កម្ពុជា​នឹង​​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ​​​បើ​រដ្ឋាភិបាល​​មិន​​ប្រញាប់​​​ដោះ​​ស្រាយ​​ការ​​តម្លើង​​ពន្ធ​​​របស់​​អាមេរិក

អ្នកជំនាញ​ និង​មជ្ឈដ្ឋាន​ជាច្រើន បាន​ព្រមាន​ថា កម្ពុជា​​នឹង​​ជួប​​វិបត្តិ​សេដ្ឋ​កិច្ច​​ធ្ងន់​ធ្ងរ ​​ពី​ព្រោះ​​​រោងចក្រ​ជា​ច្រើន​​​អាច​​នឹង​បិទ​ទ្វារ ​​ដែល​​នឹង​​ធ្វើ​ឱ្យ​កម្ម​ក​រ​កាន់​​​តែ​ច្រើន​ ​​អត់​ការ​​ងារ​​ធ្វើ​ ប្រសិន​បើ​​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ឱ្យ​​បាន​ទាន់ពេល​វេលា​ ចំពោះ​ការ​ដំ​ឡើ​ងពន្ធ​លើ​ទំនិញកម្ពុ​ជា ​រហូ​ត​ដ​ល់​៤៩​ភាគ​រយ​របស់​សហរដ្ឋអាមេរិក​ទេនោះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ កាល​ពីថ្ងៃទី​២ ​ខែមេសា ឆ្នាំ​២០២៥ បាន​ប្រកាស​ដ៏​ភ្ញាក់​​ផ្អើ​ល​ពី​​ការ​សម្រេច​​ដាក់​​ពន្ធគយ​​លើ​ទំនិញ​​នាំ​ចូល​ពី​កម្ពុជារហូត​ដល់​ ៤៩​​ភាគ​រយ ខណៈ​​កន្លង​មក​កម្ពុជា​​យ​កពន្ធ​នាំចូលទំនិញ​ពី​​សហរដ្ឋ​អាមេរិក​ ៩៧ភាគ​រយ​។

ការតម្លើង​ពន្ធ​ដល់​៤៩ភាគ​រយ​​លើ​ទំនិញកម្ពុជា ជា​កម្រិត​ខ្ពស់​បំផុត បើ​ប្រៀបធៀបទៅ​នឹង​​បណ្តា​ប្រទេសនា​នា​​​នៅ​លើ​ពិភព​លោក​ ក្នុងនោះប្រទេសវៀតណាម ៤៦​ភាគរយ, ថៃ៣៦​ភាគ​រយ ឡាវ៤៨ភាគ​រយ ចិន ៣៤​ភាគរយ និងសិង្ហបុរី​១០​ភាគរយ​ជាដើម​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ស្រី ​ចម​ និម្មល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​បាន​ផ្តល់​បទ​សម្ភាស​ន៍​​ដល់ទូរ​​ទស្ស​​​ន៍​​​​​បាយ័ន​ ​​នៅ​​ថ្ងៃ​ទី៣ ​ខែ​មេសា ​ដោយ​ចោទសួរថា​ ហេតុអ្វីបានកម្ពុជាត្រូវ​បាន​​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​រហូត​​ដល់​​៤៩​ភាគរយ និងថាតើកម្ពុជា​ពិតជាបាន​ដាក់ពន្ធ​នាំ​ចូល​​ផលិតផល​​របស់អាមេរិក​ដល់ ​៩៧ភាគរយមែន​ដែ​រឬយ៉ាងណា?

ត្រង់​ចំណុចនេះ ​លោក​ស្រី​បាន​បញ្ជាក់ថា ​កម្ពុជាក្នុងនាម​ជាសមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក(WTO) ក៏ដូចទៅ​​នឹង​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​១៦៦ផ្សេងទៀត គឺ​​មាន​ការកំណត់​​បន្ទាត់​ពន្ធគយ​ជាមួយគ្នា​ជារួម ដែលក្នុងនោះកម្ពុជា​ត្រូវបាន​កំណត់​នូវ​កាតព្វកិច្ច​របស់ខ្លួន គឺការ​នាំចូលនូវផលិតផល​មិន​​ថា របស់សហរដ្ឋអាមេរិក​ ឬរបស់ដៃគូពា​ណិជ្ជ​កម្ម​ណាផ្សេងៗ​ទេ។

ពោលគឺថា យក​ចាប់ពី០រហូតដល់អស់កម្ពស់ គឺ​៣៥ភាគរយ ហើយនៅ​ក្នុងនោះ​​កម្ពុជា​សម្លឹង​​​ឃើញ​​ថា នៅក្នុង​ឆ្នាំ២០២៤ បន្ទាត់ពន្ធខ្ពស់បំផុត​ដែល​កម្ពុជា​​យក​​នៅ​​លើ​​ផលិតផល​នាំចូល​របស់​​សហរដ្ឋអាមេរិក ​មកកម្ពុជា​ គឺមាន​ត្រឹម​២៩,៤​%​ ទេ ​បាន​ន័យ​ថា ​ទាបជាង​​៣៥ភាគ​រយ​ ដែល​​ជាបន្ទាត់ពន្ធម៉ាក​ស៊ីម៉ូម​​ដែល​កម្ពុជា​​​មាន​ជារួម​​​នៅ​លើ​​ផលិតផល​​នៃ​​ពាណិជ្ជកម្ម​​ដៃគូ​ទាំង​អស់ មិន​​មែន​​យក​​ពន្ធ​​ដល់​​៩៧ភាគរយ​នោះ​ទេ​។

លោក​ស្រី​គូសបញ្ជាក់ថា ការ​តម្លើង​ពន្ធ​នេះ​ អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ដំបូង​គេ ​គឺ​ប្រជាជន​សហរដ្ឋ​អាមេរិក។

លោកស្រីថា៖ «ជាការពិត កាល​ណា​តម្លើង​ពន្ធ​គយ​ទៅ​លើ​​ផលិត​ផល​​ដែល​​នាំ​ចេញ​ទៅ​នោះ​ ផលិត​ផល​កាល​​ណាថែ​ម​​ពន្ធ​ផលិត​ផល​នឹងឡើងថ្លៃ ហើយ​វានឹងឡើងថ្លៃ​នៅ​ប្រទេស​​ដែល​ជា​ប្រទេស​គោលដៅប្រទេស​ដែលនាំចូល។ ដូច្នេះការ​តម្លើងពន្ធបន្ថែម គឺមានន័យថា គឺប្រជាជននៅ​​សហរដ្ឋអាមេរិក​ដែល​លោក​​បញ្ជាទិញ​នូវផលិតផល​ពីកម្ពុជានោះ គឺ​ជាអ្នក​ទទួល​​រងផល​ប៉ះពាល់ដំបូង ហើយ​ផល​ប៉ះពាល់បន្ទាប់​ពិតណាស់​គឺនៅលើ​កម្ពុជា ​ពិសេសអ្នកដែល​ធ្វើធុរ​កិច្ច​​នៅក្នុង​ឧស្សាហកម្ម​​ ដែល​ជាចំណុច​សំខាន់ៗ​ ទាំង​ប៉ុន្មាន​ដែលខ្ញុំ​បានលើកឡើង​ ដូច​ជា​វាយណភណ្ឌ​ ដូចជាស្បែកជើង​ ផលិតផល​ធ្វើដំណើរទាំងប៉ុន្មាន​នេះ»។

ប៉ុន្តែ​យ៉ាងណាក្តី លោកស្រី ចម និម្មល បាន​ឱ្យដឹងថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការជាបន្ទាន់ ឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញ​វត្ថុ និងជា​ប្រធាន​គោល​​នយោ​បាយ និងសេដ្ឋកិច្ច ដឹកនាំ​កោះប្រជុំជាមួយ​​ក្រសួង​ពាណិជ្ជកម្ម និងក្រសួងពាក់​ព័ន្ធ រួម​ទាំង​វិស័យឯកជន ដើម្បីប្រមូល​ធាតុចូលដាក់ជូន​លោក​នាយក​រដ្ឋមន្ត្រី ​ដើម្បីឆ្លើយតប និង​​ការជំរុញវិស័យសេដ្ឋកិច្ចកម្ពុជា។

ចំណែក ​លោក ​ហេង សួរ ​រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ក៏បាន​ថ្លែង​ដែរ​ថា ការ​ដំឡើង​ពន្ធរបស់លោកប្រធានាធិបតី ត្រាំ ដល់​​៤៩​​ភាគ​រយ ​លើ​ទំនិញ​នាំចូលពី​កម្ពុជា​ មាន​ផលប៉ះពាល់មួយចំនួនដល់​កម្មករ និង​ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាព​​អាច​​​គ្រប់គ្រង​បាន មិនប៉ះពាល់១០០ភាគ​រយ​ដល់​​វិស័យ​នាំចេញរបស់កម្ពុជានោះទេ។

 ប៉ុន្តែ​ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ​លោក ឃែសស៊ី បលណែត (Casey Barnett) បានព្រមាន​ពីការ​កើតមាន​វិបត្តិ​សេដ្ឋកិច្ចកម្ពុជា ហើយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល ​លោក ​ហ៊ុន ម៉ាណែត ត្រូវធ្វើ​ការ​​ដោះ​ស្រាយ​ឱ្យបាន​ឆាប់នៅក្នុងសប្តាហ៍នេះ។

លោក Casey បាន​​សរ​សេរ​​សារ​​បង្ហោះ​​​នៅ​​លើ​​បណ្ដាញសង្គមហ្វេសប៊ុក នៅ​ថ្ងៃទី​២ ​ខែមេសា ​ក្នុង​​អត្ថ​ន័យ​ដើម​ថា៖ «ប្រសិន​បើ​មិន​បាន​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ក្នុង​សប្តាហ៍នេះទេ នោះ​នឹង​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា និង​បង្កើត​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ជ្រៅ បាត់បង់​ការងារ​រាប់​សែន​នាក់ អស្ថិរភាព​សង្គម និង​លំហូរ​ចេញ​មូលធន​យ៉ាង​ឆាប់រហ័ស»។

ជាមួយគ្នានេះ លោក Casey បាន​អះអាង​ថា សហរដ្ឋអាមេរិក​បើក​ចំហសម្រាប់ការចរចា ប៉ុន្តែកាលកំណត់គិតត្រឹមថ្ងៃទី៩ ខែ​​មេសា ដូច្នេះ​កម្ពុជាត្រូវតែទាក់​ទង​​ដោះស្រាយជាបន្ទាន់។

បន្ថែមពីលើនេះ លោក Cassey បាន​ស្នើ​ថា កម្ពុជានាំចូលទំនិញពីសហរដ្ឋអាមេរិកត្រឹមតែ ៣៥០​លានដុល្លារ​ប៉ុណ្ណោះ ដូច្នេះ​វា​មិន​ខាត​ច្រើន​ទេ ប្រសិន​​​បើ​​រដ្ឋាភិបាល​​កម្ពុជា អនុញ្ញាត​​ឱ្យ​ទំនិញ​ទាំង​អស់​របស់សហរដ្ឋអាមេរិកនាំចូលមក​ដោយគ្មានពន្ធ និងផ្តល់អាជ្ញាបណ្ណ​ឱ្យ​បាន​ឆាប់រហ័សដល់អាជីវកម្មរបស់សហរដ្ឋអាមេរិកដូចជាStarlink ជាដើម។

បើ​តាម​ក្រសួងការងារ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រ សហគ្រាស​សរុប ចំនួន​៤៤ ៤១៧និងមានកម្មករនិយោជិតសរុបប្រមាណជិត១លាន៨ដសែននាក់(១,៧៩លាននាក់) ខណៈសហ​គ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង ៣ពាន់សហគ្រាស។

សម្រាប់​ លោកសម រង្ស៊ី ប្រធាន​ក្រុមប្រឹក្សា​ជាតិ​តស៊ូនៅឯក្រៅប្រទេស និងជាអ្នក​ជំនាញ​សេដ្ឋកិច្ច​ បាន​សរសេរ​​បង្ហោះ​​នៅលើ​ហ្វេសប៊ុក​របស់​លោក​ នៅថ្ងៃទី៤ ខែមេសានេះ​ថា ​រដ្ឋាភិបាល​មិនចាំ​បាច់បង្កើត​គណៈ​កម្មា​ធិការ​ថ្មីនោះទេ ដោយថា រឿងនេះជារឿងបន្ទាន់។ លោកថា លោក ​ហ៊ុន ម៉ាណែត ត្រូវចេញ​មុខដឹក​នាំ​ប្រតិភូ​កម្ពុជា​ទៅ​ចរចាតវ៉ា​ជាមួយ​អាមេរិកដោយ​ផ្ទាល់ជាបន្ទាន់។

លោក​លើកឡើងថា បរិមាណផលិតផលនាំចូលពីអាមេរិកមកកម្ពុជា មានកម្រិតទាប​ណាស់ ​បើធៀបនឹងបរិមាណ​ផលិតផល​នាំចេញពីកម្ពុជា​ទៅអាមេរិក ដូច្នេះកម្ពុជា​ត្រូវកាត់​បន្ថយ​ពន្ធ ៩៧% លើផលិតផលអាមេរិក​​ឱ្យនៅកម្រិតទាបបំផុតស្ទើរតែដល់សូន្យ ហើយសុំឱ្យអាមេរិក​ធ្វើដូចគ្នា ដើម្បីរួចផុតពី​ពន្ធ ៤៩% លើទំនិញ​កម្ពុជា។

លោក​បន្តថា លោក​ហ៊ុន ម៉ាណែត ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីការពារកម្មករ​កម្មការិនី​​ដែល​នឹងបាត់​បង់​ការ​ងារ​នៅ​ពេល​រោង​ចក្រ​កាត់​ដេរ​បិទ​ទ្វារ​ និង​ត្រូវ​តែ​ផ្អាក​បំណុល​ជា​​បណ្តោះ​​អាសន្ន​សិន រហូត​ដល់​រដ្ឋាភិបាល​មាន​ដំណោះ​​ស្រាយ​ត្រឹម​ត្រូវ។

អតីត​មេបក្ស​ប្រឆាំងរូប​នេះ ​លើកឡើងទៀតថា ប្រទេស​​ផ្សេងៗ​​ទៀត ​​គេ​​អាច​​ទប់​ទល់​ទ្រាំទ្រ​​​នឹង​​ពន្ធ​​របស់​សហរដ្ឋ​​អាមេរិក​បាន ដោយ​សារ​​ពួក​​​គេ​​មាន​​ទីផ្សារ សម្រាប់​​ផលិត​​ផល​ក្នុង​​ស្រុក។

 ប៉ុន្តែ​សម្រាប់​កម្ពុជា វា​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​សេដ្ឋ​កិច្ច ​​ដែល​​ផលិត​ផល​​របស់​​កម្ពុជា​​ទាំងអស់​ ភាគ​​ច្រើន​​ត្រូវ​​នាំ​ចេញ​​ទៅ​​ក្រៅ​ប្រទេស ពីព្រោះ​កម្ពុជា ​​មិន​មាន​ទីផ្សារ​ក្នុង​ស្រុកទេ ដោយសារ​ប្រជាជន​ក្រីក្រ និង​មាន​ចំណូល​ទាប។

លើស​ពីនេះ លោកថា កម្ពុជា​ត្រូវ​តែបង្ហាញដោយបើកចំហ​​ចំពោះសហរដ្ឋអាមេរិក ពីការ​ប្រយុទ្ធ​​ប្រឆាំង​​នឹងអំពើ​ពុករលួយ ពិសេស​ស៊ើបអង្កេតក្រុមហ៊ុន​ចិន ក្រុម​ហ៊ុន​វៀតណាម ដែលដាក់​ស្លាក​ផលិតផលរបស់ខ្លួន​ថា​ផលិត​នៅ​កម្ពុជា ដែលបានបោកប្រាស់សហរដ្ឋ​អាមេរិកក្នុង​ពេល​កន្លងទៅ។

សម្រាប់​ លោក គង់ មុនីកា ​សមាជិកព្រឹទ្ធសភាមកពីគណបក្ស​ឆន្ទៈ​ខ្មែរ​​ បាន​ថ្លែងថា បន្ទាប់ពី​​សហ​រដ្ឋ​អា​មេរិក​​​​ប្រកាសយកពន្ធ៤៩ភាគ​រយ​​លើទំនិញ​នាំចូល​ពីកម្ពុជា​ ក្រុម​ហ៊ុនអា​មេរិក​​អាច​នឹង​​កាត់​​បន្ថយ​ឬ​ឈប់បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា រោង​ចក្រ​អាច​បិទ និង​ផ្លាស់​ប្តូរ​ទៅ​​ប្រទេស​ផ្សេង ដែល​​មាន​ពន្ធ​នាំចូល​ទៅ​អាមេរិក​ទាប​ជាង​កម្ពុជា ហើយក​ម្មករ​ជាច្រើន​​នឹ​ង​​បាត់​បង់​ការ​ងារ។

លោក​បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់​លោកថា ផលលំបាកផ្នែកសេដ្ឋកិច្ច ដែល​កម្ពុជា​ត្រូវប្រឈម មាន​ដូចជា ការ​បាត់បង់ការងារ និងវិបត្តិសង្គម​ការធ្លាក់ចុះនូវការវិនិ​យោគ​​​ផ្ទាល់ពីបរទេស​ ប្រាក់ចំណូលរបស់រដ្ឋធ្លាក់ចុះ ដែលអាចនាំឱ្យកើតមាន​វិបត្តិ​សេដ្ឋកិច្ច។

ចំណែក​ លោក គឹម សុខ អ្នកនាំពាក្យក្រុម​ប្រឹក្សា​ជាតិ​តស៊ូក៏​បានថ្លែង​ដែរថា ប្រជាពលរដ្ឋខ្មែរ មិនត្រូវខឹងនឹងលោក ដូណាល់ ត្រាំ ដែល​យកពន្ធសម្រាប់​​ទំនិញកម្ពុជា នាំចូលទៅសហរដ្ឋ​អាមេរិកដល់៤៩% នោះទេ។

លោក​សរសេរ​លើហ្វេសប៊ុក​របស់​លោក​ក្នុង​សំណេរ​ដើមថា​៖ «យើងត្រូវខឹងនឹងខ្លួនឯង ដែលដូរពួកផ្ដាច់ការចេញពីអំណាចមិនទាន់បាន»

 បើតាមលោក គឹម សុខ តាម​ពិត​សហ​រដ្ឋអាមេរិក បានជួយច្រើនពេកទៅហើយ លើការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​​​​កម្ពុជា ក្នុងរយៈ​ពេលជាង៣០ឆ្នាំមកនេះ។ ប៉ុន្តែថា វិបត្តិដែលធ្វើឲ្យ​កម្ពុជា​​ងើប​មិន​រួច មិន​មែនព្រោះតែ​​ឥទ្ធិពល​​ពន្ធ​អាមេរិក​ពេល​នេះ​ឡើយ គឺដោយសា​រ​កម្ពុជា​ដឹកនាំ​ដោយ​គ្រួសារ​ហ៊ុន​តែមួយ ដែល​ពុក​រលួយ បក្ខ​ពួក ផ្ដាច់​ការ​បំពាន​សិទ្ធិ​មនុស្ស និង​ម៉ាហ្វីយ៉ានិ​យម ច្រើន​ទស្សវត្ស​ពេក។

លើសពីនេះ លោកថា ធាតុទាំងនេះ សុទ្ធតែជាជំងឺបំផ្លាញ​ផ្លូវ​រីក​​ចម្រើន របស់​ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយ​កុំ​ថា​​ឡើយ សហរដ្ឋអាមេរិក​ដាក់​ពន្ធ ៤៩% បើទោះបីជាលោក ត្រាំ ឱ្យ GSP ១០០% មកវិញ ក៏ប្រជា​​ពលរដ្ឋខ្មែរ នៅតែ​ក្រ វ័ណ្ឌក​ដោយ​បំណុល រស់ត្រឹមកំដរអំណាចគ្រួសារហ៊ុនដដែល បើពួកអ្នកដឹកនាំនៅ​តែ​មុខ​ដដែលៗនោះ។

បើ​យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរ​ដ្ឋាករ​កម្ពុជា អាមេរិកគឺជាប្រភព​ទី​ផ្សារ​នាំចេ​​ញ​ធំបំផុត​សម្រាប់កម្ពុជា ​ពោលគឺ​នៅក្នុងរ​យៈពេ​ល២ខែដើមឆ្នាំ២០២៥ នេះ​ការ​នាំ​ចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហ​រដ្ឋអាមេ​រិកមាន​ទឹក​ប្រាក់​ស​រុប​ចំនួន ១,៦២​ពាន់លានដុល្លារ មានការកើនឡើង២៥,៤ភាគ​​រយ បើធៀប​នឹ​ងរយៈ​ពេល​ដូចគ្នាកាលពី​ឆ្នាំ​២០២៤។

ដោយឡែក គិតក្នុង​ឆ្នាំ​២០២៤វិញ ​​​កម្ពុជា​​នាំទំនិញចេញ​​ទៅ​អាមេរិក​ក្នុង​ទំហំ​ទឹក​​ប្រាក់ ៩,៩២ពាន់​លាន​ដុល្លារ កើន​១១,៤ភាគរយ ​ខណៈទំនិញ​អាមេរិកនាំចូល​វិញមាន​ចំនួន ២៦៤,១៥លាន​ដុល្លារ កើន២,៧ ភាគ​រយ។ ចំណែក​ទំហំ​​នាំចេញ-នាំចូល ​ទំនិញ​ទ្វេភាគី​​​​កម្ពុជា-អាមេរិក មាន​ទឹក​ប្រាក់​សរុប ១០,១៨ពាន់លាន​​​ដុល្លារ កើន​ឡើង១១,២ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ