សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បាននិយាយថា លោកប្រធានាធិបតី Trump នឹងអនុវត្តពន្ធគយបដិការខ្ពស់ថែមទៀតលើប្រទេសនិមួយៗ ដែលរួមទាំងប្រទេសកម្ពុជា ដែលថាចំណាត់ការទាំងនេះនឹងស្តារយុត្តិធម៌ និងតុល្យភាព ក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន។
តាមស្ថានទូតអាមេរិកប្រចាំកម្ពុជា និយាយនៅថ្ងៃទី៣ ខែមេសានេះថា នៅថ្ងៃទី២ ខែមេសា លោកប្រធានាធិបតី Trump បានប្រកាសថា សហរដ្ឋអាមេរិកសម្រេចអនុវត្តអត្រាពន្ធគយបដិការ(ទៅវិញទៅមក) លើគ្រប់ប្រទេសទាំងអស់ ដោយចាប់ផ្តើមពី ១០% ឡើង ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី៥ ខែមេសា។
ប្រភពនោះ បន្តថា នៅថ្ងៃទី៩ ខែមេសា លោកប្រធានាធិបតី Trump នឹងអនុវត្តពន្ធគយបដិការខ្ពស់ថែមទៀត លើប្រទេសនិមួយៗ (ដែលរួមទាំងប្រទេសកម្ពុជា) ដែលថា សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មច្រើនបំផុត។
អាមេរិក គូសបញ្ជាក់ថា៖ «ចំណាត់ការទាំងនេះនឹងស្តារយុត្តិធម៌ និងតុល្យភាព ក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់យើង»។
ទំនាក់ទំនងអាមេរិក និងកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ តែងតែមានភាពរកាំរកូស និងតានតឹង ជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ភាពតានតឹងនេះ បានចាប់ផ្តើមតាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ និងការចាប់ខ្លួន លោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ ដែលរងបទចោទប្រកាន់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងថា មានសហរដ្ឋអាមេរិកនៅពីខាងក្រោយ។
បញ្ហានេះ ក្រុងវ៉ាស៊ីនតោន ក៏បានបង្ហាញក្តីកង្វល់របស់ខ្លួនជារឿងៗ ជុំវិញការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម ដោយមានជំនួយពីរដ្ឋាភិបាលចិន និងតែងតែទាមទារឲ្យកម្ពុជាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ដូចជា បញ្ហាស្ថិរភាពនយោបាយ លំហលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សជាដើម។
ទូតអាមេរិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បាននិយាយថា៖ «លោក កឹម សុខា គាត់ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត»។
លើសពីនេះ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ពោលគឺចំថ្ងៃដែលសាលាដំបូងរាជាធានីភ្នំពេញ កាត់ទោស លោក កឹម សុខា អាយុ២៧ឆ្នាំ ដោយបន្តឃុំនៅក្នុងផ្ទះ និងបន្តដកសិទ្ធិនយោបាយ អាមេរិកតាមរយៈស្ថានទូតនេះ និយាយថា ខ្លួនមានការរំខានចិត្តជាខ្លាំង ចំពោះការផ្តន្ទាទោស លោក កឹម សុខា មេដឹកនាំនយោបាយកម្ពុជា ដែលទទួលបាននូវការគោរព។
អាមេរិកថា ដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយ ផ្អែកលើបទសមគំនិតប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។
ប្រភពនោះថា ការបដិសេធសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមក ដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាបន្នមួយ។
បន្ថែមពីនេះ ប្រទេសមហាអំណាចនេះ អំពាវនាវឱ្យអាជ្ញាធរអនុញ្ញាតឱ្យប្រជាជនកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិមនុស្សជាសាកល ក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការចូលរួមកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយ៕