តុលាការបង្គាប់​ឱ្យ​លោក រ៉ុង ឈុន ចូល​ទៅ​បំភ្លឺ​នៅ​ចុង​ខែ​នេះ​ពី​បទ​ញុះ​ញង់

សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ចូ​ល​ទៅ​បំភ្លឺពាក់​ព័ន្ធ​បទ​ចោទ​ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវ​រ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»។

នេះបើតាម​ដីកា​កោះ​ចុះ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០២៥ ដែល​ចេញ​ដោយ​ លោក សេង ហៀង តំណាងអយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

លោក សេង ហៀង បង្គាប់​ឱ្យ​លោក រ៉ុង ឈុន ចូល​មក​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ៨:៣០​នាទី​ព្រឹក ដើម្បី​ចូល​រួម​សវនាការ។

លោក សេង ហៀង បញ្ជាក់​ថា ការ​កោះ​ហៅ​ឱ្យ លោក រ៉ុង​ ឈុន ចូល​រួម​សវនាកា​រ​នេះ ដើម្បី​ដំណើរ​រឿង​ពីបទ ញុះ​​ញ​ង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម (ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្តន្ទា​ទោស​ប​​ទមជ្ឈិម) ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​២០២៤។

បើតាមដីកានោះ លោក រ៉ុង ឈុន អាយុ​៥៥ឆ្នាំ ជនជាតិខ្មែរ មាន​អាសយ​ដ្ឋាន​នៅ​ផ្ទះ​លេខ​៨៨ ផ្លូវ​លេខ​៩ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

លោក រ៉ុង ឈុន  ធ្លាប់ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​ កាល​ពី​យប់​​​ថ្ងៃ​ទី៣១ ខែ​​កក្កដា ​ឆ្នាំ​២០២០ និង​ឃុំ​ខ្លួនអស់​រយៈ​ពេល ១៥​ខែ ១១​​ថ្ងៃ ចោទ​​​ពីបទ​ញុះ​ញង់​បង្ក​​​ឲ្យ​មាន​ភាព​​វឹកវរ​​ដល់​សន្តិ​សុខ​​សង្គម។

ចំណាត់​នេះ ​ក្រោយពី​លោក រ៉ុង ឈុន ​ចុះ​ទៅ​កាន់​​ព្រំដែ​ន​កម្ពុជា​-វៀត​ណាម ​ខេត្ត​ត្បូង​ឃ្មុំ​ និង​ក្រោយ​មកបាន​​ចេញ​សេចក្តី​ថ្លែង​ការណ៍​​ថា ការ​​​បោះ​បង្គោល​ព្រំដែន​​ថ្មី ​បា​នចូល​ដី​​កម្ពុជា​ប្រហែល​​៥០​០​ម៉ែត្រ​ ប៉ុន្តែគណៈ​កម្មា​ធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​ប្តឹង លោក ​ រ៉ុង ឈុន ពី​បទ​ញុះ​ញង់។

សំណុំរឿងនេះ លោក រ៉ុង ឈុន និង​សហការី​២នាក់​ទៀត ត្រូវ​តុលាការ​បង្គាប់​ឱ្យ​បង់​ប្រាក់ ប្រមាណ​ជា៤០០​លាន​រៀល ឬ​១០​ម៉ឺន​ដុល្លារ តែ​តាម​រយៈ​នៃ​ការ​រៃ​អង្គាស ពី​អ្នក​គាំ​ទ្រ​រយៈ​ពេល​១ខែ​រួច​មក គណបក្សកម្លាំង​ជាតិ អំឡុង​ដើម​ខែ​មីនា សុំ​បង់​ទៅ​តុលាការ​ចំនួន​២០​លាន​រៀល ជា​ដំណាក់ៗ ដោយ​សំអាង​ពី​ខ្វះលទ្ធភា​ព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ