​​ អ្នក​​ស្រី​ សំណាង ដែល​​រង​របួស​​ជើង​​ត្រូវ​​បាន​​ក្រុម​​អ្ន​​ក​ជួយ​​សង្គ្រោះ​ ជួយ​​យក​​ចេញ​​ពី​គំនរ​​អគារ​​បាក់​បែក​​ហើយ​​បញ្ជូន​​ទៅ​​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​ថៃ ​ក្នុង​​ក្រុង​បាង​កក កាល​ពីថ្ងៃទី​​២៩ ​ខែ​មីនា។

យ៉ាងណាក្តី​ ដោ​យសា​រ​គ្មានលទ្ធភាពបង់ប្រាក់ថ្លៃ​ព្យាបាល អ្នក​ស្រី ​សំណាង ក៏​បាន​​សម្រេច​​ចិត្ត​​​​វិល​​ត្រឡប់មក​ផ្ទះ​​វិញ​ ​នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុក​បា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ​កាលពីថ្ងៃទី៣០​​ខែមីនា​។

អ្នកស្រី សំណាង បាន​លើកឡើងពីមូលហេតុដែលអ្នកស្រី និង​គ្រួសារ​​បាន​​សម្រេច​​ចិត្ត​​ចាក​​ចេញ​​ពី​ស្រុកកំណើត​ ទៅ​ធ្វើការ​ជា​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​ថា​ ដោយ​សារ​​គ្រួសា​​រ​ជាប់​បំណុល​ធនាគារ​ជាង ១ម៉ឺនដុល្លារ ដែល​ខ្ចី​យក​មក​ទិញ​ដី​ស្រែ​ចម្ការ។

ប្រាក់​ជាង ១ម៉ឺន​ដុល្លារនេះ អ្នកស្រី​កំណត់​រយៈ​ពេល​៨ឆ្នាំ ក្នុង​​ការ​​បង់​​រំលោះ​​​សង​ទៅ​ធនាគារ​វិញ​​​ក្នុង​​មួយ​​ខែ​១លាន៥០​ម៉ឺន​រៀល។

ដោយ​សារ​តែ​មុខ​​របរ​​លក់ដូរ​​ចាប់​ហួយ​​កំប៉ិក​កំប៉ុក​​នៅផ្ទះ​លក់​​លែង​ដាច់ ហើយ​​ការ​​​ធ្វើ​ស្រែ​​ធ្វើ​ចម្ការ ​ក៏​មិន​​សូវបាន​​ផល​ ថែម​​ទាំង​​កសិផល​ ​​ដូច​​ជា ស្រូវ និង​​ដំឡូង​មី គ្មាន​​ទីផ្សារ​​លក់​​បាន​​​ថោក​​មិន​​អាច​​ប្រមូល​​ប្រាក់​​បង់​​សង​​​ធនាគារ​បាន​ អ្នកស្រី សឿន សំណាង ​ក៏​​សម្រេច​ចិត្ត​ខ្ចី​​ប្រាក់​​ឯកជន​ពីក្រៅ​បន្ថែម ដើម្បី​ធ្វើ​លិ​ខិ​ត​ឆ្លងដែន ធ្វើ​​​ចំណាក​ស្រុក​ទៅ​​ធ្វើការ​​​នៅ​​ប្រទេស​​ថៃ​ជាមួយ​ប្តី​ ​និង​កូន​ប្រុស​ម្នាក់ ហើយ​ទុក​ឱ្យ​កូន​ស្រី​ម្នាក់​នៅ​ផ្ទះ ដើម្បី​បន្ត​ការ​​សិក្សា។

អ្នក​ស្រី​និយាយ​ថា ប៉ុន្តែ​ជា​អកុសល​អ្នក​​ស្រី ប្តី និង​កូន​ ​បាន​ទៅធ្វើការជាកម្មករ​​សម្អាត​នៅ​តាម​អគារ​សំ​ណង់​ទើ​ប​​តែ​​បាន១២ថ្ងៃ មិន​ទាន់​ទាំង​បាន​បើក​ប្រាក់​ខែម្តង​ផង ក៏ជួបគ្រោះ​រញ្ជួយដី​បណ្ដាលឱ្យ​​អ្នក​ស្រី​រង​របួ​ស​​ជើង​ខាងឆ្វេង។

អ្នកស្រី សឿន សំណាង ត្រូវ​បាន​អង្គការ​មណ្ឌល​ព័ត៌មាន​ស្ត្រីកម្ពុជា ​ស្រង់​សម្តីមក​ចុះផ្សាយ​​ក្នុង​សម្តីដើម​ថា៖ «សម្រេចចិត្តនៅក៏មិនដឹងរកអី ដូចថា វាពិបាកពេក ធ្វើការក៏​វាមិនបានលុយ ខ្ញុំ​សុខចិត្តថានាំកូនមកថៃគេ​ថា​​ការងារស្រួល ខ្ញុំក៏សម្រេចចិត្តធ្វើលិខិតឆ្លងដែនមកថៃទៅ គ្រាន់ថាវាបានអាចដោះស្រាយជីវភាព តែទៅ​មិ​​នទាន់បានមួយខែផង បែរជាជួបឧបទ្ទវហេតុ អស់ទាំងលុយទៅ អស់ទាំងលុយមកហ្នឹងឯង»

បើទោះបីមកដល់ប្រទេសកំណើតវិញ​ក៏ពិត​មែន តែអ្នកស្រី សំណាង ​និយាយ​​ថា អ្នក​ស្រី​​មិនមាន​លទ្ធភាពទៅ​​ព្យាបាល​ជើងនៅ​មន្ទីរពេទ្យឡើយ ព្រោះតែត្រូវជំពាក់​ប្រាក់​​គេបន្ថែម​ទៀត ថ្លៃធ្វើ​ដំណើរ និង​ថ្លៃព្យា​បាល​។ ស្ថានភាព​​ អ្នកស្រី ​សំណាង ​នៅពេ​ល​​នេះ គឺ​​ត្រូវ​​​ជា​ប់​​បំណុល​​ធនាគារ​ផង និង​បំណុល​ឯកជន​ផង ខណៈជើង​អ្នក​ស្រី​នៅ​ឈឺ​ខ្លាំង​​មិ​ន​​អាច​ដើរ​​បាន​ថែម​ទៀត។

ស្ត្រី​រូបនេះ ​បាន​និយាយ​ក្នុង​សម្តីដើមថា៖ «ជួយ​ដោះស្រាយ​ខ្ញុំ​ផង ខ្ញុំ​ថា​ចង់​ទៅ​ថា​​រក​ឱ្យ​​បាន​​ត្រឹម​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួសារ ដល់​មក​អាលុយ​ក៏​ជំពាក់ ខ្លួន​ក៏​ត្រូវ​ឈឺ មិន​ដឹង​ធ្វើ​​យ៉ាង​​ណា​ទេ អង្គុយ​មួយ​កន្លែងហ្នឹង។ បើ​ខ្ញុំចង់​ឱ្យ​ជួយ​ដោះ​ស្រាយ​រឿង​ជំពាក់​គេ​ទៅ​ថៃ ហើយ​​និង​​ជួយ​ព្យាបាល​ជើង​ហ្នឹង ព្រោះ​ស្ថាន​ភាពកាន់​តែ​ធ្ងន់​ទៅៗ»

ខណៈ​​អ្នក​ស្រី ​សំណាង​ មាន​សំណាង​​បាន​​រួច​​រស់​ជីវិត​​វិល​​ត្រឡប់​​មក​​ស្រុកកំណើត​វិញ យុវជនខ្មែរម្នាក់​ បាន​ស្លាប់​នៅក្នុង​អគារ​ដែល​ដួល​រលំ​ ដោយ​សារគ្រោះ​រញ្ជួយ​ដីនោះ។

ក្រុមគ្រួសារ ​​បាន​ទ្រហ៊ោយំ​នៅពេ​ល​​ដែល​​រថយន្ត​សង្គ្រោះ​​របស់​​ថៃ​ បាន​​ដឹក​សាក​​សព​​ពលករ​​ខ្មែរ​មួយ​រូបឈ្មោះ មាស សាវ៉ាង អាយុ ២៣ឆ្នាំ ចូល​ដល់​​ផ្ទះ​​នៅ​ភូមិ​បាល័ង្គ ឃុំតាគង់ ស្រុក​​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​​​ពីល្ងាច​ថ្ងៃ​ទី​​៣១ ​ខែ​មីនា ​ឆ្នាំ​២០២៥។​ យុវជន សាវ៉ាង ដែល​​ជាកម្មករ​សំណង់ បាន​ស្លាប់នៅក្នុង​អគារ​ដែល​ដួល​រលំដោយសារគ្រោះ​រញ្ជួយ​ដី នៅ​ក្រុង​បាង​កក​​ កាល​ពីថ្ងៃ​ទី​២៨ ​​ខែ​មីនា។

មន្ត្រីកម្ពុជា​ជាច្រើន​នាក់ ក្នុង​​នោះ​​មាន​​ទាំង​​ លោក ​​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ​​ផង​ដែរ ​បាន​​ទៅ​ចូល​រួម​​ពិធី​បុណ្យ​​សព​​នៅផ្ទះ ​លោក ​មាស សាវ៉ាង ​កាល​ពី​​ថ្ងៃ​ទី១​ ខែ​មេសា ​ឆ្នាំ​២០២៥។​ លោក ​ហេង សួរ បាន​នាំថវិ​កា​របស់​លោក​​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន ​ម៉ាណែត និង​លោក​ស្រី​ ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ចំនួន​១ម៉ឺនដុល្លារ​ និង​ថវិកាពីក្រសួង​ការងារ និងជំនួយពីការ​បរិច្ចាគផ្សេងទៀតសរុប៥២​​លា​ន​រៀល​ ​ទៅ​​ជូន​​គ្រួសារ​​​សព​​ជន​​រង​គ្រោះ​។

ជាមួយគ្នា​នេះ​ លោក ហេង សួរ កាល​ពីល្ងាចថ្ងៃទី​១ ខែមេសា ​ក៏បាន​នាំយក​ថវិការបស់ លោក​ ហ៊ុន ម៉ាណែត និង​លោក​​ស្រី​ ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ចំនួន ១០​លាន​រៀល ទៅ​ប្រគល់​​ជូន​ អ្នក​ស្រី ​សឿន សំណាង នៅភូមិ​វាល​ថ្នល់ ឃុំ​សាគ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ផង​​ដែរ​។

បើ​តាម​អង្គការ​សង់ត្រាល់ បន្ទាប់​​ពីក្រសួង​ការ​ងារ​ និងអា​ជ្ញាធរ​ពាក់​ព័ន្ធ ​បាន​​នាំ​យក​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​​បង្អែក​​ខេត្ត​​កំពង់​ធំ​​មួយ​​រយៈ អ្នក​​ស្រី ​សឿន សំណាង ត្រូវ​បាន​បញ្ជូន​មក​​​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​​មិ​​ត្ត​ភាព​​កម្ពុជា-ចិន ព្រះ​កុសុមៈ នៅ​រាជធានី​ភ្នំពេញ ហើយ​​ក្រុម​គ្រូពេទ្យ​ជំនាញ​​បាន​​ធ្វើ​ការ​​វះ​កាត់​​ជើងឆ្វេង​រប​​ស់​អ្នក​ស្រី​ ​ដែល​​រង​របួស​​ប្រកប​ដោយ​សុវត្ថិ​​ភា​ព​​ហើយ​ ​នៅ​ថ្ងៃទី​២ ​ខែ​មេសា​​នេះ ដោយ​​ការ​​ចំណាយ​ទាំង​​អស់​​បូ​​ករួម​​ទាំង​​ការ​​ធ្វើ​​ដំណើរ និង​​ការ​​ហូប​ចុក​ ​គឺទ​ទួល​បាន​ការ​ឧបត្ថម្ភ​ពី​​លោក ហ៊ុន ម៉ាណែត។

VOD មិន​អាចទាក់ទង​ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ​ដើម្បី​​ស្នើសុំ​​ធ្វើ​អត្ថា​ធិប្បាយ​​​ពី​វិធាន​ការ​​របស់​​ក្រសួង ​ដើម្បី​​ជួយ​​ដល់​ពលករ​ខ្មែរ​​ដែល​​កំពុង​​ជួប​​ការ​​លំបាក​នៅ​​ប្រទេស​​ថៃ​​បាន​​ទេ នៅ​ថ្ងៃទី​២ ​ខែ​​មេសា​នេះ។ ប៉ុន្តែ ​លោក កត្តា អ៊ន ​ត្រូវ​បាន​ព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្តី​ថា​ ក្រសួងការងារ នឹង​​ជួយ​សម្របសម្រួល​ជាមួយ​និយោជក​ថៃ​​ឲ្យ​មាន​ការ​ទទួល​​ខុស​ត្រូវ ​និង​​ផ្តល់​នូវប្រា​ក់​សំណង​អត្ថប្រ​យោជន៍ផ្សេងៗ ដល់​ពលករ​ខ្មែរ​​ដែល​​ទទួល​​រង​គ្រោះ​​ក្នុង​​គ្រោះ​​រញ្ជួយ​ដី​នោះ​។

រហូតមក​ដល់ថ្ងៃទី​២​ ខែមេសានេះ ក្រៅ​​​តែ​ពី​ពលករ​ខ្មែរ​​ម្នាក់​​បាន​​ស្លាប់ ​និង​ម្នាក់​​​រ​ង​របួស​​ខា​ង​​លើ ​គេមិន​​ទាន់​ឃើញ​មាន​​តួលេខ​អ្វីថ្មី​​បន្ថែម​ទៀត​នៅ​ឡើយ ខណៈ​ក្រុម​​អ្ន​ក​​ជួយ​​សង្គ្រោះ​​ថៃ​​ កំពុង​​មមា​ញឹក​​បន្ត​​រុ​ក​រក​​ជន​​រងគ្រោះ​​នៅ​តាម​​គំនរ​​អគារ​​បាក់​​បែក ដោយ​​សារ​គ្រោះ​​រញ្ជួយ​​​ដី​ទាំង​​នោះ​នៅឡើយ។

 ពាក់ព័ន្ធ​នឹង​ពលរដ្ឋខ្មែរ​ដែល​ទទួលរងគ្រោះ​​ដោយសារ​គ្រោះ​រញ្ជួយដីនៅថៃនេះ ក្រុមប្រឹក្សា​ជាតិតស៊ូ បាន​ទទូច​​ឱ្យ​រដ្ឋាភិបាល​​កម្ពុជា​ ​​​ត្រូវ​​តែលុប​​ចោល​​នូវ​បំណុល​ទាំង​​អស់ ​សម្រាប់​​ពលករ​ខ្មែរ​​រ​ង​គ្រោះ​ និង​ក្រុមគ្រួសា​រ​ ឬ​ក៏​រដ្ឋាភិបាល​ ​ត្រូវ​បង់​សង​​បំណុល​​ជំនួស​​ពលករ​​រង​គ្រោះ និង​ក្រុម​គ្រួសារ​ ដោយ​​ចាប់​​​ពី​ថ្ងៃ​​នេះ​​ទៅ ​មិនត្រូវ​​តម្រូវ​​ឱ្យពលករ​​រងគ្រោះ​​បង់​សង​​ទៅ​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថុ​ទៀត​នោះ​ទេ។

ក្រុ​មប្រឹក្សា​ជាតិ​ដែល​ទើប​បង្កើតថ្មីនេះ បាន​អះអាងថា ខ្លួន​បាន​​សិក្សា​ច្បាស់ណាស់​​ថា ទំហំនៃ​បំណុល​រប​ស់​​ពលករខ្មែរ​​ដែល​រងគ្រោះ​​នៅឯប្រទេស​ថៃ​ និង​ប្រទេស​ភូមា មិន​​​ធំ​រហូត​​ដល់​​រដ្ឋាភិបាល​​ត្រកូល​ហ៊ុន ដោះស្រា​​យ​​មិន​​បាន​នោះ​ទេ ហើយ​ថា បើ​រដ្ឋាភិបាល​​ស្រែក​ថា ដោះ​​ស្រាយ​មិន​​កើត​ទេ លុះត្រា​ណា​តែ​ ​លោក ​ហ៊ុន ម៉ា​ណែត ​មិន​​មាន​​បំណង​​​ដោះ​ស្រាយ​​ជូន​​ប្រជា​ពលរដ្ឋ។

លោក គឹម សុខ ​អ្នក​នាំ​ពាក្យ​ក្រុម​​ប្រឹក្សា​​ជាតិ​​តស៊ូ បាន​​ថ្លែង​កាល​ពីថ្ងៃ​ទី​៣០ ​ខែ​មីនា​​ថា​​ ​​បើ​រដ្ឋា​ភិបាល​ ​លោក​ ហ៊ុន ម៉ាណែត ​ផ្តល់​ព័ត៌​មាន​​ម​ក​ថា មិន​​អា​ច​ដោះស្រាយ​ទៅ​​រួច​ទេ ​​គឺលុះ​ត្រា​​ណា​ លោក​ ហ៊ុន សែន និងលោក​ ហ៊ុន ម៉ាណែត គ្មាន​ចិត្ត​​មេត្តា​អាណិត​អាសូរ​ដល់​​ប្រជា​ពល​រដ្ឋ​​រង​គ្រោះ សូម្បី​តែ​បន្តិច​​ដែល​​ពួក​គាត់​កំពុង​​តែរ​ង​​គ្រោះ​​បាត់​បង់​ជីវិត​​ព្រាត់​ប្រាស់​​គ្រួសារ​ ​​យ៉ាង​​អណោច​អធម​ ហើយ​​ប្រឈម​​​ទៅ​នឹង​បំណុល​វ័ណ្ឌក​នៅ​ឯ​ប្រទេស​​កម្ពុជា​​ទៀត។

លោកថា៖ «ប្រជាពលករទាំងនោះ​​ មិនត្រឹមតែរងគ្រោះ ​ដោយ​សារ​គ្រោះ​រញ្ជូយ​ដី​នៅ​ក្នុង​​ប្រទេស​​ថៃ ​ឬ​​មីយ៉ាន់​​ម៉ានោះ​​ទេ ចំណុច​​ចា​ប់​ផ្តើម​​នៃ​ការ​​រង​គ្រោះធំ​បំផុត សម្រាប់​​ពួក​គាត់​​គឺ​ការ​​ដឹក​នាំ​ដ៏​អន់​​ពុក​​រលួយ​​​ស៊ី​ជម្រៅ​និង​បក្ខពួក​និយម​​​នៃ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​​ហ៊ុន។ ​ទី១​​អ្នក​ដឹកនាំនៃរដ្ឋា​ភិបាលក្រុមគ្រួសារ​​ហ៊ុន គុប​គិត​ជា​មួយ​អ្នក​ជំនួញ​​​ខាង​​វិស័យ​​ហិរញ្ញ​វត្ថុ​ បើក​ធនាគារ​មីក្រូ​​ហិរញ្ញ​វត្ថុ​នៅ​ទូទាំង​ប្រទេស​រាប់​រយ បញ្ចុះ​បញ្ចូល​​ប្រ​ជាព​លរដ្ឋ​ ​ទៅខ្ចីលុយ​ក្នុង​​អត្រា​ការប្រាក់​​ខ្ពស់ ​ដែល​​ប្រជា​ពលរដ្ឋ​​ពិបាក​​រក​លទ្ធភាព​​សង​ត្រឡប់​ទៅ​វិញ»។​

តាមរបាយការណ៍របស់ក្រសួងការងារ កាលពីឆ្នាំ​២០២៣ មាន​ពលករ​ខ្មែរ​ចំនួន​១លាន​​៣​សែន​​នាក់ កំពុង​ធ្វើ​ការ​នៅ​​​​ក្រៅ​ប្រទេស​ ​ក្នុង​នោះ​មាន​​ប្រទេស​ថៃ កូរ៉េ​ខាង​ត្បូង ជប៉ុន ម៉ាឡេ​ស៊ី ហុង​កុង សិង្ហ​បុរី និង​​ប្រទេស​មួយ​ចំនួន​ទៀត ក្នុង​​​នោះ​​នៅ​ប្រទេស​​​ថៃ​ច្រើន​ជាង​គេ​។ ប៉ុន្តែ​បើតាម​អង្គការ​សង់​ត្រាល់ បង្ហាញ​ថា​ ពលករខ្មែរ​ដែល​​កំពុង​ធ្វើការ​​​នៅ​ក្រៅ​ប្រទេស​ មាន​​ចំនួន​​ប្រហែល​២​លាន​​២សែន​នាក់។

ទាក់​ទង​នឹងបញ្ហា​បំណុលដែល​​ជាកត្តា​​​ចម្បង​​​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​ខ្មែរ ​បង្ខំ​ចិត្ត​​​ធ្វើ​ចំណាក​​ស្រុក ​ដើម្បី​​​រក​​ប្រាក់​មក​​បង់​សង​ធនាគារ ការិយា​ល័យ​ឥណទាន​កម្ពុជា (CBC)​ បាន​ចេញ​ផ្សាយ​​របាយ​​ការណ៍​ កាល​ពី​ពេល​ថ្មីៗនេះ​​ថា ក្នុង​ឆ្នាំ​២០២៤ មាន​​ពលរដ្ឋ​​ខ្មែរ​ជាង​៥លាន​៤ម៉ឺន​​នាក់ កំពុង​​​ប្រើ​​ប្រាស់​កម្ចី​ពី​ប្រព័ន្ធ​ធនាគារ​ក្នុង​ទំហំទឹក​ប្រាក់​​ជិត​៦០ពាន់​លាន​ដុល្លារ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ