ចំពេលមន្រ្តីកម្ពុជា ឆ្លើយតបថា ការដំឡើងពន្ធលើកម្ពុជា៤៩ភាគរយ អ្នករងគ្រោះមុនគឺពលរដ្ឋអាមេរិក មិនមែនរាស្រ្តខ្មែរនោះ រងការរិះគន់ថា ជាលេសជួយបិទបាំងកំហុសមេដឹកនាំ ដែលធ្វើឱ្យកម្ពុជាប្រឈមវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ រួមទាំងបាត់បង់ប្រព័ន្ធ EBA និង GSP ដែលជាការឆ្លើយតបការមិនអើពើស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ភ្លាមៗក្រោយរដ្ឋបាល លោក ដូណាល់ ត្រាំ ប្រកាសយកពន្ធគយពីកម្ពុជាខ្ពស់ជាងប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ រហូត៤៩ភាគរយនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល នៅថ្ងៃទី៣ ខែមេសា បានប្រតិកម្មថា បញ្ហានេះអ្នករងគ្រោះមុនគេ គឺពលរដ្ឋអាមេរិកមិនមែនកម្ពុជាទេ។
អ្នកស្រីថា៖ «ផលិតផលតែកាលណាថែមពន្ធ គឺមានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយវានឹងឡើងថ្លៃនៅប្រទេសដែលជាប្រទេសគោលដៅ ប្រទេសនាំចូល។ ដូច្នេះការដំឡើងពន្ធបន្ថែម គឺមានន័យថាប្រជាជននៅសហរដ្ឋអាមេរិកដែលលោកជាអ្នកបញ្ជាទិញនូវផលិតផលពីកម្ពុជា នោះគឺលោក គឺជាអ្នកដែលរងផលប៉ះពាល់ដំបូងនៅទីនោះ ហើយផលប៉ះពាល់បន្ទាប់ពិតណាស់គឺនៅលើកម្ពុជា»។
បន្ថែមលើនេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា -AKP ក៏បានដកស្រង់សម្តី រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ចុះផ្សាយថា កម្ពុជាមិនប៉ះពាល់១០០ភាគរយ សម្រាប់វិស័យនាំចេញកម្ពុជា។
បើតាម លោក ហេង សួរ ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នានេះ កម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ុប ច្រើនជាងអាមេរិក ដូច្នេះកម្ពុជាមានលទ្ធភាពពង្រីកទីផ្សារអឺរ៉ុបបន្ថែមទៀត។
យ៉ាងណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយថា អាមេរិកមានជំរើសផ្សេងក្នុងការបញ្ជាទិញផលិតផលមិនមែនពឹងផ្អែកលើកម្ពុជាទេ ហើយថាជីវភាពពលរដ្ឋអាមេរិក ក៏ធូធារជាងខ្មែរទៅទៀត ដែលក្នុងន័យនេះ លោកថា ផលប៉ះពាល់ខ្លាំងគឺទៅលើពលរដ្ឋខ្មែរ។
លោកពន្យល់ថា ការយកពន្ធគយខ្ពស់នេះ នឹងធ្វើឱ្យរោងចក្រជាច្រើននៅកម្ពុជា ប្រឈមបិទទ្វារ អ្នកវិនិយោគទុនក៏មិនចង់មករកស៊ីនៅកម្ពុជាទេ ធ្វើឱ្យកម្មករបាត់បង់ការងារធ្វើ ពលរដ្ឋកាន់តែជួបជីវភាពដុនដាប់ ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរដែលកំពុងជំពាក់បំណុលធនាគារវ័ណ្ឌកជាដើម។
លោកថា៖ «មន្ត្រីទាំងអស់នេះ គឺមិនទទួលខុសត្រូវក្នុងការងាររបស់ខ្លួន ដែលត្រូវដោះស្រាយបញ្ហាប្រឈម ដែលអាចមានវិបត្តិសេដ្ឋកិច្ចកម្ពុជា នឹងកើតឡើងនៅពេលខាងមុខ។ ពួកគេត្រូវតែដោះស្រាយបញ្ហាហ្នឹង កុំចេះតែការពារមុខមាត់រដ្ឋាភិបាល ការពារត្រកូលហ៊ុនទាំងងងឹតងងុល។ ចង់បោកប្រជាពលរដ្ឋ! ប្រជាពលរដ្ឋសម័យនេះ គេមិនទៅចាញ់បោករដ្ឋមន្ត្រីទាំងអស់ហ្នឹងនោះទេ។ គេយល់ដឹងច្រើនតាមរយៈព័ត៌មាន តាមរយៈបណ្ដាញសង្គមផ្សេងៗ។ ដូច្នេះគួរតែចេញមកទទួលខុសត្រូវដោះស្រាយបញ្ហាហ្នឹង! ជាការល្អប្រសើរជាជាងដោះសារ យកលេសមិនសមហេតុផល ដើម្បីតែចង់ការពារមុខមាត់ត្រកូលហ៊ុន»។
លោក អ៊ុំ សំអាន ជំរុញរដ្ឋាភិបាលគ្រួសារហ៊ុន ត្រូវស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធទាំង GSP និង EBA មកវិញ ទើបអាចសង្រ្គោះជីវភាពពលរដ្ឋខ្មែរ ក្នុងស្ថានភាពដ៏លំបាកផ្នែកសេដ្ឋកិច្ចនេះ។
លោកថា៖ «ដោយសារតែកម្ពុជាបំផ្លាញប្រជាធិបតេយ្យ សម្លាប់សិទ្ធិមនុស្ស បោះឆ្នោតក្លែងក្លាយ រំលាយគណបក្សប្រឆាំងអីហ្នឹង! ធ្វើឱ្យអាមេរិក ព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP និងសហភាពអឺរ៉ុប បានផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០ភាគរយ។ ដូច្នេះវាប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយនិងការបាត់បង់ការងារ ទៅដល់កម្មករម៉ាតង់រួចហើយ។ដូច្នេះឥឡូវមកដាក់ទណ្ឌកម្មម៉ាតង់ទៀតតាមរយៈការដំឡើងពន្ធ រហូតដល់៤៩ភាគរយពីសហរដ្ឋអាមេរិក វានឹងកាន់តែធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចកម្ពុជា»។
សម្រាប់ អ្នកសិក្សាច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វន ចាន់ឡូត ជំរុញឱ្យកម្ពុជាសម្លឹងឱ្យផុតពីការខ្លាចបាក់មុខរបស់អ្នកកាន់អំណាច និងរឿងនយោបាយ។
លោកគូសបញ្ជាក់ថា ការតំឡើងពន្ធនេះ នឹងធ្វើឱ្យទំនិញនាំចូលទៅអាមេរិកមានតម្លៃខ្ពស់ ជំរុញឱ្យអ្នកបញ្ជាទិញនឹងកាត់បន្ថយ ជាផ្នែកប៉ះពាល់ដល់សង្វាក់ផលិតកម្មក្នុងស្រុក ដែលមានការបិទរោងចក្រជាដើម។
លោកថា៖«គ្មានអ្នកប៉ះពាល់មុនអ្នកប៉ះពាល់ក្រោយទេអ្នកដែលប៉ះពាល់ពិតប្រាកដនោះគឺប្រទេសដែលរំពឹងទៅលើការនាំចេញផលិតផលទៅទីផ្សារអន្តរជាតិខ្លាំងតួយ៉ាងដូចប្រទេសកម្ពុជាដែលជាប្រទេសរំពឹងទៅលើការនាំចេញផលិតផលនានាជាពិសេសគឺផលិតវាយនភណ្ឌទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនឹងក្លាយទៅជាប្រទេសដែលរងគ្រោះអំពីសង្គ្រាមពាណិជ្ជកម្មគឺការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាមេរិក»។
បើតាម លោក វ៉ន ចាន់ឡូត ដើមចមនៃការដំឡើងពន្ធនេះ វាកើតចេញពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
លោកថា កាល លោក ត្រាំ កាន់តំណែងក្នុងអាណត្តិទី១ បានធ្វើសង្រ្គាមពាណិជ្ជកម្មនេះម្តងរួចហើយជាមួយចិន តែចិនបានចល័តរោងចក្ររបស់ខ្លួនទៅបណ្តាប្រទេសផ្សេងៗ ដែលមានការលើកលែងពន្ធ ឬប្រទេសដែលមានការយកពន្ធទាប។
លោកថា ទំនងជាបានដឹងពីយុទ្ធសាស្រ្តនេះ លោក ត្រាំ ដាក់ចេញគោលនយោបាយដំឡើងពន្ធលើគ្រប់ប្រទេសទាំងអស់ទើបអាណត្តិថ្មីនេះ ក្នុងនោះប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយចិន គឺទទួលបានការយកពន្ធគយពីអាមេរិកខ្ពស់ ក្នុងនោះមានកម្ពុជាជាតឹកតាងស្រាប់។
ជុំវិញរឿងនេះដែរ ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បលនែត (Casey Barnett) ក៏បានព្រមានថា បើរដ្ឋាភិបាលកម្ពុជាមិនដោះស្រាយបញ្ហាពន្ធឱ្យបានហ្មត់ចត់នៅសប្តាហ៍នេះទេ នឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យបាត់បង់ការងារដល់ពលរដ្ឋរាប់សែននាក់ បង្កជាអស្ថិរភាពសង្គម ធ្វើឱ្យកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធំធេង។
បើតាមសំណេរលើហ្វេសប៊ុក លោកថា នៅថ្ងៃទី៣ ខែមេសានេះ ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជារូបនេះ ឱ្យដឹងថា នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញទៅសហរដ្ឋអាមេរិកចំនួន ១២,៨ពាន់លានដុល្លារ ប៉ុន្តែបាននាំចូលមកវិញត្រឹមតែ ៣០០លានដុល្លារប៉ុណ្ណោះ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់ VODថា វិធានការថ្មីរបស់លោក ត្រាំ នេះវាពិតជានឹងអាចជះឥទ្ធិពលអវិជ្ជមានដល់វិស័យវាយនភណ្ឌកាត់ដេរ ដេរស្បែកជើង ផលិតផលធ្វើដំណើរ និងទំនិញផ្សេងៗទៀតស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP។
លោក ឃុន ថារ៉ូ ថា វិស័យកាត់ដេរ ដេរស្បែកជើង និងផលិតផលធ្វើដំណើរ ស្មើនិង ប្រមាណ ៥០ភាគរយនៃផលិតផលនាំចេញសរុបរបស់កម្ពុជា ផ្តល់ការងារឱ្យកម្មករជិត ១ លាននាក់ ហើយពលរដ្ឋ ឫអ្នកទទួលផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនេះមានជាង ៣លាននាក់៕