មន្ត្រីគណបក្សប្រឆាំង ជំរុញឱ្យមេដឹកនាំបក្សកាន់អំណាច បើកការចរចាបន្ទាន់មួយ ជាមួយអាមេរិក និងសហភាពអ៊ឺរ៉ុប ដើម្បីរកច្រកសង្គ្រោះសេដ្ឋកិច្ចកម្ពុជា និងជីវភាពកម្មករជាង៨០ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ ក្រោមឥទ្ធិពលនៃវិធានដំឡើងពន្ធខ្ពស់ ពីប្រធានាធីបតី លោក ដូណាល់ ត្រាំ ។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសអនុវត្តអត្រាពន្ធគយលើប្រទេសមួយចំនួន ក្នុងនោះកម្ពុជាខ្ពស់ជាងគេដល់ទៅ៤៩ភាគរយ សម្រាប់ទំនិញនាំចូលទៅកាន់សហរដ្ឋអាមេរិក។
វិធានដ៏ភ្ញាក់ផ្អើលនេះ បានជំរុញការព្រួយបារម្ភពីអ្នកតាមដានសង្គមពីហានិភ័យរបស់កម្ពុជា ខណៈប្រទេសក្រីក្រមួយនេះ មិនទាន់មានលំនឹងទីផ្សារក្នុងស្រុក ចំពេលផលិតផលនាំចេញស្ទើរទាំងអស់ពឹងលើទីផ្សារអាមេរិក និងសហភាពអឺរ៉ុប ដែលជាប្រទេសប្រជាធិបតេយ្យជឿនលឿន។
អតីតនាយកខុទ្ទការល័យគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា និយាយលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៤ ខែមេសានេះថា វិធានដំឡើងពន្ធពីអាមេរិកនេះ វិស័យកាត់ដេរនឹងត្រូវទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ដោយសារជាងពាក់កណ្តាលនៃទំនិញនាំចូលទៅកាន់ទីផ្សារអាមេរិក គឺជាផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (កាបូប)។
សម្រាប់ លោក មុត ចន្ថា ការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីស្នើសុំបញ្ចុះពន្ធលើទំនិញនាំចូល គឺត្រូវការចំណាយពេលយូរ ហើយថា គន្លឹះតែមួយគត់ដែលអាចយកមកចរចាបាន គឺកម្ពុជាត្រូវបញ្ចុះពន្ធទំនិញនាំចូលរបស់អាមេរិកមកកាន់កម្ពុជា ប៉ុន្តែនៅតែជួបផលវិបាកខ្លាំង។
លោក ម៉ុត ចន្ថា គូសបញ្ជាក់ថា ប្រសិនជាកម្ពុជាចង់ជួយដល់កម្មករ-កម្មការិនីជិត ៨០ម៉ឺននាក់ ដែលកំពុងប្រឈមនឹងការបាត់បង់ការងារធ្វើនោះ រដ្ឋាភិបាលកម្ពុជាគួរតែចាប់ផ្តើមចរចាជាមួយសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យល្អប្រសើរដល់ស្ថានភាពនៃការគោរពសិទ្ធិមនុស្ស ដោយបើកចំហលំហរនយោបាយ និងប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការការដោះស្រាយបញ្ហា លោក កឹម សុខា ដំបូងគេបង្អស់។
បន្ថែមពីនេះ ប្រធានចលនាជាតិតស៊ូ លោក សម រង្ស៊ី ផ្តល់យោបល់ឱ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ត្រូវតែដឹកនាំការចរចាជាមួយអាមេរិកជាបន្ទាន់ ហើយកម្ពុជាត្រូវកាត់បន្ថយពន្ធលើទំនិញអាមេរិកពី ៩៧% មកនៅជិតសូន្យ ដើម្បីសង្គ្រោះសេដ្ឋកិច្ចកម្ពុជាជាបន្ទាន់។
លោកសង្កត់ធ្ងន់ថា បរិមាណផលិតផលនាំចូលពីអាមេរិកមកកម្ពុជា មានកម្រិតទាបណាស់បើធៀបនឹងបរិមាណផលិតផលនាំចេញពីកម្ពុជាទៅអាមេរិក ។
មួយទៀត កម្ពុជាត្រូវតែបង្ហាញដោយបើកចំហចំពោះសហរដ្ឋអាមេរិក ដោយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ស៊ើបអង្កេតក្រុមហ៊ុនចិន ក្រុមហ៊ុនវៀតណាម ដែលដាក់ស្លាកផលិតផលរបស់ខ្លួនថា «ផលិតនៅកម្ពុជា» ដែលបានបោកប្រាស់សហរដ្ឋអាមេរិកក្នុងពេលកន្លងទៅ។
លើសពីនេះ លោកជំរុញឱ្យមេដឹកនាំ ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីការពារកម្មករកម្មការនីដែលនឹងបាត់បង់ការងារនៅពេលរោងចក្រកាត់ដេរបិទ និងត្រូវតែផ្អាកបំណុលជាបណ្តោះអាសន្នសិន រហូតដល់រដ្ឋាភិបាលមានដំណោះស្រាយត្រឹមត្រូវ។
ចំណែក ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា និយាយថាគ្មានអ្វីល្អជាងខ្មែរ ស្រុះស្រួលគ្នា ដោះស្រាយរឿងជាតិទេ តែយើងតែងតែខ្លាំងជាមួយខ្មែរជាតិឯង ធ្វើឲ្យជាតិបែកបាក់ រាស្ត្ររងទុក្ខ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់VODនៅថ្ងៃទី៤ មេសានេះថា កម្មវត្ថុចរចាដ៏មានប្រសិទ្ធិភាព ជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីសង្គ្រោះសេដ្ឋកចិ្ចកម្ពុជា និងជីវភាពកម្មករច្រើនម៉ឺននាក់ពេលនេះ គឺបើកលំហប្រជាធិបតេយ្យ ឈានទៅការផ្សះផ្សាជាតិ ទើបអាចទប់ស្កាត់បញ្ហានេះបាន។
លោកថា៖ «ចំណុចសំខាន់ដែលសហភាពអឺរ៉ុប ឬប្រទេសទាំងអស់ ចង់ឃើញ គឺការបើកលំហលទ្ធិប្រជាធិបតេយ្យ ដោះស្រាយបញ្ហាវិបត្តិនយោបាយ សង្គម និងបើកលំហសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋបញ្ចេញមតិ ហើយដែលសេរីភាពសារព័ត៌មាន ហើយនឹងបើកទូលាយឲ្យមានការប្រកួតប្រជែងប្រកបដោយតម្លាភាព យុត្តិធម៌ និងដោះស្រាយវិបត្តិជាមួយនឹងអ្នកនយោបាយគ្រប់និន្នាការទាំងអស់ វាគឺជារឿងចាំបាច់ ដូច្នេះបើសិនជាកម្ពុជាអាចធ្វើកិច្ចការទាំងអស់នេះបាន ខ្ញុំជឿជាក់ថា ការចរចាជាមួយនឹងសហភាពអឺរ៉ុបហើយនិងប្រទេសផ្សេងៗ នៅក្នុងការផ្តល់អនុគ្រោះពន្ធត្រឡប់មកវិញ គឺនឹងអាចទទួលបាន»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា រដ្ឋាភិបាលកំពុងគិតគូរបញ្ហានេះ ដោយមិនចាំទាល់តែមានការជំរុញនោះទេ។
លោកថា៖ «រាជរដ្ឋាភិបាល ជារដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា របស់ប្រជាជនទូទាំងប្រទេសមិនមែនជារាជរដ្ឋាភិបាលរបស់ក្រុមឧទ្ទាមក្រៅច្បាប់អីណា។ មិនបាច់មានមតិអី គិតនៅតែសម្ងំលាក់ខ្លួនឲ្យស្រួលខ្លួនទៅ បើអត់ការងារធ្វើដេកផ្កាប់មុខទៅ ការងារប្រាក់ឈ្នួលកម្មករ ឬមួយការងារធ្វើរបស់កម្មករដែលក្រុមឧទ្ទាមក្រៅច្បាប់រកឱ្យធ្វើអី!»។
ដោយឡែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ជម្រើសសំខាន់មួយដែលមេដឹកនាំត្រូវធ្វើ សង្គ្រោះសេដ្ឋកិច្ចកម្ពុជា គឺវិលទៅរកគន្លងប្រជាធិបតេយ្យ ប្រកបដោយការជឿទុកចិត្តពីសហគមន៍ជាតិ និងអន្តរជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា៖ «យើងនៅតែមានការចង់ឃើញរដ្ឋាភិបាលយើង ដើម្បីមានការដោះស្រាយបញ្ហាហ្នឹង ជាមួយនឹងប្រទេសសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាឲ្យមានការដោះស្រាយពីរឿងបន្ធូរបន្ថយ នៅក្នុងរឿងពន្ធនោះ ព្រោះយើងក៏មិនទាន់ឆ្លងផុតពីប្រទេសដែលមានភាពក្រីក្រដែរ ដូច្នេះបើយើងគិតថា គួរតែមានការប្រញាប់រូតរះ ទោះនៅក្នុងលក្ខខណ្ឌប្រការណាមួយនោះ យើងក៏មិនទាន់ដឹងច្បាស់ដែរ វាអាចជាការមួយដែលគេជំរុញឲ្យមានការចរចាគ្នា រវាងពន្ធដែលយើងបានយកពីគេ គេយកពីយើង អាហ្នឹងក៏វាអាចថាបានឬក៏វាមានកត្តាផ្សេងទៀត ដែលវាពាក់ព័ន្ធទៅនឹងរឿងការស្នើឡើងពីលំហសេរីភាពប្រជាធិបតេយ្យ»។
ការប្រកាសតំឡើងពន្ធលើប្រទេសកម្ពុជា ពីលោក ត្រាំ នៅពេលនេះ ចំពេលដែលសភាអឺរ៉ុប កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប សើរើឡើងវិញអំណោយផលប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ចំនួន ៨០% ជាមួយកម្ពុជា ដែលជាការឆ្លើយតបការមិនអើពើស្តារប្រជាធិបតេយ្យ ពីសំណាក់រដ្ឋាភិបាលគ្រួសារហ៊ុន ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ និងចាប់អ្នកមេដឹកនាំគណបក្សនេះ ដាក់ពន្ធគាររួមទាំងលោក កឹម សុខា និងយាយីសំឡេងប្រឆាំងរហូតបច្ចុប្បន្ន។
រីឯ ប្រពន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក ក៏កម្ពុជាមិនទាន់ទទួលបានឡើងវិញដែរ ក្រោយពីត្រូវផ្អាកអំឡុងឆ្នាំ២០២០។
ប្រព័ន្ធអនុគ្រោះពន្ធទាំង២នេះ បានភ្ជាប់កាតព្វកិច្ចគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជាអំណោយផលដល់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋច្រើនលាននាក់ ទាំងផ្ទាល់និងប្រយោល តាមរយៈបង្កើតទីផ្សារការងារ ក្នុងប្រទេសកម្ពុជា ពិសេសវិស័យកាត់ដេរ។
ប៉ុន្តែអំណាចផលសេដ្ឋកិច្ចទាំងពីរនេះ បានរបូតទៅវិញ ក្រោយបន្ទាត់នយោបាយគ្រួសារហ៊ុន ជិត១០ឆ្នាំទៅនេះ ត្រូវបានគេមើលឃើញថា បានដើរចេញពីគន្លងប្រជាធិបតេយ្យ ហើយរអិលកាន់តែលឿនទៅរករបបដឹកនាំបែបផ្តាច់ការ ហើយស្នងតំណែងតពូជ ដូចកូរ៉េខាងជើង៕