វិធាន​ដំឡើង​ពន្ធពីអាមេរិក​​បាន​​ជំរុញ​​ការ​​ទាម​​ទារ​​ឱ្យ​​មេដឹក​នាំ​​កម្ពុជា​​ប្រញាប់​​ស្តារ​​សិទ្ធិ​​មនុស្ស

អ្នក​ឃ្លំាំមើល​ ព្រមាន​ថា ការ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ ប្រកាស​តំឡើងពន្ធ​លើ​ទំនិញ​នាំ​ចូល​៤៩% ពី​ប្រទេស​កម្ពុជា​នោះ វា​នឹង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​កាត់​ដេរ ប៉ះ​ពាល់​ដល់​ជីវភាព​ពលរដ្ឋ​ក្រីក្រ​ច្រើន​​លាន​នាក់ ដែល​ការណ៍​នេះ ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​​គ្រួសារ​ហ៊ុន​​ដឹកនាំ​ប្រទេស​ ដោយ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តេយ្យ​ឡើង​វិញ ដើម្បីសង្រ្គោះ​ជីវភាព​រាស្រ្ត​នៅ​ទូទាំង​​ប្រទេស។

ស្ថានទូតសហរដ្ឋអាមរិកប្រចាំកម្ពុជា បាន​បញ្ជាក់​លើ​ហ្វេស​ប៊ុក​ខ្លួន នៅ​ថ្ងៃ​ទី៣ ខែ​មេសា​នេះថា លោក​ប្រធានា​ធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​នៅ​ថ្ងៃទី​២ ខែ​មេសា​ថា សហរដ្ឋ​អាមេរិក​សម្រេច​​អនុ​វត្ត​អត្រា​ពន្ធ​គយ​លើ​គ្រប់​ប្រទេស​ទាំង​អស់ ដោយ​ចាប់​ផ្តើម​ពី​១០%​ឡើង ដែល​នឹងចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី៥ ខែមេសា។

ប្រភពបន្តថា នៅថ្ងៃទី៩ ខែមេសា លោក ត្រាំ នឹង​អនុវត្ត​ពន្ធ​ខ្ពស់​ថែម​ទៀត​លើ​ប្រទេស​នីមួយៗ ដែល​រួម​ទាំង​ប្រទេស​កម្ពុជា ដែល​សហរ​ដ្ឋ​អាមេរិក​មាន​ឱន​ភាព​ពាណិជ្ជ​កម្ម ដែល​ថា ចំណាត់ការ​ទាំង​នេះ​នឹង​ស្តារ​យុត្តិធម៌ និង​តុល្យភាព ក្នុង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម។

បើប្រៀបធៀបតារាងដែលអាមេរិក​បង្ហា​ញ​ឈ្មោះ​ប្រទេស​តំឡើង​ពន្ធ​នោះ កម្ពុជា​ឈ​រ​លើ​កំពូល​តារាង​ខ្ពស់​ជាង​ប្រទេស​ក្នុង​តំបន់ ដែល​ លោក ត្រាំ ប្រកាស​យក​ពន្ធ​នាំ​ចូល​រហូត​ដល់៤៩​ភាគ​រយ ខ្ពស់​ជាង​ប្រទេស​វៀត​ណាម​ដែល​យក​ពន្ធ ៤៦​ភាគ​រយ និង​ប្រទេស​ថៃ ៣៦​ភាគ​រយ។

បន្ថែមលើនេះ ប្រធានសភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​​កម្ពុជា លោក ខេស៊ី បល​នែត (Casey Barnett) ព្រមាន​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ដោះ​ស្រាយ​បញ្ហា​ពន្ធ​ឱ្យ​បាន​ហ្មត់​ចត់ ​នៅសប្តាហ៍​នេះ​ទេ នោះ​នឹង​បំផ្លាញ​សេដ្ឋ​កិច្ច​កម្ពុជា ធ្វើ​ឱ្យ​បាត់​បង់​ការ​ងារ​ដល់​ពលរដ្ឋ​រាប់​សែននាក់ បង្ក​ជា​អស្ថិរភាព​សង្គម ធ្វើ​ឱ្យ​កម្ពុជា​ជួប​​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធំធេង។

បើតាមសំណេរលើហ្វេសប៊ុក លោកថា នៅ​ថ្ងៃ​ទី៣ ខែ​មេសា​នេះ ប្រធាន​សភា​ពាណិជ្ជ​កម្មសហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​​រូប​នេះ ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៤ កម្ពុជាបា​ន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ចំនួន ១២,៨​ពាន់​លាន​ដុល្លារ ប៉ុន្តែ​បាន​នាំចូល​មក​វិញ​ត្រឹម​តែ ៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ។

ជុំវិញរឿង​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​​​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ និយាយ​ថា វិធាន​ការ​ថ្មី​របស់​លោក​ ត្រាំ នេះ​វា​ពិត​ជា​នឹង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​វាយ​នភណ្ឌកាត់​ដេរ ដេរ​ស្បែក​ជើង ផលិត​ផល​ធ្វើ​ដំណើរ និង​ទំនិញ​ផ្សេងៗ​ទៀត​ស្ថិត​ក្រោម GSP។

លោក​គូសបញ្ជាក់​ថា ករណី​នេះ ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ត្រៀម​ខ្លួន ចរចា​ជាមួយ​អាមេរិក ដើម្បី​បន្ធូរ​បន្ថយ រនាំង​ពន្ធ ជាពិសេស​ផ្តាស់​ប្តូរ​ឥរិយាបទ​ស្ថាន​ភាព​នយោបាយ​ការ​ទូត​ផ្នែកពាណិជ្ជ​កម្ម​ផង​ដែរ។

លោកថា៖ «វាទាមទារឲ្យរាជរដ្ឋាភិបាល ត្រូវ​មាន​វិធាន​ការ​បន្ទាន់​ជាក់​លាក់​ បើ​មិន​អ៊ីចឹង​ទេ វា​ធ្វើ​ឱ្យ​ស្ថាន​ភាព​ហ្នឹង វាកាន់​តែ​មាន​ការ​ជះ​ឥទ្ធិពល​កាន់​តែ​អាក្រក់​ទៅ​ លើ​វិស័យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​វា​នឹង​អាច​ប៉ះ​ពាល់​ទៅ​ដល់រោង​ចក្រ​ដែល​កំពុង​តែ​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វា​ប្រឈម​ទៅ​នឹង​បញ្ហា​នៃ​ការ​បិទ​ទ្វារ​រោង​ចក្រ ការ​បាត់​បង់ការ​ងារ​ប្រាក់​ចំណូល​ ជាពិសេស​គឺ​នឹង​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា ដែល​បញ្ហា​នេះ វា​អាចនាំ​ឱ្យ​មាន​ការ​ធ្លាក់​​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច អាច​មាន​នូវ​វិបត្តិ​សេដ្ឋ​កិច្ច និង​បញ្ហា​សង្គម»។

បើតាម លោក ឃុន ថារ៉ូ វិស័យ​កាត់​ដេរ ដេរ​ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ ស្មើ​និង ប្រមាណ ៥០​ភាគរយ​នៃ​ផលិត​​ផល​នាំ​ចេញ​សរុប​របស់​កម្ពុជា ផ្តល់​ការ​ងារ​ឱ្យ​កម្មករ​ជិត ១ លាន​​នាក់ ហើយ​ពលរដ្ឋ ឫ​អ្នក​ទទួល​ផល​ប្រយោជន៍​​ផ្នែក​សេដ្ឋកិច្ច​ជាង ៣លាន​នាក់ ហើយ  ការ​នាំ​ចេញ​ទៅ​អាមេរិក​មាន​ចំណែក​ទីផ្សារ​ប្រមាណ ៤៤ភាគរយ។

ការប្រកាសតំឡើងពន្ធលើប្រទេសកម្ពុជា​នេះ ពី លោក ត្រាំ ​នៅ​ពេល​នេះ ចំ​ពេល​សភា​អឺរ៉ុប កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ជំរុញ​ឱ្យ​គណៈ​កម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប សើរើ​ឡើង​វិញអំណោយ​ផល​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ដែល​នៅ​សល់​ចំនួន ៨០% ជាមួយ​​កម្ពុជា ដែល​ជា​ការឆ្លើយ​តប​ការ​មិន​អើពើ​ស្តារ​ប្រជាធិប​តេយ្យ ពី​សំណាក់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។

រីឯ ប្រពន្ធអនុគ្រោះពន្ធ GSP របស់​អាមេរិក ចំនួន​២០​ភាគ​រយ ក៏​កម្ពុជា​មិន​ទាន់​ទទួល​បានឡើង​វិញ​ទេ។

ប្រព័ន្ធអនុគ្រោះពន្ធទាំង២នេះ បាន​ភ្ជាប់​កាតព្វ​កិច្ច​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ ដែល​ជា​អំណោយ​ផល​ដល់​កំណើន​សេដ្ឋ​កិច្ច​ជាតិ និង​បង្កើន​ប្រាក់​ចូល​ដល់​ពលរដ្ឋ​ច្រើន​លាននាក់ ទាំង​ផ្ទាល់​និង​ប្រយោល តាម​រយៈ​បង្កើត​ទីផ្សារ​ការ​ងារ ក្នុង​ប្រទេស​​កម្ពុជា ពិសេស​វិស័យ​កាត់​ដេរ។

សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ ឱ្យ​យោបល់​ថា ដើម្បីសង្រ្គោះ​ជីវភាព​រាស្រ្ត​នៅ​ទូទាំង​ប្រទេស​ បាន​ទា​ម​ទារ​ឱ្យ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ ងាក​ទៅ​ដឹក​នាំប្រទេស​ដោយ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ​ឡើង​វិញ។
បើតាម លោក សុថាវរិន្រ្ទ ផ​ល​ប៉ះពាល់​ពី​ការ​តំឡើង​ពន្ធ​៤៩​ភាគរយ​ថ្មី​ទៀត​នេះ មិន​ត្រឹម​តែគំរាម​គំហែង​ជីវភាព​ដល់​ពលរដ្ឋ​សាមញ្ញ កម្មករ អ្នក​លក់​ដូរ​តូច​តាច​ទេ តែ​វា​នឹង​ប៉ះ​ពាល់​ធ្ងន់​ធ្ងរដល់​មន្រ្តីរាជការ​ក្នុង​ជួរ​រដ្ឋាភិបាល អ្នក​ជំនួញ​​ធំៗ​ស្និទ្ធិ​នឹង​គ្រួសារ​ហ៊ុន ផង​ដែរ។

លោកថា៖ «ប្រសិនបើ​ លោក ហ៊ុន សែន ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​ពិត​ប្រាកដទេ! ខ្ញុំ​ដឹង​ថា លោក​ប្រធានា​ធិប​តី​អាមេរិ​កាំង លោក ដូណាល់ ត្រាំ នឹង​ប្រកាស​ដំឡើង​ពន្ធ​៤៩​ភាគរយ​យ៉ាង​ពិត​ប្រាកដហើយ​ នោះ​នឹង​បង្ហា​ញ​ថា សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា បង្កើត​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​បាត់​បង់​ការ​ងារ ប្រជាពលរដ្ឋ​រាប់​សែន​រាប់​លាន​នាក់ ជាពិសេស​គណបក្ស​ប្រជាជន ដែល​អ្នក​មួយ​ចំនួន​ក៏​ធ្វើ​ចឹង​ដែរ ហើយ​អស្ថេរភាព​សង្គម និង​លំហូរ​ចេញ​ដោយ​មូល​ធន​យ៉ាង​ឆាប់​រហ័ស។ អ៊ីចឹង​រាជរដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​តែ​ធ្វើ​កាយ​វិការ​ដ៏​ក្លាហានហើយ​ឆាប់​រហ័ស បើ​មិន​អ៊ីចឹ​ង​ទេ ចរ​ន្តប្រជាពលរដ្ឋ​នឹង​ងើប​ឡើង​គ្រប់ៗ​គ្នា​ហើយ»។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ដោយ​ខ្លី​ថាលោក​មិនទា​ន់​មាន​យោបល់​​ពាក់​ព័ន្ធ​ការ​តំឡើង​ពន្ធ​៤៩ភាគរយ​នេះ​ទេ។

លោកថា៖ «អត់​មាន​យោបល់អីទាំង​អស់! ទៅ​សួរ​ លោក ត្រាំ ​បាន​ដឹង​ថា មូល​ហេតុ​អី​បាន​គាត់​ដាក់​(ពន្ធ) រហូត​ដល់ ៤៩​ភាគ​រយ»។ 

ដោយឡែក អ្នកនាំពាក្យក្រុម​ប្រឹក្សា​ជាតិ​តស៊ូ លោក គឹម សុខ ក៏​បាន​បញ្ចេញ​មតិ​លើ​ហ្វេស​ប៊ុក​ខ្លួន​​ដែរ​ថា ពលរដ្ឋខ្មែរ​មិន​ត្រូវ​ខឹង​នឹង​លោក​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ ដែល​​យ​ក​ពន្ធ​សម្រាប់ទំនិញ​កម្ពុជា នាំ​ចូល​ទៅ​សហរដ្ឋ​អាមេរិក​ដល់​ទៅ​៤៩% នោះ​ទេ តែ​ត្រូវ​ខឹង​នឹង​ខ្លួន​ឯង​ដែល​ដូររបប​ផ្ដាច់​ការ​មិន​ទាន់​បាន។

បើតាម លោក គឹម សុខ តាម​​ពិត​សហរដ្ឋ​អាមេរិក បាន​ជួយ​ច្រើន​ពេក​ទៅ​ហើយ លើ​ការអភិ​វឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម​​កម្ពុជា ក្នុង​រយៈ​ពេល​ជាង ៣០​ឆ្នាំ​ម​ក​នេះ។ ប៉ុន្តែ វិបត្តិ​ដែល​ធ្វើ​ឲ្យ​កម្ពុជាងើប​មិន​រួច មិន​មែន​ព្រោះ​តែ​ឥទ្ធិពល​​ពន្ធ​អាមេរិក​ពេល​នេះ​ឡើយ គឺ​ដោយ​សារ​កម្ពុជា​ដឹក​នាំដោយ​គ្រួសារ​ហ៊ុន​តែ​មួយ ដែល​ពុក​លួយ បក្ខ​ពួក ផ្ដាច់​​ការ​បំពាន​សិទ្ធិ​មនុស្ស និង​ម៉ាហ្វី​យ៉ានិយម ច្រើន​ទស្សវត្ស​ពេក។

លោកសង្កត់ធ្ងន់ថា៖ «ធាតុ​ទាំង​នេះ សុទ្ធ​តែ​ជាជំងឺ​បំផ្លាញ​ផ្លូវ​រីក​ចម្រើន​របស់​ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ ហើយ​កុំ​ថា​​ឡើយ​សហរដ្ឋ​អាមេរិក ដាក់​ពន្ធ ៤៩% គឺ​ទោះ​បី​ជា​ លោក ត្រាំ ឲ្យ GSP ១០០% មក​វិញ ក៏​ប្រជាពលរដ្ឋ​ខ្មែរ នៅ​តែ​ក្រ វ័ណ្ឌក​ដោយ​បំ​ណុល រស់​ត្រឹម​កំដរ​អំណាច​គ្រួសារ​ហ៊ុន​ដដែល បើ​ពួក​អ្នក​ដឹក​នាំ​នៅ​តែ​មុខ​ដដែល»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ