អតីតសង្ឃ លោក ជួន កក្កដា ត្រូវ​បាន​​​​តែង​តាំង​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ

អតីតព្រះវិន័យ​ធម៌គណៈ​ខេត្ត​តាកែវ លោក ជួន កក្កដា ត្រូវ​​បាន​​ព្រះ​មហា​ក្សត្រ ត្រាស់​បង្គាប់​តែង​​តាំង ជា​​អនុរដ្ឋ​លេខា​ធិការ​​ក្រសួង​ធម្មការ និង​សាសនា ក្រោយ​​លាចាក​​សិក្ខា​​បទ​​យ៉ាង​ប្រញាប់​ប្រញាល​​ កាល​ពី​ពេលថ្មីៗ​នេះ។

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២៥ ដែលត្រូវបានផ្សព្វផ្សាយនៅ​ថ្ងៃទី០៤ ខែ​មេសា​នេះ ឱ្យដឹងថា ក្នុង​នាមព្រះបរម​នាម និង​​តាម​ព្រះរាជត្រាស់បង្គាប់របស់ព្រះមហាក្សត្រ ប្រមុខ​​រដ្ឋស្តីទី លោក ហ៊ុន សែន បានតែង​តាំង​មុខ​​​តំណែង លោក ជួន កក្កដា និង​​​លោក សួន សុធារ៉ា​ ជា​អនុរដ្ឋ​លេខាធិការ​នៃក្រសួង​​ធម្មការ និងសាសនា។

លោកបណ្ឌិត ជួន កក្កដា មានវ័យ ៤០ឆ្នាំ ជាអតីត​ព្រះភិក្ខុសង្ឃដ៏ល្បាញល្បីមួយអង្គនៅកម្ពុជា តាមរយៈការសម្តែង​​ព្រះធម៌​ទេសនា និងការបណ្តុះបណ្តាលព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ក្នុងខេត្តតាកែវ។ លោក​​បានលាចាក​សិក្ខា​បទ​​ក្នុងនាម​ជា​ព្រះវិន័យ​ធម៌ កាលពី​ថ្ងៃទី១៩ ខែមីនា ថ្មីៗនេះ ក្រោយប្រើពេលវេលាជាបុព្វជិត​ជាង ២៧ព្រះវស្សា។

ការ​លាចាក​សិក្ខាបទ​បែបតក់ក្រហល់ ឬប្រញាប់ជ្រុល​នេះ ត្រូវបាន​សាធារណជន​​​​មានការ​ភ្ញាក់ផ្អើល ដោយ​​អ្នក​ខ្លះ​យល់​ថា ​លោក​ត្រូវ​បាន​គេ​បង្ខិតបង្ខំ​ឱ្យ​លា​ចាក​សិក្ខា​បទ ស្របពេល​រដ្ឋាភិបាល​​បង្កើត​ ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ឡើងវិញ​។

តែយ៉ាងណា លោក ជួន កក្កដា បានបញ្ជាក់​កាល​ពីថ្ងៃ​ទី២២ មិនា​​ថា ការលាចាកសិក្ខាបទរបស់​​លោក មិនមែនការចាប់​បង្ខំអ្វីឡើយ តែជាការសម្រេចចិត្តដោយខ្លួនឯង។

ចំណែក ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៣ ខែមិនា ក៏បានចេញមុខ​​​ឆ្លើយតបភ្លាមៗ​ទៅ​នឹងមតិមួយ​​ចំនួន​ដែល​ថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយ ឬពាក់ព័ន្ធនឹងការសឹក​របស់ លោក ជួន កក្កដា នេះ ដោយថា ​សូម្បី​តែរូបលោក និងភរិយាដែលជាអ្នកគាំទ្រដែរនោះ ក៏មិនចង់ឱ្យ លោក ជួន កក្កដា សឹកដូច​គ្នា។

លោក ហ៊ុន ម៉ាណែត ក៏បាន​បង្ហាញពីភាព​ស្ងប់​ស្ងែង​ទៅ​លើ​ចំណេះ​ដឹង និង​ឆន្ទៈរបស់​ លោក ជួន កក្កដា ក្នុងវិស័យព្រះពុទ្ធ​សាសនា និងការ​អប់រំ​កុមា​រ​នៅ​កម្ពុជា ដោយ​លោកសម្រេច​ទូលស្នើ​ព្រះមហាក្សត្រ ក្នុងការ​​ផ្តល់​តំណែង​ដល់​លោក ជួន កក្កដា ធ្វើ​ជាអនុរដ្ឋលេខាធិកា ក្រសួងធម្មការ និងសាសនា ដើម្បីឱ្យ​លោក​​​អាចបន្តជួយ​​វិស័យពុទ្ធសាសនា​ និងសង្គម​​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ