ពលរដ្ឋប្រឈម​បណ្តេញ​ចេញ​នៅ​ស្រុក​សំឡូត​ច្រាន​ចោល​​ការ​ចោទ​របស់​អាជ្ញាធរ

ពលរដ្ឋមានបញ្ហាដីធ្លីនៅឃុំកំពង់ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ ដោយ​ថា ពួក​គេ​ជាង​១០០​គ្រួសារ​ពិត​ជា​ប្រឈម​នឹង​ការ​បណ្តេញចេញ​ពី​ដី​ធ្លាប់​អាស្រ័យ​ផល​ជាង​២០​ឆ្នាំ​ពិត​មែន មិន​ដូច​ការ​បក​ស្រាយ​របស់​អាជ្ញាធរ​នោះ​ទេ។

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ពលរដ្ឋ បាន​ប្រាប់​VOD​ថា ពួក​គេ​ជាង​១០០គ្រួសារ ប្រឈម​នឹង​ការ​​បណ្តេញពីដី​ធ្លាប់​អាស្រ័យ​ផល លើ​ទំហំ​ដី​ជាង​ ៦០០​ហិកតា ទោះ​ពួក​គេ​ធ្លាប់​អាស្រ័យ​ផល​ជាង​​២០​ឆ្នាំ​ក្តី។

 ក្រៅ​ពី​ប្រាប់​VOD ពួក​គេ​ក៏បា​ន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម អំពាវ​នាវ​ឱ្យ​មេដឹកនាំ​ជួយ​អន្តរា​គមន៍ ទប់ស្កាត់​ការ​ព្រមាន​​​បណ្តេញនេះ ក្រោម​ហេតុផល​ទាម​ទារ​យុត្តិធម៌។

ពលរដ្ឋ៖ «សូមសម្ដេច ជួយរកយុត្តិធម៌ជូនកូនចៅផង។ កូនចៅរស់នៅម្ភៃឆ្នាំប្លាយហើយ ដូច្នេះសម្ដេចជួយកូនចៅផង»។

បន្ទាប់ពីVOD បានចុះផ្សាយរឿងនេះ រដ្ឋបាល​ស្រុក​សំឡូត បាន​ចេញ​លិខិត​បដិសេធ​កម្រាស់​​៣សន្លឹក ដោយ​អះ​អាង​ថា ជា​រឿង​មិន​ពិត។

រដ្ឋបាលស្រុកសំឡូត បញ្ជាក់​ថា មាន​ពលរដ្ឋ​ប្រមាណ​ជា​២៦​គ្រួសារ​ប៉ុណ្ណោះ ស្ថិត​ក្នុង​ជម្រើស​នៃ​ការដោះ​ស្រាយ​ដែល​ត្រូវ​ផ្តល់​ដី​លំនៅឋាន​១ប្លង់​ទំហំ (ទ៣០ម គុណ​៥០ម) និង​ដីស្រែ​មួយ​គ្រួសារ​ទំហំ ២ហិកតា។

ប៉ុន្តែ​ថា ការសម្របសម្រួលអំឡុងខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ប​រាជ័​យ ដោយ​សារ​ពលរដ្ឋ​ទាំង​នោះ​មិនទទួល​យក ដោយ​ទាម​ទារ​យក​ដី​កាន់​កាប់​ជាក់​ស្តែង​ទំហំ ២២១,៨​ហិកតា ក្រៅ​ពី​នេះ​ពួក​គេ​ក៏​ទាម​ទារ​ឱ្យ​ដោះ​ស្រាយ​ដី​សម្រាប់​គ្រួសារ ១៣៧​គ្រួសារ​ទៀត ដែល​អាជ្ញាធរ​ថា​ជា​សាច់​ញាតិ​របស់​ពួក​គេ​ទាំង​អស់ ដែល​អាជ្ញាធរ​មិន​អាច​ដោះ​ស្រាយ​បាន។

យ៉ាងណា អ្នកមានបញ្ហាធ្លីម្នាក់សុំមិនបញ្ចេញ​ឈ្មោះ បាន​អះអា​ង​ថា អ្វី​ដែល​ពួក​គាត់​ប្រាប់​VOD​ថា ជាការ​ពិត ដោយ​សំអាង​ថា​ពួក​គេមាន​បញ្ហា​ដីធ្លី​នៅ​តំបន់​នេះ មាន​ចំនួន​០៣ ភូមិ ​​ជាង ១០០​គ្រួសារ លើ​ដី​ទំហំ​ជាង​៦០០ហិកតា ហើយ​ថា​អ្វី​ដែល​អាជ្ញាធរ​បក​ស្រាយ​ជារឿងមិនពិត។

គាត់ថា៖ «មកនៅឆ្នាំ៩០ជាងទាំងអស់គ្នា អ្វីដែលខាងស្រុកលើកឡើង មិនមែនជាការពិតទេ មិនមែនតែបងប្អូនសាច់ញាតិគាត់ គឺអ្នកភូមិ២ភូមិផ្សេងទៀត ដែលគាត់កំពុងអាស្រ័យផលលើដី សុំុំឱ្យមានការដោះស្រាយ មិនមែនមានតែបងប្អូនសាច់ញាតិឯងទេ គឺពលរដ្ឋផ្សេងទៀតដែលគាត់ស់នៅលើដីហ្នឹងហើយគាត់ស្នើសុំឱ្យមានការ ព្រោះថ្ងៃទៅសាលាស្រុក គាត់បានស្នើឱ្យដោះស្រាយ ដើម្បីប៉ុន្តែអត់មានឃើញដំណោះស្រាយអី គាត់​​ស់នៅគាត់ខ្វះខាត គាត់ម្ងៃ៉ចាម្ងៃ៉ ហើយបើសិនជាដកហូតដីគាត់ គាត់អត់មានអីពឹងទៀតទេ បើថាយកពីពួកគាត់ឱ្យអ្នកផ្សេង ចឹងពួកគាត់ក្លាយជាអ្នកមានហី បើគាត់មិនក្រីក្រ»។

តាមលិខិតបំភ្លឺរបស់រដ្ឋបាលស្រុកសំឡូត ដីដែលពលរដ្ឋតវ៉ានោះ ជាដែនជម្រកសត្វព្រៃភ្នំសំកុស ក្រោមការ​គ្រប់​គ្រង និង​ការការ​ពារ​របបស់​ក្រសួង​បរិស្ថាន។

ប្រភពនោះ បញ្ជាក់ថា ក្រោយរដ្ឋបាលខេត្តបាត់ដំបង បានពិនិត្យឃើញថា ដីនៅ​ចំណុច​នោះមាន​ព្រៃ​រិច​រិល មាន​ប្រជាពលរ​ដ្ឋ​ខ្វះ​ដី ដើម្បី​ធ្វើ​កសិកម្ម និង​មាន​សំណើ​សុំ​ពី​ក្រុម​ប្រឹក្សា​ឃុំ​កំព​ង់​ល្ពៅ ស្រុក​សំឡូតផង​នោះ អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​សម្រេច​យក​ទីតាំង​ដី​នោះ ដាក់​ជា​ដី​សម្បទាន​ដី​សង្គម​កិច្ច។

ការបំភ្លីដដែល បញ្ជាក់ទៀត​ថា នៅ​ឆ្នាំ​២០២១​ ក្រសួង​បាន​ឯកភាព កាត់​ដី​ទំហំ ១០២១​ហិកតា ចេញ​ពីដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស ជា​​ស​ហគមន៍ សម្រាប់​អនុវ​ត្ត​សម្បទាន​ដីសង្គម​កិច្ច​ថ្នាក់​មូល​ដ្ឋាន ជូន​ប្រ​ជា​ពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​ពិត​ប្រាកដ។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលស្រុកសំឡូត បានចេញ សជណ ស្តីពី ហាម​ឃាត់​បញ្ឈប់​មិនឱ្យ​ប្រជាពលរដ្ឋ​ចូលទៅកាប់​ឆ្ការព្រៃទន្ទ្រាន​យក​ដី និង​ដាំ​ដំណាំ​លើ​ដី​ទំហំ ១០២១​ហិកតា ស្ថិតនៅ​ដែនជម្រក​សត្វព្រៃភ្នំសំកុស ដែល​រដ្ឋាភិបាលត្រៀម​កាត់​ឆ្វៀល ដើម្បីធ្វើ​សម្បទាន​សង្គម​កិច្ច និង​ការអភិវឌ្ឍសេដ្ឋកិច្ច​មូល​ដ្ឋាន ជូនប្រជាពលរដ្ឋ ក្រីក្រ ខ្វះដី ពិតប្រាកដ ម្តងទៀត។

បន្ទាប់មកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ការប្រជុំសម្រុះសម្រួលជាមួយប្រជាពលរដ្ឋ ២០គ្រួសារ ដែល អាស្រ័យផល ក្នុងទីតាំងសម្បទានដីសង្គមកិច្ចមូលដ្ឋានក្នុង ឃុំកំពង់ល្ពៅ ស្រុកសំឡូត មុនការប្រកាសតំបន់ វិនិច្ឆ័យនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច ដោយមានការស្នើសុំពី លោកអនុភូមិ និងលោកមេឃុំ ស្នើសុំបន្ថែម ប្រជាពលរដ្ឋចំនួន ០៦គ្រួសារ ដែលស្នើថ្មី សរុបជារួមគឺមាន ២៦គ្រួសារ។

តែថា ប្រជាពលរដ្ឋទាំង២៦.គ្រួសារនោះ មិនព្រមទទួលយកដំណោះស្រាយ ដែលអង្គប្រជុំស្នើឡើងឱ្យពួកគាត់ទាំង ២៦គ្រួសារ ទទួលយកដីលំនៅឋានទំហំ ៣០ម គុណ ៥០ម និងដីស្រែទំហំ២ក្នុងគ្រួសារ លើសពីនេះ ពួកគេទាមទារឱ្យដោះស្រាយដីឱ្យ ១៣៧គ្រួសារទៀត ដែលអាជ្ញាធរជាសាច់ញាតិ ដែលថាខ្លួនមិនអាចដោះស្រាយបាន។

តំណាងពលរដ្ឋ​ម្នាក់​ទៀត ថ្លែងសុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយបារម្ភពីសុវត្ថិភាព ប្រាប់VOD​ថា ពួកគាត់​សុំបដិសេធចំពោះ​ការ​បក​ស្រាយ​របស់​អាជ្ញាធរ​ខេត្ត ថា​ពលរដ្ឋ​ទៅ​ទន្ទ្រាន​ដី ទំហំ​២២១.៨​ហិកតា​ ខណៈ​ពួក​គាត់ ១៣៤​គ្រួសារ រស់​អាស្រ័យ​ផល​លើ​ដីនោះ​តាំង​ពី​ឆ្នាំ​១៩៩០​ជាង។

បន្ថែមពីនេះ ពួកគាត់​ក៏ទទូចឱ្យរដ្ឋា​ភិបាលជួ​យ​ដោះ​ស្រាយ និង​រក​យុត្តិធម៌​ជូន​ពួក​គាត់​ផង។

លោកថា៖ «បើគេនៅថាអ៊ីចឹងហើយ គេយកដីអស់ទៀត ចប់ម៉ង អត់មានអីទៀតទេ បដិសេធដូចអ្វីដែលចៅហ្វាយស្រុកលើកឡើងហ្នឹង អត់ទទួលយកបានទេ បើទទួលងាប់អស់ហើយ ពលរដ្ឋខាងកំពង់ល្ពៅហ្នឹងខាងបីភូមិហ្នឹង ដាច់ខ្យល់ហ្មង អាហ្នឹងដាច់ស្លាប់ដោយខ្លួនឯងហ្មង សុំទាមទារឲ្យរកយុត្តិធម៌អាហ្នឹងដើម្បីឲ្យរកយុត្តិធម៌ដោះស្រាយឱ្យសម្ដេចពុក សម្ដេចម៉ែ ជួយរកយុត្តិធម៌ឲ្យកូនចៅផង ព្រោះគេយកដីកូនចៅអស់កូនចៅបានអីរស់»។

សម្រាប់អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស ​លីកាដូ​ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត យល់​ថា ប្រសិន​បើ​ដូច​អ្វី​ដែល​ពលរដ្ឋ​​អះ​អាង អាជ្ញាធរពាក់ព័​ន្ធ​គួរ​តែ​ចុះ​ទៅ​ពិនិត្យ​ម្ដង​ទៀត ដើម្បី​បញ្ជាក់ពី​ស្ថិតិ​ជាក់​ស្ដែង។

លោកថា៖ «អាជ្ញាធរខេត្តធ្វើការជំរឿន និងស្រាវជ្រាវអំពីស្ថិតិនៃប្រជាពលរដ្ឋនៅតំបន់នោះ ដែលគាត់ធ្លាប់អាស្រ័យផលកន្លងមក ឲ្យបានជាក់លាក់ឡើងវិញ យើងគិតថា យកពួកគាត់ដែលធ្លាប់រស់នៅ និងអាស្រ័យផលលើសពីដប់ឆ្នាំ ដែលពួកគាត់រស់នៅតំបន់ហ្នឹង គួរតែផ្តល់ដីទាំងនោះឲ្យប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់អាស្រ័យផលប្រើប្រាស់ ដែលអាចជាលក្ខខណ្ឌមួយ អាចពិចារណាផ្តល់ឲ្យគាត់បានដីសម្រាប់ធ្វើសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋ ហើយដល់ពេលប្រជាពលរដ្ឋគាត់នៅហ្នឹងដែរ អត់ផ្តល់ឲ្យគាត់វាជារឿងអយុត្តិធម៌សម្រាប់គាត់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ